សន្តីតេរេសា នៅកុលកាតាជាព្រហ្មចារិនី
និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្តាករុណា
សន្តីតេរេសានៅកុលកាតា (១៩១០-១៩៩៧) ហៅថា អ្នកម្តាយតេរេសា ជាបព្វជិតាកាតូលិក និងជាសាសនទូត កើតក្នុងគ្រួសារកាតូលិកជនជាតិអាល់បានី នៅទីក្រុងអឺស្គប់ ស្រុកម៉ាសេដូន (ក្រោមការគ្រប់គ្រងនៃចក្រភពអូតូម៉ង់) នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ ១៩១០ ។ ឪពុករបស់នាងជាប្រធានក្រុមហ៊ុនសំណង់ ហើយម្តាយជាអ្នកលក់ផលិតផលឱសថ ។ ពួកគេមានកូនសរុបបីនាក់ កូនស្រី២នាក់ កូនប្រុស១នាក់។ ឪពុកម្តាយរបស់នាងកាន់សាសនាកាតូលិក តែងតែជួយជនក្រីក្រ ក្មេងកំព្រា និងអ្នកប្រមឹកនៅក្នុងទីក្រុង ។ ម្តាយចង់អប់រំនាង ដោយអះអាងថា៖«នៅពេលកូនប្រព្រឹត្តអំពើល្អ វាដូចជាដុំថ្មដែលកូនគប់ទៅក្នុងមហាសមុទ្រនៃទុក្ខលំបាក» ។
នៅឆ្នាំ ១៩២៨ នាងមានអាយុ ១៨ ឆ្នាំ ក៏បានចូលក្រុមគ្រួសារដូនជី ឡូរែត នៅប្រទេសអៀរឡង់។ មួយឆ្នាំក្រោយមក នាងជាអ្នកស្វែងយល់ជីវិតជាដូនជី ត្រូវគេបញ្ជូនទៅទីក្រុង កុលកាតា (ប្រទេសឥណ្ឌា) ហើយទទួលឈ្មោះថ្មីថា តេរេសា ។ នាងជាគ្រូបង្រៀនភូមិសាស្ត្រនៅសាលាសន្តីម៉ារី នៅក្រុងកុលកាតា ជាសាលាសម្រាប់គ្រួសារដែលមានធនធាន ហើយត្រូវទទួលបន្ទុកជានាយកសាលានៅឆ្នាំ ១៩៤៤។
នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៤៦ ក្នុងអំឡុងពេលធ្វើដំណើរជិះរថភ្លើងពីក្រុង កុលកាតា ទៅដល់ក្រុង ដាជីលីង មានព្រឹត្តិ ការណ៍អស្ចារ្យមួយកើតឡើង ដែលនាងហៅថា “ជាការត្រាស់ហៅមួយទៀតក្នុងការត្រាស់ហៅដំបូងរបស់ខ្ញុំ” ។ ពេលនោះ នាងងងុយគេង៖«ភ្លាមៗនោះ ខ្ញុំបានឮយ៉ាងច្បាស់នូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដែលមានព្រះបន្ទូលមកខ្ញុំថា “ខ្ញុំស្រេក” ។ សាររបស់ព្រះអង្គច្បាស់៖ ខ្ញុំត្រូវចេញពីវត្ដអារាម ហើយជួយជនក្រីក្រ ដោយរស់នៅជាមួយពួកគេ។ ខ្ញុំបានយល់យ៉ាងច្បាស់នូវកាតព្វកិច្ចដែលនាងខ្ញុំត្រូវធ្វើ ប៉ុន្តែ ខ្ញុំមិនដែលបានដឹងថា គួរសម្រេចកាតព្វកិច្ចនោះត្រឹមណានោះទេ»។ បន្តិចម្ដងៗ ទោះបីជាទីប្រឹក្សាជាន់ខ្ពស់នៃដូនជីឡូរែតប្រឆាំងក៏ដោយ ក៏នាងសម្រេចចិត្តចាកចេញពីក្រុមគ្រួសារដូនជី ឡូរែត នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ១៩៤៨ ដោយមានលោកអភិបាលព្រះសហគមន៍ភូមិភាគកុលកាតាគាំទ្រ ក្រោយមក នាងក៏បានទទួលការអនុញ្ញាតពីសម្តេចប៉ាបពីយូស-ទី១២។
នៅពេលនាងចាកចេញនោះ នាងមានលុយតែប្រាំរូពីក្នុងថង់។ នាងទៅក្រុងប៉ាត្នាដើម្បីទទួលបានការបណ្តុះបណ្តាលជាគិលានុបដ្ឋាយិកាកំឡុងពេល៤ខែ។ នៅឆ្នាំ ១៩៥០ នាងបានបង្កើតក្រុមគ្រួសារ “សាសនទូតនៃមេត្តាករុណា” (Missionary of Charity) នៅទីក្រុងកុលកាតា ហើយនាងក៏សរសេរក្បួនច្បាប់របស់ក្រុមគ្រួសារនេះក្នុងរយៈពេលតែមួយយប់ប៉ុណ្ណោះ ។ ពេលដំបូងមានសហជីវិនរបស់នាងតែ ១២នាក់ប៉ុណ្ណោះ។ ក្នុងរយៈពេល ៤០ ឆ្នាំ អ្នកម្តាយតេរេសាបានយកចិត្តទុកដាក់បម្រើ “ជនក្រីក្របំផុតក្នុងចំណោមអ្នកក្រីក្រ” ដូចជាជនភៀសខ្លួន អតីតស្រីពេស្យា អ្នកជម្ងឺផ្លូវចិត្ត និងផ្លូវកាយ អ្នកពិការខួរក្បាល កុមារកំព្រា មនុស្សឃ្លង់ អ្នកផ្ទុកមេរោគអេដស៍ មនុស្សចាស់ជរា និងអស់អ្នកដែលត្រូវគេបោះបង់ចោល មានភាពឯកោនៅពេលជិតផុតដង្ហើម។ល។ ដោយមិនគិតពីសាសនា ឬឋានៈរបស់អ្នកណាឡើយ ។
ម្យ៉ាងទៀត អ្នកម្តាយតេរេសាស្រឡាញ់ព្រះគ្រីស្ត និងព្រះសហគមន៍ ទាំងឆ្លងកាត់ “ស្ថានភាពដ៏ងងឹតនៃជំនឿខាងវិញ្ញាណ” អស់រយៈពេល ៥០ឆ្នាំ ក្នុងជីវិតគាត់ ដោយគ្មាននរណាដឹងថាគាត់រងទុក្ខខ្លាំងប៉ុណ្ណានោះទេ នេះជាទារុណកម្មខាងផ្លូវវិញ្ញាណដែលគាត់បានលាក់មិនឱ្យគេដឹង ហើយបានកប់ទុកក្នុងទីស្ងាត់នៃជម្រៅចិត្ត ដោយសម្តែងទឹកមុខដ៏សុខសាន្តជានិច្ច ។ គឺគាត់ជួបនឹងសេចក្តីសង្ស័យយ៉ាងខ្លាំងថា ព្រះជាម្ចាស់គ្មានព្រះជន្មគង់នៅនោះទេ។
គាត់បានទទួលពានរង្វាន់ណូបែល សន្តិភាពនៅឆ្នាំ ១៩៧៩។ អ្នកម្តាយតេរេសាក៏បានប្រឆាំងយ៉ាងខ្លាំងនឹងការពន្លូតកូន ដែលគាត់ចាត់ទុកថាជាអំពើឃាតកម្ម។ អ្នកម្តាយតេរេសាទទួលមរណភាពនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៩៧ ដោយមានអាយុ ៨៧ ឆ្នាំ ។ ហើយបានទទួលឋានៈជាសន្តីបុគ្គលរបស់ព្រះសហគមន៍នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០១៦ ដោយមានសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ប្រកាសជាផ្លូវការ និងជាសាធារណៈដ៏ឱឡារិក។ អ្នកម្តាយតេរេសាជាឧបការិនីនៃអស់អ្នកដែលបានឆ្លងកាត់ “ស្ថានភាពដ៏ងងឹតនៃជំនឿខាងវិញ្ញាណ” ដោយសង្ស័យថា ព្រះជាម្ចាស់គ្មានព្រះជន្មគង់នៅនោះទេ ។
នៅឆ្នាំ ២០២០ ក្រុមគ្រួសារ “សាសនាទូតនៃមេត្តាករុណា” មានសមាជិកចំនួនជាង ៥១៦៧ នាក់ មានទាំងក្រុមអ្នកអធិដ្ឋានស្មឹងស្មាធិ៍ និងអ្នកអនុវត្តសកម្មភាព ដែលមានវត្តមានក្នុង ១៣៩ ប្រទេស ហើយដែលកំពុងបម្រើអស់អ្នកកម្សត់ទុរគតទាំងឡាយក្នុងមណ្ឌលសរុប ៧៦០ កន្លែង ដែលក្នុងនោះមានចំនួន ២៤៤ មណ្ឌលនៅប្រទេសឥណ្ឌា ។ “សាសនទូតនៃមេត្តាករុណា” របស់អ្នកម្តាយតេរេសា ជាបព្វជិតបព្វជិតាដែលថ្វាយពាក្យសច្ចាប្រណិធានទាំងបី គឺនៅលីវ សម្រាប់ព្រះរាជ្យនៃស្ថានបរមសុខ រស់នៅក្នុងភាពក្រីក្រ និងស្តាប់បង្គាប់។ ជាពិសេស ពួកគេនមស្ការព្រះកាយព្រះគ្រីស្តពីរម៉ោងជារៀងរាល់ថ្ងៃ ។
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ៥,១-៨
បងប្អូនជាទីស្រឡាញ់!
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមបងប្អូនមានកើតរឿងកាមគុណថោកទាបដ៏អាក្រក់ហួសហេតុ សូម្បីតែនៅក្នុងចំណោមសាសន៍ដទៃក៏មិនដែលមានរឿងដូច្នេះផង គឺមានម្នាក់រួមរស់ជាមួយប្រពន្ធចុងឪពុករបស់ខ្លួន។ ប៉ុណឹងហើយ បងប្អូននៅតែអួតបំប៉ោងទៀត! ម្ដេចក៏បងប្អូនមិនដកជនដែលប្រព្រឹត្តអំពើថោកទាបនោះចេញពីចំណោមបងប្អូន ហើយនាំគ្នាកាន់ទុក្ខទៅ?។ ចំពោះខ្ញុំផ្ទាល់ ថ្វីដ្បិតតែរូបកាយខ្ញុំមិននៅជាមួយបងប្អូនក្ដីក៏វិញ្ញាណខ្ញុំនៅជាមួយបងប្អូនជានិច្ច ហើយខ្ញុំក៏បានវិនិច្ឆ័យដាក់ទោសជនដែលប្រព្រឹត្តអំពើបែបនេះរួចស្រេចទៅហើយ គឺដូចជាខ្ញុំនៅជាមួយបងប្អូនដែរ។ ពេលបងប្អូនរួមប្រជុំគ្នាក្នុងព្រះនាមព្រះអម្ចាស់យេស៊ូ ដោយមានទាំងប្ញទ្ធានុភាពរបស់ព្រះអម្ចាស់យេស៊ូស្ថិតនៅជាមួយផងនោះ វិញ្ញាណខ្ញុំក៏នៅជាមួយដែរ ត្រូវតែបញ្ជូនមនុស្សបែបនេះទៅមារសាតាំង ដើម្បីឱ្យគាត់វិនាសបាត់បង់ពីលោកនេះ តែព្រះវិញ្ញាណរបស់គាត់នឹងទទួលការសង្គ្រោះនៅថ្ងៃដែលព្រះអម្ចាស់យាងមក។ បងប្អូនមិនគួរអួតខ្លួនសោះ! បងប្អូនជា្របច្បាស់ថា “មេតែបន្ដិចអាចធើ្វឱ្យម្សៅទាំងមូលដោលឡើង! ”។ សូមបងប្អូនជម្រះខ្លួនឱ្យបានបរិសុទ្ធ ផុតពីមេម្សៅចាស់នោះដើម្បីឱ្យបងប្អូនបានទៅជាម្សៅថ្មីដែលគ្មានមេ ដ្បិតព្រះគ្រីស្ដដែលជាយញ្ញបូជារបស់យើង ក្នុងឧិកាសបុណ្យចម្លងបានបូជាព្រះជន្មរួចស្រេចទៅហើយ។ ហេតុនេះ យើងត្រូវធើ្វពិធីបុណ្យចម្លង ដោយប្រើនំប័ុងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់ យើងមិនប្រើនំប័ុងដែលមានមេម្សៅចាស់ ឬដែលមានមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ។
ទំនុកតម្កើងលេខ ៥,២-៣.៥-៧ បទព្រហ្មគីតិ
| ២ | ឧិព្រះអម្ចាស់អើយ | កុំកន្ដើយផ្ទៀងព្រះកាណ៌ | |
| ស្ដាប់ស័ព្ទខ្ញុំវាចារ | ខ្ញុំឈឺផ្សារពន់ពេកក្រៃ | ។ | |
| ៣ | ឧិព្រះជាអម្ចាស់ | ទ្រង់ជាព្រះមហាក្សត្រថ្លៃ | |
| សូមយកព្រះហប្ញទ័យ | នឹងសម្រែកទូលបង្គំ | ។ | |
| ៥ | ទ្រង់មិនសព្វព្រះទ័យ | អំពើព្រៃផ្សៃប្ញស្សា | |
| ជនអាក្រក់មុសា | ក្បែរភក្រ្តាព្រះអង្គឡើយ | ។ | |
| ៦ | ព្រះអង្គមិនចង់ឃើញ | ជនប្រហើនចូលកៀកកើយ | |
| មិនសព្វព្រះទ័យឡើយ | ជនណាហើយធើ្វអាក្រក់ | ។ | |
| ៧ | អស់អ្នកបង្ហូរឈាម | អស់អ្នកបៀមល្បិចកខ្វក់ | |
| ពួកអ្នកភូតកុហក | បោកវីវក់វិនាសបង់ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន (១៤៥),២.៨-៩
អាលេលូយ៉ា! អាលេលូយ៉ា!
ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់អស់មួយជីវិត។ ព្រះអង្គប្រោសឱ្យអ្នកដែលសោកសង្រេងងើបឡើងវិញ! ព្រះអង្គធើ្វឱ្យមនុស្សអាក្រក់វិនាសអន្ដរាយ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ៦,៦-១១
នៅថ្ងៃមួយជាថ្ងៃសប្ប័ទ ព្រះយេស៊ូយាងចូលក្នុងធម្មសាលា ហើយព្រះអង្គបង្រៀនគេ។ នៅទីនោះ មានបុរសម្នាក់ស្វិតដៃស្ដាំ។ ពួកធម្មាចារ្យ និងពួកខាងគណៈផារីស៊ីតាមមើលព្រះយេស៊ូ ក្រែងលោព្រះអង្គប្រាសអ្នកជំងឺនៅថ្ងៃសប្ប័ទ ព្រោះគេចង់រកលេសចោទប្រកាន់ព្រះអង្គ។ ព្រះយេស៊ូឈ្វេងយល់ចិត្តគំនិតរបស់ពួកគេ ព្រះអង្គមានព្រះបន្ទូលទៅកាន់បុរសស្វិតដៃនោះថា៖«ចូរក្រោបឡើង មកឈរនៅកណ្ដាលគេឯណេះ!»។ បុរសនោះក៏ក្រោបឈរឡើង។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖«ខ្ញុំសុំសួរអ្នករាល់គ្នាថា នៅថ្ងៃសប្ប័ទ តើមនុស្សមានសិទ្ធិធើ្វអំពើល្អ ឬធើ្វអំពើអាក្រក់? មានសិទ្ធិសង្គ្រោះជីវិតមនុស្ស ឬធើ្វឱ្យមនុស្សវិនាសអន្ដរាយ?»។ ព្រះអង្គបែរព្រះភក្រ្ដទតមើលមនុស្សទាំងអស់ដែលនៅជុំវិញ រួចមានព្រះបន្ទូលទៅបុរសស្វិតដៃនោះថា៖«ចូរលាតដៃមើល៍!»។ គាត់ក៏លាតដៃ ហើយដៃគាត់បានជាដូចដើមវិញ។ ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធើ្វយ៉ាងណាដើម្បីប្រឆាំងនឹងពរះយេស៊ូ។





