មនុស្សចំនួន១២នាក់ បានឈរនៅក្រៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង ហើយបានគោះទ្វារខ្លាំង ដើម្បីឲ្យអ្នកខាងក្នុងដែលកំពុងរៀបចំថ្វាយសក្ការៈបូជាទៅព្រះជាម្ចាស់បានដឹង។
«តើបងប្អូនមករកអ្វី?» លោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេបានសួរទៅកាន់អ្នកនៅខាងក្រៅទ្វារ។ ពួកគាត់តបថា «មកសុំជំនឿ ដែលផ្ដល់ជីវិតអស់កល្បជានិច្ច។»
លោកអភិបាលបានអញ្ជើញពួកគាត់ទាំងអស់ឲ្យចូលក្នុងវិហាររបស់ព្រះជាម្ចាស់ ហើយឲ្យពួកគាត់បង្ហាញខ្លួននៅមុខគ្រីស្តបរិស័ទទាំងអស់ដែលជាព្រះសហគមន៍នៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ខេត្តតាកែវ។
បេក្ខជនទាំងនោះបាន ចូលរួមជាមួយព្រះសហគមន៍ ដោយប្រកាស «សុំយកព្រះគ្រីស្តជាទីពឹង ព្រះបន្ទូលជាទីពឹង និងព្រះសហគមន៍ជាទីពឹង»។
ក្នុងធម្មទេសនានាថ្ងៃទី២១ ខែសីហា គង្វាលព្រះសហគមន៍ភូមិភាគភ្នំពេញ លោកអូលីវីយ៉េ មានប្រសាសន៍ថា ថ្ងៃនេះយើងចាប់ផ្ដើមធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទៅរកគោលដៅតែមួយគឺចង់បានសេចក្ដីសុខ។
លោកអភិបាលបន្តថា «ជីវិតដែលគ្មានទីពឹងជាជីវិតឯកោ ជាជីវិតដែលគ្មានក្ដីសង្ឃឹម។» យើងធ្វើដំណើរជាមួយព្រះយេស៊ូ ដែលមានព្រះបន្ទូលជាទីពឹង។ យើងត្រូវចូលក្នុងជីវិតព្រះសហគមន៍របស់យើងដើម្បីចាក់គ្រឹះ ដើម្បីទទួលមរតក ដែលមានតាំងពីប្រវត្តិសាស្ត្រព្រះសហគមន៍តាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។
លោកអភិបាលបញ្ជាក់ថា ពេលយើងយកព្រះសហគមន៍ជាទីពឹងគឺ យើងចូលក្នុងមរតកពិសេសដែលជាកម្លាំង ដើម្បីបម្រើ។
បេក្ខជនម្នាក់ៗបានឡើងមកមុខអាសន:អុជធូបប្រកាសស្នើសូមយកព្រះគ្រីស្ត ព្រះបន្ទូល និងព្រះសហគមន៍ជាទីពឹង នៅចំពោះមុខលោកអភិបាល លោកបូជាចារ្យ និងគ្រីស្តបរិស័ទទាំងអស់។
លោកអភិបាលព្រះសហគមន៍អូលីវីយ៉េ គូសសញ្ញាឈើឆ្កាងលើថ្ងាសបេក្ខជនទាំងអស់ដើម្បីឱ្យបេក្ខជនទាំងនេះក្លាយជាអ្នកទទួលអប់រំជំនឿ។ សាក្សីនៃជំនឿ គូសសញ្ញាឈើឆ្កាងលើត្រចៀកបេក្ខជនដើម្បីឱ្យពួកគាត់ចេះស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គូសសញ្ញាឈើឆ្កាងលើភ្នែកដើម្បីមើលឃើញព្រះពន្លឺព្រះជាម្ចាស់ គូសសញ្ញាលើមាត់បេក្ខជន ដើម្បីឱ្យពួកគាត់ចេះឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ គូសសញ្ញាឈើឆ្កាងលើទ្រូងដើម្បីភ្ជាប់ចិត្តគំនិតជាមួយព្រះយេស៊ូ និងគូសសញ្ញាឈើឆ្កាងលើដៃដើម្បីធ្វើដំណើររួមជាមួយគ្នាដោយចិត្តរីករាយ។
លោកកូយ សារ៉ុម បានស្គាល់ព្រះសហគមន៍កាតូលិកតាំងពីឆ្នាំ២០០២ ដោយធ្វើការងារជាមួយព្រះវិហារសន្តីម៉ារីញញឹមចំការទៀង ជាគ្រូបង្ហាត់សិល្បៈ។ លោកឲ្យដឹងថា ក្នុងរយៈពេល២០ឆ្នាំនេះ លោកបានយល់ឃើញថា «ទាំងខ្ញុំទាំងគេសុទ្ធតែជាប់អំពើបាប មានតែព្រះគ្រីស្តទេដែលយាងផ្សព្វផ្សាយប្រោសមនុស្សគ្រប់ជាតិសាសន៍ទាំងអស់។»
ក្នុងវ័យជាង៧០ លោកសារ៉ុមបានសម្រេចចិត្តធ្វើជាគ្រីស្តបរិស័ទ។ «គោលដៅរបស់ខ្ញុំចង់ផ្សព្វផ្សាយទាក់ទាញបងប្អូនផ្សេងទៀតឱ្យចូលព្រះសហគមន៍ ដោយមានមាគ៌ាព្រះគ្រីស្តជាគោលនៅក្នុងទំនាក់ទំនងរស់នៅដោយប្រាប់តៗគ្នា ដូចនៅក្នុងព្រះគម្ពីរមានឃ្លាមួយថា អ្នកដែលមានអាវពីរត្រូវចែកឱ្យអ្នកដែលមិនមានមួយ។»
លោកគ្រូសិល្បៈរូបនេះបានបន្ថែមថា «សាសនាគ្រីស្តធ្វើឱ្យខ្ញុំជ្រះថ្លា ស្ម័គ្របម្រើ និង ដើម្បីអភិរក្សសិល្បៈវប្បធម៌ខ្មែរយើង។»
លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ មានប្រសាសន៍ទៀតថា នៅពេលធ្វើជំហានទី១នេះ សូមឲ្យយើងនឹកឃើញអំពីវិធី ដើម្បីឱ្យព្រះសហគមន៍មានជីវិត ដោយមានគ្រីស្តបរិស័ទចាក់គ្រឹះផ្ទាល់នៅកម្ពុជានេះ ជាពិសេសគឺបូជាចារ្យ ដែលពិតជាមានសារៈសំខាន់សម្រាប់ព្រះសហគមន៍។
បេក្ខជនជំហានទី១ទាំងនេះមានស្រី៧នាក់ និងប្រុស៥នាក់ ដែលក្នុងនេះមានបេក្ខជន២នាក់មកពីព្រះវិហារសន្តយ៉ូសែបត្រពាំងក្រញូង៕
ដោយដាលីស