សន្តបារថូឡូមេ ជាគ្រីស្តទូត
លោកបារថូឡូមេ ហៅថា ណាថាណាអែល កើតនៅភូមិកាណា (យហ ២១,២)។ លោកជាមិត្តសម្លាញ់របស់លោកភីលីព។ យើងគ្រាន់តែដឹងថា ព្រះយេស៊ូត្រាសហៅលោកឱ្យធ្វើជាគ្រីស្តទូតប៉ុណ្ណោះ។
សូមថ្លែងព្រះគម្ពីរវីវរណៈ វវ ២១,៩ខ-១៤
ខ្ញុំយ៉ូហាន ឃើញទេវទូតមួយរូបដែលមានប្រសាសន៍មកកាន់ខ្ញុំថា៖«សូមអញ្ជើញមក ខ្ញុំនឹងបង្ហាញឱ្យលោកឃើញកូនក្រមុំជាភរិយារបស់កូនចៀម»។ ទេវទូតនោះបានលើកវិញ្ញាណខ្ញុំឡើងទៅលើភ្នំមួយយ៉ាងធំខ្ពស់ រួចបង្ហាញឱ្យខ្ញុំឃើញក្រុងដ៏វិសុទ្ធ ជាក្រុងយេរូសាឡឹមដែលចុះពីស្ថានបរមសុខ គឺចុះមកពីព្រះជាម្ចាស់។ ក្រុងនេះប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ ពន្លឺរស្មីរបស់ក្រុងប្រៀបបីដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចត្បូងមណីជោតិរសដែលភ្លឺថ្លាដូចកែវចរណៃ។ ក្រុងនេះមានកំពែងមួយយ៉ាងធំខ្ពស់ ព្រមទាំងមានខ្លោងទ្វារដប់ពីរ នៅលើខ្លោងទ្វារ មានទេវទូតដប់ពីររូប និងមានចារឹកឈ្មោះកុលសម្ព័ន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រាអែលដែរ។ នៅទិសខាងកើតមានខ្លោងទ្វារបី ទិសខាងជើងមានខ្លោងទ្វារបី ទិសខាងត្បូងមានខ្លោងទ្វារបី និងទិសខាងលិចមានខ្លោងទ្វារបី។ កំពែងរបស់ក្រុងមានគ្រឹះដប់ពីរ ហើយនៅលើគ្រឹះទាំងនោះមានចារឹកឈ្មោះគ្រីស្ដទូតទាំងដប់ពីររបស់កូនចៀម។
ទំនុកតម្កើងលេខ ១៤៥ (១៤៤),១០-១៣.១៧-១៨ បទកាកគតិ
១០ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្តទាំងប្រុសស្រី | |
ក៏ថ្កើងទ្រង់ដែរ | ។ | ||
១១ | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អានុភាពឥតកែ | |
ព្រះអង្គនៅគង់ | ។ | ||
១២ | ដើម្បីឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | គ្រប់គ្នាបានដឹង |
ពីការអស្ចារ្យ | របស់ព្រះអង្គ | រស្មីរឿងរុង | |
ចិញ្ចែងចិញ្ចាច | |||
១៣ | ព្រះរាជ្យព្រះអង្គ | ស្ថិតនៅយូរលង់ | ពេញដោយអំណាច |
គ្រងរាជ្យអស់កល្ប | ព្រោះទ្រង់ជាស្តេច | បារមីអង់អាច | |
ស្ថិតយូរវស្សា | ។ | ||
ព្រះអម្ចាស់តែង | គោរពឥតក្លែង | បន្ទូលសន្យា | |
អ្វីដែលទ្រង់ធើ្វ | សុទ្ធតែអស្ចារ្យ | សប្បុរសមេត្តា | |
ករុណាអាសូរ | ។ | ||
១៧ | ព្រះជាអម្ចាស់ | ធ្វើសព្វទាំងអស់ | នូវរាល់កិច្ចការ |
ដោយព្រះហឫទ័យ | សុចរិតថ្លៃថ្លា | សន្តោសករុណា | |
ទ្រង់បានប្រព្រឹត្ត | ។ | ||
១៨ | ព្រះអម្ចាស់គង់ | នៅជិតអែបអង្គ | កៀកកើយនែបនិត្យ |
នឹងអ្នកអង្វរ | ដោយសុទ្ធចិត្ត | រកព្រះអង្គពិត | |
មិនយាងទៅណា | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ! យើងខ្ញុំសូមអបអរសាទរព្រះអង្គ! ព្រះអង្គពិតជាព្រះអម្ចាស់!។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១,៤៥-៥១
លោកភីលីពទៅជួបលោកណាថាណាអែល ប្រាប់គាត់ថា៖ “លោកដែលធម្មវិន័យរបស់លោកម៉ូសេ និងព្យាការីចែងទុកនោះ ឥឡូវនេះយើងបានឃើញហើយ លោកឈ្មោះយេស៊ូ ជាអ្នកភូមិណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប”។ លោកណាថាណាអែលពោលតបទៅលោកភីលីពវិញថា៖ “ពុំដែលមានអ្វីល្អ អាចចេញពីភូមិណាសារ៉ែតបានឡើយ”។ លោកភីលីពប្រាប់គាត់ថា៖ “សូមអញ្ជើញមក អ្នកនឹងបានឃើញ!”។ កាលព្រះយេស៊ូទតឃើញលោកណាថាណាអែលដើរមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាជនជាតិអ៊ីស្រាអែលពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។ លោកណាថាណាអែលទូលសួរព្រះអង្គថា៖ “តើលោកគ្រូដែលស្គាល់ខ្ញុំពីអង្កាល?”។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ “ខ្ញុំបានឃើញអ្នក កាលអ្នកនៅក្រោមដើមស្វាយ មុនភីលីពហៅអ្នកទៅទៀត”។ លោកណាថាណាអែលទូលព្រះអង្គថា៖ “ព្រះគ្រូ! ព្រះអង្គពិតជាព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយពិតជាព្រះមហាក្សត្ររបស់ ជនជាតិអ៊ីស្រាអែលមែន”។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «អ្នកបានជឿមកពីឮខ្ញុំនិយាយថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមស្វាយ ថ្ងៃក្រោយ អ្នកមុខតែឃើញការអស្ចារ្យលើសនេះទៅទៀត»។ ព្រះអង្គមានព្រះបន្ទូលថែមទៀតថា៖ «ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នករាល់គ្នានឹងឃើញផ្ទៃមេឃបើកចំហ ហើយមានពួកទេវទូតរបស់ព្រះជាម្ចាស់ចុះឡើងពីលើបុត្រមនុស្ស»។