ថ្ងៃអង្គា ទី២៣ ខែសីហា ឆ្នាំ ២០២២

ឬសន្តីរ៉ូស នៅក្រុងលីម៉ា ជាព្រហ្មចារិនី

នាងអ៊ីសាបែលនៅអូលីវ៉ា ហៅ រ៉ូស (ឈ្មោះនេះមានន័យថា “កូឡាប” ព្រោះនាងមានថ្ពាល់ក្រហមស្អាតល្អ) កើតនៅប្រទេសប៉េរូ (ទ្វីបអាមេរិកខាងត្បូង) នាឆ្នាំ ១៥៨៦។ កាលនាងអាយុម្ភៃឆ្នាំ នាងសម្រេចចិត្តទៅបួសជាសមាជិកក្រុមគ្រួសារដូមីនីកូ ដូចសន្តីកាតារីណា នៅស៊ីអេណា។ នាងបានរស់នៅក្នុងខ្ទមតូចមួយក្នុងចំការឪពុកម្តាយនាងទាំងតមអាហារ និងធ្វើទុក្កកិរិយាជាទម្ងន់។ នាងទទួលមរណភាពក្នុងជន្មាយុសាមសិបឆ្នាំ (១៦១៧)។ ពេលនាងទទួលមរណភាព នាងពោលថា៖ “ឧិព្រះយេស៊ូ! ឧិព្រះយេស៊ូ! សូមគង់នៅជាមួយខ្ញុំផង”។

សូមថ្លែងលិខិតទី២ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងថេសាឡូនិក ២ថស ២,១-៣.១៤-១៧

បងប្អូនជាទីស្រឡាញ់!
ចំពោះពេលដែលព្រះយេស៊ូគ្រីស្ដជាព្រះអង្គម្ចាស់នៃយើងយាងមកយ៉ាងរុងរឿង ហើយដែលយើងត្រូវជួបជុំជាមួយព្រះអង្គនោះ យើងសូមអង្វរបងប្អូនថា កុំប្រញាប់ជ្រួលច្របល់ក្នុងចិត្ត ឬភ័យស្លន់ស្លោ ដោយគ្រាន់តែឮគេថា ដល់ថ្ងៃដែលព្រះអង្គម្ចាស់យាងមកហើយ ប្រហែលជាមានអ្នកខ្លះថា ព្រះវិញ្ញាណបានបំភ្លឺឱ្យគេដឹង ឬថាមានពាក្យសម្ដី ឬមានសំបុត្រណាមួយពីយើងបញ្ជាក់ដូច្នេះ។ កុំឱ្យ
នរណាម្នាក់មកបញ្ឆោតបងប្អូនដោយប្រការណាមួយបានជាដាច់ខាត់។ ព្រះអង្គត្រាស់ហៅបងប្អូន ដោយសារដំណឹងល្អរបស់យើង ដើម្បីឱ្យបងប្អូនទទួលការសង្រោ្គះនេះ គឺឱ្យមានសិរីរុងរឿងរបស់ព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃយើង។ ហេតុនេះ បងប្អូនអើយ!
ចូរស្ថិតនៅឱ្យបានខ្ជាប់ខ្ជួនហើយកាន់តាមសេចក្ដីដែលយើងបានទទួលយកមកបង្រៀនបងប្អូនដោយផ្ទាល់មាត់ក្ដី ឬតាមសំបុត្រក្ដី ។
ព្រះជាម្ចាស់ជាព្រះបិតានៃយើង មានព្រះហប្ញទ័យស្រឡាញ់យើង។ ព្រះអង្គប្រណីសន្ដោសយើង ដោយសម្រាលទុក្ខយើងអស់កល្បជានិច្ច និងដោយប្រទានឱ្យយើងមានសេចក្ដីសង្ឃឹមដ៏ល្អប្រសើរ។ សូមព្រះយេស៊ូគ្រីស្ដីផ្ទាល់ដែលជាព្រះអម្ចាស់នៃយើង និងព្រះបិតា​សម្រាលទុក្ខបងប្អូន ព្រមទំាងប្រទានឱ្យបងប្អូនមានជំហររឹងប៉ឹងក្នុងគ្រប់កិច្ចការដែលបងប្អូនធើ្វ និងពាក្យសម្ដីល្អដែលបងប្អូននិយាយ ។

ទំនុកតម្កើងលេខ ៩៦(៩៥),១០-១៣ បទព្រហ្មគិតិ

១០ចូរទៅប្រកាសប្រាប់ឱ្យគេស្តាប់ឮចាំជាក់
ថាព្រះអម្ចាស់អ្នកថែគ្រប់គ្រងនិងសោយរាជ្យ
ផែនដីនៅរឹងមាំឥតប្រេះស្រាំឫជ្រាយពៀច
ព្រះជាម្ចាស់សោយរាជ្យដោយអំណាចយុត្តិធម៌
១១សូមឱ្យអស់ផ្ទៃមេឃផែនដីសប្បាយខ្ទ័រ
សមុទ្រមានអំណរឭសំឡេងលាន់គគ្រឹម
១២ចូរឱ្យស្រែចម្ការអ្វីសព្វសារអរញញឹម
ឱ្យដើមឈើរេរាំលោតទម្រាំមុខព្រះជាម្ចាស់
១៣ដ្បិតព្រះអង្គយាងមកវិនិច្ឆ័យរកយុត្តិណាស់
កាត់ក្ដីរាស្រ្ដទំាងអស់ដោយស្ម័គ្រស្មោះសុចរិត

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ហប ៤,១២

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិត និងមានមហិទ្ធិប្ញទ្ធិ។ ព្រះបន្ទូលនេះចាក់ទម្លុះចូលទៅក្នុងឆន្ទៈ​ និងគំនិតក្នុងជម្រៅចិត្តរបស់យើង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ២៣,២៣-២៦

ព្រះយេស៊ូមានព្រះបន្ទូលថា៖«ពួកធម្មាចារ្យ និងផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នាយកជីរអង្កាម ជីរនាងវង និងម្អមមួយភាគដប់មកថ្វាយព្រះជាម្ចាស់ ប៉ុន្ដែ អ្នករាល់គ្នាលះបង់វិន័យសំខាន់ៗចោល មានសេចក្ដីយុត្តិធម៌ មេត្តាករុណាធម៌ មេត្តាធម៌ និងជំនឿស្មោះត្រង់ជាដើម។ គឺវិន័យទំាងប៉ុន្មានប្រការនេះហើយ ដែលអ្នករាល់គ្នាត្រូវប្រតិបត្តិតាម ដោយឥតលះបង់ចោលប្រការឯទៀតៗ។ អ្នកដឹកនំាកង្វាក់អើយ! អ្នករាល់គ្នាត្រងយកមូសចេញេពីទឹកផឹក តែអ្នករាល់គ្នាលេបដំរីមួយទំាងមូលទៅវិញ!។ ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់សម្អាតពែង និងចានតែខាងក្រៅប៉ុណ្ណោះ ប៉ុន្ដែ
ផ្នែកខាងក្នុងពោរពេញទៅដោយផលដែលកើតមកពីការគេងប្រវ័ព្ចាន៍ និងការលោភលន់។ ពួកផារីស៊ីដ៏កង្វាក់អើយ! ចូលសម្អាតផ្នែកខាងក្នុងពែងជាមិនសិន ទើបអ្វីៗនៅខាងក្រៅបានស្អាតបរិសុទ្ធដែរ »។

Facebook
Twitter
LinkedIn