អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២

“អត្តសញ្ញាណ​ជា​គ្រីស្ត​បរិស័ទ”

អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​១ ១៩,១៦ខ.១៩-២១
ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ! ១ពង្ស ១៩,២០
អត្ថបទ​ទី២៖ កាឡាទី ៥,១.១៣-១៨
ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​ព្រះ‌វិញ្ញាណ នោះ​បង‌ប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ត​លោភ‌លន់​របស់​លោកីយ៍​ទៀត​ឡើយ។ កាឡ ៥,១៦
ដំណឹងល្អ៖ លូកា ៩,៥១-៦២
ព្រះ‌អង្គ​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​មុន។ លក ៩,៥២

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស និង​ឱឡារិក​បំផុត​សម្រាប់​ព្រះសហគមន៍​របស់​យើង នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ ក៏​ដូច​ជា​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល​ដែរ។ យើង​មាន​បង​ប្អូន​ចំនួន​១១៧​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស មាន​ន័យ​ថា​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ មាន​ន័យ​ថា​ទទួល​ដង្ហើម​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ទទួល​ដង្ហើម​ដែល​បាន​ចូល​នៅ​ក្នុង​សួត នៅ​ក្នុង​ដួង​ចិត្ត នៅ​ក្នុង​ខ្លួន​របស់​យើង ដើម្បី​ឱ្យ​យើង​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ។ នេះ​ជា​អត្ថ​ន័យ​នៃ​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​យើង​ទទួល យើង​អាច​ទៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ។ តើ​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ​ដើម្បី​ធ្វើ​អ្វី? ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អធិដ្ឋាន​ចូល “យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ ដើម្បី​បង្កើត​ពិភព​ថ្មី”។ តើ​មាន​ន័យ​ដូច​ម្តេច សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​ក្នុង​សតវត្ស​ទី​២១​នៅ​ប្រទេស​កម្ពុជា?

បង​ប្អូន​ជា​ទី​ស្រឡាញ់ ប៉ុន្មាន​ថ្ងៃ​មុន​យើង​បាន​ប្រមូល​ចម្លើយ​ពី​ភូមិភាគ​យើង​ទាំង​មូល ដើម្បី​ផ្ញើ​ទៅ​ទី​ក្រុង​រ៉ូម​ទាក់​ទង​នឹង​សន្និបាត​២០២១-២០២៣។ នៅ​ក្នុង​១៤​ចំណុច ដែល​យើង​បាន​រៀប​ចំ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ​មាន​ចំណុច​មួយ​បាន​និយាយ​ថា “យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​ខ្មែរ”។ អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​មាន​ន័យ​ដូច​ម្តេច? អត្ត​សញ្ញាណ​មាន​ន័យ​ថា​យើង​មាន​លក្ខ​ខណ្ឌ​មួយ​យ៉ាង​ពិសេស ដែល​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ​អាច​មើល​ឃើញ​ថា អ្នក​នោះ​ជា​គ្រីស្ត​បរិស័ទ​មួយ​រូប។ ដូច្នេះ ខ្ញុំ​ចង់​ឱ្យ​យើង​គិត​អំពី​អត្ត​សញ្ញាណ​ជា​គ្រីស្ត​បរិស័ទ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “យើង​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ យើង​មាន​សិទ្ធិ​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដើម្បី​ថ្លែង​សំលេង​ថា ឱ​ព្រះបិតា​អើយ”។ យើង​មាន​សិទ្ធិ ហៅ​ព្រះជាម្ចាស់​ដែល​ជា​ព្រះ​ដ៏​មាន​ឬទ្ធានុភាព​សព្វ​ប្រការ​នៅ​ស្ថាន​បរម​សុខ ថា​ឱ​ព្រះបិតា។ ដោយ​សារ នៅ​ក្នុង​អគ្គ​សញ្ញា​ជ្រមុជ​ទឹក យើង​បាន​ទទួល​ឋានៈ​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ ដូច្នេះ​នេះ​ជា​អត្ត​សញ្ញាណ​ទី​មួយ​របស់​យើង យើង​ជា​កូន​របស់​ព្រះជាម្ចាស់។

អត្ត​សញ្ញាណ​ទី​២ យើង​ជា​សមាជិក​នៅ​ក្នុង​ព្រះសហគមន៍ មាន​ន័យ​ថា​យើង​ជា​ព្រះកាយ​ព្រះគ្រីស្ត​។ បង​ប្អូន​ដែល​កំពុង​អង្គុយ​នៅ​ទី​នេះ ជា​ផ្នែក​មួយ​នៅ​ក្នុង​ព្រះកាយ​ព្រះគ្រីស្ត ពេល​យើង​បញ្ចូល​ភូមិភាគ​ភ្នំពេញ​ទាំង​មូល​យើង​ជា​ផ្នែក​មួយ​ធំ​ជាង។ ប្រសិន​បើ យើង​បញ្ចូល​ព្រះសហគមន៍​ទូទាំង​ពិភព​លោក​ទាំង​មូល យើង​អាច​មើល​ឃើញ​ព្រះសហគមន៍​កាតូលិក​ដែល​មាន​រាប់​រយ​លាន​នាក់ ដែល​ជា​ព្រះកាយ​ព្រះគ្រីស្ត។ នេះ​ជា​អត្ត​សញ្ញាណ​មួយ​យ៉ាង​ពិសេស នៅ​ក្នុង​ព្រះសហគមន៍​យើង​ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់ មិន​មែន​ប្រជាជន​ដ៏​វិសុទ្ធ​ធម្មតា​ទេ យើង​ជា​ព្រះកាយ​របស់​ព្រះជាម្ចាស់។ បន្តិច​ទៀត នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត នៅ​ក្នុង​ពិធី​បុណ្យ​អភិបូជា​នេះ យើង​យល់​ថា​ពិត​មែន​យើង​ជា​ក្រុម​គ្រួសារ​តែ​មួយ​នៅ​ក្នុង​ព្រះសហគមន៍។ យើង​ជា​បង​ប្អូន​គ្នា​នៅ​ក្នុង​ព្រះសហគមន៍ ដែល​ភ្ជាប់​ដោយសារ​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់ ដែល​ចូល​នៅ​ក្នុង​ខ្លួន​របស់​យើង​ពី​ថ្ងៃ​ដែល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ ជា​រៀង​រាល់​ពេល ដែល​យើង​ទទួល​ព្រះកាយ​ព្រះគ្រីស្ត ណែនាំ​ឱ្យ​យើង​យល់​ថា​អត្ត​សញ្ញាណ​របស់​យើង​គឺ​ព្រះកាយ​គ្រីស្ត ព្រះសហគមន៍ យើង​ជា​គ្រួសារ​តែ​មួយ។

អត្ត​សញ្ញាណ​ទី​៣ ជា​ពិសេស​ថ្ងៃ​នេះ​ដែល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ណែនាំ​ឱ្យ​យើង​យល់​ថា​យើង​ជា​ព្រះដំណាក់​របស់​ព្រះជាម្ចាស់។ យើង​ជា​ព្រះវិហារ​ដ៏​វិសុទ្ធ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​មិន​មែន​ជា​មនុស្ស​ម្នាក់​ធម្មតា​ទេ។ ពេល​យើង​និយាយ​អំពី​ព្រះវិហារ យើង​ដឹង​ថា​យើង​រៀងៗ​ខ្លួន​យើង​ជា​ព្រះវិហារ​ដ៏​តូច​មួយ ដែល​ពោរពេញ​ដោយ​ជីវិត​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ណែនាំ​ឱ្យ​យើង​មាន​សេចក្តី​ក្លាហាន​ដើម្បី​រស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ដើម្បី​ធ្វើ​ជា​សាក្សី​អំពី​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ ខ្ញុំ​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ ខ្ញុំ​ជា​ព្រះកាយ​ព្រះគ្រីស្ត មាន​ន័យ​ថា​នៅ​ក្នុង​ព្រះសហគមន៍​ខ្ញុំ​ជា​គ្រួសារ​តែ​មួយ។ ខ្ញុំ​ជា​ព្រះដំណាក់​របស់​ព្រះជាម្ចាស់ មាន​ន័យ​ថា​ជីវិត​របស់​ខ្ញុំ រូប​កាយ​របស់​ខ្ញុំ ជា​រូប​កាយ​និង​ជីវិត​ដ៏​សក្ការៈ។ ដោយសារ យើង​មាន​វត្ត​មាន​របស់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​នៅ​ក្នុង​ខ្លួន​យើង យើង​ខុស​ពី​គេ​ដោយសារ​យើង​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​ណែនាំ​ឱ្យ​យើង​រស់​នៅ​សព្វ​ថ្ងៃ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពិត​ប្រាកដ។

ប៉ុន្តែ ពេល​យើង​និយាយ​ដូច្នេះ​ហើយ តើ​នៅ​ក្នុង​ជីវិត​របស់​យើង​ប្រចាំ​យើង​ធ្វើ​ដូច​ម្តេច ដើម្បី​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ​ខ្មែរ​យ៉ាង​ពិត​ប្រាកដ? បន្តិច​ទៀត​ខ្ញុំ​ឱ្យ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ នៅ​ពេល​នោះ​យើង​ទទួល​ព្រះអំណោយ​ទាន​៧ សញ្ញា​ទាំង​៧​នេះ​ជា​សញ្ញា​សម្គាល់​នៃ​វិញ្ញាណ​ដែល​យើង​ទទួល​នៅ​ក្នុង​ខ្លួន​យើង និង​ណែនាំ​ឱ្យ​យើង​រស់​នៅ​យ៉ាង​សមរម្យ​ជា​ប្រចាំ​ថ្ងៃ នៅ​ក្នុង​ជីវិត​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពិត​ប្រាកដ។ ខ្ញុំ​រំលឹក​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​មាន​ប្រាជ្ញា​ឈ្លាស​វៃ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​ដឹង​ខុស​ដឹង​ត្រូវ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​ដឹង​សេចក្ដី​ពិត ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​មាន​យោបល់​ល្អ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​មាន​សេចក្ដី​ក្លាហាន។ ទាំង​៥​ចំណុច​នេះ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​ការ​អប់រំ​របស់​ព្រះពុទ្ធ ឱ្យ​យើង​មាន​របៀប​វិនិច្ឆ័យ​យ៉ាង​ត្រឹម​ត្រូវ ឱ្យ​យើង​មាន​របៀប​មើល​ឃើញ​យ៉ាង​ត្រឹម​ត្រូវ ឱ្យ​យើង​មាន​របៀប​និយាយ​យ៉ាង​ត្រឹម​ត្រូវ ឱ្យ​យើង​មាន​របៀប​ស្តាប់​យ៉ាង​ត្រឹម​ត្រូវ។

ដូច្នេះ យើង​អាច​និយាយ​ថា​ប្រហែល​គ្នា តើ​មូល​ហេតុ​អ្វី​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ ប្រសិន​បើ​រស់​នៅ​ក្នុង​ពុទ្ធ​សាសនា​ដូច​គ្នា? យើង​ធ្លាប់​លឺ​ច្រើន​ដង​ថា សាសនា​នីមួយៗ​ណែនាំ​ឱ្យ​យើង​ជា​មនុស្ស​ល្អ រស់​នៅ​ក្នុង​សង្គម​យ៉ាង​ត្រឹម​ត្រូវ ជា​មនុស្ស​ដែល​ណែនាំ​ឱ្យ​អ្នក​ដទៃ​មាន​សេចក្តី​សុខ​សាន្ត​ពិត​មែន។ ប៉ុន្តែ​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​កាតូលិក យើង​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ យើង​ជា​ព្រះសហគមន៍​គ្រួសារ​តែ​មួយ យើង​ជា​ព្រះដំណាក់​របស់​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ប៉ុន្តែ ប្រសិន​បើ​យើង​ថែម​អំណោយ​ទាន​២​ថែម​ទៀត ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​ប្រព្រឹត្ត​តាម​ការ​ណែនាំ​របស់​ព្រះវិញ្ញាណ ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​គត់។ នេះ​ជា​អត្ត​សញ្ញាណ​របស់​យើង​ប្លែក​ដែរ មាន​ន័យ​ថា​នៅ​ពេល​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​មិន​តែ​ធ្វើ​តាម​ការ​អប់រំ​ទូទៅ​មួយ យើង​មិន​តែ​ធ្វើ​តាម​សីលធម៌​មួយ យើង​មិន​តែ​ធ្វើ​តាម​ច្បាប់​មួយ​។ ប៉ុន្តែ យើង​រស់​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ដែល​ណែនាំ​ឱ្យ​យើង​ទៅ​ជា​មនុស្ស​ម្នាក់ ពោរពេញ​ដោយ​អំណរ​សប្បាយ សេចក្ដី​ស្រឡាញ់ ជំនឿ​រឹង​មាំ ចិត្ត​ស្លូត​បូត ចិត្ត​បរិសុទ្ធ ចិត្ត​លើក​លែង​ទោស​ឱ្យ ចិត្ត​អត់​ធ្មត់ ដើម្បី​ឱ្យ​យើង​រស់​នៅ​យ៉ាង​ត្រឹម​ត្រូវ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។

ដោយ​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​បំភ្លឺ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នៅ​ពេល​យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ យើង​ដឹង​ថា​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​ជា​គ្រីស្ត​បរិស័ទ។ ថ្មីៗ​នេះ យើង​បាន​ស្តាប់​ច្រើន នៅ​ពេល​គេ​ទះ​កំផ្លៀង​យើង​ម្ខាង យើង​ទុក​ឱ្យ​គេ​ទះ​ម្ខាង​ទៀត ដោយ​យើង​មិន​ត្រូវ​ការ​សង​សឹក​គេ​វិញ​ទេ។ យើង​ត្រូវ​ស្រឡាញ់​ស​ត្រូវ​របស់​យើង នេះ​ជា​របៀប​ដែល​ព្រះយេស៊ូ​បាន​អប់​រំ​យើង រហូត​ដល់​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ព្រះយេស៊ូ​ផ្ទាល់​ដែល​ស្រឡាញ់​យើង។ ដូច្នេះ ប្រសិន​បើ​យើង​ពិចារណា​អំពី​របៀប​ដែល​ព្រះយេស៊ូ​ណែនាំ​យើង យើង​នឹង​មើល​ឃើញ​អត្ត​សញ្ញាណ​របស់​យើង។ ដល់​កំពូល គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​ស្គាល់​និង​គោរព​កោត​ខ្លាច​ព្រះបិតា នេះ​ជា​ជីវិត​របស់​យើង។ មិន​មែន​ខ្លាច​នៅ​ក្នុង​អត្ថ​ន័យ​ភ័យ ប៉ុន្តែ​ខ្លាច​នៅ​ក្នុង​អត្ថន័យ​ថា យើង​ជា​កូន​របស់​ព្រះជាម្ចាស់​យើង​ត្រូវ​តែ​គោរព​គ្រប់​ពេល​វេលា។ យើង​មិន​មែន​ជា​គ្រីស្ត​បរិស័ទ​នៅ​ពេល​យើង​ចូល​អធិដ្ឋាន យើង​មិន​មែន​ជា​គ្រីស្ត​បរិស័ទ​ដោយសារ​ថ្ងៃ​នេះ​លោក​ឪពុក​ណែនាំ​ឱ្យ​យើង​បាន​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស យើង​ជា​គ្រីស្ត​បរិស័ទ​គ្រប់​ពេល​វេលា។

យើង​ត្រូវ​ការ​គិត​ពិចារណា ដោយសារ​យើង​រស់​នៅ​ក្នុង​ភូមិ​ខ្មែរ​ពាក់​កណ្តាល​វាល​ស្រែ យើង​រស់​នៅ​ជាប់​ជា​មួយ​ពុទ្ធ​សាសនា។ ដូច្នេះ នៅ​ក្នុង​ជីវិត​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ តើ​ខ្ញុំ​បង្ហាញ​របៀប​ខ្ញុំ​ដូច​ម្តេច? ខ្ញុំ​ធ្វើ​ជា​មេ​ម្ស៉ៅ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ដូច​ម្តេច? ខ្ញុំ​ជា​ពន្លឺ​និង​អំបិល​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ និង​ជីវិត​របស់​បង​ប្អូន​ឯទៀតៗ​ដូច​ម្តេច? នេះ​ជា​សំណួរ​ដែល​យើង​ត្រូវ​ការ​គិត​ពិចារណា។ ថ្ងៃ​នេះ ដែល​យើង​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ ខ្ញុំ​ជឿ​ថា​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ណែនាំ​ឱ្យ​យើង​យល់ យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ទៅ​ជា​គ្រីស្ត​បរិស័ទ​សកម្ម។ នៅ​ទី​នេះ មាន​ច្រើន​ដែល​យើង​ធ្វើ​ការ​តាម​សាលា តាម​សិល្បៈ ធ្វើ​ការ​នៅ​មណ្ឌល​សុខ​សាន្ត​ជា​មួយ​កូន​មាន​ពិការភាព ធ្វើ​ការ​នៅ​ក្នុង​មណ្ឌល​សិប្បកម្ម…។ គ្រប់​កន្លែង​ដែល​យើង​ធ្វើ​ការ ជា​កន្លែង​សង្គម​ធម្មតា ប៉ុន្តែ​របៀប​ដែល​យើង​ដឹក​នាំ របៀប​ដែល​យើង​រស់​នៅ ត្រូវ​ទៅ​ជា​របៀប​ប្លែក។ ប្លែក​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដែល​ណែនាំ​ឱ្យ​យើង​ចាប់​អារម្មណ៍​អំពី​មនុស្ស​ទាំង​អស់ ប៉ុន្តែ​មិន​មែន​មនុស្ស​ទាំង​អស់​ទូទៅ អំពី​មនុស្ស​រៀងៗ​ខ្លួន ម្នាក់ៗ។

ម្សិល​មិញ យើង​បាន​ប្រមូល​កូន​ក្មេង​៥០០​នាក់ នៅ​ក្នុង​ឱកាស​ទិវា​សិទ្ធិ​កុមារ​អន្តរ​ជាតិ យើង​បាន​រំលឹក​ដល់​កូន​ក្មេង​ថា កូន​ក្មេង​ម្នាក់​មាន​សិទ្ធិ​ដើម្បី​អនាគត​ភ្លឺ​ស្វាង។ មិន​មែន​កូន​ក្មេង​ទូទៅ ដោយសារ​ពេល​យើង​និយាយ​ទូទៅ មាន​ខ្លះ​ជោគជ័យ មាន​ខ្លះ​បរាជ័យ មាន​ខ្លះ​ទៅ​មុខ មាន​ខ្លះ​គេ​គាំង។ នៅ​ក្នុង​សាលា​រៀន​របស់​យើង​ក៏​ដូច​គ្នា​ដែរ មាន​កូន​ក្មេង​ខ្លះ​ទៅ​មុខ មាន​កូន​ក្មេង​ខ្លះ​ស្ទើរ ប្រសិន​បើ​យើង​អប់រំ​ទូទៅ យើង​ចេះ​តែ​ឱ្យ​អ្នក​ជោគ​ជ័យ​ទៅ​មុខ​ទៀត អ្នក​ស្ទើរ​យើង​បណ្តេញ​គេ។ នេះ​ខុស​ពី​ទស្សនៈ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ គឺ​ចាប់​អារម្មណ៍​អំពី​មនុស្ស​ម្នាក់​ពី​ក្មេង​មត្តេយ្យ​ដល់​សកល​វិទ្យាល័យ។ អំពី​យុវជន​យុវនារី​ម្នាក់ៗ អំពី​លោក​តា​លោក​យាយ​ម្នាក់ បង​ប្អូន​ម្នាក់ ដើម្បី​មើល​ឃើញ​តើ​អ្នក​នោះ​ត្រូវ​ការ​អ្វី​ខ្លះ​ដើម្បី​ឱ្យ​គាត់​ជោគ​ជ័យ​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន។ ដោយសារ ព្រះជាម្ចាស់​បាន​ប្រទាន​អំណោយ​ទាន​ឱ្យ​យើង​រៀងៗ​ខ្លួន មាន​ខ្លះ​បាន​ច្រើន មាន​ខ្លះ​បាន​តិច ប៉ុន្តែ​ឥត​មាន​ម្នាក់​ដែល​មាន​អំណោយ​ទាន​ស្មើ​នឹង​សូន្យ។ មាន​តែ​អ្នក​ខ្ជិល ដែល​មិន​ចេះ​មើល​អំណោយ​ទាន​ផ្ទាល់​ខ្លួន​ដែល​ធ្លាក់​ដល់​សូន្យ។

នៅ​មុន​ពេល​ម្ចាស់​ចេញ​ធ្វើ​ដំណើរ​ឆ្ងាយ គាត់​បាន​ហៅ​អ្នក​បម្រើ​របស់​គាត់ មាន​ខ្លះ​បាន​លុយ​៥​កាក់ មាន​ខ្លះ​បាន​លុយ​២​កាក់ មាន​ខ្លះ​បាន​១​កាក់ តាម​សមត្ថភាព​ប៉ុន្តែ​ឥត​មាន​ម្នាក់​ដែល​បាន​សូន្យ​។ នៅ​ពេល​ម្ចាស់​ត្រលប់​មក​វិញ អ្នក​ដែល​មាន​សមត្ថភាព​ច្រើន​ពី​៥​កាក់​ឡើង​១០​កាក់ ពី​២​កាក់​ឡើង​៤​កាក់ ដោយសារ​គាត់​បាន​ខិត​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​គាត់។ ដោយ​ឡែក អ្នក​ដែល​បាន​ទទួល​ប្រាក់​១​កាក់​សង​ទៅ​ម្ចាស់​វិញ​តែ​១​កាក់​ដដែល នៅ​ពេល​នោះ​ម្ចាស់​បណ្តេញ​គាត់។ យើង​ត្រូវ​ការ​គិត​ពិចារណា យើង​ជា​អ្នក​ដឹកនាំ យើង​ជា​គ្រីស្ត​បរិស័ទ កុំ​ឱ្យ​យើង​ណែនាំ​មនុស្ស​ម្នាក់​ទទួល​អំណោយ​ទាន​តិច ប៉ុន្តែ​បាត់​បង់​ទាំង​អស់។ នេះ​ជា​តួនាទី​របស់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ខុស​គេ​ដោយ​សារ​យើង​មិន​ដើរ​តាម​សង្គម​បច្ចុប្បន្ន​នេះ។

សង្គម​ដែល​ចេះ​តែ​លើក​តម្កើង​មនុស្ស​ដែល​មាន សព្វ​ថ្ងៃ​យើង​ត្រូវ​ការ​ប្រយ័ត្ន​ដោយសារ​ភ្នែក​របស់​យើង​មើល​ខុស​ច្រើន​ណាស់។ ពេល​ខ្លះ​ណែនាំ​ឱ្យ​យើង​គិត​ថា ពេល​យើង​មាន​ច្រើន​យើង​ជា​មនុស្ស​ល្អ ពេល​យើង​ឥត​មាន​អ្វី​សោះ​យើង​ជា​មនុស្ស​ខ្សោយ។ មិន​មែន​ទេ អ្វី​ដែល​សំខាន់​គឺ​អំណោយ​ទាន​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ដែល​ណែនាំ​ឱ្យ​យើង​រស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ។ អ្នក​ណា​ក៏​មាន​សមត្ថភាព​ដើម្បី​ស្រឡាញ់​គ្រួសារ​ផ្ទាល់​ខ្លួន អ្នក​ណា​ក៏​មាន​សមត្ថភាព​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អនាគត។ ជា​ពិសេស​យុវជន​យុវនារី​សព្វ​ថ្ងៃ យើង​អាច​គិត​អំពី​អនាគត​របស់​យើង​ផ្សេងៗ​ពី​លោក​តា​លោក​យាយ។ យើង​ត្រូវ​ការ​ឈរ​ត្រង់​ខ្លួន ដើម្បី​សំលឹង​មើល​អនាគត​របស់​យើង​ដែល​វែង​ឆ្ងាយ យើង​ត្រូវ​ការ​យក​កម្លាំង​ពេញ​ខ្លួន​របស់​យើង ដើម្បី​ឱ្យ​អនាគត​នេះ​ទៅ​ជា​អនាគត​ភ្លឺ​ស្វាង។ ឱ្យ​យើង​មើល​ផ្កា​ឈូក ទោះ​បី​ទឹក​មាន​ជម្រៅ​ប៉ុន្មាន​ក៏​វា​ប្រឹង​លូត​តាម​រហូត​ផុត​ផ្ទៃ​ទឹក ដើម្បី​ទៅ​រក​ពន្លឺ​ព្រះអាទិត្យ។ ជីវិត​របស់​យើង​ក៏​ដូច​គ្នា​ដែរ ឫស​ដែល​យើង​ចាក់​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​អាច​ឡើង​ខ្ពស់​ទៅៗ ដើម្បី​មើល​ឃើញ​ជីវិត​អស់​កល្ប​ជានិច្ច។

នេះ​ជា​អ្វី ដែល​យើង​ទទួល​ថ្ងៃ​នេះ​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ នេះ​ជា​អ្វី​ដែល​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយសារ​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់ យើង​ជា​ព្រះសហគមន៍​គ្រួសារ​តែ​មួយ យើង​ជា​ព្រះដំណាក់​នៃ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn