អភិបូជាបុណ្យព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូ

ធ្វើនៅព្រះសហគមន៍ព្រះហឫទ័យដ៏សប្បុរសរបស់ព្រះយេស៊ូ ព្រែកតាទែន
ភ្នំពេញខាងជើង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២

“មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះបិតា”

អត្ថបទ​ទី១៖ អេសេគីអែល ៣៤,១១-១៦យើង​នឹង​ប្រមូល​ចៀម​របស់​យើង​ពី​គ្រប់​កន្លែង​ដែល​វា​ខ្ចាត់‌ខ្ចាយ​ទៅ។ អគ ៣៤,១២អត្ថបទ​ទី២៖ រ៉ូម ៥,៥ខ-១១ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ដែល​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។ រម ៥,៦ដំណឹងល្អ៖ លូកា ១៥,៣-៧គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ។ លក ១៥,៤

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ ដែល​យើង​គោរព​ព្រះបេះដូង​របស់​ព្រះយេស៊ូ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ចំពោះ​មនុស្ស​លោក។ តាម​ពិត ព្រះបិតា​របស់​យើង​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​ព្រះបិតា​បាន​ចាត់​ឱ្យ​ព្រះយេស៊ូ​យាង​មក ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​យើង​ទាំង​អស់ ដើម្បី​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង​អំពី​របៀប​ដែល​ព្រះបិតា​ស្រឡាញ់​យើង។ ថ្ងៃ​នេះ យើង​បាន​ឃើញ​រូប​ព្រះយេស៊ូ​ដែល​បើក​ព្រះហស្ត​(ដៃ)​យ៉ាង​ទូលំ​ទូលាយ ដើម្បី​ទទួល​ស្វាគមន៍​យើង​ទាំង​អស់​គ្នា។ នៅ​ពាក់​កណ្ដាល​ទ្រូង​របស់​ព្រះយេស៊ូ​យើង​ឃើញ​ព្រះបេះដូង បេះដូង​ជា​សញ្ញា​នៃ​សេចក្ដី​ស្រឡាញ់។ នៅ​ពេល​យើង​ចង់​និយាយ​អំពី​សេចក្ដី​ស្រឡាញ់ យើង​គូស​បេះដូង​យ៉ាង​ធំ នេះ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ​ដែល​យើង​មើល​ឃើញ​ថ្ងៃ​នេះ។

នៅ​ពេល​យើង​នឹក​ឃើញ​ដល់​ព្រះយេស៊ូ យើង​ត្រូវ​ការ​នឹក​ដល់​ព្រះបិតា ថ្ងៃ​នេះ​ព្រះយេស៊ូ​មាន​ពាក្យ​ប្រស្នា​មួយ​ដើម្បី​ណែនាំ​ឱ្យ​យើង​មើល​ឃើញ អំពី​របៀប​ដែល​ព្រះបិតា​ស្រឡាញ់​យើង។ នៅ​ពេល​នោះ យើង​មាន​ឧទាហរណ៍​មួយ​យ៉ាង​ជាក់​ស្ដែង ដូច​យើង​ទាំង​អស់​គ្នា​យើង​ជា​ហ្វូង​ចៀម​មួយ យើង​ជា​ប្រជាជន​របស់​ព្រះជាម្ចាស់។ ព្រះបិតា​នៅ​ពេល​បាត់​ម្នាក់ ព្រះអង្គ​ព្រួយ​បារម្ភ​មែន​ទែន និង​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជាក់​ស្តែង ដោយ​ខិត​ខំ​រត់​តាម​កូន​ដែល​បាត់ រត់​តាម​មនុស្ស​ម្នាក់​ដែល​វង្វេង​ផ្លូវ។ នេះ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ ព្រះបិតា​ស្រឡាញ់​យើង​ដោយសារ​ព្រះអង្គ​បាន​បង្កើត​យើង ព្រះបិតា​បាន​ប្រទាន​ជីវិត​ឱ្យ​យើង។ ព្រះបិតា​ស្រឡាញ់​យើង​ម្នាក់ ដូចជា​កូន​បង្កើត​របស់​ព្រះអង្គ នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​យើង​ទៅ​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់។ សេចក្ដី​ស្រឡាញ់​ដែល​ព្រះជាម្ចាស់​មាន​សម្រាប់​យើង គឺ​ជា​សេចក្ដី​ស្រឡាញ់​ស្ថិត​ស្ថេរ​មិន​ខ្វះ​អ្វី​សោះ។ ព្រះបិតា​បាន​បង្កើត​យើង នៅ​ពេល​បាត់​កូន​ម្នាក់​ព្រះបិតា​មាន​ព្រះហឫទ័យ​ព្រួយ​បារម្ភ ហើយ​តាម​ស្វែង​រក។ ប៉ុន្តែ មិន​មែន​ដើម្បី​ស្តី​ឱ្យ ឬ​ពិន័យ គឺ​ដើម្បី​ទទួល​ស្វាគមន៍​សាជាថ្មី ដើម្បី​លើក​លែង​ទោស​ឱ្យ ដើម្បី​បង្ហាញ​អំពី​អំណរ​សប្បាយ។ ដោយសារ កូន​ដែល​បាត់​បាន​រក​ឃើញ​វិញ​ហើយ ដូច្នេះ​មាន​អំណរ​សប្បាយ​នៅ​ស្ថាន​បរម​សុខ ពេល​មាន​ម្នាក់​ត្រលប់​មក​វិញ។

នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង យើង​មាន​គ្នា​តិច ជួន​កាល​យើង​ខ្ចាត់​ខ្ចាយ​ទៅ​នេះ​ទៅ​នោះ ប៉ុន្តែ​នៅ​ពេល​លោក​ឪពុក​បាន​រក​ឃើញ​កូន​ត្រលប់​មក​វិញ​លោក​សប្បាយ​ចិត្ត​ណាស់ តែ​កូន​មិន​អាច​មក​វិញ​ទេ​ប្រសិន​បើ​លោក​ឪពុក​មិន​ទៅ​តាម​រក​គេ។ ថ្ងៃ​នេះ យើង​បាន​ប្រមូល​គ្នា​យ៉ាង​ច្រើន​យើង​មាន​អំណរ​សប្បាយ ប៉ុន្តែ​ប្រហែល​មាន​កូន​យើង​មួយ​ចំនួន​ទៅ​ឆ្ងាយ។ ដូច្នេះ យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​សហការ​គ្នា ដើម្បី​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះបិតា​ដល់​បង​ប្អូន​ឯទៀតៗ។ យើង​ជា​កូន​ខ្មែរ យើង​ត្រូវ​ការ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ឪពុក​ម្តាយ ចំពោះ​លោក​គ្រូ​អ្នក​គ្រូ ចំពោះ​អស់​អ្នក​ដែល​បាន​ជួយ​យើង។ ប៉ុន្តែ សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ការ​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះបិតា ជួន​កាល​យើង​ភ្លេច។ តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ដើម្បី​មាន​ចិត្ត​កតញ្ញូ​ដល់​ព្រះជាម្ចាស់?

ថ្ងៃ​នេះ ដែល​យើង​គោរព​ព្រះបេះដូង​របស់​ព្រះយេស៊ូ ថ្ងៃ​នេះ​យើង​នឹក​ឃើញ​ដល់​សេចក្ដី​ស្រឡាញ់​យ៉ាង​ធំ​ធេង​របស់​ព្រះជាម្ចាស់​តាមរយៈ​ព្រះយេស៊ូ។ ជា​ពេល​វេលា ដើម្បី​នឹក​ឃើញ​ដែរ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូច​ម្ដេច ដើម្បី​ធ្វើ​ជា​កូន​កតញ្ញូ​ចំពោះ​ព្រះបិតា? ដើម្បី​ធ្វើ​ជា​កូន​កតញ្ញូ​របស់​ព្រះបិតា គឺ​ទី​មួយ​ឱ្យ​យើង​ចេះ​ស្រឡាញ់​ព្រះបិតា ចេះ​អធិដ្ឋាន ចេះ​ស្ដាប់​ព្រះន្ទូល ចេះ​នឹក​ឃើញ​ព្រះបិតា​គ្រប់​ពេល​វេលា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ទី​ពីរ ឱ្យ​យើង​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​បង​ប្អូន​ឯទៀតៗ កុំ​ឱ្យ​យើង​ភ្លេច​នេះ​យើង​ធ្លាប់​និយាយ​ច្រើន​ដង “សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា”។ ប៉ុន្តែ នេះ​មិន​មែន​ជា​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​យើង​គ្រាន់​តែ​ស្តាប់​ហើយ​មិន​អនុវត្ត ឱ្យ​យើង​អនុវត្ត​យ៉ាង​ជាក់​ស្តែង ដើម្បី​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះបិតា។ ដូច្នេះ ចិត្ត​កតញ្ញូ​របស់​យើង​អាច​មាន​អត្ថន័យ​ដ៏​ពេញ​លក្ខណៈ នៅ​ពេល​យើង​យក​ចិត្ត​ទុក​ដាក់​ស្រឡាញ់​បង​ប្អូន​របស់​យើង។ ខ្ញុំ​ជឿង​ថា នៅ​ក្នុង​តំបន់​ព្រែក​តាទែន​នេះ​យើង​មាន​កន្លែង​ច្រើន​ដើម្បី​បង្ហាញ​ធម៌​មេត្តា​ករុណា​ដល់​បង​ប្អូន​ទាំង​ឡាយ។

ថ្ងៃ​នេះ យើង​មាន​កូន​ក្មេង​ដែល​មក​ច្រើន​តាម​រយៈ​សាលា​មត្តេយ្យ និង​តាម​រយៈ​បង​ប្អូន​នៅ​ក្នុង​ភូមិ​ដែរ។ នេះ​ជា​សញ្ញា​សម្គាល់​ដែល​យើង​ជា​គ្រួសារ​តែ​មួយ ដែល​ចេះ​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ ដែល​ស្រឡាញ់​យើង​ជានិច្ច។ នៅ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ ដែល​បាន​ត្រាស់​ហៅ​យើង​ឱ្យ​យើង​ទៅ​ជា​បុត្រា​បុត្រី​របស់​ព្រះជាម្ចាស់។ នៅ​ក្នុង​ព្រះនាម​របស់​ព្រះយេស៊ូ ដែល​យើង​ត្រូវ​តែ​បង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់ ដែល​បាន​ណែនាំ​ឱ្យ​យើង​ជួប​ជុំ​គ្នា​ជា​មហា​គ្រួសារ​នៅ​ក្នុង​អង្គ​ព្រះគ្រីស្ត ឱ្យ​យើង​នឹក​ឃើញ តើ​ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ​មួយ​រូប ខ្ញុំ​ធ្វើ​ដូច​ម្តេច​ដើម្បី​មាន​ចិត្ត​កតញ្ញូ​ជានិច្ច​ចំពោះ​ព្រះបិតា និង​ចំពោះ​បង​ប្អូន​ឯទៀតៗ?។ អាម៉ែន៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn