គ្រីស្តបរិស័ទនៅពោធិតុង អធិដ្ឋាន​សម្រាប់​វិញ្ញាណក្ខន្ធលោកបូជាចារ្យដែលធ្លាប់ជួយគាំទ្រសំណង់ក្នុង​ព្រះសហគមន៍

គ្រីស្តបរិស័ទ គណៈកម្មការព្រះសហគមន៍ ព្រមទាំងអ្នកស្រី ប៉ោះ​ វ៉ារី បានរួបរួមគ្នាអធិដ្ឋាន និងប្រារព្ធពិធីអភិបូជា សម្រាប់វិញ្ញាណក្ខន្ធ លោកបូជាចារ្យ សិលា ង្វៀង ឌឺកម៉ោ ដែលជាអ្នកបានជួយគាំទ្រថវិកាសម្រាប់ការសាងសង់អាគារព្រះវិហារ សន្តសិលា ពោធិតុង និងបន្ទប់ថ្នាក់រៀនអក្ខរកម្ម ក្នុងព្រះសហគមន៍ជាយរាជធានីភ្នំពេញមួយនេះ។

ពិធីអភិជា បានប្រារព្ធក្រោមអធិបតីភាពរបស់លោកឪពុក សួន ហង្សលី ជាតំណាងពេញសិទ្ធិរបស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ នាល្ងាចថ្ងៃទី ១ ខែសីហា ឆ្នាំ២០២២ នេះ។

លោក សិលា ង្វៀង ឌឺកម៉ោ ជាបូជាចារ្យជាតិវៀតណាម រស់នៅសហរដ្ឋអាមេរិក បានទទួលមរណភាពកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ក្នុងជន្មាយុ ៨០ឆ្នាំ និង៥២ឆ្នាំជាបូជាចារ្យ។ លោក បានទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ក្នុងក្រុមគ្រួសារ the Redemptorist Congregation។

លោកជាបូជាចារ្យ ម្នាក់ក្នុងចំណោមបូជាចារ្យបួននាក់ ដែលបានទទួលបេសកកម្មប្រកាសដំណឹងសម្រាប់ជនជាតិដើមភាគតិច​ចារ៉ាយ ក្នុងព្រះសហគមន៍ភូមិភាគ កូនទុម ប្រទេសវៀតណាម។ លោកបានទៅបំពេញបេសកកម្ម នៅសហរដ្ឋអាមេរិក នៅទីក្រុងឡុងប៊ិក រដ្ឋកាលីហ្វញ៉ា។

តាមការរៀបរាប់របស់ អ្នកស្រី ប៉ោះ វ៉ារី ជាអ្នកបានជួប និងមានទំនាក់ទំនង ជាមួយលោកបូជាចារ្យដើម្បីជួយឧបត្តម្ភ ការសាងសង់ព្រះវិហារ និងគម្រោងមួយចំនួនក្នុងព្រះសហគមន៍កាតូលិកពោធិចិនតុង​ បានឲ្យដឹងថា លោកឪពុក ម៉ោ បានជួយគាំទ្រថវិកាសាងអាគារព្រះវិហារសន្តសិលា ពោធិចិនតុងដ៏ល្អប្រណិត សម្រាប់បងប្អូនមានកន្លែងសក្ការៈជួបជុំគ្នាអធិដ្ឋានលើកតម្កើងព្រះជាម្ចាស់។

អ្នកស្រី​បន្ថែម​ថា ការសាងសង់ធ្វើឡើង នៅលើដីផ្ទាល់ខ្លួនរបស់អ្នកស្រី និង​ម្តាយ​ និងដីរបស់ព្រះសហគមន៍។ អ្នកស្រីបន្តថា នេះជាការលះបង់បន្តិចបន្តួច ថ្វាយព្រះជាម្ចាស់ របស់ក្រុមគ្រួសាររបស់អ្នកស្រីផ្ទាល់។

អ្នកស្រី វ៉ារីបញ្ជាក់ថា លោកឪពុក ម៉ោ មិនត្រឹមតែជួយ សង់អាគារព្រះវិហារនោះទេ លោកក៏​បាន​ជួយសម្រាប់ការសាងសង់ពង្រីកអគារសម្រាប់បង្រៀនអក្ខរកម្ម ពី២បន្ទប់ ទៅ៤បន្ទប់ សម្រាប់កុមារបានរៀនសូត្រ ព្រមទាំងអញ្ជើញទៅសួរសុខទុក្ខ បងប្អូនគ្រីស្តបរិស័ទ និងលើកទឹកចិត្តគេផងដែរ។ អ្នកស្រី​បន្តថា «យើងទាំងអស់គ្នាគ្មានអ្វីតបស្នងលោកឪពុកទេ ហើយពេលនេះលោកទទួលមរណភាព យើងជាកូនចៅមានតែអធិដ្ឋានអង្វរ​ព្រះជាម្ចាស់សម្រាប់​វិញ្ញាណក្ខន្ធលោកឪពុកប៉ុណ្ណោះ។»

ក្នុងធម្មទេសនា លោកឪពុក សិលា សួនហង្សលី បានលើកឡើងថា យើងជួបជុំគ្នានៅទីនេះដើម្បីអរព្រះគុណ និងអង្វរព្រះជាម្ចាស់ សម្រាប់លោកឪពុកសិលា ម៉ោ ដែលបានមកជួយបងប្អួន នៅកម្ពុជា និងព្រះវិហារនៅទីនេះ។

ក្នុងពេលនឹករំលឹក វិញ្ញាណក្ខន្ធលោក ឪពុកម៉ោ ដែលចែកឋានទៅហើយនោះ លោកឪពុក សិលា សួន ហង្ស លី ក៏បានរំឭកគ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់អំពី​របៀប​របស់​ព្រះយេស៊ូ​ចំពោះ​គ្រីស្ត​បរិស័ទ​គ្រប់​រូប គឺ​ព្រះអង្គ​ជាគង្វាល​ដែលមានព្រះហឫទ័យអណិតអាសូរ ព្រះអង្គ​បានបន្តថែរក្សា ណែនាំឲ្យមានបូជាចារ្យនៅតាមព្រះសហគមន៍ ប្រទានអភិបូជាឲ្យយើង រាល់ថ្ងៃអាទិត្យ និងថ្ងៃធម្មតាដែរ។

ហើយ​ព្រះអង្គក៏ថែរក្សាយើងដោយប្រទានអំណោយទានផ្សេងៗ ។

យើងជឿថា ទោះបីលោកឪពុកម៉ោ បានចែកឋានទៅ វិញ្ញាណក្ខន្ធរបស់លោកក៏នៅជាមួយយើង នៅក្នុងដួងចិត្តរបស់យើង ហើយ​ថ្ងៃណាមួយយើងនឹងជួបលោកនៅស្ថានបរមសុខ​ជាមួយសន្តសន្តីទាំងឡាយដែរ។ លោក​បូជាចារ្យ​បញ្ជាក់។  

ព្រះសហគមន៍ពោធិចិនតុង បានកសាងឡើង ក្នុងឆ្នាំ១៩៩៣ ក្រោយការជួយមើលថែ​ពីសំណាក់​លោកបូជាចារ្យ សិលា ឡេវ៉ាន់ ទិន ស្ថិតក្នុងតំបន់សកម្មភាពព្រះសហគមន៍​ភ្នំពេញថ្មី នៃព្រះសហគមន៍ភូមិភាគភ្នំពេញ មានគ្រីស្តបរិស័ទប្រមាណ ជាង២០គ្រួសារ។

ព្រះវិហារសន្តសិលា ​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ​២០០៦ -២០០៧។ ពីមួយឆ្នាំទៅមួយឆ្នាំ ព្រះសហគមន៍នេះមានជីវិតយ៉ាងរស់រវើក ដោយគ្រីស្តបរិស័ទ បានថែរក្សាជំនឿយ៉ាងមាំមួន​លើព្រះជាម្ចាស់ ទោះបីជាជួបឧបស័គ្គនានា និងនៅក្នុងគ្រាសប្បាយរីករាយផងដែរ ដោយមាន​កម្មវិធីអប់រំជំនឿដល់កូនចៅគ្រីស្តបរិស័ទ និងអ្នកឈ្វេងយល់ថ្មី មានកម្មវិធីបង្រៀនអក្ខកម្ម និងកម្មវិធីផ្សេងៗទៀត ដើម្បីជួយដល់បងប្អូនក្រីក្រ និងយុវជនយុវនារី ឲ្យមានចំណេះដឹងទូទៅល្អ និងជំនឿមាំមួផងដែរ៕

ដោយ លី សុវណ្ណា

Facebook
Twitter
LinkedIn