បុរសមាឌធំសម្បុរស្រអែម កំពុងមមាញឹកជាមួយភ្ញៀវនិងចាត់ចែងសមាជិកនៅក្នុងក្រុមទទួលស្វាគមន៍របស់គាត់។ បុសរូបនេះ ជាប្រធានការិយាល័យទទួលស្វាគមន៍ភ្ញៀវសម្រាប់មជ្ឈមណ្ឌលភ្នំពេញថ្មី ស្ថិតនៅក្នុងរាជធានភ្នំពេញ ជាកន្លែងដែលមានការជួបជុំច្រើនពីព្រះសហគមន៍នានាក្នុងភូមិភាគភ្នំពេញ។
អន វិចិត្រ បានឲ្យដឹងថា «ការងារបម្រើ គឺពិតជាពិបាកណាស់។ យើងមិនអាចធ្វើឲ្យបានល្អឥតខ្ចោះនោះទេ។»
លោកបានបន្ថែមថា តែចំពោះគ្រីស្តបរិស័ទបានដឹងយ៉ាងច្បាស់ថា «កិច្ចការបម្រើព្រះសហគមន៍ គឺបម្រើព្រះយេស៊ូ។»
លោកវិចិត្របានមកធ្វើកិច្ចការងារក្នុងមុខងារនេះក្នុងឆ្នាំ២០១៥។
មជ្ឈមណ្ឌលភ្នំពេញថ្មី ដែលមានទាំងកន្លែងស្នាក់នៅ អាហារដ្ឋាន បន្ទប់ប្រជុំ និងសាលប្រជុំ បានចាប់ផ្តើមសកម្មភាពដូចសព្វមួយដងឡើងវិញ ក្រោយពេលរដ្ឋាភិបាលបានបើកដំណើរការប្រទេសបន្ទាប់ពីជំងឺរាតត្បាត ដែលការងារមានសឹងតែរាល់អាទិត្យសម្រាប់មនុស្សមួយក្រុមតូចរបស់គាត់ ដែលមានសមាជិក៦។
ដោយសារកន្លែងធំ កិច្ចការងារមានច្រើន និងមានសមាជិកតិចផងនោះ ធ្វើឲ្យការទទួលស្វាគមន៍មិនសូវបានដិតដល់។ លោកបានឲ្យដឹងថា «អ្នកខ្លះថាកន្លែងមិនស្អាត ម្ហូបមិនឆ្ងាញ់ ឬក៏ការស្វាគមន៍របស់យើងមិនអស់ពីចិត្តជាដើម។»
ជាកូនគ្រួសារកសិករមួយរូបមកពីខេត្តកំពត លោកបន្ថែមថា «ដោយសារខ្ញុំជាមនុស្សទន់ខ្សោយ ពេលខ្លះខ្ញុំខឹងនឹងអ្នករិះគន់ទាំងនោះ ហើយពេលខ្លះមានគំនិតថា ចង់បោះបង់ការងារនេះចោល។»
ទោះនៅក្នុងបរិបទនៃការរិះគន់យ៉ាងនេះក្តី ដោយសារជំនឿ ការអធិដ្ឋានរាល់ថ្ងៃ ការស្តាប់ព្រះបន្ទូលប្រចាំថ្ងៃ និងការណែនាំខាងផ្លូវវិញ្ញាណពីសំណាក់លោកបូជាចារ្យ បានជួយលោកវិចិត្រដែលចេញមកពីគ្រួសារពុទ្ធបរិស័ទឲ្យទទួលយកនិងបន្តបេសកកម្មបម្រើនេះទៅមុខទៀត។
លោកបានរំលឹកខ្លួនឯងថា គ្រប់វត្តមានរបស់ភ្ញៀវ គឺជាវត្តមានរបស់ព្រះយេស៊ូ។
លោកប្រធានការិយាល័យ បានឲ្យដឹងទៀតថា គាត់បានស្គាល់ព្រះសហគមន៍កាតូលិក ក្នុងឆ្នាំ ២០០០ ដោយស្ថិតនៅក្នុងគម្រោងសិស្សអាហារូបត្ថម្ភ ហើយលោកនិងមិត្តភក្តិមួយចំនួនបានចូលរួមសកម្មភាពយុវជនរបស់ព្រះសហគមន៍ រួមមាន ចុះសួរទុក្ខអ្នកភូមិ ចាស់ជរា និងអ្នកក្រីក្រ។
លោកបានបន្ថែមថា ពេលនោះ «ខ្ញុំមិនស្គាល់ថាព្រះយេស៊ូជាស្អីទេ។» ប៉ុន្តែគ្រប់សកម្មភាពដែលដាក់ចេញដោយព្រះសហគមន៍ បានណែនាំឲ្យលោកទទួលអារម្មណ៍សប្បាយរីករាយ និងចេះចែករំលែកក្តីស្រឡាញ់ដូចជាគ្រួសារតែមួយរវាងយុវជនទាំងអស់។
ដោយសារការចូលរួមនេះ អន វិចិត្រ បានចាប់ផ្តើមឈ្វេងយល់អំពីព្រះយេស៊ូបន្តិចម្តងៗ រហូតបានទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងឆ្នាំ២០០៤ នៅព្រះវិហារកាតូលិកសន្តយ៉ូសែប ក្នុងខេត្តកំពត។
លោកថា ការផ្លាស់ប្តូរជំនឿមិនងាយស្រួលទេ គឺត្រូវបានអ្នកដទៃដែលមានជំនឿផ្សេង ប្រើពាក្យប្រមាថម៉ាក់ងាយ ស្តីបន្ទោសថា ជនក្បត់សាសនា ពួកគាត់មិនចេះស្រឡាញ់ម៉ែឪជាដើម។ ប៉ុន្តែចំពោះក្រុមគ្រួសារនិងឪពុកម្តាយរបស់វិចិត្រ គឺ មិនបានជំទាស់នឹងការជ្រើសរើសជំនឿនេះទេ។
បុរសដែលជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់រូបនេះបានបន្ថែមថា ក្រោយពីក្លាយជាគ្រីស្តបរិស័ទ លោកបានផ្លាស់ប្តូររបៀបនៃការរស់នៅ។ លោកវិចិត្រ «ខ្ញុំបានរស់នៅដោយស្នាមញញឹម ស្ងៀមស្ងាត់ ដឹងពីគោលជំហខ្លួនឯង និងកិច្ចប្រចាំថ្ងៃដែលត្រូវធ្វើរួមជាមួយព្រះអង្គ(ព្រះយេស៊ូ)។»
រាល់ការទំនាក់ទំនងជាមួយអ្នកដទៃគឺធ្វើឡើងដោយបង្ហាញពីវត្តមានព្រះជាម្ចាស់ និងចេះចែករំលែកពេលវេលានិងជំនឿរបស់ខ្លួនដល់អ្នកដទៃដែលចង់ដើរតាមមាគ៌ាររបស់ព្រះយេស៊ូ។ លោកវិចិត្របញ្ជាក់។
ក្នុងវ័យ៣៧ឆ្នាំ លោកនិងភរិយាមានកូនប្រុសស្រីចំនួន២នៅក្នុងបន្ទុក ហើយពួកគាត់បានអប់រំកូនៗឲ្យស្គាល់ជំនឿរបស់ខ្លួន។ លោកបញ្ជាក់ថា «ខ្ញុំជាគ្រីស្តបរិស័ទ ការចូលព្រះវិហារ ស្តាប់ព្រះបន្ទូល និងការអធិដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ ហើយកូនៗតែងតែចូលរួមផងដែរ។»
ជាមួយគ្នានោះដែរ លោកក៏បានជំរុញកូនឲ្យចូលរួមក្នុងកម្មវិធីព្រះសហគមន៍ ដូចជា ក្រុមកាយឫទ្ធិ ឬក្រុមបម្រើអាសនៈជាដើម។
ដើម្បីជម្រុញនិងធ្វើជាគម្រូដល់កូនៗរបស់គាត់បន្ថែមទៀត លោកវិចិត្របានចូលរួមនៅក្នុងក្រុមសង្គហៈរបស់ព្រះសហគមន៍ ដោយជួយដល់អ្នកខ្វះខាតក្រីក្រ និងឧបត្ថម្ភការសិក្សាដល់កុមារក្រីក្រក្នុងភូមិផងដែរ។
លោកបានរំលឹកថា ការធ្វើដូច្នេះ ក៏ព្រោះតែលោកធ្លាប់ជាយុវជនម្នាក់ដែលព្រះសហគមន៍បានជួយពីមុនមកដែរ។
ក្នុងនាមជាគ្រីស្តបរិស័ទមួយរូប លោកបានបញ្ជាក់ថា លោកនៅតែចង់បម្រើព្រះសហគមន៍ទោះបីលោកបញ្ចប់ការងារនៅការិយាល័យទទួលស្វាគមន៍នៅមជ្ឈមណ្ឌលភ្នំពេញថ្មីក៏ដោយ។ លោកបន្ថែមថា «ខ្ញុំនឹងព្យាយាមរស់នៅក្នុងជំនឿ ដោយខិតខំប្រកាសដំណឹងល្អតាមរយៈកិច្ចការប្រចាំថ្ងៃ អធិដ្ឋានសម្រាប់បងប្អូនដែលមិនទាន់បានទទួលពន្លឺពីព្រះអង្គ៕»
ដោយ ឆាក លាំង