ដើមឈើមួយដើម អធិដ្ឋាន​ម្តង

កាលពីថ្ងៃទី២៤ កក្កដា កន្លងទៅនេះ លោកបូជាចារ្យ ផាន បូរី បានដឹកនាំ គ្រីស្តបរិស័ទព្រះសហគមន៍ កែវសីមា បានដំាដើមឈើប្រណិតៗប្រមាណ១៥០ដើម ដូចជា ក្រញូង បេង នាងនួន ជាដើម ក្នុងដីចម្ការ​របស់​ព្រះសហគមន៍នេះ ដែល​ស្ថិតនៅភូមិអូររណា ឃុំ​ស្រែខ្ទុម ស្រុក​កែវសីមា ខេត្ត​មណ្ឌល​គិរី។

លោក បូចារ្យ ផាន បូរី បានមានប្រសាសន៍ថា ប្រភេទ​ឈើ​ទាំង​នេះ នៅក្នុងប្រទេសកម្ពុជា​កំពុងរងនូវការកាប់បំផ្លាញ និង​ព្រៃ​ឈើ​ក៏កំពុង​ថយ​ចុះ​ ជាពិសេសឈើប្រណិតៗ ហើយ​ការ​ដាំ​ដើមឈើ​នៅ​ថ្ងៃនោះ គឺដើម្បីបន្សល់​ទុក​ឲ្យកូនចៅជំនាន់ក្រោយ​បានស្គាល់ បានដឹង និងបានឃើញ។

លោក​បន្ត​ថា កម្មវិធីនេះ គឺគ្រីស្តបរិស័ទនៅព្រះសហគមន៍​កែវសីមាបានមូលមតិគ្នារកទិញកូនឈើទាំងនេះ។

លោក​បូជាចារ្យ​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍នេះ ឲ្យដឹងទៀតថា ការដំាដើមឈើនេះផងដែរគឺដើម្បីឲ្យគណៈកម្មការព្រះសហគមន៍មានសកម្មភាព​រួបរួមគ្នាធ្វើអ្វីមួយ​ និងមានអំណរសប្បាយរួមជាមួយគ្នា។ លោក​បញ្ជាក់ថា ការសាមគ្គីភាពនាំឲ្យយើងជោគជ័យនៅក្នុងព្រះសហគមន៍របស់យើង។

លោក បូជាចារ្យរូបនេះបានឲ្យដឹងថា ការដំាដើមឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនគ្រីស្តបរិស័ទ ដោយសារ​ពេល​ដំាឈើមួយដើម ពួកគាត់​អធិដ្ឋានទៅព្រះជាម្ចាស់។

លោក​បូរី បញ្ជាក់ថា ទោះបី​ដើម​ឈើ​ទាំង​នោះ​មាន​ឈ្មោះ​របស់​វា​ក៏ដោយ តែ​គ្រីស្ត​បរិស័ទ​បាន​ដាក់​ឈ្មោះថ្មី​ឲ្យ​ពួកវា មាន​ដូចជា«ដើមឈើនៃសន្តិភាព ដើមឈើនៃសេចក្តីសុខសាន្ត ដើមឈើនៃសុភមង្គល ដើមឈើនៃសេចក្តីស្រឡាញ់។»

លោក​បូជាចារ្យ​បូរី បាន​ជម្រុញ​ឲ្យ​គ្រីស្ត​បរិស័ទ​ចេះ​ការពារបរិស្ថាន ការពារធនធានធម្មជាតិ ដែលជាស្នាព្រះហស្តដ៏ឧត្តុងឧត្តមមកពីព្រះជាម្ចាស់។

កម្មវិធីដាំដើមឈើនៅព្រះសហគមន៍កែវ សីមា ត្រូវបានធ្វើជាលើកទី១ លើដីចម្ការរបស់​ព្រះសហគមន៍​ដែលមាន​ទំហំ​ប្រមាណ​៣,៥ហិចតា សម្រាប់សាង​សង់អគារសិក្សា​​អប់រំ​និង​ព្រះវិហារ ធ្វើ​ចម្ការ និង​មួយផ្នែក​ទុក​សម្រាប់​ធ្វើ​ជាព្រៃ​ឈើប្រណិត។

លោក​បូជាចារ្យ​បូរី​បាន​បញ្ជាក់​ថា ការ​ចំណាយ​លើ​ថ្លៃ​កូនឈើ និង​ដាំ​ បាន​មក​ពី​​ការឧបត្ថម្ភពីសប្បុរសជន និង​គ្រីស្តបរិស័ទ្ទនៅព្រះសហគមន៍កែវសីមាផ្ទាល់៕

ដោយ​ហៀម សុកខុន

Facebook
Twitter
LinkedIn

នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ គ្រីស្តបរិស័ទប្រមាណជាង ២០អង្គ/នាក់ រួមមានលោកបូជាចារ្យ បងប្រុស បងស្រី និងនិស្សិតទេវវិទ្យាល័យ បានប្រមូលផ្តុំគ្នាយ៉ាងកក់ក្តៅក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ «ស៊ីនុដាលីធី» ដែលមានន័យថា «ការរួមដំណើរជាមួយគ្នាជាធ្លុងតែមួយ»។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅព្រះសហគមន៍កាតូលិកសន្តសិលា-សន្តប៉ូល (ភ្នំពេញថ្មី) នៃភូមិភាគភ្នំពេញ ក្រោមការសម្របសម្រួល និងដឹកនាំផ្ទាល់ដោយលោកបូជាចារ្យ ប៉ាណេណាល់ ទទិត្យ មកពីក្រុមគ្រួសារបព្វជិតសហជីវិនព្រះយេស៊ូ (Jesuit) និងជាបូជាចារ្យទទួលខុសត្រូវតំបន់អង្គរ នៃព្រះសហគមន៍ភូមិភាគបាត់ដំបង។