បេក្ខជនចំនួន៤រូប បានសុំព្រះសហគមន៍ទទួលអគ្គសញ្ញាជ្រមុជទឹក និងលាបថ្ងាសក្នុងថ្ងៃតែមួយ ដើម្បីក្លាយជាគ្រីស្តបរិស័ទកាតូលិក កាលពីពេលថ្មីៗនេះ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នារាជធានីភ្នំពេញ។
«នាងខ្ញុំបានទទួលពិធីជ្រមុជទឹក ក្នុងថ្ងៃនេះ គឺដោយសារតែនាងខ្ញុំទទួលការជឿលើព្រះយេស៊ូ។» នេះជាការលើកឡើងរបស់វេរ៉ូនីកា ស៊ូ ស្រីនីត មកពីព្រះសហគមន៍ សន្តសិលា និងសន្តប៉ូល។
ស្រីនីតបន្តថា នាងបានរួមដំណើរជាមួយព្រះសហគមន៍ក្នុងរយៈពេល៧ឆ្នាំមកហើយ ទើបសម្រេចចិត្តទទួលអគ្គសញ្ញាជ្រមុជទឹក។ យុវតីរូបនេះឲ្យដឹងថា ពេលជ្រមុជទឹកហើយ នាងគឺជាបុត្រធីតារបស់ព្រះជាម្ចាស់ និងមានតួនាទីសំខាន់ គឺត្រូវប្រកាសដំណឹងល្អនិងដើររតាមព្រះជាម្ចាស់។
«ព្រះអង្គគឺជាព្រះតែមួយគត់ដែលរំដោះយើងចេញអំពីបាប។» ស្រីនីតបញ្ជាក់។
យុវតីរូបនេះបន្ថែមថា «នៅថ្ងៃអនាគតនាងខ្ញុំនឹងធ្វើជាគ្រីស្តបរិស័ទគម្រូ ដោយប្រកាសដំណឹងល្អ នឹងសម្ដែងធម៌មេត្តាករុណាដោយជួយបងប្អូនដែលជាជនក្រីក្រ។»
ហ្វ្រង់ស៊ីស្កូ សាវីយ៉េ នឿង វ៉ៃ ជាបេក្ខជនម្នាក់ទៀត និយាយថា ទម្រាំតែបានទទួលអគ្គសញ្ញាជ្រមុជទឹក «ខ្ញុំបាទបានតាំងចិត្តថា នឹងបន្តអប់រំជំនឿ បន្តអធិដ្ឋាន ស្ដាប់ព្រះបន្ទូល ដើម្បីក្លាយជាគ្រីស្តបរិស័ទម្នាក់ដ៏ល្អ ជាគម្រូដល់ប្អូនដែលកំពុងតែឈ្វេងយល់នៅជំនាន់ក្រោយផងដែរ ។»
នឿង វ៉ៃ បានតាំងចិត្តនាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅដល់អ្នកឯទៀតៗតាមរយៈកម្មវិធីអប់រំជំនឿរបស់ព្រះសហគមន៍។ «ខ្ញុំនឹងធ្វើជាគ្រូអប់រំជំនឿ… ចែករំលែកសេចក្ដីស្រលាញ់ មានចិត្តសប្បុរស បម្រើអ្នកដទៃ ដើម្បីបញ្ជាក់ពីវត្តមានរបស់ព្រះជាម្ចាស់ ថាទ្រង់ពិតជាគង់នៅជាមួយយើងជានិច្ច។»
ពិធីជ្រមុជទឹកនិងលាបថ្ងាស ប្រព្រឹត្តទៅក្រោមអធីបតីភាពរបស់លោកបូជាចារ្យ សិលា សួន ហង្សលី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល។
ក្នុងធម្មទេសនាលោកបូជាចារ្យហង្សលី មានប្រសាសន៍ថា ក្នុងជីវិតជាគ្រីស្តបរិស័ទ មានកិច្ចការ២ដែលយើងត្រូវធ្វើ គឺធ្វើកិច្ចការច្រើនដូចនាងម៉ាថា និងស្តាប់ព្រះបន្ទូលដូចនាងម៉ារីដែលមាននៅក្នុងគម្ពីរសម្រាប់ថ្ងៃនេះ (លក១០,៤១-៤២)។
លោកបូជាចារ្យ សិលា សួន ហង្សលី មានប្រសាសន៍ទៅកាន់បេក្ខជនទាំង៤រូប ឲ្យខិតខំព្យាយាមស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូគ្រីស្ត ដើម្បីអោយព្រះបន្ទូលជ្រួតជ្រាបនៅក្នុងចិត្តដេលនាំឲ្យអាចបង្កើតជាផលផ្លែចេញមកតាមរយៈការស្ដាប់នេះ។
លោកបន្ថែមថា ត្រូវរៀនទទួលព្រះយេស៊ូក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដោយទទួលបងប្អូនឯទៀតៗ ជាពិសេសរងទុក្ខលំបាក ក្រីក្រ និងអ្នកត្រូវការជំនួយ ដោយត្រូវនឹកចាំអំពី ព្រះបន្ទូលរបស់ព្រះអង្គដែលថា «គ្រប់ពេលដែលបងប្អូនបានប្រព្រឹត្តអំពើតូចតាចណាមួយចំពោះ នរណាម្នាក់ ដូចបានប្រព្រឹត្តចំពោះខ្ញុំដែរ។»
លោកបានបញ្ជាក់ថា នៅពេលដែលយើងទទួល ពិធីជ្រមុជទឹក គឺបានរួមស្លាប់រួមរស់ជាមួយព្រះយេស៊ូ ហើយយើងបានឈ្វេងយល់ជាមួយគ្នា នូវសេចក្ដីពិតនឹងណែនាំឲ្យយើងរួចពីអំពើបាប។ យើងទទួលជីវិតថ្មី ទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ។
តាមកម្មវិធីអប់រំជំនឿរបស់ព្រះសហគមន៍កាតូលិក អស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹក និងលាបថ្ងាស ចាំបាច់ត្រូវមានបងធម៌នៃជំនឿមកជាមួយ ដែលជាអ្នកណែនាំប្អូនធម៌ឲ្យយល់ដឹងកាន់តែច្រើនអំពីព្រះជាម្ចាស់។
តេរេសា ជិន សុភាព ជាបងធម៌របស់បេក្ខជនក្នុងថ្ងៃនេះឲ្យដឹងថា ក្នុងនាមជាបងធម៌ គាត់ត្រូវ តែបន្តអធិដ្ឋានសម្រាប់ប្អូនៗដែលទទួលអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះ ដើម្បីក្លាយជាគ្រីស្តបរិស័ទថ្មីដែលមានកម្លាំងមាំមួន ក្នុងដំណើរបេសកម្មថ្មីដែលបានទទួលពីព្រះយេស៊ូតាមរយៈព្រះសហគមន៍។
សុភាពបញ្ជាក់ទៀតថា ជាគ្រីស្តបរិស័ទគឺមានមុខងារប្រកាសព្រះបន្ទូល បម្រើព្រះបន្ទូលដោយបម្រើបងប្អូន និងណែនាំបងប្អូនឲ្យឲ្យមានអំណរសប្បាយក្នុងជីវិត។ ហើយការរស់នៅជាគ្រីស្តបរិស័ទគឺត្រូវតែយកចិត្តទុកដាក់អធិដ្ឋានជារៀងរាល់ថ្ងៃ ដើម្បីទទួលព្រះពរពីព្រះជាម្ចាស់។
សព្វថ្ងៃនេះព្រះវិហារសន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មី មានបងប្អូនចំនួន១០ក្រុមដែលមកទទួលការ អប់រំជំនឿ សិក្សាឈ្វេងយល់អំពីព្រះគ្រីស្តជាមួយលោកគ្រូអ្នកគ្រូចំនួន១៨នាក់រៀងរាល់ព្រឹកថ្ងៃអាទិត្យ មុនចាប់ផ្ដើមអភិបូជាផងដែរ ៕
ដោយចាន់ ម៉ានុត