លោកបូជាចារ្យថ្មី ប្រាក់ ប៊ុន ហុង រំឭកគ្រីស្តបរិស័ទអំពីរបៀបទទួលស្វាគមន៍ព្រះជាម្ចាស់ និងបងប្អូនឯទៀតៗ នៅក្នុងអភិបូជាលើកទីមួយរបស់លោកនៅភ្នំពេញបន្ទាប់ពីទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ដែលត្រូវបានអញ្ជើញដោយព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង នៅព្រះវិហារសន្តយ៉ូសែបផ្សារតូច នាព្រឹកថ្ងៃទី១៧ កក្កដា ២០២២ ។
លោកបូជាចារ្យប្រាក់ ប៊ុនហុង មានប្រសាសន៍នៅក្នុងធម្មទេសនាថា លោកសូមអរគុណលោកបូជាចារ្យ រឿង ឆ័ត្រសិរី ដែលបានអញ្ជើញលោកមកថ្វាយអភិបូជានៅទៅទីនេះ។
លោកបូជាចារ្យថ្មី មានប្រសាសន៍ថា កិច្ចស្វាគមន៍ជារឿងសំខាន់សម្រាប់គ្រីស្តបរិស័ទ ជាពិសេសគឺការស្វាគមន៍ព្រះជាម្ចាស់ក្នុងជីវិតរបស់យើងផ្ទាល់ក្នុងការរស់នៅប្រចាំថ្ងៃ ដូចនាងម៉ារីនិងនាងម៉ាថាក្នុងអត្ថបទគម្ពីរ និងដូចបុរសសាសន៍សាម៉ារី ដែលបានជួយបុរសម្នាក់ទៀតដែលត្រូវចោរវាយប្លន់តាមផ្លូវ។
លោកបូជាចារ្យ ហុង លើកឡើងផងដែរអំពីគុណធម៌នៃរបៀបស្វាគមន៍របស់លោកអប្រាំជាបិតានៃជំនឿរបស់យើង គឺបង្ហាញអំពីធម៌មេត្តាករុណាដល់គេ ការគោរពនិងដឹងគុណចំពោះអ្នកដែលប្រព្រឹត្តសប្បុរសមកលើយើង ការតបស្នងសងគុណ និងបង្ហា្ញញវត្តមានរបស់ព្រះជាម្ចាស់ដល់អ្នកឯទៀតៗ។
លោកឪពុករូបនេះ បាននិយាយទៀតថា ដំណាលនឹងការស្វាគមន៍ យើងក៏ត្រូវចេះអរគុណ និងដឹងគុណចំពោះអ្នកដែលមានចិត្តសប្បុរសមកលើយើងផងដែរ ដូចជាឪពុកម្ដាយដែលបានផ្ដល់កំណើត លោកគ្រូអ្នកគ្រូដែលបានផ្ដល់ចំណេះដឹង និងជនដែលបានឧបត្ថម្ភដល់យើង។ លោកបន្ថែមថា ធ្វើដូច្នេះ យើងនឹងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ទៅជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។
មិនតែប៉ុណ្ណោះ យើងត្រូវអរព្រះគុណព្រះជាម្ចាស់និងបន្តអធិដ្ឋានសម្រាប់គ្នាទៅវិញទៅមក។ ហើយត្រូវធ្វើអំពើល្អដោយមិនចង់បានផលតបស្នងពីគេវិញឡើយ។ គ្រប់ពេលវេលាយើងត្រៀមខ្លួនដើម្បីបង្ហាញឬសម្ដែងធម្មតាករុណារបស់ព្រះជាម្ចាស់ដល់អ្នកដទៃ។ នេះជាបញ្ជាក់បន្ថែមរបស់លោកបូជាចារ្យប្រាក់ ប៊ុនហុង។
លោកបានរំលឹកគ្រីស្តបរិស័ទថា កិច្ចការបម្រើព្រះជាម្ចាស់គឺមាន២ គឺស្ដាប់ព្រះបន្ទូលហើយ យកមកអនុវត្តក្នុងជីវិតដោយកិច្ចការបម្រើ។
នៅក្នុងអភិបូជានេះ លោកបូជាចារ្យថ្មី ប៊ុនហុង សូមអរគុណលោកឪពុកឆ័ត្រ សិរីដែលបានស្វាគមន៍លោកយ៉ាងកក់ក្ដៅ និងចូលរួមជាមួយគ្នា ដើម្បីកោតសរសើរលើកតម្កើងព្រះជាម្ចាស់នៅក្នុងអភិបូជានេះ។
លោកបូជាចារ្យ ប៊ុនហុង មានប្រសាសន៍ថា «បទពិសោធន៍ថ្មីរបស់ខ្ញុំជាបូជាចារ្យ គឺមានអំណរសប្បាយដែលបានទៅជាបូជាចារ្យ។ នៅពេលក្លាយជាបូជាចារ្យ ខ្ញុំផ្លាស់ប្ដូរ ព្រោះបូជាចារ្យមិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ ប៉ុន្តែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ជាកម្មសិទ្ធិរបស់ព្រះសហគមន៍។ ដូច្នេះខ្ញុំផ្លាស់ប្ដូរខ្លួនឯងទៅជាបុគ្គលព្រះជាម្ចាស់ បុគ្គលព្រះសហគមន៍ ឬអាចហៅបានថាបុគ្គលសាធារណៈ។»
លោកបញ្ជាក់ថា «ហេតុនេះគ្រប់ពេលវេលាត្រូវការត្រៀមខ្លួនបម្រើព្រះអង្គ ដោយមិនមែនដូចពីមុនដែលមានពេលវេលាសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ តែសម្រាប់ព្រះសហគមន៍ សម្រាប់បងប្អូន។»
សព្វថ្ងៃនេះ លោកបូជាចារ្យយ៉ូហាន បាទីស្ត ប្រាក់ ប៊ុនហុង ជាបូជាចារ្យជំនួយនៅព្រះសហគមន៍រតនគិរី។ លោកបន្ថែមថា «បេសកកម្មរបស់ខ្ញុំគឺចាំជួយបងប្អូនតាមរយៈអគ្គសញ្ញានានា បម្រើក្នុងការប្រកាសដំណឹងនៅទីនោះ ដោយរស់នៅជាមួយលោកបូជាចារ្យនិងបងស្រីនៅរតនគីរីដែរ។»
គោលដៅសំខាន់ក្នុងជីវិតជាបូជាចារ្យរបស់លោកគឺ នាំព្រះបន្ទូលរបស់ព្រះជាម្ចាស់ជ្រួតជ្រាបដល់អស់បងប្អូន៕
ដោយដាលីស