«នៅពេលយើងអត់ធ្មត់ក្នុងការអធិដ្ឋាន គឺជាការបង្ហាញជំនឿ។ ការអធិដ្ឋានធ្វើឱ្យមានក្ដីសង្ឃឹម។» នេះជាការលើកឡើងរបស់លោកបូជាចារ្យ យ៉ូហាន បាទីស្ត ប្រាក់ ប៊ុនហុង ក្នុងពិធីថ្វាយអភិបូជាលើកដំបូងរបស់លោកនៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន នារាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។
តបតាមការអញ្ជើញរបស់ព្រះសហគមន៍ព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន លោកបូជាចារ្យទើបនឹងតែងតាំងកាលពីថ្ងៃទី២៩ ខែមិថុនារូបនេះបានមានប្រសាសន៍ទៀតថា ការអធិដ្ឋាន ដូចជាការប្រើពាក្យ៣ គឺទូលសុំ គោះទ្វារ និងស្វែងរក។
ក្នុងធម្មទេសនាដែលធ្វើឡើងកាលពីថ្ងៃទី២៤ កក្កដា លោកបូជាចារ្យរូបនេះ បន្ថែមថា ការអធិដ្ឋាន គឺសន្ទនាទៅព្រះជាម្ចាស់ ដោយកសាងទំនាក់ទំនងដូចមិត្តសម្លាញ់។ ម្យ៉ាងទៀត ការអធិដ្ឋាន គឺជាការតស៊ូទទួលផលផ្លែ ដូចយើងបានស្ដាប់ព្រះយេស៊ូមានបន្ទូលអំពីអ្នកគោះទ្វារ។
លោកបន្តថា ការអធិដ្ឋានសំខាន់ណាស់ ទោះបីព្រះយេស៊ូនៅលើឈើឆ្កាងហើយ ព្រះអង្គក៏នៅតែអធិដ្ឋាន។ លោកបូជាចារ្យហុងរំលឹកថា នៅពេលយើងមានទុក្ខព្រួយ យើងត្រូវអអិដ្ឋាន។ អធិដ្ឋានគឺជាការទូលសុំ ការស្វែងរក ការគោះទ្វារ និងជាការឆ្លើយតបរបស់ព្រះជាម្ចាស់ ទោះបីជាយឺតយ៉ាវ ប៉ុន្តែនឹងបានផលក្នុងថ្ងៃណាមួយ។
ការអធិដ្ឋានមានច្រើនប្រភេទ ដែលមានដូចជា លក្ខណៈផ្ទាល់ខ្លួន ដូចព្រះយេស៊ូ និងលោកអប្រាហាំ។ ការអធិដ្ឋាន ជារបៀបសូត្រផ្គាំ ឬប្រើជាទំនុកបទកំណាព្យ។ ការអធិដ្ឋានជាក្រុម ជាមួយសហគមន៍ ឬអ្នកជឿ។
លោកបញ្ជាក់ទៀថា ការអធិដ្ឋានក៏អាចធ្វើតាមរបៀបស្ងៀមស្ងាត់ ដូចលោកអូហ្គូស្ទីន ដែលជាបិតានៃទេវវិទ្យារបស់ព្រះសហគមន៍ផងដែរ។ លោកបន្ថែមថា «មាត់យើងបិទ តែបេះដូងស្រែករកព្រះជាម្ចាស់។»
ក្នុងពិធីអភិបូជាលើកដំបូងនេះ លោកបូជាចារ្យប្រាក់ ប៊ុនហុង បានរំលឹកអំពីអនុស្សាវរីយ៍របស់លោកទាក់ទងទៅនឹងការត្រាស់ហៅជីវិតជាបូជាចារ្យ ដោយបានបញ្ជាក់ថា «នៅពេលខ្ញុំមកបឹងទំពុន ខ្ញុំឃើញព្រះវិហាររាល់ថ្ងៃ និងអាចចាប់ផ្ដើមរិះគិតថា ចង់បម្រើព្រះជាម្ចាស់ដោយសារជីវិតនៅក្នុងមណ្ឌលជាប់ជាមួយព្រះសហគមន៍។»
លោកពុកហុង ដែលកាលពីមុនជាសិស្សនៅក្នុងមណ្ឌលសន្តមីកាអែល ជាកន្លែងទទួលយុវជនកាតូលិកឲ្យសិក្សារៀនសូត្រ និងរិះគិតអំពីជីវិតនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់។
នៅក្នុងមណ្ឌលនេះ លោកបានស្វែងរកព្រះជាម្ចាស់ ដោយមានលោកបូជាចារ្យខាងផ្លូវវិញ្ញាណជួយណែនាំផងដែរ។
ជាមួយគ្នានេះ លោកបូជាចារ្យហុង ជំរុញឲ្យយុវជនយុវនារី កុំស្ទាក់ស្ទើរក្នុងការឆ្លើយតបអំពីការត្រាស់ហៅរបស់ព្រះជាម្ចាស់។ លោកសូមឲ្យពួកគាត់ទាំងអស់រំលឹកម្តងហើយម្តងទៀតអំពីការត្រាស់ហៅក្នុងជីវិតរស់នៅជាប្រចាំថ្ងៃ។
តាមបទពិសោធរបស់លោកបូជាចារ្យរូបនេះ បានឲ្យដឹងថា «ខ្ញុំត្រូវរំឭករាល់ថ្ងៃថា ចង់បម្រើព្រះជាម្ចាស់ ទោះបីជាពេលខ្លះយើងវង្វេង តែព្រះវិញ្ញាណនឹងដាស់មនសិការបស់យើងជានិច្ច។»
លោកក៏ស្នើដល់ព្រះសហគមន៍ អស់លោកបូជាចារ្យគួរតែគាំទ្រយុវជនទាំងអស់ដែលចង់ថ្វាយខ្លួនទៅជាបូជាចារ្យ បងប្រុស បងស្រី ដោយជំរុញពួកគេឱ្យស្គាល់ពីព្រះសហគមន៍ឱ្យបានច្រើន ស្គាល់ពីជីវិតអ្នកបួសឱ្យបានច្រើន និងឱ្យគេមានភាពជិតស្និទ្ធដូចបងប្អូន លើកទឹកចិត្តគេឱ្យមានអារម្មណ៍ថាកក់ក្ដៅនិងចង់ជួយចង់បម្រើព្រះសហគមន៍។
និស្សិតទេវវិទ្យាល័យ វី សំណាង ដែលនឹងត្រូវទទួលតែងតាំងជាឧបដ្ឋាកក្នុងពេលខាងមុខនេះ មានប្រសាសន៍ថា បូជាចារ្យថ្មីនេះជាសញ្ញាមួយបង្ហាញថាព្រះសហគមន៍កម្ពុជារបស់យើងដើរទៅមុខ និងមានការរីកចម្រើន ដោយមានបូជាចារ្យមួយរូបនៅក្នុងស្រុករបស់យើង ជាកម្លាំងសម្រាប់យុវជនរបស់យើង។
លោកបញ្ជាក់ថា «យើងឃើញថាព្រះសហគមន៍របស់យើងត្រូវការបូជាចារ្យនៅក្នុងស្រុក។»
លោកបន្ថែមថា ថ្វីត្បិតតែព្រះសហគមន៍របស់យើងនៅកម្ពុជានៅតូច ហើយស្រូវដែលត្រូវច្រូតមានច្រើន ដូច្នេះយើងទាំងអស់គ្នាត្រូវតែស្ដាប់នូវការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដើម្បីធ្វើការនៅក្នុងស្រែរបស់ព្រះអង្គ។
លោកបូជាចារ្យយ៉ូហាន បាទីស្តប្រាក់ ប៊ុនហុងជាបូជាចារ្យខ្មែរទី១០ និងជាបូជាចារ្យខ្មែរជាតិពូណងដំបូងគេដែលមានកំណើតនៅខេត្តមណ្ឌលគិរី។ សព្វថ្ងៃលោកកំពុងបម្រើការងារនៅព្រះសហគមន៍រតនគិរី ក្នុងភូមិភាគកំពង់ចាម។
បច្ចុប្បន្នព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជាមានគ្រីស្តបរិស័ទប្រមាណ២ម៉ឺននាក់ ក្នុងចំណោមប្រជាជនខ្មែរ១៦លាននាក់៕
ដោយដាលីស