ថ្ងៃព្រហស្បតិ៍ ទី២​៨​ ខែកក្ដដា ឆ្នាំ ២០២២​ ពណ៌បៃតង ថ្ងៃធម្មតា

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១៨,១-១០

ព្រះអម្ចាស់មានព្រះបន្ទូលមកព្យាការីយេរេមីដូចតទៅ៖«ចូរក្រោកឡើង ទៅផ្ទះ​របស់ជាងស្មូន។ នៅទីនោះ អ្នកនឹងឮសេចក្តីដែលយើងប្រាប់អ្នកឱ្យដឹង»។ ខ្ញុំក៏ទៅផ្ទះរបស់ជាងស្មូន ឃើញគាត់កំពុងសិតថូមួយនៅលើឈើក្រឡឹង។ ពេល​ណាជាងស្មូន​ឃើញថូដែលគាត់កំពុង​សូននៅក្នុងដៃមិនល្អ គាត់ក៏យកដីឥដ្ឋមកធ្វើថូមួយ​ផ្សេងទៀតដែលគាប់ចិត្តគាត់។ ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖​«កូន​ចៅអ៊ីស្រាអែលអើយ! យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចជាងស្មូននេះដែរ។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ អ្នករាល់គ្នានៅក្នុង​ដៃយើង ដូចដីឥដ្ឋនៅក្នុងដៃ​របស់ជាងស្មូន។ ជួនកាលយើងសម្រេចថា រំលើង និងរំលំប្រជាជាតិណាមួយ ឬនគរ​ណាមួយឱ្យវិនាស។ ប្រសិនបើប្រជាជាតិណាមួយប្រព្រឹត្តអំពើអាក្រក់ ដែលនាំឱ្យ​យើងសម្រេចចិត្ដដាក់ទោសគេ ហើយគេបែរជាលះបង់អំពើអាក្រក់នោះ យើងនឹង​មិនធ្វើទោសពួកគេតាមការសម្រេចរបស់យើងទេ។ ជួនកាលយើងសម្រេចថា កសាង និងបណ្តុះបណ្តាលប្រជាជាតិណាមួយ ឬនគរណាមួយឡើង។ ប៉ុន្តែ ប្រសិនបើពួកគេមិនព្រមស្តាប់ពាក្យប្រៀនប្រដៅរបស់យើង ហើយបែរទៅប្រព្រឹត្តអំពើអាក្រក់ដែលទាស់ចិត្តយើងនោះ យើងនឹងលែងប្រព្រឹត្តអំពើល្អចំពោះពួកគេតាមការសម្រេចរបស់យើង»។

ទំនុកតម្កើងលេខ ១៤៦ (១៤៥),១-៦.១០ បទពាក្យ ៧

ឱ!ព្រះអម្ចាស់អើយខ្ញុំសូមតម្កើងទាំងព្រមដោយចិត្តស្មោះ
ឥតមានលាក់លៀមទុកកៀនកោះបញ្ចេញដោយស្មោះអស់ពីចិត្ត
ខ្ញុំសូមសរសើរលើកតម្កើងព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត
ខ្ញុំស្មូត្រចម្រៀងមានបែបបទឱ្យបានចាំស្ទាត់ពេលនៅរស់
កុំទុកចិត្តពួកមនុស្សលោកមានច្រើនគគោកចិត្តមិនស្មោះ
កុំទុកចិត្តមេដឹកនាំនោះពុំអាចសង្គ្រោះបានឡើយណា
ពេលដែលដង្ហើមគេត្រូវផុតជីវិតរលត់អស់សង្ខារ
ក្លាយជាធូលីដីអសារទាំងគម្រោងការរលាយព្រម
អ្នកដែលព្រះលោកយ៉ាកុបជួយសង្គ្រោះផុតព្រួយហើយសង្ឃឹម
ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹមរស់ដោយញញឹមគ្មានភិតភ័យ
ព្រះអង្គបង្កើតទាំងផ្ទៃមេឃផែនដីល្អឯកធំពេកក្រៃ
សមុទ្រព្រមទាំងអស់អ្វីៗសន្យាថ្លាថ្លៃទ្រង់មិនភ្លេច
១០ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យអស់កល្បជានិច្ចតយូរលង់
ឱក្រុងស៊ីយ៉ូនដ៏រឿងរុងព្រះអង្គនឹងគ្រងរាជ្យតទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម កក ១៦,១៤

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់ សូមព្រះអង្គបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យយកចិត្តទុកដាក់ស្វែងរកព្រះបន្ទូលរបស់ព្រះបុត្រាព្រះអង្គ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៤៧-៥៣

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់បណ្តាជនថា៖«ព្រះរាជ្យនៃស្ថានបរមសុខប្រៀបបីដូចជាអួនមួយដែលគេរាយក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់យ៉ាង។ ពេល​​ជាប់បានត្រីពេញហើយ គេអូសអួននោះឡើងមកលើគោក រួចអង្គុយរើសត្រីល្អៗដាក់ក្នុងកញ្ឆេ រីឯត្រីមិនល្អវិញគេបោះចោល។ នៅអវសានកាលនៃពិភពលោក ក៏នឹងកើតមាន​ឡើងដូច្នេះដែរ។ ពួកទេវទូតនាំគ្នាមកញែកមនុស្សទុច្ចរិត ចេញពីចំណោមមនុស្សសុចរិត រួចបោះមនុស្សទុច្ចរិតទាំងនោះទៅក្នុងភ្លើងដែលឆេះសន្ធោសន្ធៅ។ នៅទីនោះ មានតែ​សម្រែកយំសោក​ខឹងសង្កៀតធ្មេញ។ តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះឬទេ?»។ ក្រុម​សាវ័កទូលព្រះអង្គថា៖«បាទ! យល់!»។ ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖«ហេតុ​នេះហើយ បានជាធម្មាចារ្យណាដែលទទួលការអប់រំអំពីព្រះរាជ្យនៃស្ថានបរមសុខប្រៀប​បានទៅនឹងម្ចាស់ផ្ទះដែលយកទ្រព្យទាំងចាស់ ទាំងថ្មីចេញពីឃ្លាំងរបស់គាត់»។ កាលព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទាំងនេះចប់សព្វគ្រប់ហើយ ព្រះអង្គក៏​យាងចេញពីទីនោះទៅ។

Facebook
Twitter
LinkedIn