ថ្ងៃអង្គារ ទី២​៦​ ខែកក្ដដា ឆ្នាំ ២០២២​ សន្ដីហាណ្ណា និងសន្ដយ៉ូហាគីម ជាមាតាបិតារបស់ព្រះនាងម៉ារី

សន្ដីហាណ្ណា និងសន្ដយ៉ូហាគីម
ជាមាតាបិតារបស់ព្រះនាងម៉ារី

គ្មាននណារម្នាក់ដឹងច្បាស់ថា ឪពុកម្តាយរបស់នាងម៉ារីជានរណាទេ សូម្បីតែឈ្មោះក៏គ្មាននរណាដឹងដែរ តែគ្រីស្តបរិស័ទពីដើមតែងតែតំណាលរឿងដ៏សែនពិរោះអំពីនាងម៉ារី កាលនៅកុមារនៅឡើយ។ ទោះបីរឿងទាំងនេះគ្មានសារៈសំខាន់ក្នុងជំនឿរបស់គ្រីស្តបរិស័ទក៏ដោយ ក៏យើងអាចគោរពឪពុកម្តាយនាងម៉ារីដែលបានអប់រំកូនស្រីរបស់ខ្លួនតាមរបៀបដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់ដែរ។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១៤,១៧-២២

ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«ចូរអ្នកប្រកាសពាក្យនេះថា “ទឹកភ្នែករបស់យើង​ហូរទាំងយប់ថ្ងៃ ឥតស្រាកស្រាន្តឡើយ ដ្បិតនាងព្រហ្មចារី គឺក្រុងនៃប្រជាជនរបស់យើងត្រូវវិនាសអន្តរាយ និងត្រូវរបួសជាទម្ងន់។ ពេលចេញទៅស្រុកស្រែ យើងឃើញសុទ្ធតែសាក​សពដែលស្លាប់ដោយមុខដាវ ពេលចូលក្នុងទីក្រុង យើងឃើញសុទ្ធតែអ្នករងទុក្ខដោយអត់ឃ្លាន។ ព្យាការី និងបូជាចារ្យធ្វើដំណើរឆ្លងកាត់ស្រុក តែពុំយល់អ្វីសោះ​ឡើយ”។ ឱព្រះម្ចាស់អើយ! តើព្រះអង្គពិតជាបោះបង់ចោយូដាឬ? តើព្រះអង្គស្អប់ក្រុងស៊ីយ៉ូនឬ? ហេតុអ្វីបានជាព្រះអង្គវាយយើងខ្ញុំឱ្យរបួសមើលមិនជាដូច្នេះ? យើងខ្ញុំសង្ឃឹមថាបានសុខ តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ យើងខ្ញុំសង្ឃឹមថា បានជា​សះស្បើយនៅពេលមួយ តែយើងខ្ញុំបែរជាជួបភ័យអាសន្នទៅវិញ។ ឱព្រះម្ចាស់អើយ! យើងខ្ញុំសូមសារភាពថា យើងខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ហើយដូនតារបស់យើងខ្ញុំក៏បានប្រព្រឹត្តអំពើទុច្ចរិតដែរ យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ សូមទ្រង់មេត្តាកុំបំបាក់មុខយើងខ្ញុំ សូមកុំធ្វើឱ្យ​ក្រុងយេរូសាឡឹមដែលជាបល័ង្កដ៏រុងរឿងរបស់ព្រះអង្គត្រូវអាម៉ាស់។ សូមនឹកចាំពីសម្ពន្ធ​មេត្រីដែលព្រះអង្គបានចងជាមួយយើងខ្ញុំ សូមកុំផ្តាច់សម្ពន្ធមេត្រីនេះឡើយ។ ក្នុង​​ចំណោមព្រះដ៏ឥតបានការរបស់ប្រជាជាតិទាំងឡាយ គ្មានព្រះណាអាចធ្វើឱ្យភ្លៀង​ធ្លាក់បានទេ សូម្បីតែមេឃផ្ទាល់ ក៏មិនអាចបង្អុរភ្លៀងចុះមកបានដែរ។ ឱ!ព្រះអម្ចាស់​ជាព្រះនៃយើងខ្ញុំអើយ! មានតែព្រះអង្គទេដែលអាចបង្អុរភ្លៀងបាន យើងខ្ញុំសង្ឃឹម​លើព្រះអង្គតែមួយប៉ុណ្ណោះ ដ្បិតព្រះអង្គបង្កើតអ្វីៗទាំងអស់។

ទំនុកតម្កើងលេខ ៧៩ (៧៨),៥.៩.១១.១៣ បទពាក្យ ៧

ឱ!ព្រះជាម្ចាស់ទូលបង្គំម្តេចទ្រង់សំងំដូចជិនណាយ
តើថ្ងៃណាទៅទើបទ្រង់ស្រាយពិរោធឱ្យឆ្ងាយមកស្រោចស្រង់
ឱព្រះជាម្ចាស់ព្រះសង្គ្រោះសូមទ្រង់យាងចុះកុំបង្អង់
ដោយយល់សិរីដ៏រឿងរុងមេត្តាព្រះអង្គជួយផងណា
១១សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួចលាន់ឮគ្រលួចគួរស្រណោះ
សូមប្រើបារមីជួយរំដោះអ្នកដែលមានទោសដល់មរណា
១៣ឯពួកយើងខ្ញុំដែលជារាស្ត្រដូចចៀមទាំងអស់របស់ទ្រង់
នាំគ្នាតម្កើងលើកព្រះអង្គអស់កល្បយូរលង់អង្វែងទៅ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យក ១,១៨

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានសាបព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចិត្តយើង។ អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,៣៦-៤៣

ពេលនោះ ព្រះយេស៊ូយាងចេញពីមហាជនចូលទៅក្នុងផ្ទះ ក្រុមសាវ័កនាំគ្នាចូលមកគាល់ព្រះអង្គ ហើយទូលថា៖«សូមព្រះគ្រូបកស្រាយប្រស្នាអំពីស្រងែក្នុងស្រែឱ្យយើងខ្ញុំបានយល់អត្ថន័យផង»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖«អ្នកព្រោះគ្រាប់ពូជល្អ គឺ​បុត្រមនុស្ស ស្រែគឺពិភពលោក គ្រាប់ពូជល្អ គឺអ្នកដែលត្រូវចូលទៅក្នុងព្រះរាជ្យ រីឯ​ស្រងែវិញ គឺកូនចៅរបស់មារកំណាច។ សត្រូវដែលសាបព្រោះស្រងែ គឺមារ រីឯរដូវ​ចម្រូត គឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូត គឺទេវទូត។ គេច្រូតស្រងែយកទៅដុតក្នុងភ្លើងយ៉ាង​ណា នៅអវសានកាលនៃពិភពលោកក៏នឹងកើតមានយ៉ាងនោះដែរ។ បុត្រមនុស្សនឹងចាត់ទេវទូតរបស់លោកឱ្យមក។ ទេវទូតទាំងនោះនឹងប្រមូលពួកអ្នក​ដែលនាំគេឱ្យប្រព្រឹត្តអំពើបាប និងពួកអ្នកដែលបានប្រព្រឹត្តអំពើទុច្ចរិត យកចេញពី​ព្រះរាជ្យបោះទៅក្នុងភ្លើងដែល​ឆេះសន្ធោសន្ធៅ ហើយនៅទីនោះមានតែសម្រែកយំសោកខឹងសង្កៀតធ្មេញ។ រីឯអ្នកសុចរិតវិញ គេនឹងស្ថិតនៅក្នុងព្រះរាជ្យព្រះបិតារបស់គេ ទាំងបញ្ចេញរស្មីភ្លឺដូចព្រះអាទិត្យ។ អ្នកណាឮពាក្យនេះ សូមយកទៅពិចារណាចុះ!»។

Facebook
Twitter
LinkedIn