ការ​ប្រកួត​កីឡា ដើម្បី​មិត្តភាព​និង​សាមគ្គីភាព​ក្នុងព្រះសហគមន៍

អួន សារាយ មក​ពី​ព្រះសហគមន៍តាហែននៃក្រុម​ជ័យលាភីលេខ​១​ខាង​នារី បាន​និយាយ​ថា គាត់​រីករាយ​ដែល​បានចូលរួម​ក្នុងកម្មវិធី​ប្រកួត​បាល់ទាត់នេះ ហើយ​អ្វីដែលពិសេសនោះ​ គឺ​គាត់​បាន​ស្គាល់​មនុស្ស​ជាច្រើន​មក​ពីកន្លែង​ផ្សេងៗ រួម​នឹង​របៀប​លេង​បាល់​ផងដែរ។

«មក​ជួបជុំ​មិត្តភក្តិ​ទាំង​អស់​គ្នា បាន​ស្គាល់ក្រុមច្រើន​។ ខ្ញុំ​ចូលរួម​ក្នុង​កម្មវិធី​នេះ ស្គាល់​ទិកនិក​លេង និង​ក្រុម​កីឡាផ្សេងៗ។» សារាយបញ្ជាក់។

ឡី ឆវ័ន ពីព្រះសហគមន៍​បាត់ដំបងជ័យលាភី​លេខ១​ខាង​បុរស បាន​ឲ្យដឹងថា គាត់​និង​ក្រុម​បាល់ទាត់​របស់​គាត់​​ចូលរួម​ក្នុង​កម្មវិធីនេះ ដើម្បី​បង្កើត​មិត្តភាព​ ស្គាល់​មនុស្ស​កាន់តែ​ច្រើន​ និង​ជា​សារ​មួយ​ដើម្បី​បញ្ចៀស​គ្រឿងញាណក្នុង​សហគមន៍ ដោយសារការលេង​កីឡា។​

កម្មវិធី​ប៊ីសបខាប់​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១០ ក្រោម​ការ​ផ្តួច​ផ្តើម​របស់​លោក​អភិបាល​ទេព​ច័ន្ទ​ពិសិដ្ឋ (គីគេ) នៃ​ព្រះសហគមន៍កាតូលិកភូមិភាគ​បាត់ដំបង។

លោកអភិបាល​មាន​ប្រសាសន៍​អំពី​គោលដៅ​នៃ​កម្មវិធី​យ៉ាងនេះថា «ឲ្យ​កូនក្មេង យុវជន ចូលរួម បង្កើត​មិត្តភាព ចេះ​តស៊ូ​ បង្កើត​ក្រុម​ដែល​ចេះ​សាមគ្គីគ្នា​ និង​ឲ្យ​ព្រះសហគមន៍​មានការ​រីកចម្រើន​។»

ការរៀបចំ​កម្មវិធីនេះ ក៏បា​ន​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​បាន​ស្គាល់​ព្រះសហគមន៍​ផងដែរ។ នេះ​បើតាម​ការ​បញ្ជាក់របស់​លោក​អភិបាល​ច័ន្ទពិសិដ្ឋ។ លោក​បាន​ឲ្យដឹងថា «គេ​ចាប់​ផ្តើម​ស្គាល់​ព្រះសហគមន៍​ដោយសារ​ប៊ីសបខាប់។ យើងមាន​ពី​សកលវិទ្យាល័យ នគរបាល​គេ​ចូលរួម​។ គេ​ចាប់​ផ្តើម​ស្គាល់​ពេទ្យ​យាយជី ព្រះសហគមន៍។»

លោកអភិបាល​មាន​ប្រសាសន៍ទៀតថា កម្មវិធីនេះដែរ ក៏​ផ្តល់​ឱកាស​ឲ្យ​កុមារ​និង​យុវជននៅ​តាម​ភូមិអា​ច​បញ្ចេញ​សមត្ថភាពនិង​សកម្មភាព​​របស់​ពួកគេ ចូលរួម​ជាមួយ​គ្នា​ជា​ក្រុម​ ​ ដើម្បី​បង្កើត​មិត្ត​ភាព​ ដែលមាន​គុណ​តម្លៃច្រើន​ដែល​ត្រូវ​នឹង​ព្រះគម្ពីរ​និង​ទិសដៅរបស់ព្រះសហគមន៍។  

តាម​ការ​បញ្ជាក់របស់លោកអភិបាល​ ក្នុង​ឆ្នាំនេះ គឺមាន​តែ​សមាជិក​ក្រុម​ក្នុងព្រះសហគមន៍​នានា​ និង​មណ្ឌល​ សាលារបស់​ព្រះសហគមន៍ ក្នុងភូមិភាគ​បាត់ដំបង​ចូលរួម​ប៉ុណ្ណោះ ​ ដើម្បី​ឲ្យ​យើង​ស្គាល់​គ្នាកាន់តែ​ច្រើន​ឡើង ដែល​ធ្វើ​ឲ្យ​ទិសដៅ​ដែល​យើង​គ្រោង​ទុក​កើត​ជា​រូប​រាង។

លោកអភិបាល​រំលឹកថា ការ​ចូលរួម​របស់​កុមារនិ​ងយុវជន​ គឺ​ជា​របៀប​មួយ​ដែល​ឲ្យ​ព្រះសហគមន៍​ដឹង​ថា ព្រះសហគមន៍​​កំពុង​មាន​ដំណាក់កាល​ទៅមុខ។  «យើង​កំពុង​បំពេញ​តួនាទី​ដែល​យើង​មាន​ គឺ​លើកទឹកចិត្ត​កូន​ក្មេង​ឲ្យចូលរួម​ ឲ្យ​ដឹងថា គេ​មាន​តម្លៃចំពោះ​អ្វីៗដែលគេ​បាន​បង្កើត។»

កម្មវិធី​ប្រកួត​បាល់​ទាត់​ពានរង្វាន់​លោកអភិបាល​ព្រះសហគមន៍ភូមិភាគ​បាត់ដំបង ប្រព្រឹត្ត​ទៅ​កាលពីថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២២ នៅ​ព្រះសហគមន៍​កាតូលិក​ពេទ្យយាយជី នាក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ ក្នុងឆ្នាំ​នេះ​មាន​ក្រុម​ប្រកួត​​​ចំនួន ១៩ក្រុម​ ក្នុងនោះមាន​ក្រុម​នារី​ចំនួន​៧ក្រុម   និង​អ្នក​ជ័យលាភី​លេខ​មួយ​គឺមានផ្នែក​បុរស គ្រីស្តបរិស័ទបាត់ដំបង.និង​ផ្នែកនារី ក្រុម​សសរសន្តិភាពតាហែន៕

កែវ កញ្ញា

Facebook
Twitter
LinkedIn