ជំនួប​ដំបូង​រវាង​លោក​​សិលា សួន​ ហង្សលី និង​អ្នកដឹកនាំ​ព្រះសហគមន៍​ក្នុងភូមិភាគ​កំពង់ចាម​

លោកអភិបាល​ថ្មី​ដែល​ទើប​នឹង​ត្រូវ​ជ្រើសរើស​ដើម្បីដឹកនាំ​ព្រះសហគមន៍​ភូមិភាគ​កំពង់ចាម លោក​សិលា សួន ហង្សលី បាន​ជួបប្រជុំ​ជាមួយ​លោក​បូជាចារ្យ​ក្នុងតំបន់ បព្វជិត-ជិតា នៅ​ក្នុងភូមិភាគកំពង់ចាម​​លើក​ដំបូង កាលពីថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២នេះ នៅក្រុង​​កំពង់ចាម។

សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ បាន​ជ្រើស​តាំង​លោក​បូជាចារ្យ​សិលា សួន ហង្សលី ដែល​បច្ចុប្បន្ន​កំពុង​បម្រើការងារ​នៅ​មណ្ឌល​សកម្មភាពភ្នំពេញថ្មី ជា​តំណាង​ពេញ​សិទ្ធិលោកអភិបាលព្រះសហគមន៍​​ភូមិភាគ​ភ្នំពេញ និង​ជា​នាយក​ទេវវិទ្យាល័យសន្ត​យ៉ូហាន​ម៉ារី​វីយ៉ាណែរ ដើម្បី​ទទួល​មុខងារ​ជា​អភិបាល​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍កាតូលិក​ភូមិភាគកំពង់ចាម កាលពីថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២នេះ។

លោក​ត្រូវ​បាន​បន្ត​មុខងារ​ពី​លោក​អភិបាល​អន់តូនីសាមី ស៊ូសៃរាជ្យ និ​ងលោក​អភិបាល​ប្រ៊ុយណូ កូសម៍​( Apostolic Administor) នៃ​ព្រះសហគមន៍ភូមិភាគកំពង់ចាម។

បន្ទាប់​ពី​សារ​ត្រូវ​បាន​ផ្សព្វ​ផ្សាយកាលពីថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២ លោក​បូជាចារ្យហង្សលី ទទួល​សា​រ​លើក​ទឹក​ចិត្ត​ជា​ច្រើន​សម្រាប់​បេសកកម្ម​ថ្មីរ​បស់លោក។

«ខ្ញុំមាន​ចិត្ត​រំភើប ដោយ​មិន​នឹកស្មាន​ថា ជា​បូជាចារ្យ​ម្នាក់​អាចជួយ​ណែនាំ​ភូមិភាគមួយនោះទេ។» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបា​លថ្មីនៃ​ភូមិភាគកំពង់ចាម ដែល​បាន​ផ្តល់​បទ​សំភាសន៍​កាលពីថ្ងៃទី​១៨ ខែ​កក្កដា​កន្លងទៅនេះ។

លោក​បន្ថែមថា គាត់​បានទទួល​សារ​ពី​លោក​បូជាចារ្យ គ្រីស្ត​បរិស័ទ​ និង​លោកអភិបាល​ផ្សេងៗទៀត​បាន​ផ្ញើ​សារជួយ​គាំទ្រ ហើយពួកគាត់​បង្ហាញ​​អំណរសប្បាយ​ និងលើកទឹកចិត្ត​ឲ្យលោក​​បម្រើ​ក្នុងឋានៈជាអ្នកជួយណែនាំ​ភូមិភាគកំពង់ចាម។​

«ខ្ញុំ​នឹង​យក​ចិត្ត​ទុកដាក់ ប្រើ​អស់​ពី​សមត្ថភាព​ ដើម្បី​បំពេញ​មុខងារថ្មី​ ដែល​ព្រះសហគមន៍​បាន​ជ្រើ​សរើស។» លោក​ហង្សលី​បន្ថែម។

និយាយ​អំពី​បេសកកម្ម​នៃ​ការ​បម្រើ​ក្នុងភូមិភាគ​នេះ លោក​អភិបាល​បាន​ឲ្យដឹងទៀតថា គាត់​ត្រូវ​រៀបចំ​កន្លែង​ដែល​គាត់​កំពុងទទួល​ខុស​ត្រូវ​ឲ្យ​មាន​អ្នក​ទទួល​ការងារ​ជំនួស​សិន បន្ទាប់​មកពេល​ទៅ​កំពង់ចាម ​គឺត្រូវ​មាន​ជំនួប​ជាមួយ​លោក​បូជាចារ្យ ក្រុម​អ្នកបួស និង​លោក​អភិបាល​ក្នុង​ភូមិភាគពីមុន ដើម្បី​សិក្សា​ឈ្វេងយល់​អំពី​ព្រះសហគមន៍​ក្នុងតំបន់​ទាំងនោះ មុន​នឹង​រៀបចំផែនការ​ការងារ។

ខេត្ត​កំពង់ចាម ជា​ទីស្នាក់ការ​កណ្តាល​សម្រាប់​ព្រះសហគមន៍ភូមិភាគកំពង់ចាម ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា មាន​ចម្ងាយ​ប្រហែល​១២៤គីឡូម៉ែត្រ​ពីរាជធានីភ្នំពេញ។

លោកអភិបាលសង្កត់ធ្ងន់ថា «កម្លាំង​ដែល​ខ្ញុំមាន ​គឺ​បាន​មក​ពី​លោក​បូជាចារ្យ​ បងប្រុសបងស្រី និង​គណៈកម្មការនៅទីនោះដែលគេ​ផ្តល់ជាគំនិតនិង​ជួយ​ខ្ញុំ​តាម​របៀប​ផ្សេងៗ ដើម្បីឲ្យ​ខ្ញុំ​អាច​បំពេញ​មុខងារណែនាំ​ភូមិភាគនេះ​បាន។»

លោកមាន​ប្រសាសន៍ទៀតថា មុខងារ​នេះ ណែនាំ​ឲ្យ​គ្រីស្ត​បរិស័ទ​រិះគិត​អំពី​របៀប​នៃ​ការ​កសាង​ព្រះសហគមន៍​កម្ពុជា ហើយ​ក៏ជា​ឱកាស​ដើម្បី​ឲ្យ​មនុស្ស​ទូទៅ​ឈ្វេងយល់ថា ព្រះសហគមន៍កាតូលិក​មិន​មែន​ជា​សាសនា​បរទេស​ ប៉ុន្តែ​ជា​សាសនា​សកលមួយ។

ព្រះសហគមន៍កាតូលិក​​បាន​មក​ដល់​ទឹក​ដី​កម្ពុជា​ក្នុងឆ្នាំ​១៥៥៥ ប៉ុន្តែ​ដោយសារ​តែ​សង្គ្រាម​ ព្រះសហគមន៍​រង​គ្រោះ​និង​មិន​សូវ​រីកចម្រើន។ លោកអភិបា​ល​បាន​សុំ​ឲ្យ​គ្រីស្ត​បរិស័ទ​ទាំងអស់ អធិដ្ឋាន​ឲ្យ​បាន​ច្រើន សម្រាប់​គាត់ផង និង​ខ្លួន​ពួកគេ​ផង និង​សម្រាប់​ព្រះសហគមន៍ក្នុងការ​​ប្រកាសដំណឹងល្អដល់​បងប្អូន​ឯទៀតៗ។

លោក​បូជាចារ្យ សិលា សួន ហង្សលី ជា​បូជាចារ្យខ្មែរ​ទី៣ ដែល​ត្រូវ​បាន​ជ្រើស​តាំង​ឲ្យ​ណែនាំ​ព្រះសហគមន៍។ លោកបូជាចារ្យ យ៉ូសែប ឆ្មារ សាឡាស់ បាន​ក្លាយជា​អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​​ក្នុង​ឆ្នាំ​១៩៧៥-១៩៧៧ និង​លោក​អភិបាល​ប៉ូល ទេព​ អ៊ីម សុត្ថា អភិបាល​ព្រះសហគមន៍​ភូមិភាគ​បាត់ដំបង ដែល​អស់​លោក​ត្រូវ​បាន​ស្លាប់​និង​ត្រូវ​បាន​សម្លាប់​ដោយ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត។

ពិធី​ប្រគល់​មុខងារ​ជា​អភិបាល​ព្រះសហគមន៍ភូមិភាគកំពង់ចាម​សម្រាប់​លោក​អភិបាល​ថ្មី នឹង​ប្រព្រឹត្តទៅ​ក្នុង​ពេល​ខាង​មុខ៕

សុវណ្ណា និង​កញ្ញា

Facebook
Twitter
LinkedIn