អគារ​សិក្សា​ថ្មី​ ជាក្តីសង្ឃឹម​សម្រាប់ធនធាន​មនុស្ស​នៅ​កម្ពុជា

អគារសាលាបឋមសិក្សា នៃមជ្ឈមណ្ឌលវប្បធម៌និងភាសាបរទេស (FFCC) មួយខ្នងដែលមានថ្នាក់រៀន១២បន្ទប់ បានដាក់សម្ពោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ។ កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ ប្រព្រឹត្តទៅនៅភូមិសុវណ្ណសាគរ ស្រុកកំពង់បាយ ខេត្តកំពត នាព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ ២០២២ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។

លោកបូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា ជា​ប្រធាន​មណ្ឌល​សកម្មភាព​កំពត មាន​ប្រសាសន៍​ថា ​ សាលានេះ​មានទិសដៅស្វែងរកសេចក្ដីសុខជូនប្រទេសកម្ពុជា ប្រកបដោយវឌ្ឍនភាព ដោយ​ធ្វើឱ្យកុមារគ្រប់ស្រទាប់វណ្ណៈ ទទួលបានការអប់រំប្រកបដោយ គុណភាព ភាតរភាព និងលើកកម្ពស់តម្លៃ វប្បធម៌ សីលធម៌ គុណធម៌ ដើម្បីឲ្យកុមារក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមនាពេលអនាគត។

លោកអភិបាល​ អូលីវីយ៉េ ជ្មីតហស្លេមានប្រសាសន៍ថា កម្មវិធីសិក្សារបស់យើងគឺធ្វើយ៉ាងម៉េចដើម្បីណែនាំឱ្យកូនក្មេងយុវជនយុវនារីឲ្យទៅជាមនុស្សដ៏ពេញលក្ខណៈ គឺឱ្យកូនក្មេងរីកចម្រើនបន្តិចម្ដងៗ មិនមែនត្រឹមតែចំណេះដឹងប៉ុន្តែជាមនុស្សដែលពេញលក្ខណៈ។

លោកអភិបាល​មាន​ប្រសាសន៍​បន្ថែម​ថា សាលា​បាន​ខិត​ខំ​បណ្តុះ​បណ្តាល​កុមារ​ឱ្យ​មានសេចក្ដី​ក្លាហាន ឯករាជម្ចាស់ការដែលចេះទទួលខុសត្រូវ​និងបង្កើតទំនាក់ទំនងរវាងលោកគ្រូអ្នកគ្រូជាមួយបងប្អូនព្រមទាំងអ្នកដទៃនៅក្នុងសង្គម។

លោក​អភិបាល​បញ្ជាក់ទៀតថា «យើងជាមនុស្ស ពេញលក្ខណៈនៅពេលដែលយើងចូលទៅក្នុងវប្បធម៌របស់យើងដែលចូលទៅក្នុងគ្រប់វិស័យដែលនាំអោយយើងចូលនៅក្នុងប្រទេសកម្ពុជា ស្គាល់ឫស ណែនាំឱ្យ​ស្គាល់​តួនាទីរបស់យើង ជាតួនាទីដ៏សំខាន់ ដោយ​បន្តរស់នៅក្នុងសុខសន្តិភាពពេញលក្ខណៈ។»

តាមរយៈការកើនឡើងចំនួនថ្នាក់រៀនទាំងមត្តេយ្យ និងបឋមសិក្សា និងមានការឧបត្ថម្ភគាំទ្រពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងពីសប្បុរសជនមួយចំនួន លោកតាវ៉ូឡា យ៉ាំងលូកា​ ដែលជាគណៈគ្រប់គ្រងរបស់សាលា បានចាប់ផ្ដើមកសាងអគារបឋមសិក្សាថ្មីនេះឡើង នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានបញ្ចប់ជាស្ថាពរនៅ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ អគារសិក្សាថ្មីនេះបានបើកទ្វារទទួលសិស្សអោយចូលរៀន ចាប់ពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម ម៉ៅ ធនិន្ទ មានប្រសាសន៍អរគុណដល់សប្បរសជន និងព្រះសហគមន៍កាតូលិក​ដែល​បាន​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​កុមារ​ក្នុង​វិស័យ​អប់រំ។  លោក​បន្ថែម​ថា «យើងត្រូវរួបរួមគ្នាក​សាងធនធានមនុស្សតាមរយ:ការអប់រំ។ ចំណេះដឹងនាំឱ្យមនុស្សមានសីលធម៌ល្អ ទៅជាធនធានមនុស្សដ៏ពិតប្រាកដ។»

លោកសំណូម​ពរ​ដល់​លោក​គ្រូ​អ្នក​គ្រូ​ទាំង​អស់​ឲ្យ​ចូលរួម​យ៉ាង​សកម្ម​ដើម្បី​ផលិត​ធន​ធាន​មនុស្ស​សម្រាប់​ប្រទេស​ជាតិ ទាំង​​សីលធម៌ ក្រមសីលធម៌ សុជីវធម៌ សម្ដីសម្ដៅ អាកប្បកិរិយា ភាសា អក្សរសាស្ត្រ មនសិកា ឆន្ទៈ និងគ្រប់បែបយ៉ាងនៅក្នុងនោះដើម្បីបោះចេញមកនូវធនធានមនុស្សដែលពិតប្រាកដនិងពេញលក្ខណៈសម្បត្តិ។

លោក​បន្ថែម​ទៀត​ថា «ខ្ញុំចង់ឱ្យអ្នកគ្រូអ្នកគ្រូទាំងអស់ បណ្ដុះបណ្ដាលធនធានមនុស្សពាក់ព័ន្ធទៅនឹងវប្បធម៌កត្តញ្ញូ។ ភាពកត្តញូ គឺជាអ្វីដែលសំខាន់សម្រាប់ទឹកដីរបស់យើង។»

លោក​បញ្ជាក់ថា សាលា​ដែល​មិន​បាន​បំពេញ​កាត្វកិច្ច​បង្រៀន​អំពី​រឿងនេះ គឺ​​មិនបានបំពេញតួនាទីជាម្ដាយទី២ ពេញលក្ខណៈនោះទេ។

កុមារី លី ម៉េងហួយ ក្នុង​វ័យ​១២ឆ្នាំ កំពុង​សិក្សានៅ​ថ្នាក់ទី​៥​នៃ​មជ្ឈមណ្ឌល​វប្បធម៌​និង​ភាសាបរទេស ​​និយាយថា «នៅក្នុង​ចំណោម​កម្មវិធី​សិក្សា​ទាំងអស់ ខ្ញុំ​ចូល​ចិត្ត​សិល្បៈ​និង​ភាសាខ្មែរ ព្រោះ​ម៉ាក់​ថា​ភាសាខ្មែរខ្ញុំ​ខ្លាំង​និង​របាំ​ខ្ញុំ​រាំជាប្រចាំឆ្នាំបានស្អាត​​។»

ដោយមាន​ការលើក​​ទឹក​ចិត្ត​ពីម្ដាយ​ផង កុមារី​ពោល​ទាំងរីករាយថា ធំឡើង​នាងចង់​ក្លាយជាគ្រូបង្រៀន​ភាសាខ្មែរ។

ម៉េង​ហួយ​បន្ត​ថា «ខ្ញុំ​ក៏​សូម​អរគុណដល់​លោក​គ្រូ​អ្នកគ្រូ​នៅ​សាលា FFCC ដែល​បាន​បង្ហាត់​បង្រៀន​ខ្ញុំ​តាំងពី​តូចៗរហូត​មក​ដល់​ថ្នាក់ទី៥នេះ។»​​

មជ្ឈមណ្ឌលវប្បធម៌និងភាសាបរទេស សាងសង់លើផ្ទៃដីសរុបចំនួន ៣,១០៨ម៉ែត្រការេ និងផ្ទៃក្រឡាបន្ទប់រៀនទាំងអស់ ចំនួន១,០២៨ម៉ែត្រការេ។ មានអគារចំនួន ៣ខ្នង ១ខ្នងសម្រាប់មត្តេយ្យ ម៉ុនតេសូរី និង២ខ្នងសម្រាប់បឋមសិក្សា ចែកចេញជា បន្ទប់រៀនចំនួន ១២បន្ទប់ បន្ទប់ទឹកចំនួន២៥បន្ទប់ បន្ទប់តន្រ្ដី១បន្ទប់ បន្ទប់កុំព្យូទ័រ១បន្ទប់ បន្ទប់ពិសោធន៍១បន្ទប់ បន្ទប់គេហកិច្ច១បន្ទប់ បន្ទប់សុខភាព១បន្ទប់ បណ្ណាល័យ១ បន្ទប់ និងការិយាល័យ១បន្ទប់ ។

បច្ចុប្បន្ន​មាន​សិស្ស​សរុបចំនួន​១៨៨នាក់    និង​គ្រូប​ង្រៀន​និង​បុគ្គលិកចំនួន​២១នាក់។

អាគារសិក្សានេះ ត្រូវ​បាន​ឧបត្ថម្ភ​សាងសង់​ដោយ​សប្បុរសធម៌​មក​ព្រះសហគមន៍ក្នុង​និង​ក្រៅប្រទេស៕

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn