«គ្រីស្តបរិស័ទនៅប៉ោយប៉ែត សូមហ៊ានទទួលម្នាក់(ជាអ្នក)បាបដែលហ៊ានកែប្រែចិត្តគំនិត។» នេះជាប្រសាសន៍របស់លោកទេព ច័ន្ទពិសិដ្ឋ (គីគេ)ជាអភិបាលប្រចាំភូមិភាគបាត់ដំបង ក្នុងថ្ងៃបុណ្យរំលឹក សន្តីម៉ារីម៉ាដាឡា ជាឧបការិនីរបស់ព្រះវិហារសន្តីម៉ារីម៉ាដាឡា ប៉ោយប៉ែត នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងធម្មទេសនានាឱកាសនោះ លោកអភិបាលព្រះសហគមន៍បានរំលឹកទៀតថា ព្រះយេស៊ូបានស្រឡាញ់ម៉ារី បានជ្រើសរើសគាត់ និងបានផ្តល់តួនាទីដល់គាត់ ទោះបីគាត់ជាមនុស្សមានបាប។ លោកសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាជាមនុស្សបាប។ «យើងមានបាបច្រើន តែព្រះជាម្ចាស់ជ្រើសរើសយើង ដូចម៉ារីម៉ាដាឡា ហើយយើងត្រូវទទួល និងកែប្រែចិត្តគំនិត។»
លោកអភិបាលបញ្ជាក់ថា ការកែប្រែចិត្តគំនិតគឺមិនមែនដើម្បីឲ្យយើងក្លាយជាមនុស្សស្អាត ដែលត្រូវបានគេសរសើរ មានសំលៀកពាក់ស្អាតនោះទេ តែដើម្បីឲ្យសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលមាននៅក្នុងខ្លួនរបស់យើងទៅដល់អ្នកដទៃ ដើម្បីឲ្យយើងចេះបម្រើ ពិសេសអ្នកក្រីក្រ អ្នកគ្មានទីពឹង អ្នកគ្មានសេចក្តីសង្ឃឹម និងអ្នកជំងឺជាដើម។ នេះជាការប្រកាសដំណឹងល្អ។
យុវតី ធិត គីមស៊ីង ជាប្រធានយុវជនព្រះសហគមន៍ប៉ោយប៉ែតបានលើកថា «បុណ្យរំលឹកនេះមានអត្ថន័យណាស់សម្រាប់ខ្ញុំ ព្រោះសន្តីម៉ារីម៉ាដាឡា ជាស្រី្តពស្យាមួយរូប ដែលនាងអាចកែប្រែចិត្តគំនិត ហើយជឿលើព្រះជាម្ចាស់ដោយសារសេចក្តីស្រឡាញ់ និងជំនឿយ៉ាងធំធេងដែលព្រះអង្គបានផ្តល់ឲ្យនាង ដែលធ្វើឲ្យនាងកែប្រែចិត្តគំនិតដើរតាមព្រះអង្គនិងព្រមលះបង់អ្វីៗទាំងអស់ស៊ូស្លាប់ដើម្បីព្រះអង្គផងដែរ។»
បុណ្យរំលឹកសន្តីម៉ារីម៉ាដាឡាជាឧបការីព្រះសហគមន៍នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា។ ក្នុងថ្ងៃនោះដែរ ក៏មានសម្ភោធរូបសំណាក់ព្រះនាងម៉ារីផងដែរ ដោយមានការចូលរួមពីគ្រីស្តបរិស័ទយ៉ាងច្រើនកុះករ។
លោកសេង សុភាព គ្រីស្តបរិស័ទម្នាក់នៃព្រះវិហារសន្តីម៉ារីម៉ាដាប៉ោយប៉ែត បានឲ្យដឹងថា ព្រះវិហារនេះ យកសន្តីម៉ារីម៉ាដាឡាជាឧបការី ដោយសារនៅតំបន់នោះ ពីមុនមានស្ត្រីបម្រើសេវាកំសាន្ត ហើយព្រះសហគមន៍ចង់ប្រកាសដំណឹងល្អដល់ពួកគាត់ ទើបយកសន្តីរូបនេះជាឧបការី។
ព្រះសហគមន៍នេះ ស្ថិតក្នុងតំបន់សកម្មភាពអង្គរនៃព្រះសហគមន៍ភូមិភាគបាត់ដំបង នៅភាគខាងលិចនៃប្រទេសកម្ពុជា ដែលនៅជាប់ព្រំដែនខ្មែរ-ថៃ មានចំងាយ៤៦៧គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលបានកកើតឡើងក្នុងឆ្នាំ ១៩៩៥។
តាមឯកសាររបស់ព្រះសហគមន៍បានឲ្យដឹងថា គ្រីស្តបរិស័ទចាប់ផ្តើមរស់នៅក្នុងតំបន់ប៉ោយប៉ែត ដោយធ្វើអាជីវកម្មនិងឆ្លងដែន ហើយមានទំនាក់ទំនងជាមួយគ្នា ក្នុងឆ្នាំ១៩៩៥។ បន្ទាប់មកក៏មានការជួបជុំគ្នាជារៀងរាល់ខែ និងនៅក្នុងពិធីបុណ្យធំៗជាដើម ដោយមានទាំងកម្មវិធីអប់រំជំនឿផង។ បច្ចុប្បន្នព្រះសហគមន៍នេះ មានគ្រីស្តបរិស័ទ៥០នាក់ ក្នុងនោះមានប្រហែល១០គ្រួសារ ដែលភាគច្រើនជាអាជីវករ៕