ឬសន្ដអាប៉ូលីណែរ ជាអភិបាល
និងជាមរណសាក្សី
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ១,១.៤-១០
ក្នុងគម្ពីរនេះ មានរៀបរាប់អំពីសេចក្តីដែលព្យាការីយេរេមីបានថ្លែង។ ព្យាការីយេរេមីត្រូវជាកូនរបស់លោកបូជាចារ្យហ៊ីលគីយ៉ា ក្នុងក្រុមបូជាចារ្យនៅភូមិអាណាតូតក្នុងស្រុកបេនយ៉ាមីន។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«យើងស្គាល់អ្នកតាំងពីមុនពេលដែលយើងបានសូនអ្នកក្នុងផ្ទៃម្តាយម៉េ្លះ យើងក៏បានញែកអ្នកទុកសម្រាប់យើង តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្តាយដែរ។ យើងតែងតាំងអ្នកឱ្យធ្វើជាព្យាការីសម្រាប់ប្រជាជាតិនានា»។ ខ្ញុំទូលព្រះអង្គថា៖«បពិត្រព្រះជាអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងថ្លែងព្រះបន្ទូលទេ ដ្បិតទូលបង្គំនៅក្មេងពេក»។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កុំពោលថា ខ្ញុំនៅក្មេងពេកនោះឡើយ អ្នកត្រូវតែទៅជួបអស់អ្នកដែលយើងចាត់ឱ្យទៅជួប ហើយប្រកាសសេចក្តីទាំងប៉ុន្មានដែលយើងនឹងបង្គាប់អ្នក។ កុំភ័យខ្លាចពួកគេឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ បន្ទាប់មក ព្រះអម្ចាស់លាតព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលមកខ្ញុំថា៖«យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ។ ថ្ងៃនេះ យើងតែងតាំងអ្នកឱ្យមានអំណាចលើប្រជាជាតិ និងលើអាណាចក្រទាំងឡាយ ដើម្បីឱ្យអ្នករំលើងនិងរំលំ ដើម្បីឱ្យអ្នកកម្ទេច និងបំផ្លាញ ហើយដើម្បីឱ្យអ្នកសង់ និងដាំឡើងវិញ»។
ទំនុកតម្កើងលេខ ៧១ (៧០),១-៣.៥-៦.១៥.១៧ បទពាក្យ ៧
១ | បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រក | ក្រោមម្លប់ជម្រកនៃព្រះអង្គ | |
កុំឱ្យរូបខ្ញុំត្រូវបាត់បង់ | ទាំងកិត្តិយសផងអាប់អាសារ | ។ | |
២ | ដោយព្រះអង្គមានព្រះហឫទ័យ | សុចរិតថ្លាថ្លៃសូមមេត្តា | |
ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចា | សង្គ្រោះជីវ៉ាឱ្យបានរស់ | ។ | |
៣ | សូមព្រះអង្គទៅជាថ្មដា | លាក់ពួនអាត្មាខ្ញុំផុតគ្រោះ | |
ទ្រង់សព្វព្រះទ័យប្រណីប្រោស | ជីវិតខ្ញុំរស់បានសុខសាន្ត | ។ | |
៥ | បពិត្រព្រះជាអម្ចាស់អើយ | ទូលបង្គំនេះហើយផ្ញើជីវី | |
ជីវិតលើទ្រង់គ្រប់នាទី | សង្ឃឹមតាំងពីនៅក្មេងវ័យ | ។ | |
៦ | ទូលបង្គំពឹងផ្អែកលើព្រះអង្គ | តាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ | |
ព្រះអង្គតែមួយសព្វព្រះទ័យ | ដុសខាត់កែច្នៃខ្ញុំឥតឈប់ | ។ | |
១៥ | ពីព្រឹកដល់ល្ងាចខ្ញុំនៅតែ | តំណាលហូរហែនិយាយប្រាប់ | |
ពីស្នាព្រះហស្តថ្លៃគួរគាប់ | ពីដើមរៀបរាប់ច្រើនមហិមា | ។ | |
១៧ | បពិត្រព្រះជាម្ចាស់ខ្ញុំអើយ | ទ្រង់អប់រំហើយគ្មានសៅហ្មង | |
តាំងពីក្មេងទល់គ្រានេះម្តង | ចិត្តនៅចាំចងតែព្រះអង្គ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះគ្រីស្តបានសាបព្រោះព្រះបន្ទូលរបស់ព្រះ ជាម្ចាស់ក្នុងចិត្តយើង។
អ្នកដែលទទួលព្រះបន្ទូលនេះ ហើយធ្វើឱ្យព្រះបន្ទូលបង្កើតផល ពិតជាមានសុភមង្គល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ១៣,១-៩
នៅគ្រានោះ ព្រះយេស៊ូចាកចេញពីផ្ទះ យាងទៅគង់នៅមាត់សមុទ្រ មានមហាជនច្រើនកុះករមកចោមរោមព្រះអង្គ។ ព្រះអង្គក៏យាងចុះទៅគង់ក្នុងទូកមួយ រីឯបណ្តាជនឈរនៅមាត់ច្រាំង។ ព្រះអង្គមានព្រះបន្ទូលទៅគេយ៉ាងច្រើន ដោយប្រើពាក្យប្រស្នាដូចតទៅនេះ៖«អ្នកសាបព្រោះចេញទៅព្រោះគ្រាប់ពូជ។ ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្ម ពុំសូវមានដីច្រើន គ្រាប់ពូជក៏ដុះឡើងភ្លាម ដោយដីមិនសូវជ្រៅ លុះដល់ថ្ងៃក្តៅឡើងពន្លកទាំងនោះក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានបន្លា បន្លាក៏ដុះឡើងរួបរឹតស្រូវមិនឱ្យដុះបានឡើយ។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីមានជីជាតិល្អ មួយគ្រាប់ឱ្យផលជាមួយរយគ្រាប់ មួយទៀតហុកសិប និងមួយទៀតឱ្យសាមសិប។ អស់អ្នកដែលឮពាក្យនេះសូមយកទៅពិចារណាចុះ!»។