លោក សិលា សួន​ ហង្សលី ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ទទួល​បន្ទុកភូមិភាគ​កំពង់ចាម

យោង​តាម​លិខិត​លោកអភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​នាថ្ងៃទី​១៥ ខែកក្កដា ដែល​វើរីតាស់អាស៊ី​ទទួល​បាន​នា​ពេល​ល្ងាច បាន​ឲ្យ​ដឹងថា សន្ត​អាសនៈ​នៃ​បុរី​វ៉ាទីកង់ បាន​ជ្រើស​តាំង​លោក​សិលា សួន ហង្សលី ជា​អភិបាល​ទទួល​បន្ទុក​មើល​ការ​ខុសត្រូវ​ព្រះសហគមន៍កាតូលិកភូមិភាគ​កំពង់ចាម។

តាម​រយៈ​លិខិត​ដដែល​ លោកអភិបាល​អូលីវីយ៉េ​ ជ្មីត​ហស្លេបាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២នេះ លោក​ត្រូវ​បាន​ជ្រើ​សតាំង​ដោយ​សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ ឲ្យ​ក្លាយជា​លោក​អភិបាល​មើល​ការ​ខុស​ត្រូវ​នៅ​ក្នុងភូមិភាគ​កំពង់ចាមទាំង​មូល។

ព្រះសហគមន៍​ភូមិភាគកំពង់ចាម គ្រប​ដណ្តប់​ខេត្ត​ចំនួន​៨ មាន​ដូចជា កំពង់ចាម ព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និង​ស្វាយរៀង។

លោក​អភិបាល​អូលីវីយ៉េ​ឲ្យដឹងថា លោក​និង​លោក​អភិបាល​ថ្មី​ធ្លាប់​បាន​រួម​ការងារ​ជាមួយ​គ្នាក្នុងឆ្នាំ​២០០២-២០០៧ នៅ​មណ្ឌល​សកម្មភាព​កំពត-តាកែវ។ ក្នុង​ឆ្នាំ​២០០៧-២០១៥ លោក​ហង្សលី បាន​ទៅ​បន្ត​ការ​សិក្សាអនុបណ្ឌិត​​នៅ​ប្រទេស​បារាំង​ ផ្នែក​ទេវវិទ្យានៅ​វិទ្យាស្ថាន​កាតូលិក​នៃ​ទីក្រុង​ប៉ារីស។ 

លោក​បូជាចារ្យ​ហង្សលី ​ពេល​បច្ចុប្បន្ន​កំពុង​បម្រើការងារ​នៅ​ក្នុងព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ជា​បូជាចារ្យទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី និងជា​តំណាង​ពេញ​សិទ្ធិ​របស់​លោកអភិបាល​ភូមិភាគ​ភ្នំពេញក្នុង​ឆ្នាំ​២០១៦  និង​ជា​នាយក​នៃ​ទេវវិទ្យាល័យ សន្ត​យ៉ូហាន ម៉ារី វីយ៉ាណែរ ក្នុង​ឆ្នាំ​២០១៨។

លោក​អភិបាល​សិលា សួន ហង្សលី ជា​ជន​ជាតិ​ខ្មែរ ប្រសូត​នៅ​ក្នុង​គ្រួសារ​គ្រីស្ត​បរិស័ទ នៅ​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​១៩៧១ នៅ​ស្រុក​ល្វាឯម​ ខេត្ត​កណ្តាល។ លោក​ត្រូវ​បាន​តែង​តាំង​ជា​បូជាចារ្យកាតូលិក​ក្នុង​ថ្ងៃទី​០៩ ខែ​ធ្នូ ឆ្នាំ​២០០១ ជា​មួយ​និស្សិត​ទេវវិទ្យាល័យ​ចំនួន​៣​រូប​ផ្សេងទៀត​ ហើយ​បាន​បម្រើ​ការងារ​ក្នុង​ភូមិភាគ​ភ្នំពេញ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។

ក្នុង​សេចក្តី​ប្រកាស​របស់​លោក​អភិបាល​អូលីវីយ៉េ លោក​សូម​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​ជ្រើស​តាំង​នេះ និង​សូម​ថ្លែង​អំណរ​គុណចំពោះ​វត្តមាននិង​កិច្ច​សហការ​ដ៏​ស្អិត​រមួត​របស់​លោក​អភិបាល​ថ្មី ​ដែល​បាន​ខិត​ខំ​អស់​ពី​កំលាំង​កាយ​ចិត្ត​ ដើម្បី​បម្រើ​ព្រះសហគមន៍​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​កន្លង​មក។

«យើង​ពិតជា​នឹក​លោក​ណាស់ លោក​អភិបាល​ ប៉ុន្តែ​យើង​នឹង​អធិដ្ឋាន​សម្រាប់​បេសកកម្មថ្មី​របស់​លោក​ក្នុងភូមិភាគកំពង់ចាម។» លោកអភិបាល​អូលីវីយ៉េ​បន្ថែម។

កែតម្រូវ ១៥ សីហា ២០២២៖

លិខិត​ដដែល​បាន​ឲ្យដឹងទៀតថា ពិធី​ទទួល​មុខងារ​ជា​ផ្លូវ​ការ​របស់​លោក​អភិបាល​សិលា សួន​ ហង្សលី នឹង​ប្រព្រឹត្តទៅ​នៅ​ពេល​ខាង​មុខនេះ៕

Facebook
Twitter
LinkedIn