អត្ថតបទកម្ពីប្រចាំថ្ងៃអាទិត្យ ទី0៣ ខែកក្ដដា ឆ្នាំ២០២២ (សន្ដថូម៉ាស់ ជាគ្រីស្ដទូត)

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦៦,១០-១៤

អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយ! ចូរសប្បាយរួមជាមួយក្រុង​​​​នេះចុះ ចូរត្រេកអររីករាយយ៉ាងខ្លាំង! អស់អ្នកដែលកាន់ទុក្ខអាណិតក្រុងយេរូសា​​ឡឹមអើយ! ចូរសប្បាយរីករាយរួមជាមួយក្រុងនេះដែរ។ សូមឱ្យអ្នករាល់គ្នា​បាន​​ស្កប់ចិត្ដនឹងក្រុងនេះ ដូចកូនដែលម្ដាយថ្នាក់ថ្នមបំបៅដែរ។ អ្នករាល់គ្នានឹងបានថ្កុំថ្កើងរុងរឿងដោយសារក្រុងនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា យើងនឹងឱ្យសេចក្ដីសុខសាន្ដហូរមកក្រុងនេះ ដូចទឹកទន្លេ យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ ដូចទឹកហូរប្រៀបមាត់ច្រាំង។ យើង​នឹង​ថ្នាក់​ថ្នមអ្នករាល់គ្នា ដូចម្ដាយបំបៅកូន បីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។ ម្ដាយ​លួង​លោមកូនយ៉ាងណា យើងនឹងលួង​លោមអ្នករាល់គ្នាយ៉ាងនោះដែរ អ្នករាល់គ្នានឹងរស់នៅក្នុងក្រុងយេរូសាឡឹម ដោយលែងមានទុក្ខព្រួយទៀត។ កាលណាអ្នករាល់គ្នាឃើញក្រុងយេរូសាឡឹមបានសុខសាន្ដដូច្នេះ អ្នករាល់គ្នានឹងមានចិត្ដសប្បាយ​រីករាយ ហើយអ្នករាល់គ្នានឹងមានកម្លាំងឡើងវិញ ដូចស្មៅលាស់ស្រស់បំព្រង។ ព្រះអម្ចាស់នឹងសម្ដែងព្រះបារមីឱ្យអ្នកបម្រើរបស់ព្រះអង្គឃើញ។

ទំនុកតម្កើងលេខ ៦៦ (៦៥), ១-៦.១៦-១៧ បទកាកគតិ

ប្រជាប្រុសស្រីនៅលើផែនដីទាំងអស់គ្នាអើយ
នាំគ្នាអបអរកុំបីកន្ដើយអបអរសប្បាយ
សាទរព្រះម្ចាស់
ចូរច្រៀងតម្កើងសិរីរុងរឿងព្រះនាមរបស់
ព្រះម្ចាស់នៃយើងបារមីខ្ពង់ខ្ពស់តម្កើងថ្កើងយស
ថ្វាយដល់ព្រះអង្គ
ចូរទូលទ្រង់ថាបពិត្រព្រះជាអម្ចាស់នៃយើង
គ្រប់ស្នាព្រះហស្ដវិសេសថ្កុំថ្កើងយើងសូមលើកឡើង
ឱ្យខ្ពស់ដរាប
ពួកខ្មាំងសត្រូវព្រះអង្គចាំនៅនាំគ្នាលុតក្រាប
ដោយឃើញចេស្ដាឫទ្ធានុភាពព្រះអង្គរៀងរៀប
ធំធេងកន្លង
មនុស្សម្នាលើដីទាំងប្រុសទាំងស្រីក្រាបថ្វាយព្រះអង្គ
គេនាំគ្នាច្រៀងលើកសិរីផងច្រៀងបទតម្កើង
ព្រះនាមល្បាញល្បី
ចូរយើងនាំគ្នាពីគ្រប់ទិសាកុំនៅធ្វើហី
មើលស្នាព្រះហស្ដសុទ្ធតែប្រពៃដែលទ្រង់លកលៃ
ធ្វើមកមនុស្សលោក
ទ្រង់ធ្វើឱ្យទឹកសមុទ្រគគ្រឹកប្រែជារីងគោក
ឱ្យប្រជាជនដើរឆ្លងទៅមកយើងផុតទុកសោក
ប្រែជាសប្បាយ
១៦សូមអ្នកទាំងអស់ដែលធ្លាប់ស្ម័គ្រស្មោះលើព្រះគ្មានហ្មង
ខ្ញុំនឹងរៀបរាប់គ្រប់កិច្ចដែលទ្រង់មានមកកន្លង
មកលើរូបខ្ញុំ
១៧ខ្ញុំស្រែកហៅរកសូមព្រះយាងមកកុំគង់សម្ងំ
ខ្ញុំស្រែកដង្ហោយរកព្រះឧត្ដមសូរសំឡេងខ្ញុំ
តម្កើងទ្រង់ផង

អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទស្រុកកាឡាទី កាឡ ៦,១៤-១៨

ខ្ញុំមិនអួតខ្លួនអំពីអ្វី ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រីស្ដ ជាព្រះអម្ចាស់នៃយើងឡើយ។ ដោយសារឈើឆ្កាងនេះ អ្វីៗក្នុងពិភពលោក លែងមានទាក់ទាមនឹងខ្ញុំទៀតហើយ ហើយខ្ញុំក៏លែងមានទាក់ទាមអ្វីនឹងពិភពលោកទៀតដែរ។ ការកាត់ស្បែក ឬមិនកាត់ស្បែក មិនសំខាន់អ្វីទេ មានតែការកើតជាថ្មីវិញឯ​ណោះ​ទើបសំខាន់។ សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ដ និងមេត្ដាករុណាដល់​អស់អ្នកដែលអនុវត្ដតាមគោលគំនិតនេះ និងដល់ប្រជារាស្រ្ដអ៊ីស្រាអែល​របស់ព្រះអង្គ។ អំណើះតទៅ សូមកុំឱ្យនរណាម្នាក់ធ្វើឱ្យខ្ញុំពិបាកចិត្ដទៀត​ឡើយ ដ្បិតខ្ញុំមានស្លាកស្នាមរបស់ព្រះយេស៊ូនៅក្នុងរូបកាយខ្ញុំស្រាប់ហើយ។ បងប្អូនអើយ! សូមព្រះយេស៊ូគ្រីស្ដជាព្រះអម្ចាស់នៃយើង ប្រណីសន្ដោសដល់វិញ្ញាណរបស់បងប្អូន។ អាម៉ែន ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៩,៥

អាលេលូយ៉ា! អាលេលូយ៉ា!
គេប្រកាសព្រះបន្ទូលពាសពេញលើផែនដីទាំងមូល ដំណឹងល្អលាន់ឮរហូតដល់ជើងមេឃ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១០,១-១២.១៧-២០ (ឬយ៉ាងខ្លី ១០,១-៩)

ព្រះអម្ចាស់ជ្រើសយកសាវ័កចិតសិបពីរនាក់ទៀត ហើយចាត់គេពីរៗនាក់ឱ្យ​​​​ទៅតាមភូមិ តាមស្រុកនានា ដែលព្រះអង្គបម្រុងនឹងយាងទៅ។ ព្រះអង្គមាន​ព្រះ​​បន្ទូលទៅគេថា៖ «ស្រូវដែលត្រូវច្រូតមានច្រើនណាស់ តែអ្នកច្រូតមាន​តិច​ពេក។ ហេតុនេះចូរអង្វរម្ចាស់ស្រែឱ្យចាត់អ្នកច្រូតមកក្នុងស្រែរបស់លោក។ ចូរ​នាំគ្នាទៅចុះ! ខ្ញុំចាត់អ្នករាល់គ្នាឱ្យទៅ ដូចឱ្យកូនចៀមទៅកណ្ដាលហ្វូងចចក។ កុំយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅជាមួយឡើយ ហើយក៏កុំជម្រាបសួរអ្ន​ក​ណាតាមផ្លូវដែរ។ ពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះណាមួយ មុនដំបូង​ត្រូវពោល​ថា” សូមព្រះជាម្ចាស់ប្រទានសេចក្ដីសុខសាន្ដដល់មនុស្សក្នុងផ្ទះនេះ”។ បើនៅ​ក្នុង​ផ្ទះនោះ មានមនុស្សណាចូលចិត្ដសេចក្ដី សុខសាន្ដ នោះគេនឹងបានសុខសាន្ដដូចពាក្យអ្នករាល់គ្នាជាមិនខាន។ បើគ្មានអ្នកណាចូលចិត្ដសេចក្ដីសុខសាន្ដទេ សេចក្ដីសុខសាន្ដនឹងវិល​ត្រឡប់មកអ្នករាល់គ្នាវិញ។ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នូល។ មិនត្រូវចេញពីផ្ទះមួយទៅផ្ទះមួយទៀតឡើយ។ បើអ្នករាល់គ្នាចូល​ទៅភូមិណា ហើយមានគេទទួលអ្នករាល់គ្នា ត្រូវបរិភោគម្ហូបអាហារដែលគេរៀបជូនចុះ។ ត្រូវប្រោះអ្នកជំងឺក្នុងភូមិនោះឱ្យបានជា ហើយប្រាប់អ្នកភូមិថា ព្រះរាជ្យ​របស់ព្រះជាម្ចាស់នៅជិតអ្នករាល់គ្នាហើយ។

ប្រសិនបើអានយ៉ាងខ្លី សូមឈប់ត្រឹមនេះ
ប៉ុន្ដែ កាលបើអ្នករាល់គ្នាចូលទៅភូមិណាមួយ ហើយគេមិនព្រមទទួលអ្នករាល់គ្នាទេ ត្រូវចេញទៅប្រកាសតាមទីផ្សារថា “សូម្បីតែធូលីដីដែលជាប់ជើងយើង ក៏យើងរលាស់ឱ្យអ្នករាល់គ្នាវិញដែរ ប៉ុន្ដែ សូមជ្រាបថា ព្រះរាជ្យរបស់ព្រះជាម្ចាស់មកជិតបង្កើយហើយ”។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា នៅថ្ងៃដែលព្រះជាម្ចាស់វិនិច្ឆ័យទោស អ្នកក្រុងសូដុមទទួលទោសស្រាលជាងអ្នកភូមិនោះ។ ក្រុមសាវ័កទាំងចិតសិបពីរនាក់ត្រឡប់មកវិញទាំងត្រេកអរ ហើយទូលព្រះអង្គថា៖«ព្រះអម្ចាស់អើយ! ដោយសារព្រះនាមព្រះអង្គ សូម្បីតែខ្មោចក៏ចុះចូលក្រោមអំណាចយើងខ្ញុំដែរ»។ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«ខ្ញុំឃើញមារសាតាំងធ្លាក់ចុះពីលើមេឃមកដូចផ្លេកបន្ទោរ។ ខ្ញុំឱ្យអ្នករាល់គ្នាមានអំណាចដើរជាន់ពស់ និងខ្យាដំរី ព្រមទាំងបង្រ្កាបឫទ្ធិអំណាចគ្រប់យ៉ាងរបស់មារសត្រូវផង គ្មានអ្វីអាចធ្វើទុក្ខអ្នករាល់គ្នាបានឡើយ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ កុំត្រេកអរនឹងឃើញខ្មោចចុះចូលអ្នករាល់គ្នា គឺត្រូវត្រេកអរដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ»។

Facebook
Twitter
LinkedIn