ខ្មែរ​ភាគតិច​ពូណង ១១​រូប​សុំ​ចូល​ព្រះសហគមន៍

បេក្ខជន​ជន​ជាតិ​ដើម​ភាគ​តិច​ពូណងចំនួន​១១​នាក់ បាន​គោះ​ទ្វារ​សុំ​ចូល​ក្នុង​ព្រះសហគមន៍ ដោយ​មាន​ការ​ស្វាគមន៍​ពី​លោក​បូជាចារ្យ ផាន បូរី និង​លោក​បូជាចារ្យ អាឡិច​សាន់​ដ្រូ មុតទិ រួម​នឹង​គ្រីស្ត​បរិស័ទជា​ច្រើន​នាក់ កាលពីថ្ងៃ​ទី​១៩​ខែ​មិថុនា ឆ្នាំ​២០២២នេះ នៅ​ព្រះវិហារ​សន្ត​យ៉ាកុប​-ដាក់ដាំ ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌល​គិរី។

នៅ​ក្នុង​ពិធី​នេះ លោក​បូជាចារ្យ​ផាន​បូរី បាន​សួរ​សំណួរ​មួយ​ចំនួន​ដើម្បី​បញ្ជាក់​ពី​ឆន្ទៈ​របស់​បេក្ខជន ទាក់ទង​នឹង​ការ​សែន​ព្រែន បញ្ជាន់​អារក្ស​អ្នកតា​ មន្តអាគមន៍​ជាដើម ហើយ​ប្រែ​ចិត្ត​ជឿ​សង្ឃឹម​លើ​ព្រះជាម្ចាស់ ដែលមាន​ព្រះបិតា ព្រះបុត្រា​ និង​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ជា​ព្រះត្រៃឯក។ បង​ប្អូនទាំង​១១​រូប​បាន​និយាយ​ខ្លាំងៗ​ថា សុខ​ចិត្តលះបង់​ជំនឿ​ចាស់​ចោលទាំងអស់ ហើយ​ងាក​មក​រក​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់នៅ​អស់កល្បជានិច្ចវិញ។

«មូលហេតុដែល​ខ្ញុំ​ចង់​ចូល​ព្រះសហគមន៍គឺ​នាង​ខ្ញុំ​បាន​ផ្លាស់​ប្តូរជីវិត​ពីការ​ចួប​ទុក្ខ​លំបាក​នូវជីវិត​មួយដែល​សែន​អារក្ស​អ្នកតា​ ហើយ​ខ្ញុំ​ចង់​ផ្លាស់ប្តូរជិវិត​ដោយ​ផ្ញើ​ជីវិត​ទៅព្រះយេស៊ូ​គ្រីស្ត។» នេះជា​ការ​លើក​ឡើង​របស់​យុវតី​ស្រនសាឡាន់ អាយុ​១៥​ឆ្នាំ កំពុង​រៀន​ថ្នាក់ទី​៨ ដែល​ជា​បេក្ខជន​សុំចូល​ក្នុងព្រះសហគមន៍នៅថ្ងៃនេះ។

សាឡាន់​បន្ថែម​ថា នាង​នឹង​ចូលរួម​ប្រកាស​ដំណឹងល្អ​របស់​ព្រះជាម្ចាស់​ដល់​មនុស្សឯទៀតៗដែលមិន​ទាន់​ស្គាល់​ដំណឹងល្អ និង​ត្រូវ​ស្រឡាញ់​បងប្អូនឯទៀតៗ​ដូច​ស្រឡាញ់​ខ្លួន​ឯង និង​ត្រូវ​ស្រលាញ់​ព្រះជាម្ចាស់​ឲ្យ​អស់​ពីកំលាំង​កាយ​ចិត្ត​និង​ស្មារតី​។

សាឡាន់​បញ្ជាក់ថា «ការ​ប្រកាសដំណឹងល្អ គឺ​ចុះ​សួរ​សុខ​ទុក្ខ​គេ និង​តាមការ​រស់នៅ​របស់យើង។»

លោក​ព្រិច​ ជុន ជា​គ្រូ​អប់រំ​ជំនឿ​នៅ​ក្នុងព្រះសហគមន៍នេះ មាន​ប្រសាសន៍ថា កម្មវិធី​អប់រំ​ជំនឿ​នា​ពេល​បច្ចុប្បន្ននេះ គឺ​ភាគ​ច្រើន​មាន​យុវជន​ចូលរួម ដែល​វគ្គ​មុនៗ​គឺមាន​មនុស្ស​ចាស់ៗ​ច្រើន​ជាង។ លោក​បន្ថែម​ថា ពួកគាត់​ជា​អ្នក​ភូមិរស់នៅ​ជិត​ៗនិង​នៅ​ឃុំ​ក្បែរ​គ្នា។

លោក​ព្រិច​ជុន ឲ្យដឹងទៀតថា «ពួកគាត់​ជឿ ដោយសារ​ជំងឺ ដោយសារ​ខ្វះទីពឹង ដោយកាលពីមុន​គេ​សែន ហើយពេលនេះ គេ​ខ្វះ​របស់សែន ដូច្នេះ គេក៏​ស្វែងរក​ព្រះយេស៊ូ​។»

«ខ្ញុំ​អាច​សង្ឃឹមថា (​ព្រះសហគមន៍)នឹង​អាច​រីកចម្រើន។ ទោះបីយ៉ាងណា​ក៏ដោយសម្រាប់​ខ្ញុំ​ជា​គ្រូ​អប់រំ​ជំនឿ ខ្ញុំ​នឹង​ព្យាយាម​រក​ពាក្យ​ពេជន៍ រក​អត្ថន័យ​ពន្យល់​ឲ្យ​បងប្អូន​ងាយ​ស្តាប់​បាន ទោះបីខ្ញុំ​អត់សូវ​ចេះ តែ​ខំប្រឹង​អស់​ពី​សមត្ថភាព។»

​ព្រះវិហារសន្ត​យ៉ាកុប​ នៃ​ព្រះសគមន៍ដាក់ដាំ​​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៨៦ ដែលមាន​គ្រួសារ​គ្រីស្ត​បរិស័ទ​ប្រមាណ​៥គ្រួសារ​ដែល​បាន​ធ្វើ​មាតុភូមិនិវត្តន៍​មក​ពីប្រទេស​វៀតណាម ដោយសារ​តែ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុងប្រទេស។

បច្ចុប្បន្ន​ព្រះសហគមន៍​មួយនេះ មាន​គ្រីស្ត​បរិស័ទ​ជាង​១០០នាក់ ហើយ​ចំនួន​នៃការ​ចូលរួម​ក្នុងព្រះវិហារ​ជា​ប្រចាំ គឺ​មាន​ប្រមាណ​៨០-៩០ភាគ​រយ​នៃ​ចំនួន​អ្នកជឿ។ នេះ​បើតាម​ប្រសាសន៍​របស់លោ​ក​បូជាចារ្យ ផាន បូរី អ្នកទទួល​ខុស​ត្រូវ​នៅ​ព្រះសហគមន៍​នេះ៕

ដោយ កែវ កញ្ញា

Facebook
Twitter
LinkedIn