គ្រីស្តបរិស័ទ៤៥រូបទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ

«ពួកខ្ញុំទាំងអស់គ្នាសូមសន្យាថានឹងធ្វើជាអំបិលនិងពន្លឺ ដើម្បីផ្ដល់ឱ្យមនុស្សទាំងអស់នូវសេចក្ដីស្រឡាញ់ដែលបានពីព្រះជាម្ចាស់ទៅកាន់មនុស្សជំវិញខ្លួន និងមានភាពទទួលខុសត្រូវចំបោះកិច្ចការដែលពួកកូនបានបំពេញ ព្រមទាំងរស់នៅជាគ្រីស្តបរិស័ទដ៏ល្អសម្រាប់គ្រួសារ និងព្រះសហគមន៍។» នេះ​ជា​ពាក្យ​សម្តី​ប្រកាសរបស់​យុវតី ​ហង្ស ចន្ធូ ជាបេក្ខនារី មកពីព្រះវិហារព្រះបេះដូងព្រះយេស៊ូ ក្នុងពិធី​បុណ្យ​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស កាលពេល​ថ្មីៗនេះ។

កញ្ញាចន្ធូ សូមអរគុណដល់លោកអភិបាល លោកបូជាចារ្យ បងស្រីរួមជាមួយគ្រូអប់រំជំនឿ ដែលបានលើកទឹកចិត្ត បង្ហាត់បង្រៀនពួកខ្ញុំ ដើម្បិ​ឲ្យពួកគាត់​រស់នៅ​តាម​ជីវិត​ជាគ្រីស្ត​បរិស័ទ។ ចន្ធូ​បន្ថែម​ថា​ ទោះបីជាមានកូវីដ១៩ពិតមែន «តែពួកលោកនៅតែព្យាយាមបង្រៀនតាមអនឡាញ និងព្យាយាមពន្យល់ពួកកូនៗឱ្យបានយល់ពីភារកិច្ចរស់នៅក្នុងនាមជាគ្រីស្តបរិស័ទ និងយល់ពីសេចក្ដីស្រឡាញ់ប្រកបដោយមេត្តាករុណារបស់ព្រះជាម្ចាស់ ព្រមទាំងព្យាយាមជំរុញពួកកូនៗឱ្យមានភាពក្លាហានក្នុងការបង្ហាញភាពយកចិត្តទុកដាក់ ចេះជួយ និងចែករំលែកទៅកាន់មនុស្សដែលដែលមានសេចក្ដីត្រូវការ និងបង្ហាញសេចក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួន។»

ចន្ធូ ក៏ថ្លែងអំណរគុណដល់ឪពុកម្ដាយ និងឪពុកម្ដាយធម៌ដែលតែងតែព្យាយាមដាស់តឿនណែនាំ ជំរុញ និងលើកទឹកចិត្តដល់កូនក្នុងការមករៀនអប់រំជំនឿនិងចូលរួមថ្វាយអភិបូជា ជាពិសេសអធិដ្ឋានទៅព្រះជាម្ចាស់។

ដូនជី ច្រឹក ស៊ីណា ជាគ្រូអប់រំជំនឿនៅមណ្ឌលសកម្មភាពទន្លេមេគង្គនេះ មានប្រសាសន៍ថា អគ្គសញ្ញាលាបថ្ងាស មានសារៈសំខាន់ខ្លាំងមែនទែន ដោយសារយើងទទួលពិធីជ្រមុជទឹកហើយ ប៉ុន្តែយើងនៅស្ទើរក្នុងការ​រស់នៅ​ជា​គ្រីស្ត​បរិស័ទ ​ហើយ​អគ្គសញ្ញានេះ គឺសំខាន់ដើម្បីឱ្យប្អូនយល់ពីព្រះអំណោយទានព្រះជាម្ចាស់។

អគ្គសញ្ញាលាបថ្ងាស ជាអគ្គសញ្ញាទី៣​នៃអគ្គសញ្ញាទាំង៧របស់ព្រះសហគមន៍កាតូលិក មាន៖ អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាទទួលព្រះកាយព្រះគ្រីស្ត អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាសម្រុះសម្រួល អគ្គសញ្ញាអាពាហ៍ពិពាហ៍ អគ្គសញ្ញាតែងតាំងជាបូចារ្យ និងអគ្គសញ្ញាលាបប្រេងផ្ដល់កម្លាំង។

លោកអភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​បាន​ធ្វើ​ពិធី​​លាប​ថ្ងាស​ដល់​គ្រីស្តបរិស័ទចំនួន​៤៥រូប ឲ្យទទួលព្រះអំណោយទានទាំង៧របស់ព្រះជាម្ចាស់នៅក្នុងជីវិតរស់នៅរបស់គ្រីស្តបរិស័ទ។ អគ្គសញ្ញានេះ​បាន​ប្រារព្ធ​ឡើង​​នៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ ក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១២ មិថុនា ២០២២ ត្រូវនឹងថ្ងៃដែលព្រះសហគមន៍ប្រារព្ធបុណ្យលើកតម្កើងព្រះត្រៃឯក ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។

លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ មាន​ប្រសាសន៍ថា ថ្ងៃនេះយើងបានស្ដាប់ព្រះយេស៊ូឡើងស្ថានបរមសុខ បានប្រទានព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីយើងធ្វើដំណើរទៅមុខទៀតដោយស្គាល់ព្រះជាម្ចាស់ថែមទៀតមានកម្លាំងថែមទៀតនិងពោរពេញដោយសេចក្ដីស្រឡាញ់ពីព្រះជាម្ចាស់ ដើម្បីឱ្យយើងជាគ្រីស្តបរិស័ទនៅពេលដែលទទួលអគ្គសញ្ញាជ្រមុជទឹក មានកម្លាំងថែមទៀត ដោយពោរពេញដោយសេចក្ដីសង្ឃឹម។

លោកអភិបាល​ពន្យល់ថា ថ្ងៃនេះយើងបានស្ដាប់ទាំងអស់គ្នានៅក្នុងអត្ថបទទី២ ដែលលោកប៉ូលបានអប់រំយើង «ព្រោះតែព្រះគ្រីស្តជាមាគ៌ានៃជីវិតថ្មីនិងព្រោះតែជីវិតថ្មីនេះយើងបានចាប់ខ្លួនដោយកីសង្ឃឹមថានឹងបានជាព្រះភ័ក្រ្តព្រះជាម្ចាស់» ទោះជាឧបសគ្គដោយយើងមានកីសង្ឃឹមដោយសារទទួលសិរីរុងរឿងរបស់ព្រះជាម្ចាស់។

លោកអភិបាលព្រះសហគមន៍បាន​ផ្ដល់អនុសាសន៍៣ចំណុច ដើម្បីណែនាំអំពីរបៀបរស់នៅប្រចាំថ្ងៃរបស់គ្រីស្តបរិស័ទ ៖ ១. ស្វាគមន៍បងប្អូនឯទៀតៗយ៉ាងរាក់ទាក់។ ២. ចែករំលែក ទាំងពេលវេលា ម្ហូបអាហារ សេចក្តីស្រឡាញ់ អំណរសប្បាយដល់​គ្នាទៅវិញ​ទៅមក និង​ដល់​អ្នក​ដទៃ។ និង៣. បម្រើបងប្អូនឯទៀតៗឲ្យមានសេចក្ដីសុខ សុភមង្គល។

លោកអភិបាល​បានរំលឹក​ថា​ ការអធិដ្ឋាននាំឲ្យយើងទៅជាគ្រីស្តបរិស័ទយ៉ាងសកម្ម ដែលចេះស្វាគមន៍ចេះចែករំលែកនិងបង្ហាញអស់អំពីកម្លាំងកាយកម្លាំងចិត្ត អស់ពីសេចក្ដីស្រលាញ់។ ក្នុងនោះ​ដែរ លោកក៏​បាន​លើក​ទឹក​ចិត្ត​គ្រីស្ត​បរិស័ទចាស់ៗ​ឲ្យ​​រៀន​រស់នៅក្នុង​វប្បធម៌​នៃ​ប្រទេស​នីមួយៗ​ដែល​ខ្លួន​កំពុង​រស់នៅ ហើយ​រិះ​គិត​ជំរុញ​ឲ្យ​​កូនចៅ​ឲ្យ​បាន​ចូល​រៀន ដើម្បីទទួល​បាន​អនាគត​ប្រសើរ​ នៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍយ៉ាងលឿន។

ក្នុងចំណោមបេក្ខជនដែលទទួលអគ្គសញ្ញានៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ មានគ្រីស្តបរិស័ទមកពី កោះនរា ចំនួន​២៩នាក់ និងតួតាំងចំនួន១៦នាក់៕

ដោយដាលីស

Facebook
Twitter
LinkedIn