សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៩,១-២០
នៅពេលនោះ លោកសូលគិតតែពីគំរាមកំហែង និងសម្លាប់ក្រុមសាវ័ករបស់ព្រះអម្ចាស់ជានិច្ច។ គាត់ទៅជួបលោកមហាបូជាចារ្យ សុំលិខិតអនុញ្ញាតចូលទៅក្នុងធម្មសាលានានានៅក្រុងដាម៉ាស ក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់ព្រះអម្ចាស់ ទោះជាប្រុស ឬស្ត្រីក្តី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។ ពេលគាត់ធ្វើដំណើរទៅជិតដល់ក្រុងដាម៉ាសហើយ ស្រាប់តែមានពន្លឺមួយចាំងពីផ្ទៃមេឃមកជុំវិញគាត់។ គាត់ក៏ដួល ហើយឮសូរសំឡេងមួយពោលមកគាត់ថា៖ «សាអ៊ូលអើយ! សាអ៊ូល! ហេតុដូចម្តេចបានជាអ្នកបៀតបៀនខ្ញុំ?»។ លោកសូលសួរវិញថា៖ «លោកម្ចាស់អើយ! តើលោកជានរណា?» សំឡេងនោះក៏ឆ្លើយឡើងថា៖ «ខ្ញុំជាយេស៊ូ ដែលអ្នកកំពុងតែបៀតបៀន។ ចូរក្រោកឡើង ហើយចូលទៅក្រុងទៅ! នៅទីនោះ នឹងមានគេប្រាប់អ្នកថាត្រូវធ្វើអ្វីខ្លះ»។ រីឯអស់អ្នកដែលធ្វើដំណើរជាមួយលោកសូល នាំគ្នាឈប់គេនៅស្ងៀម រកនិយាយអ្វីមិនកើត ព្រោះគេបានឮសំឡេង តែពុំឃើញមាននរណាឡើយ។ លោកសូលក្រោកឡើង ទោះបីគាត់ខំប្រឹងបើកភ្នែកយ៉ាងណាក៏ដោយ ក៏គាត់មើលអ្វីមិនឃើញដែរ។ គេដឹកដៃគាត់នាំចូលទៅក្នុងក្រុងដាម៉ាស។ ក្នុងរយៈពេលបីថ្ងៃ គាត់មិនអាចមើលឃើញ ហើយក៏មិនពិសាបាយពិសាទឹកសោះឡើយ។
នៅក្រុងដាម៉ាស មានសាវ័កម្នាក់ឈ្មោះ អាណាញ៉ាស។ គាត់និមិត្តឃើញព្រះអម្ចាស់ មានព្រះបន្ទូលហៅគាត់ថា៖ «អាណាញ៉ាស!»។ គាត់ទូលតបថា៖«ក្រាបទូលព្រះអម្ចាស់!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរក្រោកឡើងទៅឯផ្លូវមួយឈ្មោះ “ផ្លូវត្រង់” សួររកឈ្មោះសូល ជាអ្នកស្រុកតារសុស នៅក្នុងផ្ទះយូដាស។ គាត់កំពុងតែអធិដ្ឋាន ហើយនិមិត្តឃើញបុរសម្នាក់ឈ្មោះអាណាញ៉ាស ចូលមកដាក់ដៃលើគាត់ ដើម្បីឱ្យគាត់មើលឃើញឡើងវិញ»។ លោកអាណាញ៉ាសទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! ទូលបង្គំបានឮមនុស្សជាច្រើននិយាយថា បុរសនេះបានធ្វើបាបប្រជារាស្រ្តដ៏វិសុទ្ធរបស់ព្រះអង្គនៅក្រុងយេរូសាឡឹមខ្លាំងណាស់ ហើយគាត់បានទទួលការអនុញ្ញាតពីលោកមហាបូជាចារ្យឱ្យមកទីនេះ ដើម្បីចាប់ចងអស់អ្នកដែលអង្វររកព្រះនាមព្រះអង្គ»។ ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់វិញថា៖ «សុំអញ្ជើញទៅ! ដ្បិតខ្ញុំបានជ្រើសរើសបុរសនេះ ដើម្បីប្រើគាត់ឱ្យទៅប្រាប់ប្រជាជាតិ និងស្តេចនានា ព្រមទាំងប្រាប់ជនជាតិអុីស្រាអែលឱ្យស្គាល់ឈ្មោះខ្ញុំ។ ខ្ញុំនឹងបង្ហាញប្រាប់គាត់ឱ្យដឹងថា គាត់ត្រូវរងទុក្ខលំបាកជាច្រើនព្រោះតែឈ្មោះរបស់ខ្ញុំ»។
លោកអាណាញ៉ាសក៏ចេញទៅ។ លុះបានទៅដល់ផ្ទះនោះហើយ គាត់ដាក់ដៃលើលោកសូល ហើយមានប្រសាសន៍ថា៖«បងសូលអើយ! ព្រះអម្ចាស់យេស៊ូដែលបងបានឃើញនៅតាមផ្លូវបងធ្វើដំណើរមកនោះ ទ្រង់បានចាត់ខ្ញុំឱ្យមក ដើម្បីឱ្យបងអាចមើល ឃើញឡើងវិញ និងឱ្យបងបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ»។ រំពេចនោះ មានអ្វីមួយដូចស្រកាត្រី ជ្រុះពីភ្នែកលោកសូល លោកក៏មើលឃើញឡើងវិញ លោកក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក។ បន្ទាប់មក លោកបរិភោគម្ហូបអាហារ ហើយមានកម្លាំងឡើងវិញ។ លោកស្នាក់នៅជាមួយក្រុមសាវ័កដែលនៅក្រុងដាម៉ាសបួនដប់ថ្ងៃ។ លោកចាប់ផ្តើមប្រកាសនៅក្នុងធម្មសាលានានាភ្លាមថា “ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់”។
ទំនុកតម្កើងលេខ ១១៧ (១១៦), ១-២ បទពាក្យ ៧
១ | ឱប្រជាជនទាំងឡាយអើយ | ចូរសរសើរហើយលើកតម្កើង | |
ទាំងប្រជារាស្រ្តកុំឆ្មៃឆ្មើង | តម្កើងសិរីនៃព្រះអង្គ | ។ | |
២ | ដ្បិតព្រះអង្គមានហឫទ័យ | ករុណាប្រណីពេកកន្លង | |
សប្បុរសស្មោះស្ម័គ្រឥតមានហ្មង | នឹងយើងរហូតតរៀងទៅ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ តាម សភ ៩,២-៥
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះប្រាជ្ញាញាណបានរៀបចំម្ហូបអាហារលើតុជាស្រេច! សូមអញ្ជើញមកបរិភោគអាហារដែលផ្តល់ជីវិត និងពិសាស្រារបស់ព្រះជាម្ចាស់! អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៦,៥២-៥៩
ជនជាតិយូដាទាស់ទែងគ្នាយ៉ាងខ្លាំងថា៖ «តើអ្នកនេះអាចឱ្យខ្លួនគាត់មកយើងបរិភោគដូចម្តេចកើត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំសុំប្រាប់អ្នករាល់គ្នាដឹងច្បាស់ថា ប្រសិនបើអ្នករាល់គ្នាមិនពិសាសាច់ និងលោហិតរបស់បុត្រមនុស្សទេ អ្នករាល់គ្នាគ្មានជីវិតក្នុងខ្លួនឡើយ។ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះមានជីវិតអស់កល្បជានិច្ច ហើយខ្ញុំក៏នឹងប្រោសគេឱ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង។ សាច់របស់ខ្ញុំជាអាហារដ៏ពិតប្រាកដ លោហិតរបស់ខ្ញុំក៏ជាភេសជ្ជៈដ៏ពិតប្រាកដដែរ។ អ្នកណាពិសាសាច់ និងលោហិតរបស់ខ្ញុំ អ្នកនោះស្ថិតនៅក្នុងខ្ញុំ ហើយខ្ញុំក៏ស្ថិតនៅក្នុងអ្នកនោះដែរ។ ព្រះបិតាដែលបានចាត់ខ្ញុំឱ្យមកទ្រង់មានព្រះជន្ម ហើយខ្ញុំក៏មានជីវិតដោយសារព្រះអង្គយ៉ាងណា អ្នកបរិភោគខ្ញុំក៏នឹងមានជីវិតដោយសារខ្ញុំយ៉ាងនោះដែរ។ នេះជាអាហារដែលបានចុះពីស្ថានបរមសុខមក ខុសប្លែកពីអាហារដែលបុព្វបុរសរបស់អ្នករាល់គ្នាបរិភោគ ដ្បិតលោកទទួលមរណភាពអស់ទៅហើយ។ រីឯអ្នកដែលបរិភោគអាហារនេះ នឹងរស់នៅអស់កល្បជានិច្ច»។ ព្រះយេស៊ូមានព្រះបន្ទូលទាំងនេះ នៅពេលព្រះអង្គបង្រៀនគេក្នុងធម្មសាលានៅភូមិកាផានុម។