លោក​វីលៀម ថនតុ​ន បឺន (បៀល)បន្សល់ទុក​ក្តីស្រឡាញ់​សម្រាប់​កម្ពុជា

«ខ្ញុំនឹងចងចាំអំពើល្អ​គាត់នៅក្នុង​បេះ​ដូង និងក្រុមគ្រួសាររបស់យើងខ្ញុំទាំងអស់នឹងចងចាំគាត់។» នេះជា​ប្រសាសន៍​របស់​លោក​លោកចាន់ សុភ័ណ្ឌ ជាកូនចិញ្ចឹមរបស់លោកបៀល បានថ្លែងនៅ​ក្នុង​ពិធីបុណ្យសព​នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន នារាជធានីភ្នំពេញ កាលពីថ្ងៃទី​​២៤​ ខែមីនា ឆ្នាំ២០២២។

លោកសុភ័ណ្ឌ​បន្តថា គាត់សូមអរគុណដល់ព្រះជាម្ចាស់ដែលបាន​ប្រទាន​លោក​បៀល​មកលើភព​ផែន​ដីនេះ។ គាត់​បានជួយទាំងអស់មនុស្សនៅ​លើពិភពលោកនេះ មិនថាកូរ៉េ ចិន ជប៉ុនឬប្រទេសផ្សេងៗ ជាពិសេសគាត់បានជួយច្រើននៅប្រទេសកម្ពុជាយើង។

រយៈពេល​កន្លង​មក​ លោក​បៀល​បាន​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក សុភ័ណ្ឌ​ ក្រោយពេល​វិល​ត្រឡប់​​មក​ពី​សហរដ្ឋអាមេរិក។ សុភ័ណ្ឌ​បន្ថែមថា «ខ្ញុំក៏មិនដឹងសងគុណគាត់យ៉ាងម៉េច មានតែការមើល​ថែគាត់ ហើយខ្ញុំក៏សោកស្តាយផងដែរ ដែលខ្ញុំបាន​បាត់បង់អ្នកទីប្រឹក្សារបស់ខ្ញុំម្នាក់។ នៅពេល​ដែល​ខ្ញុំ​មានបញ្ហាអ្វីមួយខ្ញុំពិភាក្សាជាមួយគាត់មុនគេ ប៉ុន្តែមានតែគាត់ទេយល់ចិត្តខ្ញុំច្រើន។»

ពិធីបុណ្យសព​របស់​លោក​វីលៀម ថនតុ​ន បឺន (បៀល) (Br. William Thornton Burns_Bill) នៃក្រុមគ្រួសារម៉ារីណុល ត្រូវបានធ្វើ​ឡើង​ក្រោម​អធិបតីភាពរបស់ លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ និងបូជាចារ្យជាច្រើនរូបទៀត នៅ​ព្រះវិហារ​ព្រះកុមារ​យេ​ស៊ូ ​​បឹងទំពុន ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការឱ្យដឹងពីលោកបូជាចារ្យ ដាមីញាំង ហ្វានឺ បងប្រុសវីលៀម បៀល បានរស់នៅកម្ពុជាជាង២០ឆ្នាំ ធ្វើជា​សក្ខីភាពអំពីព្រះយេស៊ូអំពីវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង អំពីព្រះជាម្ចាស់​ក្នុងព្រះសហ​គមន៍​របស់យើងនៅកម្ពុជា។

លោកបូជាចារ្យ ដាមីញាំង «បងប្រុសបៀល មិនមែនជាបងប្រុសម៉ារីណុល ក៏ប៉ុន្តែចិត្តរបស់គាត់​នៅ​ជា​មួយម៉ារីណុល ហើយអ្វីដែលគាត់បានធ្វើសម្រាប់ព្រះជាម្ចាស់ រួមជាមួយនិងក្រុមម៉ារីណុលតាមស្មារតី របស់ក្រុមម៉ារីណុល ហើយបងប្រុសបៀល គាត់ជាថ្មដ៏រឹងមាំមួយនៃព្រះវិហារយើង។»

កុមារបៀល កើតនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៤៣ នៅសហរដ្ឋអាមេរិក។ លោក​ជា​កូន​ទី​៣​ ដែល​មាន​បងប្រុសពីររូប។ ពេល​ចម្រើនវ័យ និង​បញ្ចប់ការសិក្សា លោក​បានអភិវឌ្ឍខ្លួន​ជាសាស្ត្រាចារ្យ ដោយ​បង្រៀន​​​នៅសាកលវិទ្យាល័យ Jesuit Sogang នៅប្រទេសកូរ៉េ ប្រទេសអារ៉ាប់​ខាងត្បូង និងប្រទេសហ្វី​លី​ពីន នាឆ្នាំ ១៩៦៥ដល់​ឆ្នាំ​២០០១។

ក្នុង​ឆ្នាំ​២០០១ លោក​បាន​ទទួល​បេសកកម្ម​ស្ម័គ្រចិត្តមក​ប្រទេស​កម្ពុជា​​តាមរយៈ​អង្គការ​ម៉ារីណុល​ ដោយ​បង្រៀន​ភាសាអង់គ្លេស​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ និង​ចូល​រួម​ជាសាមាជិកភាពនៃ​ក្រុម​អ្នក​នៅលីវ​ដើម្បី​ប្រកាសដំណឹងល្អ។​ លោក​បាន​វិល​ត្រលប់​ទៅសហរដ្ឋ​អាមេរិក​វិញក្នុង​ឆ្នាំ​២០១៣ និង​៤ឆ្នាំ​ក្រោយ​មក​​លោក​បៀល​បានសម្រេចចិត្ត​កម្ពុជាម្តងទៀត រហូតដល់ជីវិត​ចុង​ក្រោយរបស់លោក ​ដោយ​ទទួល​មរណភាព​​នៅក្នុងប្រទេស​កម្ពុជា​កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

ក្នុងពេលធម្មទេសនា ក្នុង​ពិធី​បុណ្យ​សព​នេះ​ លោកបូជាចារ្យឆាលី ឌីដម៉ែយ័រ ជា​បូជាចារ្យនៃ​ក្រុម​គ្រួសារ​ម៉ារីណុល​បាននិយាយពីជីវិតរបស់​លោកបៀល​ថា៖ ដោយបៀល​បានមក​កម្ពុជា​មិនមែនព្រោះ​តែ​គ្មាន​អាហារ​បរិភោគ​នៅ​សហរដ្ឋអាមេរិក​ទេ ហើយ​ក៏​មិនមែន​ព្រោះ​តែ​បញ្ហា​នៅទីនោះដែរ។

លោកបូជាចារ្យ​ឆាលី​បន្ថែមថា ​បៀលមក​ដោយ​សារ​តែ​សេចក្ដី​ស្រឡាញ់​ចំពោះ​បងប្អូន​នៅទីនេះ​ ដើម្បី​ជួយ​ដល់​បងប្អូន​ទៅ​តាម​ជំនាញ​និង​លទ្ធភាព​ដែលគាត់មាន។ បៀលបាន​រៀបចំ​​កន្លែង​ពិសេស​មួយ​នៅក្នុង​បេះដូងរបស់គាត់​ សម្រាប់​ប្រជាជន​កម្ពុជា ជាពិសេស​សម្រាប់​សុភណ្ឌ និង​គ្រួសាររបស់គាត់​ ទោះបីជា​ទំនៀមទម្លាប់ អាហារ​ និង​ភាសា​ខុសគ្នា ប៉ុន្តែសេចក្ដី​​ស្រឡាញ់​បាន​អញ្ជើញ​គាត់​ឱ្យ​ស្នាក់​នៅ​កម្ពុជា​​រហូត​ដល់​ថ្ងៃស្លាប់។

នៅក្នុង​ជីវិត​របស់លោក​បៀល មាន​ទំនាក់​ទំនង​យ៉ាង​ជ្រៅ​ជាមួយ​ជនជាតិខ្មែរ នេះ​បើ​យោង​តាម​ការឱ្យ​ដឹង​ពី ដូនជីរីជីណា ពេលីគ័រ នៃក្រុមគ្រួសារ​ម៉ារីណុលនៅកម្ពុជា​ដែលជាអ្នកអានសារ​លិខិតរបស់ក្រុម​គ្រួសាររបស់​លោកបៀល។

តាម​ខ្លឹមសារ​នៃលិខិត​នោះ​ បានឱ្យដឹងថា «គ្រួសាររលាកបៀល សូមថ្លែងអំណរគុណ​ដល់ប្រជាជន​កម្ពុជា​ទាំ​ងអស់ ដែល​បានរួមចំណែកក្នុងជីវិតរបស់លោកបៀល។ លោក បៀល ពិតជាមានអារម្មណ៍​ថាប្រទេស​កម្ពុជា គឺជាផ្ទះរបស់គាត់ ហើយ​គាត់មាន​បំណង​​តម្កល់អដ្ឋិ​ធាតុនេះ នៅ​ព្រះវិហារដែលគាត់​បានចូលរួម​អភិបូជា​នៅកម្ពុជា។»

លោកបូជាចារ្យ ​ដាមីញ៉ាំង ហ្វារនឺ ប្រោះទឹកប្រទានពរជាចុងក្រោយដល់សពលោក បៀល និង​ទូល​អង្វរ​ព្រះជាម្ចាស់​​ដោយ​ផ្ញើ​គាត់​ក្នុង​ព្រះហស្តរបស់​ព្រះអង្គ ​ ដោយរួមជាមួយក្តីសង្ឃឹម និងជឿ​ជាក់ថា យើងគ្រប់ៗគ្នា ដែលនិងទទួលជីវិតថ្មីដ៏រុងរឿង តាមរយៈព្រះយេស៊ូគ្រីស្ត។

សពលោកបៀលត្រូវបានបូជា ហើយអដ្ឋិធាតុរបស់លោកត្រូវបាន​តម្កល់នៅព្រះវិហារព្រះកុមារបឹងទំពុន នារាជធានីភ្នំពេញ៕

ដោយ​ កកស្រីនិ

Facebook
Twitter
LinkedIn