ក្រុមបងស្រីតូចតាចនៃព្រះយេស៊ូ២រូបនៅកម្ពុជា​វិលត្រលប់ទៅប្រទេសកូរ៉េវិញ

បន្ទាប់​ពី​មាន​បេសកកម្ម​នៅ​ក្នុងប្រទេស​កម្ពុជា​ ជាង១០​ឆ្នាំ​មក​នេះ ក្រុម​គ្រួសារ​បងស្រី​តូចតាច (Little Sisters​ of Jesus) ដែលមាន​សមាជិក​ចំនួន​២​រូប បាន​ធ្វើ​មាតុភូមិ​និវត្តន៍ទៅកាន់​ប្រទេស​កូរ៉េវិញ នាព្រឹកថ្ងៃទី​២៩ ខែ​មីនា ២០២២។

ដូនជីសូហ្វីយ៉ា គីយ៉េន (Sophia Kyeng)មាន​ប្រសាសន៍ឱ្យដឹងថា ទិសដៅ​សំខាន់​របស់​ក្រុម​គ្រួសារ​បងស្រី​តូចតាច​នៃ​ព្រះយេស៊ូ​មក​កម្ពុជា គឺ​ចង់​ពង្រីក​សមាជិក ​នៅ​តាម​បណ្ដាប្រទេស​ក្នុង​ទ្វីបអាស៊ី​បន្ថែមទៀត។​ ក្រុមអ្នកបួសនេះ បាន​មកដល់​កម្ពុជា​ក្នុងឆ្នាំ​២០១១ ដោយ​មាន​បេសកកម្ម​ដំបូង​ក្នុង​ខេត្ត​តាកែវ ហើយ​បាន​មកបម្រើការងារ​នៅ​ទីក្រុងភ្នំពេញ​ក្នុង​ឆ្នាំ​២០១៤។

ដូនជីសូហ្វីយ៉ា បាន​ឲ្យដឹងថា បេសកកម្ម​ក្រុម​បងស្រី​តូចតាច​នៃព្រះយេស៊ូ​ គឺ​រស់នៅ និង​ធ្វើកិច្ចការងារ​តូចតាច ​ដើម្បី​បង្ហាញពី​វត្តមានរបស់ព្រះជាម្ចាស់​ទៅដល់​អ្នក​ក្រីក្រ​តូចតាច​នៅក្នុងសង្គម។

ដូនជី​សូហ្វីយ៉ា​បាន​ឲ្យ​ដឹង​ថា រយៈ​ពេល​៩ឆ្នាំដែលគាត់​និង​ដូនជីម្នាក់ទៀត បាន​រស់នៅ​និង​ធ្វើការងារ​ក្នុងនាម​ជា​ដូនជី​កាតូលិក គឺដើម្បី​បង្ហាញ​សក្ខីកម្ម​ជា​គ្រីស្ត​បរិស័ទ​ទៅដល់​មនុស្ស​ដទៃ​ទៀតក្នុង​កន្លែង​ការងារ។

ដូនជីសូហ្វីយ៉ា ជាជនជាតិកូរ៉េខាង​ត្បូង និយាយ​ខ្មែរ​បាន​ខ្លះៗ ឲ្យដឹងទៀតថា «ខ្ញុំ​មាន​បទពិសោធច្រើន​ជាមួយ​មនុស្សជនជាតិ​​កម្ពុជា។ នៅរោង​ចក្រ ខ្ញុំ​មិន​ត្រឹម​តែជាអ្នក​ធ្វើ​ការ​ជាមួយ​គ្នា ប៉ុន្តែ​ជា​មិត្ត​ភក្តិ ជាបង និងជាអ្នក​ជិត​ខាង​។»

ជាច្រើន​ឆ្នាំ​មក​នេះ​តាម​ការ​សង្កេត​របស់​ក្រុម​ដូនជី បាន​ឲ្យដឹងថា ប្រជាជន​កម្ពុជា​មិន​សូវ​ចាប់​អារម្មណ៍ពីជីវិត​អ្នក​បួស ឬ​គ្រីស្ត​បរិស័ទ​ទេ។ ពួក​គេ​ចាប់​អារម្មណ៍​លើ​ជីវិត​ធម្មតា ដោយ​ក្រៅពី​ធ្វើ​ការ​ងាររួមគ្នា​ ព្រោះ​ពួកគេ​បាន​ផ្សារភ្ជាប់​ជីវិត​​យ៉ាងជ្រៅ​ក្នុងព្រះពុទ្ធសាសនា។ ដូនជីបញ្ជាក់ថា «នៅពេល​ដែល​ខ្ញុំ​និយាយ គេ​លើកពីវត្តមក​ភ្ជាប់ជាមួយ។»

ទោះបីជា​យ៉ាងនេះក្តី ដូនជី​បាន​បន្ថែមថា គាត់​មាន​អំណរ​នៅ «ពេលពួកគេ​មាន​បញ្ហា គេ​អាច​ចែក​រំលែកជាមួយ​ខ្ញុំ​ ដោយ​គេ​គិត​ថា​ខ្ញុំ​ជាអ្នក​បួស ជាមនុស្ស​ចាស់​មាន​បទ​ពិសោធច្រើនអាចទុកចិត្ត​ ចែក​រំលែកពីជីវិត​គេ។​»

ដើម្បី​ឲ្យ​គេ​ស្គាល់​ព្រះយេស៊ូ​និង​ជំនឿ​របស់​ខ្លួន ក្នុងឱកាស​បុណ្យ​ធំៗ ក្រុម​ដូនជី​បានរៀបចំ​កាដូសម្រាប់​កុមារ១៣០នាក់​ដែលជា​កូន​ចៅ​កម្មករកម្មការិនី និង​កុមារ​ក្រីក្រ ដូចជា​​​បុណ្យ​ព្រះយេស៊ូ​ប្រសូតជាដើម ដែល​ធ្វើ​ឲ្យ​ពួកគេ​នឹក​ចាំ​ថ្ងៃនោះ។

ការ​រស់នៅ​ជាមួយ​កម្មករ-រិនី​ក្នុង​រោង​ចក្រ ធ្វើ​ឲ្យ​ក្រុម​ដូនជី​អាច​ចូលទៅ​ក្នុង​ជីវិត​ឯកជន​របស់​ពួកគាត់​បាន​ «​ពេល​ពួក​គេ​មាន​កម្មវិធី​ មាន​ពិធីរៀបការ មាន​បុណ្យផ្សេងៗនៅផ្ទះគេនៅខេត្ត ​ខ្ញុំ​ទៅចូលរួមទៅគេង​នៅផ្ទះគេ ទោះគេ​មិនមក​ព្រះវិហារយើង​ច្រើន​ដង ប៉ុន្តែ​ខ្ញុំ​កន្លែង​គេទៅ​ច្រើនដងនៅវត្ត និង​ផ្ទះ​ដោយរីករាយជាមួយគ្នា​។» ដូនជី សូហ្វីយ៉ាបញ្ជាក់។

​អ្នក​បួស​រូប​នេះ​រៀបរាប់​ទៀតថា “ខ្ញុំ​ធ្លាប់​អញ្ជើញ​ពួកគេ​មក​ព្រះវិហារ​ច្រើន​ដង ប៉ុន្តែពួកគេមិនចូល​ចិត្ត មិន​ចាប់​អារម្មណ៍​ដោយថា នៅ​វត្ត​ពួកគេចាប់​អារម្មណ៍ជាង”។ បងស្រី​បន្តថា នៅពេល​ពួកគេ​មក​ផ្ទះ​យើង ញ៉ាំបាយ​ជាមួយ​គ្នា និយាយ​គ្នា​ពី​ជីវិត​ទូទៅបាន ប៉ុន្តែ​ពួកគេ​មិន​សូវចូលចិត្ត​និយាយពីសាសនាទេ។​

ក្រៅពីជីវិត​ជាកម្មការិនីរោងចក្រដោយប្រកបកិច្ចការ​ជាមួយ​អ្នកក្រីក្រ ក្រុម​បងស្រី​ក៏​បាន​ចូល​រួម​ជាមួយ​សកម្មភាព​ខ្លះៗ​របស់ព្រះសហគមន៍​នៅក្នុង​ក្រុម​ត្រាស់ហៅ ដោយ​ចូល​រួម​បង្ហាញ​វត្ត​មាន​ជាមួយ​ក្រុម​អេម៉ាណូអែលនិង​សាម៉ូអែលផងដែរ។

ក្រុមគ្រួសារបងស្រីតូចតាចនៃព្រះយេស៊ូមាន​វត្តមាន​ជិត​៣០០ប្រទេសទូទាំង​ពិភពលោក ដោយ​មាន​ដូនជី​ជិត​១៣០០នាក់។ ហើយ​នៅ​ពេលនេះ សមាជិក​២​រូប គឺដូនជីសូហ្វីយ៉ា គីយ៉េង(Sophia Kyeng) និង​បងស្រី​អាណា ហឿង (Anna Huong) ​បាន​ត្រលប់​ទៅវិញ​នាថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០២២៕​

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn