អភិបូជាបុណ្យទេវទូតជូនដំណឹងធ្វើនៅព្រះសហគមន៍ក្សត្រីនៃសន្តិភាពអរិយក្សត្រ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២

អត្ថបទ​ទី​១៖ អេសាយ ៧,១០-១៤. ៨,១០ មើល៍! ស្ត្រី​ព្រហ្ម‌ចារី​នឹង​មាន​ផ្ទៃ​ពោះ។ អស ៧,១៤ អត្ថបទ​ទី​២៖ ហេប្រឺ ១០,៤-១០ «ឥឡូវ​នេះ ទូលបង្គំ​សូម​មកធ្វើ​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ»។ ហប ១០,៩ ដំណឹង​ល្អ៖ លូកា ១,២៦-៣៨ ចូរ​មាន​អំណរ​សប្បាយ​ឡើង! លក ១,២៨

“តាម​រយៈ​ព្រះនាង​ម៉ារី​យើង​មើល​ឃើញ​ស្ថាន​បរម​សុខ”

បង​ប្អូន​ជា​ទី​ស្រឡាញ់

យុវនារី​នឹង​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​បាន​បុត្រ​មួយ​ហើយ​ថ្វាយ​ព្រះនាម​ថា អេម៉ាណូអែល គឺ​ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​យើង” នេះ​ជា​ព្រះបន្ទូល​ដែល​ព្យាការី​អេសាយ​បាន​ថ្លែង មុន​ព្រះនាង​ម៉ារី​បាន​ទទួល​ដំណឹង​ទៅ​ជា​មាតា​របស់​ព្រះជាម្ចាស់។ ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទឹក​ដី​របស់​ព្រះយេស៊ូ​នៅ​ប្រទេស​អ៊ីស្រាអែល ខ្ញុំ​បាន​ទៅ​ដល់​ផ្ទះ​របស់​ព្រះនាង​ម៉ារី​ដែល​នៅ​សល់​ថ្ម​ខ្លះៗ។ នៅ​ក្នុង​ផ្ទះ​នោះ គេ​បាន​សរសេរ​ពាក្យ​ស្លោក​ជា​ភាសា​ឡាតាំង​ដែល​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា “គឺ​នៅ​កន្លែង​ហ្នឹង​ព្រះយេស៊ូ​ជា​អម្ចាស់​ចាប់​កំណើត​ជា​មនុស្ស”។ ថ្ងៃ​នេះ ជា​ថ្ងៃ​ដែល​យើង​នឹក​រលឹក​ដល់​ថ្ងៃ​ដែល​ព្រះយេស៊ូ បាន​ចាប់​កំណើត​ជា​មនុស្ស​នៅ​ក្នុង​ផ្ទៃ​ពោះ​របស់​ព្រះនាង​ម៉ារី។ ព្រះបន្ទូល​តាម​រយៈ​ព្យាការី​អេសាយ បាន​ក្លាយ​ទៅ​ជា​ព្រះបន្ទូល​យ៉ាង​ជាក់​ស្តែង “យុវនារី (គឺ​ព្រះនាង​ម៉ារី) នឹង​មាន​ផ្ទៃ​ពោះ (ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ) នាង​នឹង​សម្រាល​បាន​បុត្រ​មួយ (គឺ​ព្រះយេស៊ូ​ដែល​ជា​ព្រះអម្ចាស់) ហើយ​ថ្វាយ​ព្រះនាម​ថា​អេម៉ាណូអែល (ព្រះអម្ចាស់​គង់​នៅ​ជា​មួយ​យើង)”។

ដំណឹង​ល្អ​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ ដំណឹង​ល្អ​ដែល​យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង​នៅ​ក្នុង​ព្រះនាង​ម៉ារី។ ដោយសារ ព្រះនាង​ម៉ារី​បាន​ឯកភាព​ជា​មួយ​ព្រះជាម្ចាស់ ដើម្បី​ចូល​នៅ​ក្នុង​ព្រះហឫទ័យ​របស់​ព្រះអង្គ ដោយ​បាន​ឆ្លើយ​ថា “នាង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ សូម​ឱ្យ​បាន​សម្រេច​តាម​ពាក្យ​របស់​លោក​ចុះ”។ នេះ​ជា​ព្រះបន្ទូល​មួយ ដែល​បាន​ណែនាំ​ឱ្យ​ពិភព​លោក​ជាង​២០០០​ឆ្នាំ​កន្លង​មក​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ មាន​សេចក្តី​សង្ឃឹម ដោយសារ​នៅ​ពេល​ព្រះនាង​ម៉ារី​ចាប់​ផ្តើម​ឆ្ងល់ “ធ្វើ​ដូច​ម្តេច​ដើម្បី​មាន​កូន​បាន” នៅ​ពេល​នោះ​ទេវទូត​កាព្រីអែល​បាន​បង្ហាញ​ប្រាប់​ថា ទោះ​បី​យាយ​អេឡីសាបែត​ដែល​ជា​ស្ត្រី​អារ និង​មាន​វ័យ​ចាស់​ហើយ មាន​ផ្ទៃ​ពោះ​ដែរ “ព្រោះ​គ្មាន​ការ​អ្វី​ដែល​ព្រះជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ”។ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង ប្រសិន​បើ​យើង​មើល​ព្រះនាង​ម៉ារី​ដែល​ជា​យុវនារី​ម្នាក់ មិន​ទាន់​រៀប​ការ​ហើយ​កំពុង​ត្រៀម​ខ្លួន​រៀប​ការ​ជា​មួយ​លោក​យ៉ូសែប។ ដូច្នេះ​យុវនារី​ម្នាក់​ដូច​ម៉ារី តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់​បាន? ដោយសារ “ព្រោះ​គ្មាន​ការ​អ្វី​ដែល​ព្រះជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ” មូល​ហេតុ​តែ​មួយ​គឺ​ព្រះជាម្ចាស់។

ដូច្នេះ ថ្ងៃ​នេះ​ការ​អធិដ្ឋាន​របស់​យើង​ពោរពេញ​ដោយ​អត្ថន័យ នៅ​ពេល​យើង​ទូល​អង្វរ​ព្រះជាម្ចាស់​តាម​រយៈ​ព្រះនាង​ម៉ារី យើង​បាន​មើល​ឃើញ​ព្រះនាង​ម៉ារី​ដល​បាន​ធ្វើ​ដំណើរ​នៅ​ក្នុង​ជីវិត​របស់​យើង នៅ​ពេល​ព្រះនាង​ម៉ារី​ជា​ម្តាយ​របស់​ព្រះជាម្ចាស់។ ប៉ុន្តែ នៅ​ពេល​ព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរម​សុខ​យើង​ដឹង​ថា ព្រះនាង​ម៉ារី​ជា​មាតា​របស់​យើង​និង​បន្ត​ធ្វើ​ដំណើរ​ជា​មួយ​យើង។ នៅ​ពេល​យើង​អធិដ្ឋាន​យើង​បាន​ស្តាប់៖

ទី​១ ព្រះនាង​ម៉ារី​ជា​តារា​សមុទ្រ ដែល​មាន​អត្ថន័យ​ដ៏​ជ្រៅ​ណាស់។ នៅ​ក្នុង​សមុទ្រ នៅ​ពេល​មាន​ព្យុះ នៅ​ពេល​មាន​ខ្យល់​ដែល​បោក​បក់​ខ្លាំង អ្នក​ដែល​កំពុង​ជិះ​ទូក​គេ​ភ័យ​ខ្លាច​ណាស់ ប៉ុន្តែ​តារា​សមុទ្រ​ណែនាំ​ឱ្យ​គេ​មើល​ឃើញ​ផ្លូវ មើល​ឃើញ​កន្លែង​ដែល​គេ​ត្រូវ​ការ​ទៅ។ ដោយសារ មាន​ភ្លើង​មួយ​ដែល​បំភ្លឺ​យើង ដើម្បី​ធ្វើ​ដំណើរ​ទៅ​មុខ នេះ​ជា​ព្រះនាង​ម៉ារី។ នៅ​ក្នុង​ជីវិត​របស់​យើង ប៉ុន្មាន​ដង​ប៉ុន្មាន​សារ​យើង​នៅ​ក្នុង​ភាព​ងងឹត​ដែរ ប៉ុន្មាន​ដង​ប៉ុន្មាន​សារ​យើង​គិត​ថា​យើង​មើល​មិន​ឃើញ​ផ្លូវ។ ប៉ុន្តែ ប្រសិន​បើ​យើង​បើក​ភ្នែក​បន្តិច យើង​នឹក​ឃើញ​ដល់​ព្រះនាង​ម៉ារី​យើង​ដឹង​ថា​ព្រះនាង​ម៉ារី​ជា​តារា​សមុទ្រ ដែល​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​ផ្លូវ។ ដូច​ពី​ដើម​ហោរាចារ្យ​បាន​ដើរ​តាម​ផ្លូវ ដើម្បី​រក​ឃើញ​ព្រះឱរស្ត​យេស៊ូ​ដែល​ជា​ព្រះ​សង្រ្គោះ​នៅ​ក្នុង​ភូមិ​បេថ្លេហិម។

ទី​២ ព្រះនាង​ម៉ារី​ជា​ស្ពាន​នៃ​សម្ពន្ធ​មេត្រី​ថ្មី ព្រះនាង​ម៉ារី​បាន​ណែនាំ​នៅ​ក្នុង​ព្រះយេស៊ូ​ឱ្យ​យើង​ចេញ​ពី​សម្ពន្ធ​មេត្រី​ចាស់ ដើម្បី​ចូល​នៅ​ក្នុង​សម្ពន្ធ​មេត្រី​ថ្មី។ មាន​ន័យ​ថា យើង​ចូល​នៅ​ក្នុង​ជីវិត​ថ្មី​ជា​មួយ​ព្រះយេស៊ូ ដោយសារ​ព្រះនាង​ម៉ារី​បាន​ប្រទាន​ព្រះបុត្រា​ឱ្យ​ពិភព​លោក។ នៅ​ក្នុង​ព្រះយេស៊ូ ព្រះជាម្ចាស់​ដូច​ជា​បាន​ចង​សម្ពន្ធ​មេត្រី ដែល​ជា​សម្ពន្ធ​មេត្រី​អស់​កល្ប​ជានិច្ច​រវាង​យើង​នឹង​ព្រះជាម្ចាស់ នៅ​ក្នុង​ព្រះយេស៊ូ​ដោយ​សារ​ព្រះនាង​ម៉ារី។ ណែនាំ​ឱ្យ​យើង​មាន​គម្រោង​ការ​ថ្មី មាន​ផ្លូវ​ថ្មី ដើម្បី​សម្រុះ​សម្រួល​គ្នា។ ដោយសារ​ពី​សម័យ​ដើម នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​យើង​ដើម្បី​ឱ្យ​យើង​មាន​សេចក្តី​សុខ យើង​បាន​ធ្វើ​អំពើ​បាប​ច្រើន។ ព្រះជាម្ចាស់​បាន​ខិត​ខំ​រក​មធ្យោបាយ​ច្រើន​ណាស់ ដើម្បី​លើក​លែង​ទោស​ឱ្យ​យើង ដើម្បី​សង្រ្គោះ​យើង ដើម្បី​ឱ្យ​យើង​អាច​ទៅ​មុខ​ត​ទៅ​ទៀត។ ប៉ុន្តែ នៅ​ក្នុង​ព្រះយេស៊ូ​យើង​ដល់​កំពូល​នៃ​គម្រោង​ការ​របស់​ព្រះជាម្ចាស់ ព្រះជាម្ចាស់​បាន​ចាត់​ព្រះបុត្រា​ឱ្យ​យាង​មក​លើ​ផែនដី​នេះ ដោយសារ​ព្រះជាម្ចាស់​ស្រឡាញ់​យើង។ ដូច្នេះ ដោយសារ​ព្រះនាង​ម៉ារី​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង ផ្លូវ​ដែល​យើង​មាន​ដើម្បី​សម្រុះ​សម្រួល​គ្នា ដើម្បី​ឱ្យ​ជីវិត​របស់​យើង​រក​ឃើញ​សេចក្តី​សុខ ដោយសារ​យើង​លើក​លែង​ទោស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

ទី​៣ ព្រះនាង​ម៉ារី​នៅ​លើ​ផែនដី​នេះ​ជា​សញ្ញា​សម្គាល់​នៃ​ស្ថាន​បរម​សុខ យើង​ដឹង​ថា​ព្រះនាង​ម៉ារី​មិន​បាន​ស្លាប់​ទេ ព្រះនាង​ម៉ារី​បាន​ចូល​ដេក​ដើម្បី​ឡើង​ស្ថាន​បរម​សុខ​តែ​ម្តង។ ព្រះនាង​ម៉ារី​នៅ​លើ​ផែន​ដី​នេះ ជា​សញ្ញា​សម្គាល់​នៃ​ស្ថាន​បរម​សុខ​ដែល​កំពុង​កើត​ឡើង ណែនាំ​ឱ្យ​មនុស្ស​លោក​រក​ឃើញ​សុខដុមរមនា។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ ពេល​យើង​បាត់​បង់​សុខដុមរមនា​យើង​ឥត​មាន​សេចក្តី​សុខ​ទេ នៅ​ពេល​យើង​លែង​យល់​ចិត្ត​គ្នា​យើង​លែង​ទៅ​មុខ​បាន។ ដោយសារ ព្រះនាង​ម៉ារី​ជា​សញ្ញា​នៃ​ស្ថាន​បរម​សុខ​លើ​ផែនដី​នេះ យើង​ដឹង​ថា​ព្រះនាង​ម៉ារី​បាន​ណែនាំ​ឱ្យ​អំពើ​ហិង្សា ការ​ស្អប់​គ្នា​រលត់​បាន។ ព្រះនាង​ម៉ារី​បាន​ណែនាំ​ឱ្យ​ការ​សង​សឹក​របស់​យើង​កាត់​បន្ថយ ព្រះនាង​ម៉ារី​ណែនាំ​ឱ្យ​យើង​យល់​អំពី​ការ​លើក​លែង​ទោស។ ដោយសារ ព្រះនាង​ម៉ារី​យើង​មើល​ឃើញ​ស្ថាន​បរម​សុខ នៅ​ពេល​យើង​ទៅ​ដល់​ស្ថាន​បរម​សុខ​យើង​មាន​ទាំង​អស់​ដ៏​ពេញ​លក្ខណៈ។ ប៉ុន្តែ សេចក្តី​សង្ឃឹម​នៅ​លើ​ផែនដី​នេះ គឺ​យើង​ត្រូវ​ចាប់​ផ្តើម​បំផ្លាញ​ការ​សង​សឹក​គ្នា យើង​ត្រូវ​ចាប់​ផ្តើម​កាត់​បន្ថយ​ការ​ស្អប់​គ្នា យើង​ត្រូវ​ចាប់​ផ្តើម​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​លើក​លែង​ទោស​ឱ្យ​គ្នា។ លើស​ពី​នេះ​ទៅ​ទៀត ព្រះនាង​ម៉ារី​បាន​រំដោះ​យើង​ចេញ​ពី​សង្រ្គាម ព្រះនាង​ម៉ារី​ថែរក្សា​ពិភព​លោក​កុំ​ឱ្យ​សង្រ្គាម​បំផ្លាញ​យើង​ទាំង​អស់។ យើង​ដឹង​ហើយ​ថា ពិភព​លោក​ជា​ព្រះរាជ​របស់​ព្រះជាម្ចាស់​ដែល​កំពុង​កើត​ឡើង​មិន​ទាន់​ពេញ​លក្ខណៈ។ ប៉ុន្តែ វត្តមាន​របស់​ព្រះនាង​ម៉ារី​បាន​បង្ហាញ​ថា ពិត​មែន​ព្រះរាជ​របស់​ព្រះជាម្ចាស់​ចាប់​ផ្តើម​កើត​ឡើង ហើយ​យើង​ចូល​នៅ​ក្នុង​គម្រោង​ការ​ដ៏​អស្ចារ្យ​នេះ។

ទី​៤ ព្រះនាង​ម៉ារី​ជា​ព្រះមហាក្សត្រី​នៃ​ព្រះមាលា នៅ​ពេល​យើង​អធិដ្ឋាន​ផ្គាំ​ព្រះមាលា​យើង​មើល​ឃើញ​អាថ៌​កំបាំង​នៃ​ជីវិត​របស់​ព្រះនាង​ម៉ារី និង​ព្រះយេស៊ូ យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះជាម្ចាស់​ទាំង​អស់។ អំណរ​សប្បាយ ទុក្ខ​លំបាក សិរីរុងរឿង ពន្លឺ នេះ​បាន​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះជាម្ចាស់ ណែនាំ​ឱ្យ​យើង​ចង់​អធិដ្ឋាន​ថែម​ទៀត ណែនាំ​ឱ្យ​យើង​ចង់​ស្រឡាញ់​គ្នា​ថែម​ទៀត។

ទី​៥ ព្រះនាង​ម៉ារី​ជា​មហាក្សត្រី​នៃ​ក្រុម​គ្រួសារ​ទាំង​មូល​នៅ​ក្នុង​ពិភព​លោក និង​បង្ហាញ​ផ្លូវ​ដើម្បី​ឱ្យ​យើង​ចេះ​ទទួល​ស្គាល់​ថា ពិត​មែន​យើង​ជា​បង​ប្អូន​គ្នា។ ឥត​មាន​ផ្លូវ​ផ្សេង​ទេ នៅ​ពេល​យើង​ចេះ​ទទួល​ស្គាល់​ថា​មនុស្ស​ទាំង​អស់​ជា​បង​ប្អូន​យើង ជា​បង​ប្អូន​បង្កើត​នៅ​ក្នុង​ព្រះយេស៊ូ​គ្រីស្ត យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​សម្លាប់​គេ យើង​ធ្វើ​ដូច​ម្តេច​យើង​អាច​សម្លាប់​បង​ប្អូន​យើង យើង​ធ្វើ​មិន​បាន​ទេ។ ដូច្នេះ នៅ​ក្នុង​ព្រះនាង​ម៉ារី​យើង​ដឹង​ថា​យើង​មាន​ម្តាយ​របស់​យើង​ទាំង​អស់ នៅ​ពេល​យើង​មាន​ម្តាយ​ដូច​គ្នា​ទាំង​អស់​មាន​ន័យ​ថា​យើង​ជា​គ្រួសារ​តែ​មួយ មាន​ន័យ​ថា​យើង​ជា​បង​ប្អូន​បង្កើត។ សញ្ជាតិ​អ្វី​ក៏​ដោយ ចាស់​ក្តី ក្មេង​ក្តី យើង​ជា​គ្រួសារ​តែ​មួយ ដោយសារ​យើង​មាន​ម្តាយ​តែ​មួយ ដោយសារ​យើង​មាន​ព្រះបិតា​តែ​មួយ។ នេះ​ជា​អ្វី ដែល​ព្រះនាង​ម៉ារី​បាន​ធ្វើ​ឱ្យ​យើង​មើល​ឃើញ​ផ្លូវ​សម្រាប់​ប្រជាជាតិ​នានា ផ្លូវ​នៃ​ភាតរភាព​ដោយ​ដឹង​ថា​យើង​ជា​បង​ប្អូន​គ្នា។

ទី​៦ ព្រះនាង​ម៉ារី​ជា​ព្រះមហាក្សត្រី​នៃ​សន្តិភាព សម្រាប់​យើង​ដែល​នៅ​អរិយក្សត្រ​ថ្ងៃ​នេះ ពោរពេញ​ដោយ​អត្ថន័យ។ ដោយសារ រូប​សំណាក​ទី​១​របស់​ព្រះនាង​ម៉ារី​ដែល​យើង​បាន​រក​ឃើញ​នៅ​ឆ្នាំ​២០០៨ យើង​បាន​ដាក់​ឈ្មោះ​ថា “ព្រះនាង​ម៉ារី​នៃ​ទន្លេ​មេគង្គ​ដែល​ជា​ព្រះមហាក្សត្រី​នៃ​សន្តិភាព”។ ដូច្នេះ ថ្ងៃ​នេះ​នៅ​ពេល​យើង​មក​ដល់​ទី​នេះ យើង​បាន​អធិដ្ឋាន​ទូល​អង្វរ​ព្រះជាម្ចាស់​តាម​រយៈ​ព្រះនាង​ម៉ារី ដើម្បី​ឱ្យ​សេចក្តី​សុខ​យាង​មក​នៅ​លើ​ផែនដី​នេះ។ អ្វីៗ​ទាំង​អស់​នេះ យើង​អាច​ធ្វើ​បាន​ដោយ​សារ​យើង​ដឹង​ថា “ព្រោះ​គ្មាន​ការ​អ្វី​ដែល​ព្រះជាម្ចាស់​ធ្វើ​មិន​កើត​នោះ​ឡើយ”។ អ្វីៗ​ទាំង​អស់​ព្រះជាម្ចាស់​អាច​ធ្វើ​បាន លុះត្រាតែ​យើង​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់។

យើង​អធិដ្ឋាន​ដើម្បី​ឱ្យ​ព្រះសហគមន៍​របស់​យើង ទៅ​ជា​សញ្ញា​សម្គាល់​នៃ​ការ​ទុក​ចិត្ត​ទៅ​លើ​ព្រះជាម្ចាស់ ដើម្បី​ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​ទៅ​មុខ​នៅ​ក្នុង​សេចក្តី​សង្ឃឹម ដោយ​មាន​ព្រះនាង​ម៉ារី​ដែល​ដឹក​នាំ​ផ្លូវ​យើង​ខ្ញុំ​ជា​ប្រចាំ​ថ្ងៃ៕

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn