អភិបូជា​រំលឹកសន្តយ៉ូសែបធ្វើ​នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែបសែនសុខ ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២២

អត្ថបទ​ទី១៖ សាមូអែល​ទី​២ ៧,៤-៥.១២-១៤.១៦ ពេល​ណា​អ្នក​លា​ចាក​លោក​នេះ​ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក។ ២​សម ៧,១២ អត្ថបទ​ទី២៖ រ៉ូម ៤,១៣.១៦-១៨.២២ តាម​សេចក្ដី​សុចរិត​ដែល​បាន​មក​ពី​ជំនឿ​វិញ។ រម ៤,១៣ ដំណឹងល្អ៖ ម៉ាថាយ ១,១៦.១៨-២១.២៥ លោក​យ៉ូសែប ស្វាមី​របស់​នាង​ជា​មនុស្ស​សុចរិត លោក​មិន​ចង់​បំបាក់​មុខ​នាង​ឡើយ។ មថ ១,១៩

“ភាព​សុចរិត​និង​ជំនឿ”

បង​ប្អូន​ជា​ទី​ស្រឡាញ់

ថ្ងៃ​នេះ យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយសារ​ព្រះសហគមន៍​ណែនាំ​ឲ្យ​យើង​គោរព​សន្ត​យ៉ូសែប។ ជីវិត​របស់​យើង​ត្រូវ​ការ​មាន​គំរូ​ដើម្បី​ទៅ​មុខ យើង​មាន​គំរូ​យ៉ាង​ពិសេស​គឺ​ព្រះយេស៊ូ​ពិត​មែន តែ​ព្រះយេស៊ូ​ភ្ជាប់​ជា​មួយ​យើង ព្រះយេស៊ូ​ជា​ព្រះជាម្ចាស់​ផង ជា​មនុស្ស​ផង។ សន្ត​យ៉ូសែប ជា​មនុស្ស​សាមញ្ញ​ធម្មតា​ដូច​ព្រះនាង​ម៉ារី ដែល​រស់​នៅ​ក្នុង​សង្គម​ពី​ដើម ដែល​នៅ​រស់​ជា​គ្រួសារ​មួយ​ដែល​ត្រៀម​ខ្លួន​រៀប​ការ ដែល​មាន​ការងារ​ធ្វើ​ជា​ជាង​ឈើ។ ប៉ុន្តែ សន្ត​យ៉ូសែប​បាន​ធ្វើ​ជា​គំរូ​សម្រាប់​យើង ដោយសារ​សន្ត​យ៉ូសែប​ពី​ដើម​រៀង​មក​បាន​ដើរ​តាម​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់។

គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង ដែល​យើង​ឃើញ យើង​មាន​រូប​សន្ត​យ៉ូសែប យើង​ឃើញ​ផ្កា​មួយ​គឺ​ផ្កា​លីលី​ពណ៌ស។ នេះ​ជា​ផ្កា​របស់​សន្ត​យ៉ូសែប សន្តី​តេរេសា​គឺ​មាន​ផ្កា​កុលាប និង​សន្ត​យ៉ូសែប​គឺ​ផ្កា​លីលី​ពណ៌​ស ដោយសារ​ដើម្បី​នឹក​ឃើញ​ថា​សន្ត​យ៉ូសែប​ជា​មនុស្ស​សុចរិត ផ្កា​លីលី​ពណ៌​ស​ជា​និមិត្ត​រូប​នៃ​មនុស្ស​សុចរិត។ ថ្ងៃ​នេះ យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​សន្ត​យ៉ូសែប​ដែល​ជា​មនុស្ស​សុចរិត។ មនុស្ស​សុចរិត យើង​បាន​ស្ដាប់​ម្ដងៗ​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ថ្ងៃ​នេះ​យើង​បាន​ស្ដាប់​អំពី​លោក​អាប្រាហាំ​នៅ​ក្នុង​អត្ថបទ​ទី​ពីរ។ លោក​អាប្រាហាំ ជា​មនុស្ស​សុចរិត​ដោយសារ​លោក​អាប្រាហាំ​បាន​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះជាម្ចាស់។ ដោយសារ​លោក​អាប្រាហាំ​ជា​មនុស្ស​យ៉ាង​ត្រឹម​ត្រូវ ដែល​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ រហូត​ដល់​សុខ​ចិត្ត​យក​កូន​តែ​ម្នាក់​គត់ ដែល​គាត់​បាន​ទទួល​នៅ​ពេល​គាត់​មាន​អាយុ​ចាស់​ហើយ​ទៅ​បូជា នៅ​ពេល​ព្រះជាម្ចាស់​ឲ្យ​ធ្វើ​សក្ការ​បូជា។ ប៉ុន្តែ មុន​ពេល​គាត់​សម្លាប់​កូន​ផ្ទាល់ ព្រះជាម្ចាស់​បាន​ហាម​ថា​ឈប់​ទៅ ហើយ​យក​ចៀម​មួយ​ដើម្បី​សម្លាប់​ជំនួស។ ព្រះជាម្ចាស់ បាន​សាក​លមើល​ជំនឿ​និង​ភាព​សុចរិត​របស់​លោក​អាប្រាហាំ។

ពី​ដើម​រៀង​មក យើង​មាន​មនុស្ស​សុចរិត​យ៉ាង​ច្រើន​ដែល​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ព្រះជាម្ចាស់ ប៉ុន្តែ​ភាព​សុចរិត​មក​ពី​ណា មិន​មែន​មក​ពី​គេ​មាន​កម្លាំង មិន​មែន​មក​ពី​គេ​ជា​មនុស្ស​ជា​មនុស្ស​ពិសេស មិន​មែន​មក​ពី​គេ​ជា​មនុស្ស​ប្លែក គឺ​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ដោយសារ ភាព​សុចរិត​យើង​អាច​បក​ប្រែ​ថា​ដ៏​វិសុទ្ធ យើង​ដឹង​ថា​មាន​តែ​ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​វិសុទ្ធ។ រាល់​អភិបូជា​យើង​ច្រៀង ព្រះ​ដ៏​វិសុទ្ធ ព្រះ​ដ៏​វិសុទ្ធ ព្រះ​ដ៏​វិសុទ្ធ នេះ​ជា​ព្រះជាម្ចាស់​របស់​យើង។ ភាព​ដ៏​វិសុទ្ធ​របស់​ព្រះជាម្ចាស់​ហៀរ​ចូល​នៅ​ក្នុង​ខ្លួន​យើង ដើម្បី​ឲ្យ​យើង​ទៅ​ជា​មនុស្ស​សុចរិត។ ដូច្នេះ ថ្ងៃ​នេះ​យើង​ត្រូវ​ការ​យល់ ដើម្បី​ធ្វើ​ដំណើរ​នៅ​លើ​ផែនដី​នេះ ដើម្បី​ធ្វើ​ដំណើរ​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន​នេះ ឱ្យ​យើង​ធ្វើ​ដូច​ម្ដេច​ដើម្បី​ឱ្យ​ព្រះជាម្ចាស់​ថែ​រក្សា​យើង។ ធ្វើ​ដូច​ម្ដេច​ដើម្បី​ឱ្យ​ព្រះជាម្ចាស់ ណែនាំ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដូច​លោក​យ៉ូសែប។

ប៉ុន្តែ ភាព​សុចរិត​មិន​ទាន់​គ្រប់​គ្រាន់​ទេ យើង​មើល​លោក​យ៉ូសែប​ជា​មនុស្ស​ម្នាក់​ដែល​មាន​ជំនឿ​ទៅ​លើ​ព្រះជាម្ចាស់។ ដូច​លោក​ប៉ូល​បាន​រំលឹក “តាមពិតយើងបានទទួលពិភពលោកជាមរតក”ដូច​លោក​អាប្រាហាំ​ពី​ដើម។ មិន​មែន​ដោយ​សារ លោក​អាប្រាហាំ​ជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ធ្វើ​តាម​ធម្ម​វិន័យ មិន​មែន​ដោយ​សារ​គាត់​ធ្វើ​អំពើ​ល្អ។ ប៉ុន្តែ ដោយសារ​លោក​អាប្រាហាំ​ជា​មនុស្ស​សុចរិត ដោយសារ​លោក​មាន​ជំនឿ។ ដូច្នេះ យើង​ទៅ​ជា​មនុស្ស​សុចរិត​យ៉ាង​ត្រឹម​ត្រូវ​ដែល​ស្រឡាញ់​ព្រះជាម្ចាស់ ដោយសារ​យើង​មាន​ជំនឿ ជំនឿ​ដែល​មក​ពី​ព្រះជាម្ចាស់។ យើង​មើល​យ៉ាង​ជាក់​ស្ដែង​អំពី​លោក​យ៉ូសែប តាម​ពិត​លោក​យ៉ូសែប​ថ្ងៃ​នេះ​នៅ​ក្នុង​គម្ពីរ​យើង​ស្ដាប់​ហើយ។ គាត់​ដូច​ជា​ឈឺ​ចិត្ត​ណាស់ ដោយសារ​គូដណ្ដឹង​គាត់​គឺ​ព្រះនាង​ម៉ារី បែរជា​មាន​ផ្ទៃ​ពោះ មាន​ផ្ទៃ​ពោះ​ដោយ​មិន​បាន​នៅ​ជា​មួយ​គ្នា។ ដូច្នេះ គាត់​កំពុង​ឈឺ​ចិត្ត​មែន​ទែន គាត់​គិត​ថា​ព្រះនាង​ម៉ារី​បាន​ក្បត់​គាត់​ជា​មួយ​ប្រុស​មួយ​ទៀត។ ប៉ុន្តែ លោក​យ៉ូសែប​ដែល​ជា​មនុស្ស​សុចរិត សុខ​ចិត្ត​លះ​បង់​ព្រះនាង​ម៉ារី​ដោយ​ភាព​ស្ងៀម​ស្ងាត់ កុំ​ឲ្យ​មាន​រឿង​ធំ។ ដោយសារ យើង​ស្គាល់​សម័យ​នោះ​អត់​ទាន់​មាន​ហ្វេសប៊ុក អត់​ទាន់​មាន​បណ្តាញ​សង្គម​ដើម្បី​ផ្សាយ​ព័ត៌មាន។ ប៉ុន្តែ មនុស្ស​នៅ​ក្នុង​ភូមិ​ពូកែ​និយាយ​ដើម​គេ លោក​យ៉ូសែប​យល់​ថា​កុំ​ឱ្យ​ព្រះនាង​ម៉ារី​ខ្មាស់​គេ គាត់​សុខ​ចិត្ត​ទៅ​ស្ងាត់ៗ។

ប៉ុន្តែ ព្រះជាម្ចាស់​មាន​គម្រោង​ការ​ផ្សេង តាម​ពិត​លោក​យ៉ូសែប​អត់​ទាន់​យល់​ទេ​អំពី​គម្រោង​ការ​នេះ​ទេ។ ព្រះជាម្ចាស់​បាន​បំភ្លឺ​គាត់ បំភ្លឺ​ការ​ពិសេស​បំផុត ការ​អស្ចារ្យ​មែន​ទែន តាម​ពិត​ព្រះនាង​ម៉ារី​មាន​ផ្ទៃ​ពោះ​ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ពេល​លោក​យ៉ូសែប​ស្ដាប់ហើយ គាត់​មិន​យល់​អ្វី​សោះ ព្រោះ​អត់​ដែល​ឮ​ថា​យើង​មាន​ផ្ទៃ​ពោះ​ដោយសារ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ទេ។ ប៉ុន្តែ លោក​យ៉ូសែប​ជា​មនុស្ស​សុចរិត​ដែល​មាន​ជំនឿ ដូច្នេះ​ពេល​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​រួច​ហើយ គាត់​ជឿ​លើ​ព្រះជាម្ចាស់។ គាត់​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់ គាត់​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ ដែល​ណែនាំ​ឱ្យ​កែប្រែ​គម្រោង​ការ​របស់​គាត់ ដែល​គាត់​មាន​ទុក​ពី​មុន​ដោយ​ចង់​សម្រេច​ចិត្ត​ចោល​ព្រះនាង​ម៉ារី។

ឱ្យ​យើង​មើល​ជីវិត​របស់​យើង ប៉ុន្មាន​ដង​យើង​រៀប​គម្រោង​ការ ប៉ុន្មាន​ដង​យើង​រៀប​ចំ​ខ្លួន ប៉ុន្តែ​ក្រោយ​មក​មាន​ព្រឹត្តិការណ៍​មួយ ដែល​ណែនាំ​ឱ្យ​យើង​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ទាំង​អស់។ បើ​សិន​បើ យើង​មើល​ពីរ​ឆ្នាំ​កន្លង​មក អ្នក​ណា​បាន​គិត​ថា​ជំងឺ​កូវីដ-១៩ ដែល​ចូល​នៅ​ក្នុង​សាកល​លោក។  នៅ​ប្រទេស​កម្ពុជា យើង​សើច​ដោយ​សារ​យើង​គិត​ថា​នឹង​គ្មាន​ជំងឺ​កូវីដ-១៩​ចូល​មក​ក្នុង​ប្រទេស​យើង​នោះ​ទេ។ ប៉ុន្តែ ឆ្នាំ​មុន​យើង​បាន​បិទ​ទ្វារ បិទ​ផ្លូវ បិទ​សកម្មភាព​សាសនា បិទ​សាលា បិទ​សកម្មភាព​ទាំង​អស់​ដោយសារ​ជំងឺ​កូវីដ-១៩​ចាប់​ផ្ដើម​ចូល។ ដូច្នេះ គម្រោង​ការ​របស់​យើង​បើ​សិន​បើ​យើង​ពិចារណា​បាន​ប្រែប្រួល​អស់​ហើយ។ យើង​ជា​សិស្ស​សាលា​ក្ដី​ក៏​ទៅ​រៀន​នៅ​សាលា​មិន​បាន យើង​ជា​អ្នក​រក​ស៊ី​ក៏​រក​ស៊ី​មិន​បាន យើង​ជា​គ្រីស្ត​បរិស័ទ​ក៏​ចូល​ព្រះវិហារ​មិន​បាន។

ប៉ុន្តែ ទោះ​បី​មាន​ការ​ប្រែប្រួល​នៅ​ក្នុង​គម្រោង​ការ​របស់​យើង យើង​ត្រូវ​តែ​សំលឹង​មើល តើ​ព្រះជាម្ចាស់បានរៀបចំ​អ្វី​ខ្លះសម្រាប់យើង? កុំ​ឱ្យ​យើង​លះ​បង់​ចោល​ភាព​សុចរិត​និង​ជំនឿ​របស់​យើង ព្រះជាម្ចាស់​បាន​ចូល​នៅ​ក្នុង​សុបិន​និមិត្ត​របស់​លោក​យ៉ូសែប ដើម្បី​បំភ្លឺ​គាត់។ គាត់​បាន​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់ នេះ​ជា​សញ្ញា​សម្គាល់​ថា​គាត់​មាន​ជំនឿ​ដ៏​ពិត​ប្រាកដ​មែន។ អាទិត្យ​មុន​ខ្ញុំ​បាន​ទៅ​ផ្លូវ​ត្រី គ្រីស្តបរិស័ទ​យើង​បាន​ផ្តល់​សក្ខីភាព​របស់​គេ​នៅ​ពេល​មាន​ជំងឺ​កូវីដ-១៩ រាតត្បាត​ក្នុង​ប្រទេស​កម្ពុជា​យើង។ គេ​ថា​នៅ​ក្នុង​ពេល​វេលា​នៃ​ការ​រាតត្បាត​របស់​ជំងឺ​កូវីដ-១៩ គេ​ពិបាក​ណាស់​ដោយសារ​អត់​មាន​សិទ្ធិ​ចូល​អភិបូជា អត់​បាន​សិទ្ធិ​ជួប​ជុំ​គ្នា។ ក៏​ប៉ុន្តែ គេ​បាន​និយាយ​ថា យើង​អត់​បាន​លះ​បង់​ជំនឿ​របស់​យើង​ទេ យើង​នៅ​ក្រោម​ដើម​ស្វាយ​ដើម្បី​អធិដ្ឋាន​រួម​ជា​មួយ​គ្នា។ ទោះ​បី​យើង​ចូល​នៅ​ក្នុង​ព្រះវិហារ​មិន​បាន ប៉ុន្មាន​ដង​យើង​បាន​ខិត​ខំ​អធិដ្ឋាន​នឹក​ឃើញ​ដល់​ព្រះនាង​ម៉ារី ដល់​ព្រះជាម្ចាស់ ដើម្បី​ទូល​អង្វរ​ឱ្យ​ថែរក្សា​យើង។ ទោះ​បី នៅ​ក្នុង​ចំណោម​យើង​មាន​ខ្លះ​បាន​ដើរ​ឆ្ងាយ​ដើម្បី​ទៅ​រក​ស៊ី នៅ​ពេល​យើង​បើក​ព្រះវិហារ​និង​សង្គម​វិញ​បាន​ត្រឡប់​មក​វិញ។ ដោយសារ យើង​បាន​ចូល​នៅ​ក្នុង​គម្រោង​ការ​របស់​ព្រះជាម្ចាស់ ដោយ​ដឹង​ថា​ព្រះជាម្ចាស់​មិន​ដែល​លះ​បង់​ចោល​យើង​សោះ។

ទោះបី លោកអាប្រាហាំគ្មានអ្វីជាទីសង្ឃឹមក៏ដោយក៏លោកនៅតែមានសង្ឃឹម និងមានជំនឿដែរ” នេះ​ជា​អ្វី​ដែល​លោក​យ៉ូសែប បាន​អនុវត្ត​ដែរ ជា​អ្វី​ដែល​យើង​ត្រូវ​ការ​អនុវត្ត​នៅ​ក្នុង​ជីវិត​យើង។ ជួន​កាល​យើង​មាន​អារម្មណ៍​ថា​អស់​សង្ឃឹម បាត់​បង់​ទាំង​អស់ បាត់​បង់​ការ​រក​ស៊ី បាត់​បង់​បង​ប្អូន បាត់​បង់​នេះ​បាត់​បង់​នោះ។ ក៏​ប៉ុន្តែ ដោយសារ​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​មាន​តែ​ជំនឿ និង​មាន​តែ​សេចក្ដី​សង្ឃឹម​ថែម​ទៀត។ សម្រាប់​យើង​លើស​ពី​លោក​អាប្រាហាំ​ទៀត សម្រាប់​យើង​លើស​ពី​សន្ត​យ៉ូសែប​ទៀត ដោយសារ​យើង​មាន​ព្រះយេស៊ូ យើង​មាន​ព្រះយេស៊ូ​ដែល​បាន​សោយ​ទិវង្គត​និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ នៅ​ក្នុង​រដូវ​៤០​ថ្ងៃ​នេះ យើង​ត្រៀម​ខ្លួន​ដើម្បី​រួម​រស់​រួម​ស្លាប់​ជា​មួយ​ព្រះយេស៊ូ យើង​ត្រៀម​ខ្លូន​ដើម្បី​ទទួល​ជីវិត​ថ្មី​តាម​រយៈ​ព្រះយេស៊ូ ដែល​មាន​ព្រះជន្ម​ថ្មី​រស់​ឡើង​វិញ​នៅ​រាត្រី​បុណ្យ​ចម្លង។ ដូច្នេះ យើង​លើស​ពី​សន្ត​យ៉ូសែប​ទៀត ដោយសារ​សន្ត​យ៉ូសែប​សុខ​ចិត្ត​ដើរ​តាម​ព្រះជាម្ចាស់ គាត់​អត់​ទាន់​ដឹង​អំពី​ព្រះយេស៊ូ​បាន​រំដោះ​យើង ​ឱ្យ​មាន​សេចក្ដី​សង្ឃឹម​អស់​កល្បជានិច្ច។ លោក​អាប្រាហាំ​នៅ​ពេល​គាត់​លះ​បង់​ចោល​ទាំង​អស់ អត់​ទាន់​ស្គាល់​ព្រះយេស៊ូ​ដែល​ណែនាំ​ឱ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ជានិច្ច។

តាម​និកាយ​អ័រតូដុក ពេល​គេ​គូរ​រូប​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ យើង​ឃើញ​ព្រះយេស៊ូ​ចេញ​ពី​នរក ដោយសារ​ព្រះយេស៊ូ​បាន​ចូល​នរក​មុន​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ នៅ​ពេល​នោះ គាត់​បាន​បើក​ទ្វារ​នៃ​ស្ថាន​នរក តាម​ទ្វារ​នៃ​ស្ថាន​នរក​ចេញ​លោក​អាប្រាហាំ ចេញ​មនុស្ស​សុចរិត​ទាំង​អស់។ នេះ​លោក​អាប្រាហាំ​មិន​ដឹង​មុន​ទេ បាន​ចូល​រួម​ក្នុង​ការ​រស់​ឡើង​វិញ​ជា​មួយ​ព្រះយេស៊ូ តែ​យើង​ដឹង យើង​ដឹង​តាម​ជំនឿ​របស់​យើង ដើម្បី​ទៅ​មុខ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ឱ្យ​យើង​សំលឹង​មើល​សន្ត​យ៉ូសែប​ដែល​ជា​ឪពុក ជា​ឪពុក​ដែល​យើង​ទាំង​អស់​គ្នា​ចង់​មាន ឪពុក​ផ្តល់​ភាព​កក់​ក្ដៅ​ណាស់ គាត់​មើល​កូន ស្រឡាញ់​កូន។ យើង​ឃើញ​សន្ត​យ៉ូសែប​ជា​ឪពុក និង​ជា​ប្ដី ពេល​យើង​នឹក​ឃើញ​នេះ យើង​យល់​ថា​យ៉ូសែប​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​របស់​គាត់។ ជា​ឪពុក​ដែល​ស្រឡាញ់​កូន ជា​ប្ដី​ដែល​ស្រឡាញ់​ប្រពន្ធ ជា​ឪពុក​និង​ប្ដី​ដែល​យក​ចិត្ត​ទុក​ដាក់​ចិញ្ចឹម​គ្រួសារ ដើម្បី​ឱ្យ​គ្រួសារ​មាន​ម្ហូប​អាហារ​ប្រចាំ​ថ្ងៃ ដើម្បី​គ្រួសារ​មាន​កន្លែង​ស្នាក់​នៅ។ អប់រំ​កូន​ដើម្បី​ឱ្យ​កូន​ចេះ ដើម្បី​ឱ្យ​កូន​ចេះ​បង្កើត​ទំនាក់​ទំនង​ជា​មួយ​អ្នក​ជិត​ខាង ដើម្បី​ឱ្យ​កូន​មាន​ជំនាញ។ ដោយសារ​យើង​ដឹង​ហើយ​ថា​សន្ត​យ៉ូសែប​បាន​ណែនាំ​ឱ្យ​កូន​ចេះ​ធ្វើ​ជា​ជាង​ឈើ ព្រះយេស៊ូ​ជា​ជាង​ឈើ​ដែរ។ ពេល​យើង​ឃើញ​នេះ យើង​យល់​ថា​សន្ត​យ៉ូសែប​នៅ​ក្នុង​ជំនឿ នៅ​ក្នុង​ភាព​សុចរិត បាន​យក​ចិត្ត​ទុក​ដាក់ ដើម្បី​បំពេញ​បេសកកម្ម​របស់​គាត់​ជា​ឪពុក​ជា​ប្ដី។

ដូច្នេះ សម្រាប់​យើង​ក៏​ដូច​គ្នា​ដែរ​នៅ​ក្នុង​ជំនឿ​ដែល​យើង​ទទួល​ពី​ព្រះជាម្ចាស់ យើង​មាន​កម្លាំង​ដើម្បី​បំពេញ​តួនាទី​របស់​យើង។ យើង​ជា​កុមារ​យើង​ជា​កុមារ​យ៉ាង​ល្អ ដែល​ខិត​ខំ​រៀន​សូត្រ ដែល​ស្រឡាញ់ឪពុក​ម្ដាយ ដែល​ចេះ​លើក​ទឹក​ចិត្ត​គ្នា។ យើង​ជា​យុវជន​យុវនារី ​យើង​ខិត​ខំ​ធ្វើ​តាម​តួនាទី​របស់​យើង​យ៉ាង​ល្អ​ត្រឹម​ត្រូវ យើង​ជា​ពូ​មីង យើង​ជា​ឪពុក​ម្ដាយ យើង​ជា​លោក​ឪពុក យើង​ជា​បង​ស្រី យើង​ជា​លោក​អភិបាល យើង​យក​ចិត្ត​ទុក​ដាក់​នឹង​តួនាទី​ដែល​យើង​បាន​ទទួល។ ដោយ​ទទួល​ខុស​ត្រូវ​ខ្ពស់​ដូច​សន្ត​យ៉ូសែប ណែនាំ​ឱ្យ​យើង​អាច​ធ្វើ​ដំណើរ​នៅ​ក្នុង​ពិភព​លោក​នេះ ដើម្បី​ឱ្យ​យើង​រួម​រស់​នៅ​ក្នុង​សេចក្ដី​សុខ រួម​រស់​នៅ​ក្នុង​សេចក្ដី​សង្ឃឹម​ជានិច្ច។

ថ្ងៃ​នេះ យើង​អធិដ្ឋាន​ទូល​អង្វរ​តាម​រយៈ​សន្ត​យ៉ូសែប សូម​ឱ្យ​ក្រុម​គ្រួសារ​របស់​យើង​មាន​សេចក្ដី​សុខ​សាន្ត​និង​សេចក្ដី​សង្ឃឹម។ យើង​ទូល​អង្វរ​តាម​សន្ត​យ៉ូសែប សូម​ឱ្យ​ព្រះសហគមន៍​របស់​យើង​ដើរ​តាម​ព្រះហឫទ័យ​ព្រះជាម្ចាស់​ជានិច្ច និង​បង្ហាញ​ព្រះហឫទ័យ​ប្រណីសន្ដោស​របស់​ព្រះអង្គ​សម្រាប់​មនុស្ស​លោក។ យើង​អធិដ្ឋាន​តាម​រយៈ​សន្ត​យ៉ូសែប ដើម្បី​ឱ្យ​ពិភព​លោក​របស់​យើង​រក​ឃើញ​សេចក្ដី​សុខ​សន្តិភាព ជា​ពិសេស​នៅ​ប្រទេស​ភូមា ប្រទេស​អ៊ុយក្រែន ប្រទេស​រុស្ស៊ី និង​ប្រទេស​នានា​ដែល​សព្វ​ថ្ងៃ​កំពុង​មាន​សង្រ្គាម​ត​ទៅ​ទៀត។ យើង​អធិដ្ឋាន ដើម្បី​ឱ្យ​សុខ​សន្តិភាព​យាង​មក​នៅ​លើ​ផែនដី​នេះ នៅ​ក្នុង​សន្ត​យ៉ូសែប​ដែល​ជា​មនុស្ស​សុចរិត ដែល​ជា​មនុស្ស​ពោរពេញ​ដោយ​ជំនឿ ជា​ឪពុក​និង​ជា​ស្វាមី​ដែល​ស្រឡាញ់ និង​លើក​ទឹក​ចិត្ត​ ទៅ​ជា​គំរូ​សម្រាប់​យើង​ទាំង​អស់​គ្នា។

+ លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ

អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា

ភូមិភាគ​ភ្នំពេញ

Facebook
Twitter
LinkedIn