លោកអូលីវីយ៉េ៖ជំនឿរបស់យើង​ត្រូវ​យកចិត្ត​ទុកដាក់​លើតួនាទីរបស់​យើង​ផ្ទាល់ខ្លួន

ថ្លែងនៅ​ក្នុងពិធី​បុណ្យ​ឱឡារិក​គោរព​សន្ត​យ៉ូសែប ដែលជាឧបការី​ព្រះសហគមន៍នៅសែនសុខនៃ​ព្រះវិហារ​សន្ត​យ៉ូសែប ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នពេញ លោក​អភិបាលព្រះសហគមន៍ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​ហស្លេ មាន​ប្រសាសន៍​ថា ថ្ងៃនេះព្រះសហគមន៍​ឱ្យយើងគោរពសន្តយ៉ូសែប ដែលជាគំរូសម្រាប់យើងទាំងអស់គ្នា ដោយសន្តយ៉ូសែប ជាមនុស្សសុចរិត។ តាំងពីដើមរៀងមកបានដើរតាមព្រះជាម្ចាស់។

ពិធិបុណ្យ​គោរព​នេះ បាន​ធ្វើ​ឡើង​​នៅ​រៀង​រាល់​ថ្ងៃទី​១៩ មីនា ជា​រៀង​រាល់​ឆ្នាំ​ តាម​ប្រតិទិន​របស់​ព្រះសហគមន៍កាតូលិក​សកល។ លោក​យ៉ូសែប គឺជា​បិតា​របស់​ព្រះយេស៊ូ ត្រូវ​ជា​ស្វាមី​របស់​ព្រះនាង​ម៉ារី។ នៅលើរូប​សំណាក​របស់​លោក​យ៉ូសែប មាន​ផ្កាលីលីពណ៌ស ជាតំណាង សុចរិតរបស់​លោក​។ លោកអភិបាល​អូលីវីយ៉េ បញ្ជាក់​ថា ភាពសុចរិតរបស់​លោក​ គឺបានមកពីព្រះជាម្ចាស់ផ្ទាល់។ លោក​បាន​ឲ្យ​គ្រីស្ត​បរិស័ទដែល​បាន​ចូលរួម​ទាំង​អស់ រិះគិតអំពី​សុចរិត​ភាព​របស់​ខ្លួន និង​យក​លោក​យ៉ូសែប​ជា​គំរូនៃ​ជំនឿ។

លោក​អភិបាល​រំឭកថា ព្រះជាម្ចាស់មានគម្រោងការដោយបំភ្លឺលោកយ៉ូសែប និងលោកយ៉ូសែបមានជំនឿ និងទុកចិត្តព្រះជាម្ចាស់ បានប្ដូរគម្រោងការរបស់គាត់​ដោយ​ព្រម​ទទួលព្រះនាង​ម៉ារី និងព្រះកុមារយេស៊ូជាគ្រួសាររបស់គាត់។​

ជាមួយគ្នានេះ លោកអភិបាល​​ក៏បាន​លើកទឹកចិត្ត​ឲ្យ​គ្រីស្ត​បរិស័ទ​​ព្រម​ចូលរួម​ក្នុងគម្រោងការ​របស់​ព្រះជាម្ចាស់ «ដោយដឹងថាព្រះជាម្ចាស់មិនបោះបង់យើង និងយើងជាគ្រីស្តបរិស័ទ យើងមានជំនឿ និងសេចក្ដីសង្ឃឹមថែមទៀត។»

 លោកអភិបាល​រំលឹកថា សូមសម្លឹងមើលសន្តយ៉ូសែបជាឪពុក។ លោកយ៉ូសែប បានយកចិត្តទុកដាក់ចិញ្ចឹមគ្រួសារ និងអប់រំកូនឱ្យចេះមានទំនាក់ទំនងនិងមានជំនាញ។ «ជំនឿរបស់យើងជាគ្រីស្តបរិស័ទយកចិត្តទុកដាក់លើតួនាទីរបស់យើងខ្ពស់ ដោយធ្វើដំណើរទៅមុខ។​ ចូរ​យើងទូលអង្វរតាមរយៈសន្តយ៉ូសែប ឱ្យរកឃើញសេចក្ដីសង្ឃឹម សុខសន្តិភាព។»

យុវជន សេង ចាន់ធី បាន​និយាយថា «​សន្ត​យ៉ូសែបគឺ​ជាកម្លាំង ដោយ​រាល់​បញ្ហារបស់ខ្ញុំ​ទាំង​ក្នុង​ព្រះសហសគមន៍ និង​សង្គម​ខាង​ក្រៅ ខ្ញុំ​អធិដ្ឋាន ​សន្ត​យ៉ូសែបបាន​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​ខ្ញុំ​មាន​ចិត្ត​តស៊ូព្យាយាម។»

យុវជនសកម្មចាន់ធី​បាន​ឱ្យ​ដឹងទៀតថា ព្រះវិហារសន្ត​យ៉ូសែប​សែនសុខ​កកើត​​មាន​ឡើង​ក្រោយ​ពីមាន​ការ​ជម្លៀស​ពលរដ្ឋ​នៅ​តំបន់​ប៊ូឌីង សង្កាត់​ទន្លេបាសាក់ ក្នុង​ឆ្នាំ​២០០១ ដោយ​មានគ្រីស្ត​បរិស័ទ​ត្រឹម​តែ៥ឬ៦នាក់ប៉ុណ្ណោះ ហើយ​ពេលនេះ មានចំនួន​គ្រីស្តបរិស័ទ​ប្រមាណជា​៣០គ្រួសារ។

ចាន់ធីបាន​ឱ្យ​​ដឹងទៀតថា ដោយ​មាន​ការ​ប្រទានពរពី​ព្រះជាម្ចាស់ និង​សន្ត​យ៉ូសែប បាន​ធ្វើ​ឱ្យ​ពួក​យើង​មាន​ជំនឿ ធ្វើ​ឱ្យព្រះសហគមន៍មានជីវិត​រហូត​មកដល់​សព្វថ្ងៃ។ ព្រះសហគមន៍​នេះ តែង​តែ​ជួយដល់​អ្នក​ក្រីក្រ ដោយ​មាន​ការ​ចែក​អំណោយ​២ដង​ក្នុង​មួយឆ្នាំ​ គឺ​ក្នុង​បុណ្យ​ព្រះយេស៊ូ​ប្រសូត និង​បុណ្យព្រះយេស៊ូមានព្រះជន្មថ្មីដ៏រុងរឿង តាមរយៈការ​ចូល​រួម​សហការគ្នា​រវាង​គ្រីស្ត​បរិស័ទ និង​ព្រះសហគមន៍ជាប្រចាំផងដែរ៕

ដោយ៖ដាលីស

Facebook
Twitter
LinkedIn