លោកអភិបាល​អូលីវីយ៉េ ទទួល​មេដាយ​ស្ថាបនាជាតិ

ឯកឧត្តម បណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បាន​បំពាក់​មេដាយ​ស្ថាបនាជាតិ​ជូន​ដល់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​​ដែល​បាន​ជួយ​កសាង​និង​ឧត្ថម្ភ​សម្ភារ​មួយ​ចំនួន​ដល់​វិទ្យាល័យសម្ដេចក្រុមព្រះ និងព្រះអង្គម្ចាស់ក្សត្រិយនរោត្ដម ម៉ារីរណឫទ្ធិ អង្គរនាប ស្ថិត​នៅ​ក្នុង​ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ២៤ មីនា ២០២២។

ថ្លែង​នៅ​ក្នុងអង្គ​ពិធី ក្នុងទីតាំង​របស់​សាលាវិទ្យាល័យ​ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ថ្លែង​កោតសរសើរ​លោកអភិបាល​ព្រះសហគមន៍​អូលីវីយ៉េ ដែលបានជួយអភិវឌ្ឍច្រើននៅក្នុងខេត្តតាកែវនេះ។ ឯកឧត្តម សំណូមពរដល់លោកអភិបាលអូលីវីយ៉េ ដើម្បីពិនិត្យ ពិចារណាជួយដល់កុមារគថ្លង់ និងពិការភ្នែកនៅក្នុងខេត្តតាកែវនេះ ឱ្យបានចូលរៀននិងក្លាយទៅជាពលរដ្ឋដែលមានសមត្ថភាពពេញលេញ។ លោកថា «ខ្ញុំមើលឃើញថា មានតែលោកអូលីវីយ៉េមួយទេដែលមានលទ្ធភាពអាចជួយបាន។»

លោក អ៊ូ ហេង នាយកវិទ្យាល័យ មាន​ប្រសាសន៍ថា សមិទ្ធផល​ដែល​លោក​អភិបាល​អូលីវីយ៉េបាន​ជួយកន្លង​មក​នេះ​មាន​សាលា​រៀន​ដែល​មាន​១០​បន្ទប់​ ដែល​សហការជាមួយ​អង្គការ​កុមារ​មេគង្គ​កម្ពុជា​ និង​២០២០កន្លងទៅនេះ ​លោក​បាន​ជួសជុល​សាលា​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជា​មួយ​ម៉ឺន​ដុល្លារអាមេរិក​បូករួម​ទាំង​ឡាបូ​លាង​សម្អាតដៃនិង​រោង​ដំណាំផងដែរ។

លោកនាយក​សាលា​រូប​នេះ បាន​ឲ្យ​ដឹងទៀតថា លោកអភិបាល​ក៏​បាន​ឧត្ថម្ភ​នូវ​​ ​កុំ​ព្យូទ័រ​ដល់​​សិស្ស​និងលោក​​គ្រូ​អ្នក​គ្រូនៅ​ក្នុង​សាលា​ផងដែរ។ លោក​បញ្ជាក់​ថា  «សម្រាប់​នៅ​តំបន់​ជនបទសាលាមួយ​ចំនួន​មិន​ងាយ​មានកុំ​ព្យុទ័រ​បង្រៀន និង​រៀន​ទេ។ នេះជាឱកាស​មួយ​ដ៏ល្អ​ប្រពៃ និង​ក្នុង​នាម​ជានាយក​សាលា និង​អាជ្ញាធរដែនដី​សូម​ថ្លែង​អំណរគុណដ៏ជ្រាល​ជ្រៅ​បំផុតសម្រាប់​ទឹក​ចិត្ត​សប្បុរសធម៌​របស់​លោក​អភិបាល​អូលីវីយ៉េ។»

លោកអ៊ូ ហេង បន្ថែម​ទៀតថា លោក​​ជឿជាក់​ថា​ការងារ​សប្បុរសធម៌​ដែលលោកអភិបាល​​បាន​បន្សល់​ទុកស្នាដៃ​ដ៏​ច្រើន​ឥតគណនា​បែបនេះ ជាគំរូ​មួយ​ដល់​មនុស្ស​ជំនាន់នេះនិង ជាមរតក​ដើម្បី​ឆ្លងផុត​ភាព​អវិជ្ជា និង​ស្រប​ទៅ​នឹង​សម័យ​ដែល​ក្រសួង​អប់រំ​ដាក់​ថា ជាសម័យឌីជីថល​ក្នុង​សតវត្សរ៍ទី២១នេះ។​

ថ្លែងនៅក្នុង​កម្មវិធីនេះ លោកស្រី សេរី ផល្លី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងគុណូបការ: របស់​លោកអភិបាល​អូលីវីយ៉េ សូមលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រើប្រាស់​អ្វីៗដែលមាននេះ ឱ្យមានប្រសិទ្ធភាព ឱ្យមានជាគុណប្រយោជន៍ក្នុងវិស័យអប់រំ ដើម្បីក្លាយជាណលរដ្ឋដ៏មានសមត្ថភាព និងឆ្នាំនេះធ្វើយ៉ាងណាប្រឡងយកនិទ្ទេសAឱ្យបានច្រើន។

លោកស្រី​បន្ថែម​ថា សូមយុវសិស្ស​ទាំងអស់ពេលរៀនចប់ ត្រូវ​ចេះ​ចាប់​យក​ជំនាញស្របតាមទីផ្សារការងារ កុំរៀន​តាមគ្នា និង​ត្រូវត្រៀមខ្លួនក្នុង​សម័យ​បដិវដ្ត​ឧស្សាហកម្មនេះ ដោយ​ចេះអភិវឌ្ឍខ្លួនជានិច្ច។

សមិទ្ធផល ដែល​បាន​សម្ពោធនៅថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០២២នេះ​មាន សាលារៀន​មួយ​ខ្នង ឡាបូលាងសម្អាតដៃ និង​សួនដំណាំ ដែលជា​ការ​ឧត្ថម្ភ​របស់​លោកអភិបាល​អូលិវីយ៉េ​ចំពោះ​វិទ្យាល័យ​សម្ដេចក្រុមព្រះ និងព្រះអង្គម្ចាស់ក្សត្រិយនរោត្ដម ម៉ារីរណឫទ្ធិ អង្គរនាប។

ថ្លែង​ប្រាប់​សារព័ត៌មាន​វើរីតាសអាស៊ី លោក​អភិបាល​អូលីវីយ៉េមាន​ប្រសាសន៍ថា វិទ្យាល័យ​អង្គ​រនាប ជាសាលាដៃគូរបស់​វិទ្យាល័យសន្ត​ហ្វ្រង់ស្វ័រនៃព្រះសហគមន៍​កាតូលិក​ជាយូរឆ្នាំ​មកហើយ ដោយ​បាន​ឧបត្ថម្ភ​អាគារ​សាលារៀន និង​កុំ​ព្យូទ័រ​តាំងពី​ឆ្នាំ​២០០៦។

លោក​បន្ថែម​ថា រាល់​សមិទ្ធផល​ដែល​បាន​ផ្តល់​ជូន​នេះ គឺ​ដំណើរ​ការ​មួយ​នៃកិច្ច​សហប្រតិបត្តិការរួមគ្នា ​ដែលមាន​«អត្ថន័យ​យ៉ាងជ្រៅ មិនត្រឹមតែ​មើល​លើ​សមិទ្ធផល ប៉ុន្តែ​យល់​ថា យើង​ទាំងអស់គ្នា​ទទួល​ខុសត្រូវ​យ៉ាងខ្ពស់ ដើម្បីឱ្យ​សុខសន្តិភាព​មាន​ភាព​រីក​ចម្រើន​ពីមួយថ្ងៃទៅមួយថ្ងៃ។»

ក្នុងសម័យកូវីដ១៩ ព្រះសហគមន៍បាន​ចំណាយ​ជាង៧ម៉ឺនដុល្លារ លើការសិក្សារបស់​សិស្សានុសិស្ស និង​វិស័យសំខាន់ៗទៀត ដែល​មាន វិស័យសុខភាព វិស័យកសិកម្ម និងវិស័យមួយទៀតគឺអន្តរសាសនា។

លោកអភិបាល​បញ្ជាក់​ថា​ នៅពេលសាសនាធ្វើការជាមួយគ្នា នាំឱ្យមានផលផ្លែជាច្រើន។ នៅពេលយើងខ្វះទំនាក់ទំនង ខ្វះការនិយាយទល់មុខគ្នា ខ្វះការយល់ចិត្តគ្នា នាំឱ្យមានទំនាស់។ លោក​អភិបាល​បាន​ថ្លែងនិងណែនាំទៀតថា អរគុណរដ្ឋាភិបាលដែលថែរក្សាសុខសន្តិភាព និងយើងទៅជាទូតនៃសន្តិភាព គឺចាប់ផ្ដើមពីខ្លួនរបស់​យើង។

លោកនាយកសាលា អ៊ូ ហេង បញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០២ រហូតមកដល់ពេលនេះ លោកអភិបាលអូលីវីយ៉េ ចូលរួមជា សៀវភៅសិក្សា ១០០០ក្បាល កំព្យូទ័រ២៥គ្រឿង និងសហការជាមួយកុមារមេគង្គ កសាងអាគារសិក្សា១ខ្នង និងជួសជុលអាគារ១ខ្នង ដែលមានបន្ទប់កំព្យូទ័រ និងបន្ទប់រៀន៤៤បន្ទប់ ក្នុងនោះ​ក៏មានសួនដំណាំ១កន្លែង និងសៀវភៅសម្រាប់​ដាក់​ក្នុង​បណ្ណាល័យមួយចំនួន​ផងដែរ៕

ដោយ​៖ ដាលីស

Facebook
Twitter
LinkedIn