បពិត្រព្រះនាងម៉ារី! ដែលជាមាតារបស់ព្រះជាម្ចាស់ និងជាមាតារបស់យើងខ្ញុំ នៅក្នុងពេលវេលាដែលពិភពលោកកំពុងរងទុក្ខលំបាក យើងខ្ញុំសូមទូលអង្វរព្រះនាង។ ព្រះនាងម៉ារីបានស្រឡាញ់និងស្គាល់យើងយ៉ាងច្បាស់លាស់ អ្វីៗទាំងអស់ដែលយើងមាននៅក្នុងដួងចិត្ត មិនមែនជាអាថ៌កំបាំងសម្រាប់ព្រះនាងឡើយ។ បពិត្រព្រះនាងម៉ារី ដែលមានព្រះហឫទ័យមេត្តាករុណា យើងខ្ញុំបានទទួលបទពិសោធន៍នៃការយកចិត្តទុកដាក់របស់ព្រះនាង និងវត្តមានរបស់ព្រះនាងបានណែនាំឱ្យយើងខ្ញុំមានសេចក្តីសុខសាន្តនៅក្នុងជីវិត។ ដូចពីដើម ព្រះនាងបានណែនាំឱ្យយើងខ្ញុំធ្វើដំណើរឆ្ពោះទៅព្រះយេស៊ូ ដែលជាព្រះអម្ចាស់នៃសន្តិភាព។
នៅពេលនេះ ពិភពលោករបស់យើងបានវង្វេងផ្លូវចេញពីមាគ៌ានៃសន្តិភាពហើយ យើងបានភ្លេចមេរៀននៃសោកនាដកម្មក្នុងប្រវត្តិសាស្ត្រប៉ុន្មានសតវត្សកន្លងមក ដែលជាការលះបង់នៃជីវិតមនុស្សរាប់លាននាក់ក្នុងសង្រ្គាមលោកលើកទី២។ យើងបានបដិសេធអំពីការប្តេជ្ញាចិត្តនិងសេចក្តីសម្រេចរួមរបស់សហគមន៍នៃពិភពលោក ដើម្បីកសាងសន្តិភាព។ យើងបានក្បត់សុបិននៃសន្តិភាព របស់ប្រជារាស្ត្រនានានៅលើពិភពលោក។ យើងបានក្បត់សេចក្តីសង្ឃឹមរបស់យុវជនយុវនារី យើងបានធ្លាក់នៅក្នុងជំងឺ គឺជំងឺនៃភាពលោភលន់។ យើងបានចូលនៅក្នុងជាតិនិយមហួសហេតុ យើងគិតតែពីផលប្រយោជន៍នៃជាតិសាសន៍របស់យើង ដែលណែនាំឱ្យយើងរីងស្ងួត ដោយសារយើងលែងចាប់អារម្មណ៍អំពីបងប្អូនឯទៀតៗ។ យើងបានជ្រើសរើសផ្លូវមួយដែលណែនាំឱ្យយើងភ្លេចព្រះជាម្ចាស់ ដែលណែនាំឱ្យយើងរស់នៅក្នុងភាពកុហក ដែលណែនាំឱ្យយើងចេះតែចិញ្ចឹមអំពើហិង្សានៅក្នុងជីវិតរបស់យើង។ យើងបានសុខចិត្តបំផ្លាញជីវិត និងប្រមូលអាវុធយ៉ាងច្រើន ដោយភ្លេចតួនាទីរបស់យើង គឺជាអ្នកការពារ និងថែរក្សាបងប្អូនឯទៀតៗ និងថែរក្សាផ្ទះដែលជាពិភពលោកទាំងមូល។ យើងបានបំផ្លាញសួនច្បារនៃផែនដីដោយសារសង្រ្គាម យើងបានណែនាំឱ្យព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ឈឺចាប់ ដោយសារអំពើបាបរបស់យើង ដែលណែនាំឱ្យយើងទៅជាបងប្អូននឹងគ្នា។ ពិតមែន យើងបានក្លាយជាមនុស្សដែលលែងចាប់អារម្មណ៍អំពីបងប្អូនឯទៀតៗ និងអ្វីៗទាំងអស់ គឺចាប់អារម្មណ៍តែអំពីខ្លួនឯង។ ហេតុនេះហើយ ថ្ងៃនេះដោយទទួលអំពើបាបរបស់យើង ដោយការដាក់ខ្លួនយើងសុខចិត្តស្រែកថា “ឱព្រះជាម្ចាស់អើយ សូមលើកលែងទោសឱ្យយើងខ្ញុំផង”។
មាតានៃសន្តិភាពអើយ! នៅក្នុងទុក្ខលំបាកនៃអំពើបាបរបស់យើងខ្ញុំ នៅក្នុងការអស់កម្លាំងនិងភាពទន់ខ្សោយរបស់យើង នៅក្នុងអាថ៌កំបាំងនៃអំពើទុច្ចរិតដែលជាអំពើអាក្រក់និងសង្រ្គាម ព្រះនាងបានរំលឹកយើងខ្ញុំថា “ព្រះជាម្ចាស់មិនដែលលះបង់ចោលយើង”។ ព្រះជាម្ចាស់បន្តសំលឹងមើលយើងដោយព្រះហឫទ័យស្រឡាញ់ ព្រះជាម្ចាស់មានព្រះហឫទ័យតែមួយ គឺលើកលែងទោសឱ្យយើង ដើម្បីឱ្យយើងងើបឡើងវិញដើរឆ្ពោះទៅកាន់ជីវិតថ្មី។ ព្រះជាម្ចាស់បានប្រទានឱ្យយើងទាំងអស់គ្នាមានបេះដូងដ៏បរិសុទ្ធ ទៅជាទីពឹងរបស់ព្រះសហគមន៍និងរបស់មនុស្សជាតិនៅក្នុងពិភពលោក។ ព្រះជាម្ចាស់ដែលមានព្រះហឫទ័យស្រឡាញ់យើង បានគង់នៅជាមួយយើង និងបន្តធ្វើដំណើរជាមួយយើងនៅក្នុងគ្រប់កាលៈទេសៈនៃប្រវត្តិសាស្ត្រ។
នៅពេលនេះ យើងខ្ញុំអធិដ្ឋានទូលអង្វរព្រះនាង និងគោះទ្វារនៃព្រះបេះដូងដ៏និមលរបស់ព្រះនាង។ យើងខ្ញុំដឹងថា យើងខ្ញុំទាំងអស់គ្នាជាកូនជាទីស្រឡាញ់របស់ព្រះនាង ដែលព្រះនាងបានសួរសុខទុក្ខយើងខ្ញុំពីដើមរៀងមក ដែលទូលអង្វរសម្រាប់យើងខ្ញុំ ដែលអញ្ជើញយើងខ្ញុំឱ្យកែប្រែចិត្តគំនិត។ នៅក្នុងពេលវេលាដ៏ងងឹតនេះ សូមព្រះនាងយាងមក ដើម្បីសង្រ្គោះយើងខ្ញុំ ដើម្បីលើកទឹកចិត្តយើងខ្ញុំ សូមជួយរំលឹកយើងខ្ញុំម្តងហើយម្តងទៀតថា “ពិតមែនខ្ញុំគង់នៅជាមួយកូនៗ តើកូនៗចេះទទួលស្គាល់ព្រះមាតាឬទេ?” ឱព្រះនាងម៉ារីអើយ! មានតែព្រះនាងទេដែលដឹងថាធ្វើដូចម្តេចដើម្បីស្រាយខ្សែដែលចងដួងចិត្តរបស់យើងខ្ញុំ នៅក្នុងប្រវត្តិសាស្ត្ររបស់យើងខ្ញុំ។ នៅពេលនេះ យើងខ្ញុំផ្ញើជីវិតទៅលើព្រះនាង ដោយដឹងថាយើងទុកចិត្តលើព្រះនាង យើងដឹងថាព្រះនាងទទួលនិងស្តាប់ពាក្យទូលអង្វររបស់យើង និងជួយយើង ដើម្បីឱ្យយើងទទួលសេចក្តីសង្ឃឹមនៅក្នុងពេលវេលាដ៏ពិបាកនេះ។
នេះហើយជាអ្វីដែលព្រះនាងបានធ្វើនៅក្នុងពិធីមង្គលការនៅភូមិកាណា ក្នុងស្រុកកាលីឡេ នៅពេលនោះព្រះនាងទូលអង្វរព្រះយេស៊ូ ហើយព្រះអង្គក៏បានធ្វើសញ្ញាសម្គាល់ដំបូងសម្រាប់ពិភពលោក។ ដើម្បីរក្សាអំណរសប្បាយនៅក្នុងពិធីជប់លៀងនៃមង្គលការ នៅពេលនោះព្រះនាងបាននិយាយទៅព្រះយេស៊ូថា “គេគ្មានស្រាទេ” (យ៉ូហាន ២.៣)។ នៅពេលនេះ សូមព្រះនាងរំលឹកហើយរំលឹកទៀតទៅព្រះជាម្ចាស់ នៅពេលនេះដែលយើងកំពុងអស់កម្លាំង ដោយសារយើងអស់ស្រានៃសេចក្តីសង្ឃឹម អំណរសប្បាយបាត់បង់អស់ហើយ ភាតរភាពជាបងប្អូននៅក្នុងពិភពលោកបានបាត់បង់អស់ហើយ។ នៅពេលនេះយើងបោះបង់មនុស្សជាតិរបស់យើង នៅពេលនេះយើងបានបំផ្លាញអំណោយនៃសន្តិភាព។ យើងបើកដួងចិត្តរបស់យើងចំពោះអំពើហិង្សា និងបំផ្លិចបំផ្លាញអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានកសាងនៅក្នុងព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គ។ នៅពេលនេះ យើងខ្ញុំត្រូវការជំនួយពីព្រះនាង ដើម្បីចូលនៅក្នុងទុក្ខលំបាករបស់យើងខ្ញុំ ព្រះនាងជាម្តាយរបស់យើងខ្ញុំ។
ដូច្នេះ បពិត្រព្រះនាងម៉ារីដែលជាព្រះមាតាអើយ សូមស្តាប់ពាក្យអធិដ្ឋានរបស់យើងខ្ញុំ។
បពិត្រព្រះនាងម៉ារីដែលជាតារាសមុទ្រ សូមកុំឱ្យយើងខ្ញុំធ្លាក់នៅក្នុងទុក្ខលំបាកនៃសង្រ្គាម។
បពិត្រព្រះនាងម៉ារីដែលជាស្ពាននៃសម្ពន្ធមេត្រីថ្មី សូមជួយយើងឱ្យយើងមានគម្រោងការថ្មី ឱ្យយើងមានផ្លូវថ្មី ដើម្បីសម្រុះសម្រួលគ្នា ដើម្បីលើកលែងទោសឱ្យគ្នាទៅវិញទៅមក។
បពិត្រព្រះនាងម៉ារីដែលជាម្ចាស់ក្សត្រីនៃស្ថានបរមសុខ សូមណែនាំឱ្យសុខដុមរមនាដែលមកពីព្រះជាម្ចាស់ កើតឡើងសាជាថ្មីនៅក្នុងពិភពលោក។
សូមរំលត់អំពើហិង្សានិងភាពស្អប់ខ្ពើម សូមបំផ្លាញការសងសឹកគ្នា សូមបង្រៀនឱ្យយើងខ្ញុំចេះលើកលែងទោសឱ្យគ្នា។
សូមរំដោះយើងខ្ញុំចេញពីសង្រ្គាម សូមការពារពិភពលោកពីការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរ។
បពិត្រព្រះនាងម៉ារីដែលជាម្ចាស់ក្សត្រីនៃព្រះមាលា សូមណែនាំឱ្យយើងភ្ញាក់ស្មារតីដោយសារយើងត្រូវការអធិដ្ឋាន និងស្រឡាញ់ថែមទៀត។
បពិត្រព្រះនាងម៉ារីដែលជាព្រះមហាក្សត្រីនៃមហាគ្រួសារសម្រាប់ពិភពលោក សូមបង្ហាញផ្លូវដល់ប្រជារាស្ត្រនានាអំពីផ្លូវនៃភាតរភាព។
បពិត្រព្រះនាងម៉ារីដែលជាព្រះមហាក្សត្រីនៃសន្តិភាព សូមប្រទានសេចក្តីសុខសាន្តសម្រាប់ពិភពលោកទាំងមូល។
បពិត្រព្រះមាតាអើយ សូមឱ្យពាក្យអធិដ្ឋានដ៏និមលរបស់ព្រះនាងជំរុញបេះដូងរបស់យើងខ្ញុំដែលរឹងរូសចេះយំ។ សូមឱ្យទឹកភ្លែករបស់ព្រះនាង ដែលបានហូរស្រក់នៅក្បែរឈើឆ្កាង ជួយណែនាំឱ្យផ្លូវជីវិតរបស់យើងអាចរស់ឡើងវិញនៅក្នុងសេចក្តីស្រឡាញ់។ បពិត្រព្រះនាងម៉ារី នៅពេលមានសំលេងនៃអាវុធ សូមឱ្យការអធិដ្ឋានរបស់ព្រះនាងជួយយើងខ្ញុំ សូមឱ្យដួងចិត្តរបស់យើងខ្ញុំពោរពេញដោយសេចក្តីសុខសាន្ត។ សូមព្រះនាង ធ្វើដំណើរជាមួយបងប្អូនដែលកំពុងរងទុក្ខលំបាក ដែលកំពុងភៀសខ្លួនដោយសារសង្រ្គាម។ សូមព្រះនាង ជួយលើកទឹកចិត្តបងប្អូនដែលត្រូវបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះនិងទឹកដីកំណើតរបស់ពួកគេ។ សូមព្រះបេះដួងដ៏និមលរបស់ព្រះនាង ណែនាំឱ្យយើងខ្ញុំមានចិត្តអាណិតមេត្តា ដើម្បីឱ្យយើងខ្ញុំចេះបើកចិត្តគំនិត ដើម្បីទទួលស្វាគមន៍បងប្អូនដែលកំពុងរងទុក្ខលំបាក បងប្អូនដែលត្រូវគេបណ្តេញចេញដូចគ្មានតម្លៃ។
បពិត្រព្រះនាងម៉ារីដែលជាព្រះមាតារបស់ព្រះជាម្ចាស់ នៅពេលព្រះនាងនៅក្បែរឈើឆ្កាង ព្រះយេស៊ូទ្រង់ទតឃើញសាវ័កដែលនៅក្បែរព្រះនាង ហើយព្រះអង្គមានព្រះបន្ទូលថា “អ្នកអើយ នេះហើយកូនរបស់អ្នក” (យ៉ូហាន ១៩,២៦)។ នៅពេលនោះ តាមពិតព្រះយេស៊ូបានប្រគល់យើងម្នាក់ៗ នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះនាង។ ក្រោយមក ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័ក និងយើងទាំងអស់គ្នាថា “នេះហើយ ម្តាយរបស់អ្នក” (យ៉ូហាន ១៩,២៧)។ បពិត្រព្រះនាងម៉ារី យើងខ្ញុំចង់ទទួលស្វាគមន៍ព្រះនាងម៉ារីនៅក្នុងជីវិតរបស់យើងខ្ញុំ និងនៅក្នុងប្រវត្តិសាស្ត្ររបស់យើងខ្ញុំ។ នៅពេលវេលានេះ ដែលមនុស្សលោកកំពុងអស់កម្លាំង និងកំពុងតក់ស្លុត បីដូចជាបានឈរនៅក្បែរឈើឆ្កាងរួមជាមួយព្រះនាង។ នៅពេលនេះ មនុស្សលោកត្រូវតែទូលអង្វរព្រះនាង ដើម្បីថ្វាយខ្លួនរបស់យើងខ្ញុំទៅព្រះយេស៊ូគ្រីស្តតាមរយៈព្រះនាង។ នៅពេលនេះ ប្រជារាស្ត្រនៅប្រទេសអ៊ុយក្រែន ក៏ដូចជាប្រជារាស្ត្រនៅប្រទេសរុស្ស៊ី ដែលស្រឡាញ់ព្រះនាងម៉ារីអស់ពីដួងចិត្តកំពុងទូលអង្វរព្រះនាង។ សូមឱ្យប្រជារាស្ត្រដែលកំពុងបាត់បង់ជីវិតដោយសារសង្រ្គាម ដោយសារការអត់ឃ្លាន ដោយសារភាពអយុត្តិធម៌ និងដោយសារភាពកំសត់ទុរគត អាចរកឃើញជីវិតថ្មីនៅក្នុងព្រះបេះដូងដ៏និមលរបស់ព្រះនាង។
ដូច្នេះហើយ សូមព្រះនាងម៉ារីដែលជាមាតារបស់ព្រះជាម្ចាស់ និងជាមាតារបស់យើងខ្ញុំ នៅពេលនេះយើងខ្ញុំអធិដ្ឋានថ្វាយយ៉ាងឱឡារិក នៅក្នុងព្រះបេះដូងដ៏និមលរបស់ព្រះនាង ទាំងយើងខ្ញុំផ្ទាល់ខ្លួន ទាំងព្រះសហគមន៍ ទាំងមនុស្សជាតិទាំងអស់ ជាពិសេសប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែន។ សូមព្រះនាងម៉ារី ទទួលការថ្វាយខ្លួនរបស់យើងខ្ញុំ ដែលយើងខ្ញុំកំពុងធ្វើដោយការទុកចិត្តនិងសេចក្តីស្រឡាញ់។ សូមព្រះមាតា ណែនាំឱ្យសង្រ្គាមបញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យមានសេចក្តីសុខសន្តនៅក្នុងពិភពលោកឆាប់ៗនេះ។ ពិតមែន អ្វីៗដែលផុសចេញពីព្រះបេះដូងដ៏និមលរបស់ព្រះនាង បានបើកចំហរទ្វារនៃប្រវត្តិសាស្ត្រឱ្យបើកឡើង សម្រាប់ព្រះយេស៊ូដែលជាព្រះអង្គម្ចាស់នៃសន្តិភាព។ យើងខ្ញុំជឿជាក់ថា តាមរយៈព្រះបេះដូងដ៏និមលរបស់ព្រះនាង សន្តិភាពនឹងចាប់ផ្តើមលេចចេញជារូបរាងសាជាថ្មីម្តងទៀត។ យើងខ្ញុំសូមថ្វាយទៅព្រះនាងម៉ារី នូវអនាគតនៃមហាគ្រួសារនៅក្នុងពិភពលោកនេះ ទាំងសេចក្តីត្រូវការ ទាំងការទន្ទឹងរង់ចាំរបស់មនុស្សម្នាក់ៗនៅក្នុងពិភពលោក ទាំងទុក្ខលំបាក និងសេចក្តីសង្ឃឹមរបស់ពិភពលោក។
តាមរយៈការអង្វររបស់ព្រះនាងម៉ារី សូមព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ ធ្លាក់ចុះមកលើផែនដីនេះដូចទឹកភ្លៀង ដើម្បីណែនាំឱ្យសេចក្តីសុខសាន្តដឹកនាំជីវិតរបស់យើងខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ។ បពិត្រព្រះនាងម៉ារី ដែលបានផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់ ដែលបានទទួលព្រះវិញ្ញាណដ៏វិសុទ្ធដ៏ពេញលក្ខណៈ សូមណែនាំឱ្យពិភពលោករបស់យើងខ្ញុំ រស់នៅក្នុងសុខដុមរមនាដែលមកពីព្រះជាម្ចាស់ផ្ទាល់។ សូមប្រទានទឹកដ៏វិសុទ្ធ គឺទឹកដែលផ្តល់ជីវិតនៅក្នុងដួងចិត្តរបស់យើង ដោយដឹងថា “ព្រះនាងជាប្រភពនៃសេចក្តីសង្ឃឹម”។ បពិត្រព្រះនាងម៉ារី ដែលបានណែនាំឱ្យព្រះយេស៊ូចូលនៅក្នុងពិភពលោកដោយចាប់កំណើតជាមនុស្ស សូមព្រះនាងណែនាំឱ្យយើងខ្ញុំកសាងពិភពថ្មី ដែលចេះសហការគ្នា យល់ចិត្តគ្នា ជាអង្គតែមួយនៅក្នុងព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បពិត្រព្រះនាងម៉ារី ព្រះនាងបានដើរនៅលើផ្លូវនៃពិភពលោករបស់យើងខ្ញុំ សូមជួយណែនាំឱ្យយើងខ្ញុំទាំងអស់គ្នា ដើរនៅលើផ្លូវនៃសេចក្តីសុខសាន្តផង។
អាម៉ែន៕