បុណ្យទេវទូតជូនដំណឹង
“ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឱ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច” (យហ ៣,១៦)។ សេចក្តីស្រឡាញ់នេះជាហេតុដែលព្រះបុត្រាកើតជាមនុស្ស! គឺព្រះជាម្ចាស់កើតជាមនុស្ស ដើម្បីឱ្យមនុស្សលោកទៅជាបុត្រធីតារបស់ព្រះជាម្ចាស់! នៅថ្ងៃនេះព្រះសហគមន៍ដាស់តឿនគ្រីស្តបរិស័ទឱ្យនឹកសញ្ជឹងអំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។ តាំងពីព្រះយេស៊ូចាប់ផ្ទៃព្រះមាតា ព្រះជាម្ចាស់ចាប់កំណើតជាមនុស្ស។ ព្រះនាងម៉ារីជាតំណាងរបស់មនុស្សលោក ព្រះនាងជាគំរូរបស់អ្នកជឿដែលទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចិត្តស្មោះ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៧,១០-១៤; ៨,១០
ព្រះអម្ចាស់ចាត់ព្យាការីអេសាយឱ្យទៅទូលព្រះបាទអខាសថា៖ “ព្រះករុណាត្រូវទូលសុំព្រះអម្ចាស់ជាព្រះរបស់ព្រះករុណា សម្ដែងនូវទីសម្គាល់មួយទោះបីនៅលើភ្នំក្តី ឬនៅក្នុងទីដ៏ជ្រៅក្តី បញ្ជាក់ថាព្រះអង្គពិតជាគង់នៅជាមួយព្រះករុណា”។ ព្រះបាទអខាសមានរាជឱង្ការតបមកវិញថា៖ “យើងមិនទូលសូមអ្វីជាដាច់ខាត យើងមិនព្រមល្បងលឫទ្ធានុភាពរបស់ព្រះអម្ចាស់ឡើយ!”។ ពេលនោះព្យាការីអេសាយទូលព្រះរាជាថា៖ “បពិត្រព្រះរាជ្យវង្សរបស់ព្រះបាទដាវីឌ សូមទ្រង់ព្រះសណ្តាប់ទូលបង្គំ! ព្រះអង្គមិនត្រឹមតែធ្វើឱ្យមនុស្សណាយចិត្តប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យព្រះរបស់ទូលបង្គំណាយព្រះហឫទ័យទៀតផង។ ហេតុនេះព្រះអម្ចាស់ផ្ទាល់ ទ្រង់នឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នា។ មើល! យុវនារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រាមួយ ហើយថ្វាយព្រះនាមថា៖ “អេម៉ានូអែល” (គឺព្រះជាម្ចាស់គង់ជាមួយយើ ង)។
ទំនុកតម្កើងលេខ ៤០(៣៩),៧-១១ បទពាក្យ ៧
៧ | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្តាប់ព្រះតម្រិះនៃព្រះអង្គ | ។ | |
៨ | ដូច្នេះរូបខ្ញុំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង្គ | |
ខ្ញុំប្រព្រឹត្តតាមឥតរេរង់ | តាមសេចក្តីក្នុងព្រះគម្ពីរ | ។ | |
៩ | ខ្ញុំសែនពេញចិត្តធ្វើតាមព្រះ | ហឫទ័យអម្ចាស់គ្រប់ទិសទី | |
វិន័យទ្រង់ដិតជាប់ជីវី | ក្នុងចិត្តគិតពីទ្រង់ជានិច្ច | ។ | |
១០ | ខ្ញុំនឹងប្រកាសធម៌មេត្តា | ធម៌ករុណាធម៌សុចរិត | |
ព្រះអង្គជ្រាបហើយទ្រង់អាណិត | ខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ | ។ | |
១១ | ខ្ញុំមិនលាក់ទេក្តីសុចរិត | ទុកក្នុងដួងចិត្តតែងប្រកាស | |
ព្រះហឫទ័យនៃព្រះអម្ចាស់ | ដែលបានសង្គ្រោះទូលបង្គំ | ។ | |
រូបខ្ញុំពុំបាននៅស្ងាត់ស្ងៀម | សំងំអឹមអៀនក្នុងប្រជុំ | ||
ពីព្រះហឫទ័យដ៏ឧត្តម | ព្រះម្ចាស់ដ៏ធំលើលោកា | ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតថ្លែងជួនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ១០,៤-១០
ព្រោះឈាមគោបា និងឈាមរបស់ពពែឈ្មោល ពុំអាចដកបាបបានឡើយ។ ហេតុនេះ នៅពេលដែលព្រះគ្រីស្តយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា៖ «ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានធ្វើរូបកាយមួយឱ្យទូលបង្គំ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត ឬយញ្ញបូជាសុំឱ្យរួចពីបាបឡើយ ដូច្នេះទូលបង្គំពោលថាៈ បពិត្រព្រះជាម្ចាស់ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គស្របតាមសេចក្ដីដែលមានចែងទុកពីទូលបង្គំនៅក្នុងគម្ពីរ»។ ជាបឋម ព្រះគ្រីស្តមានព្រះបន្ទូលថា «ព្រះអង្គមិនចង់បាន ហើយព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាតង្វាយផ្សេងៗ តង្វាយដុតទាំងមូល ឬយញ្ញបូជារំដោះបាប» ដែលគេថ្វាយទៅព្រះជាម្ចាស់ស្របតាមវិន័យដែរ។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា «ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ»។ ដូច្នេះ ព្រះអង្គបានលុបបំបាត់របៀបគោរពបម្រើព្រះជាម្ចាស់ពីមុនចោល ហើយយករបៀបថ្មីមកតាំងជំនួសវិញ។ ព្រះយេស៊ូគ្រីស្តថ្វាយព្រះកាយរបស់ព្រះអង្គម្ដងជាសូរេច តាមព្រះហឫទ័យព្រះជាម្ចាស់ ហេតុនេះហើយបានជាព្រះអង្គប្រោសយើងឱ្យវិសុទ្ធ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១,២៦-៣៨
បពិត្រព្រះជាម្ចាស់ ព្រះបន្ទូលព្រះអង្គជាសេចក្ដីពិត! ធម៌វិន័យរបស់ព្រះអង្គរំដោះមនុស្សលោក! ព្រះបន្ទូលបានកើតជាមនុស្ស ហើយគង់នៅក្នុងចំណោមយើងរាល់គ្នា យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ។ បពិត្រព្រះជាម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្ដីពិត! ធម៌វិន័យរបស់ព្រះអង្គរំដោះមនុស្សលោក។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,២៦-៣៨
ប្រាំមួយខែក្រោយមក ព្រះជាម្ចាស់បានចាត់ទេវទូតកាព្រីអែលឱ្យទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេដើម្បីជួបនឹងស្ត្រីក្រមុំព្រហ្មចារីម្នាក់ជាគូដណ្ដឹងរបស់កំលោះម្នាក់ ឈ្មោះយ៉ូសែបដែលត្រូវជាញាតិវង្សព្រះបាទដាវីឌ ស្ត្រីក្រមុំនោះឈ្មោះនាងម៉ារី។ ទេវទូតចូលទៅក្នុងផ្ទះនាងម៉ារី ហើយពោលទៅកាន់នាងថា៖ «ចូរមានអំណរសប្បាយឡើង! ព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ ព្រះអង្គគង់ជាមួយនាង»។ ពេលឮពាក្យនេះ នាងម៉ារីរន្ធត់យ៉ាងខ្លាំង នាងរិះគិតក្នុងចិត្តថា តើពាក្យជម្រាបសួរនេះមានន័យដូចម្ដេច? ទេវទូតពោលទៅកាន់នាងថា៖ «កុំខ្លាចអី ម៉ារីអើយ! ដ្បិតព្រះជាម្ចាស់គាប់ព្រះហឫទ័យនឹងនាងហើយ។ នាងនឹងមានគភ៌ សម្រាលបានបុត្រមួយ ដែលនាងត្រូវថ្វាយព្រះនាមថា “យេស៊ូ”។ បុត្រនោះនឹងមានឋានៈដ៏ប្រសើរឧត្ដម ហើយគេនឹងថ្វាយព្រះនាមថា “ព្រះបុត្រានៃព្រះដ៏ខ្ពង់ខ្ពស់បំផុត”។ ព្រះជាម្ចាស់នឹងតាំងបុត្រនោះឱ្យគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ជាព្រះអយ្យកោរបស់ព្រះអង្គ ព្រះអង្គនឹងគ្រងរាជ្យលើប្រជារាស្ដ្រអ៊ីស្រាអែលអស់កល្បជានិច្ច ហើយរាជ្យរបស់ព្រះអង្គនឹងនៅស្ថិតស្ថេរឥតមានទីបញ្ចប់ឡើយ»។ នាងម៉ារីសួរទៅទេវទូតថា៖ «តើធ្វើដូចម្ដេចនឹងឱ្យការនេះកើតឡើងបាន បើនាងខ្ញុំមិនរួមរស់ជាមួយបុរសណាផងដូច្នេះ?»។ ទេវទូតឆ្លើយទៅនាងវិញថា៖ «ព្រះវិញ្ញាណដ៏វិសុទ្ធនឹងយាងមកសណ្ឋិតលើនាង គឺឫទ្ធានុភាពរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតនឹងគ្របបាំងនាង។ ហេតុនេះ គេនឹងថ្វាយព្រះនាមដល់បុត្រដ៏វិសុទ្ធដែលត្រូវប្រសូតមកនោះថា “ព្រះបុត្រារបស់ព្រះជាម្ចាស់”។ ម្យ៉ាងទៀតនាងអេលីសាបិតជាញាតិរបស់នាងមានផ្ទៃពោះប្រាំមួយខែហើយ ថ្វីដ្បិតតែគាត់មានវ័យចាស់ថែមទាំងជាស្ត្រីអារទៀតផងក៏ដោយ ព្រោះគ្មានការអ្វីដែលព្រះជាម្ចាស់ធ្វើមិនកើតនោះឡើយ»។ នាងម៉ារីពោលទៅទេវទូតថា៖ «នាងខ្ញុំជាអ្នកបម្រើរបស់ព្រះអម្ចាស់ សូមឱ្យបានសម្រេចតាមពាក្យរបស់លោកចុះ!»។ បន្ទាប់មកទេវទូតចាកចេញពីនាងទៅ។