លោកអភិបាល ​អូលីវីយ៉េ ជ្មិត​ហស្លេរ ទទួល​បាន​មេដាយ​ថ្នាក់ «ជាតូបការ» ក្នុង​ការជួយអភិវឌ្ឍ​វិស័យជាច្រើនក្នុង​ខេត្តតាកែវ

រាជរដ្ឋាភិបាល​កម្ពុជា​​ តាមរយៈលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​​បំពាក់​មេដាយ​ថ្នាក់ «ជាតូបការ» ជូន​លោក​អភិបាល​ព្រះសហគមន៍ភូមិភាគភ្នំពេញលោក ​អូលីវីយ៉េជ្មិត​ហស្លេរ ដើម្បី​តបស្នង​ទៅ​នឹង​កិច្ចការ​ដែល​លោក​បាន​ជួយ​អភិវឌ្ឍស្ទើរគ្រប់​វិស័យ​ទាំងអស់​នៅ​ក្នុង​ខេត្ត​តាកែវ កាល​ពី​ថ្ងៃទី​​៨ ខែមីនា ឆ្នាំ២០២២ នា​វិទ្យាស្ថាន​សន្ត​ប៉ូល ក្នុង​ភូមិអង្គគគី ស្រុក​ត្រាំកក់។

ថ្លែង​ប្រាប់​សារព័ត៌មាន លោក​ អូលីវីយ៉េ បាន​ឱ្យ​ដឹងថា នេះជាមេដាយជាតូបការ ហើយនេះជាអ្វីដែលជាសសមិទ្ធិលក្នុង​ការ​ប្រមូលនូវ​គ្រប់ស្នាដៃក្នុង​ព្រះសហគមន៍ តាំងពីឆ្នាំ ២០១០ រហូតដល់ ២០២២ នៅក្នុងខេត្តតាកែវនេះ។

លោក​មានប្រសាសន៍ថា ៖ «យើងបានជួយអភិវឌ្ឍទៅលើវិស័យជាច្រើន ទាំងវិស័យអប់រំ វិស័យសង្គម ការជួយ​ជនពិការ សិប្បកម្ម សិល្បៈ សុខភាព និង​វិស័យ​សាសនា ដែលណែនាំឱ្យមនុស្សនានាដែលអស់សង្ឃឹមឱ្យមានសង្ឃឹមឡើងវិញ។  ដូចនេះអ្វីៗទាំងអស់បានធ្វើឲ្យរាជរដ្ឋាភិបាលទទួលស្គាល់»។

ទាក់ទងនឹង​សមិទ្ធិផលដែល​លោកទទួល​បាននេះដែរ លោកអភិបាលក៏​បានបញ្ជាក់ផងដែរថា ទាំងអស់នេះមិនមែនស្នាដៃលោកផ្ទាល់តែឯងនោះទេ ប៉ុន្តែជាស្នាដៃរបស់ព្រះសហគមន៍កាតូលិក ជាពិសេសនៅក្នុងខេត្តតាកែវតែម្តង។

លោកអូលីវីយ៉េ បាន​ថ្លែងថា ៖ «ខ្ញុំសូមអរគុណដល់សហការីរបស់ខ្ញុំទាំងអស់ ដែលបានធ្វើឱ្យគ្រប់ស​កម្មភាពរបស់យើង ទាំងការអប់រំ ទាំងការអភិវឌ្ឍ និងទាំងសិល្បៈ ដែលទទួលជោគជ័យបាននេះ។ នេះជាការអស្ចារ្យនិងជោគជ័យសម្រាប់យើងទាំងអស់ និង​ជាកម្លាំង​មួយ​ពិសេស​ថ្មី​ដើម្បី​ឱ្យ​យើង​ទៅមុខទៀត»។

នាឱកាសនោះដែរ វិទ្យាស្ថាន​សន្ត​ប៉ូល ក៏​បាន​ប្រារព្ធបើក​បវេសនកាលឆ្នាំសិក្សា​ថ្មី​ «ឆ្នាំ​បៃតង» ជាផ្លូវការក្រោម​អធិបតីភាពលោក សាយ សំអាល់, លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ និងប្រគល់សញ្ញាបត្រជូននិ​ស្សិ​ត​​សញ្ញាបត្រ​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រចំនួន​១១៤នាក់ផងដែរ។

ស្ថាបនិក​វិទ្យាស្ថានសន្ត​ប៉ូល លោក​អភិបាល អូលីវីយ៉េ បានលើកឡើងថា នៅ​ក្នុង​ឆ្នាំ​សិក្សា​២០២១ ដោយ​សារការរាលដាលនៃមេរោគ​​កូវីដ១៩ វិទ្យាស្ថាន​​មិន​បាន​បើក​បវេសនកាល​ត្រឹមត្រូវ​ទេ គឺមាន​តែ​សា​ស្រ្តា​ចារ្យ​ដែល​បាន​បង្រៀន​តាម​អនឡាញ ដើម្បីឱ្យ​និស្សិត​បន្ត​ការសិក្សា ដោយទទួល​បាន​លទ្ធផល​ជោគជ័យ។ លោក​មានប្រសាសន៍ថា ៖ «ឆ្នាំនេះ​ខ្ញុំ​បាន​ប្រកាស​ឆ្នាំ​បៃតង ដោយ​សារ​យើង​មើល​កូវីដ១៩ និង​ពណ៌​បៃ​ត​ង​​ជាពណ៌​នៃ​សេចក្ដី​សង្ឃឹម​។ ដូច្នេះ​នៅក្នុង​ឆ្នាំ​បៃតង​នេះ​ ឱ្យ​យើង​មើល​គ្រប់វិស័យ សូម​ឱ្យ​ការ​សិក្សា​ជោគ​ជ័យ មាន​ទំនាក់​ទំនង​ប្រាកដ​ មិនមែន​តាម​ហ្សូម និង​អនឡាញ ប៉ុន្តែ​ឱ្យ​យើង​ខិតខំ​ការពារថែរក្សា​បរិស្ថាន ដាំ​បន្លែ យក​ចិត្ត​ទុកដាក់នឹងសុខភាព​ក៏​ដូចជាទេពកោសល្យ​ដើម្បី​ឱ្យ​យើង​ទៅជាមនុស្ស​ដ៏ពេញ​លក្ខណៈ។ នៅពេល​យើង​និយាយពីពណ៌បៃតង ជាពណ៌​ដែល​មើលពីអនាគត​ និង​ក្ដីសង្ឃឹម​របស់​យើង»។

លោកអូលីវីយ៉េបាន​ធ្វើការ​ផ្តាំផ្ញើដល់​និស្សិត​ទាំងអស់ផងដែរថា «​តស៊ូ​ និង​យក​ចិត្ត​ទុកដាក់» ​ទោះបី​មាន​កូវីដឬមិនមាន​កូវីដ ​តែតស៊ូ​ដើម្បី​រៀន​សូត្រ តស៊ូ​ដើម្បី​រៀប​ចំ​អនាគត និង​យក​ចិត្ត​ទុកដាក់​ទាំងការៀនសូត្រ​ ការ​ធ្វើការងារ​ និង​ការ​រៀបចំអនាគត​។

ជាមួយគ្នានេះដែរ លោក សាយ សំអាល់​ បាន​ធ្វើការសាទរ​ចំពោះ​លោកអភិបាល ​អូលីវីយ៉េ ដែល​ព្រះមហាក្សត្រ​​ ​សព្វព្រះរាជហឫទ័យ​ប្រទាន​ងារជា «ឯកឧត្តម» ​ហើយលោកក៏​បានសាទរ​ដល់និស្សិតដែលបាន​បញ្ចប់​​ការសិក្សា​ដោយជោគជ័យ ដែល​ជាការបើកទំព័រ​ថ្មី​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន។

លោក​បាន​ថ្លែងថា ៖ «ថ្ងៃនេះ​ខ្ញុំ​សូម​ផ្សារភ្ជាប់​ប្រសាសន៍​៣របស់​ឯកឧត្តម​ហ៊ុនម៉ាណែត ​ ដែលជាជនគំរូមួ​យ​នៅកម្ពុជា ដោយកោត​សរសើរ​លោក​អភិបាលដែល​បាន​​រក្សានូវ​មរតក​ជំនាន់​មុន ចូលរួម​ពូនជ្រុំកសាងនូវ​សមិទ្ធផល​ផ្សេងៗទៀត​រួម​ទាំង​បុគ្គល​ខ្លួនឯងមិន​ត្រឹម​តែព្រះសហគមន៍​តែ​ប៉ុណ្ណោះទេ និង​ចូល​រួម​កសា​ង​ថ្នាល​សម្រាប់​អ្នក​ជំនាន់ក្រោយទៀតផងដែរ»។​

​ ប្រទេស​រឹងមាំ​ផ្ដើម​ចេញពី​យើង​មុនគេ និង​ត្រូវ​រក​ឱ្យ​ឃើញនូវទេពកោសល្យ​ផ្ទាល់​ខ្លួនឱ្យបាន នោះ​ទើប​យើង​អាចរីកចម្រើន។​ នេះបើតាម​ការបញ្ជាក់​របស់​លោក សាយ សំអាល់។

វិទ្យាស្ថាន​សន្ត​ប៉ូល ជាគ្រឹះស្ថាន​ឧត្តម​សិក្សា​កាតូលិក​ដំបូង​គេបង្អស់តែ​មួយ​គត់​នៅក្នុង​ប្រទេសកម្ពុជា។ វិ​ទ្យា​ស្ថាន​នេះ​​បង្កើត​ឡើង​​ជាផ្លូវ​ការ​នៅ​ក្នុយង​ឆ្នាំ​២០០៩ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​និង​ទទួល​ខុសត្រូវ​ខ្ពស់​របស់​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ដែលជា​ស្ថាប​និក​ និង​ជាប្រធាន​ក្រុម​ប្រឹ​ក្សា​ភិបាល​របស់​វិទ្យាស្ថាន​សន្ត​ប៉ូល។

រយៈពេល​ជាង​១០មកនេះ វិទ្យាស្ថាន​សន្ត​ប៉ូល​បាន​បណ្ដុះ​បណ្ដាល​និស្សិត​លើបរិញ្ញាបត្រ​​ជំនាញ វិស្វកម្ម Software​ ទូរគមនាគមន៍និង​បណ្ដាញ ជំនាញ​អក្សរសាស្ត្រ​អង់គ្លេស ជំនាញ​គ្រប់​គ្រង​ទេសចរណ៍ ក្សេត្រសាស្ត្រ ជំនាញ​សង្គម​កិច្ច។

រីឯបរញ្ញាបត្រ​រង វិទ្យាស្ថាន​បណ្ដុះ​បណ្ដាល​លើជំនាញ​ចំនួន៦ រួមមាន៖​ ​អភិវឌ្ឍកម្ម​វិធី​កុំ​ព្យូទ័រ គ្រប់​គ្រង​​ប្រព័ន្ធ​និង​បណ្ដាញ​កុំ​ព្យូទ័រ ​ផលិត​កម្ម​ដំណាំ​ហូប​ផ្លែនិង​បន្លែ ​វេជ្ជសាស្ត្រ​សត្វ ​ភាសាអង់គ្លេស សណ្ឋាគារ និង​បដិសណ្ឋារកិច្ច៕

ដោយ៖ ដាលីស

Facebook
Twitter
LinkedIn