សំឡេងទះដៃអបអរសាទរយ៉ាងឱឡារិករបស់និស្សិត និងសាស្ត្រាចារ្យ នៃវិទ្យាស្ថានសន្តប៉ូល ដើម្បីទទួលបវេសនកាលឆ្នាំសិក្សាថ្មី “ឆ្នាំពណ៌បៃតង” ជាផ្លូវការដែលបានប្រកាសដោយ លោក អូលីវីយ៉េ ជ្មីហស្លេរ ស្ថាបនិកវិទ្យាស្ថានសន្តប៉ូលនិងជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នៅក្នុងពិធី បើកបវេសនកាល ឆ្នាំសិក្សា ២០២២ -២០២៣ និងចែកសញ្ញានិស្សិតសញ្ញាបត្របរិញ្ញាបត្ររង និងបរិញ្ញាបត្រ ដល់និស្សិតបានបញ្ចប់ការសិក្សាចំនួន១១៤នាក់ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៨ មីនា ២០២២ នៅវិទ្យាស្ថានសន្តប៉ូល ក្នុងភូមិអង្គគគី ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក អភិបាល អូលីវីយ៉េ បញ្ជាក់ថា ឆ្នាំនេះខ្ញុំបានប្រកាសជា «ឆ្នាំបៃតង» ពណ៌បៃតងជាពណ៌នៃសេចក្ដីសង្ឃឹម។ ដូច្នេះនៅក្នុងឆ្នាំបៃតងនេះឱ្យយើងមើលគ្រប់វិស័យ សូមឱ្យការសិក្សាជោគជ័យ មានទំនាក់ទំនងប្រាកដមិនមែនតាមហ្សូម និងអនឡាញ ប៉ុន្តែឱ្យខិតខំការពារថែរក្សាបរិស្ថាន ដាំបន្លែ យកចិត្តទុកដាក់នឹងសុខភាពក៏ដូចជាទេពកោសល្យដើម្បីឱ្យយើងទៅជាមនុស្សដ៏ពេញលក្ខណៈ។ នៅពេលនិយាយពីពណ៌បៃតង ជាពណ៌ដែលមើលពីអនាគត និងក្ដីសង្ឃឹមរបស់យើង។
លោកអភិបាលសង្ឃឹមថានិស្សិតទាំងអស់ឈ្នះបញ្ហានានា និងអាចរៀបចំអនាគតរបស់ពួកគេបាន។ សម្រាប់និស្សិតទាងអស់ លោកមានពាក្យមួយគឺ “តស៊ូ និងយកចិត្តទុកដាក់” សម្រាប់ឆ្នាំទីមួយ។ លោកថា ទោះបីមានកូវីដ១៩ ឬមិនមានកូវីដ ត្រូវតែតស៊ូដើម្បីរៀនសូត្រ តស៊ូដើម្បីរៀបចំអនាគត និងយកចិត្តទុកដាក់ទោះបីជាចេញទៅហើយត្រូវយកចិត្តទុកដាក់ធ្វើការ និងរៀបចំអនាគត។ ត្រូវតែជាមនុស្សដែលពោរពេញដោយក្ដីសង្ឃឹម ដូចស្លឹកឈើមានស្លឹកខ្ចីនៅពេលដែលនៅរស់មានពណ៌បៃតង។ ដូច្នេះសូមឱ្យសិស្សានុសិស្សទាំងអស់មានសេចក្ដីសង្ឃឹមដោយឈ្នះអ្វីៗទាំងអស់ដើម្បីទទួលជីវិតថ្មីដ៏ល្អប្រសើរបំផុត។
លោក ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូល ថ្លែងនៅក្នុងកម្មវិធីនេះថា វិទ្យាស្ថានសន្តប៉ូល ជាគ្រឹះស្ថានឧត្តមសិក្សាកាតូលិកដំបូងគេបង្អស់តែមួយគត់នៅក្នុងប្រទេសកម្ពុជា។ វិទ្យាស្ថាននេះបង្កើតឡើងជាផ្លូវការនៅក្នុងឆ្នាំ២០០៩ ក្រោមគំនិតផ្ដួចផ្ដើមនិងទទួលខុសត្រូវខ្ពស់របស់លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មិតហស្លេរ ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថានសន្តប៉ូល។
លោកបញ្ជាក់ “វិទ្យាស្ថានសន្តប៉ូល មានបំណងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងជួយដល់យុវជននៅជនបទនិងតំបន់ដាច់ស្រយាលឱ្យមានឱកាសបានសិក្សាថ្នាក់ឧត្ដមសិក្សាដោយឈរលើចក្ខុវិស័យនិងបេសកកម្មច្បាស់លាស់ ជាពិសេសផ្អែកលើសសរស្ដម្ភ២សំខាន់ៗគឺ សេចក្ដីពិត និងមេត្តាករុណា ដោយបញ្ចូលកម្មវិធីប្រព័ន្ធអប់រំទាំងមូល”។
លោក សាយ សំអាល់ បានអបអរសាទរដល់លោក អភិបាល អូលីវីយ៉េ ដែលព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហឫទ័យប្រទានងារជា «ឯកឧត្តម» និង អបអរសាទរចំពោះនិស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលជាការបើកទំព័រថ្មីនៅក្នុងជីវិតផ្ទាល់ខ្លួន និងសង្ឃឹមថាប្អូនៗនឹងយកចំណេះដឹងទាំងអស់នេះទៅបម្រើប្រទេសជាតិទៅតាមជំនាញវិជ្ជាជីវៈ។
លោក ក៏បានកោតសរសើរដល់វិស័យអប់រំដែលដឹកនាំដោយលោកអភិបាលអូលីវីយ៉េ ទោះបីស្ថិតក្នុងបរិបទកូវីដ១៩ក៏ដោយ ជាពិសេសវិទ្យាល័យសន្តហ្វ្រង់ស្វ័រដែលមានសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A ច្រើនជាងគេរហូតដល់៩នាក់ក្នុងខេត្តតាកែវ។
លោករដ្ឋមន្ត្រី ក៏បានក្រើនរម្លឹកបន្ថែមថា ក្នុងនាមយើងជាយុវជនជំនាន់ក្រោយ ម្នាក់ៗត្រូវស្គាល់ខ្លួនឯង និងកំណត់គោលដៅឱ្យច្បាស់ ថាខ្លួនចូលចិត្តអ្វី ចង់ធ្វើអ្វី ជាពិសេស គឺត្រូវជឿជាក់លើខ្លួនឯងថាខ្លួនអាចធ្វើបាន។ ជាមួយគ្នានេះ លោក សាយ សំអាល់ បានលើកឡើងនូវអនុសាសន៍មួយចំនួនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាជនគំរូមួយនៅកម្ពុជា ចំពោះសិស្ស និស្សិតដែលជាអ្នកជំនាន់ក្រោយទាំងអស់ រួមមាន៖ ទី១)រក្សានូវមរតកដែលបានបន្សល់ទុកពីអ្នកជំនាន់មុន ទី២)ចូលរួមពូនជ្រុំកសាងសមិទ្ធផលផ្សេងៗទៀត និងទី៣)ចូលរួមកសាងថ្នាលសម្រាប់អ្នកជំនាន់ក្រោយ។
ក្នុងឱកាសនោហដែរលោករដ្ឋមន្ត្រីបានចែករំលែកបទពិសោធន៍ ក្នុងការតាំងចិត្តសិក្សាលើមុខជំនាញវិទ្យាសាស្ត្រ និងរហូតបញ្ចប់ថ្នាក់បណ្ឌិតនៅក្រៅប្រទេស ។
នៅក្នុងពិធីនេះលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបំពាក់មេដាយថ្នាក់ “ជាតូបការ” ជូនលោកអភិបាលអូលីវីយ៉េ ដើម្បីតបស្នងទៅនឹងកិច្ចការដែលលោកបានជួយអភិវឌ្ឍស្ទើរគ្រប់វិស័យទាំងអស់នៅក្នុងខេត្តតាកែវ និងមេដាយថ្នាក់ “មហាសេនា” ជូនទៅលោក ផុន សុផល នាយកវិទ្យាស្ថានសន្តប៉ូលផងដែរ។
ថ្លែងប្រាប់RVAKhmer លោកអភិបាលអូលីវីយ៉េ បញ្ជាក់ថា នេះជាមេដាយជាតូបការ ជាមេដាយ ខ្ពស់ផុតលេខ ហើយនេះជាអ្វីដែល ប្រមូលគ្រប់ស្នាដៃដែលមាន ២០ឆ្នាំកន្លងមក តាំងពីឆ្នាំ ២០១០ រហូតដល់ ២០២២ នៅក្នុងខេត្តតាកែវ។ យើងបានជួយអភិវឌ្ឍទៅលើវិស័យជាច្រើន ទាំងវិស័យអប់រំ វិស័យសង្គមកិច្ច ជួយជនពិការ សិប្បកម្ម សិល្បៈ សុខភាព និងសាសនា ដែលណែនាំឱ្យមនុស្សនានាដែលអស់សង្ឃឹមឱ្យមានសង្ឃឹមឡើងវិញ។ ដូចនេះអ្វីៗទាំងអស់បានធ្វើឲ្យរាជរដ្ឋាភិបាលទទួលស្គាល់។ លោកអភិបាលបានបញ្ជាក់ទៀតថា ទាំងអស់នេះមិនមែនស្នាដៃខ្ញុំផ្ទាល់ ប៉ុន្តែជាស្នាដៃរបស់ព្រះសហគមន៍កាតូលិក ជាពិសេសនៅក្នុងខេត្តតាកែវ និងអរគុណដល់សហការីរបស់ខ្ញុំទាំងអស់ ដែលបានធ្វើឱ្យគ្រប់សកម្មភាពរបស់យើងទាំងអប់រំ ទាំងអភិវឌ្ឍ និងទាំងសិល្បៈអាចជោគជ័យបាន។ នេះជាការអស្ចារ្យនិងជោគជ័យសម្រាប់យើងទាំងអស់ និងជាកម្លាំងមួយពិសេសថ្មីដើម្បីឱ្យយើងទៅមុខទៀត។
រយៈពេលជាង១០មកនេះ វិទ្យាស្ថានសន្តប៉ូលបានបណ្ដុះបណ្ដាលនិស្សិតកំរិតបរិញ្ញាបត្រជំនាញ វិស្វកម្ម Software ទូរគមនាគមន៍ និងបណ្ដាញ ជំនាញអក្សរសាស្ត្រអង់គ្លេស ជំនាញគ្រប់គ្រងទេសចរណ៍ ក្សេត្រសាស្ត្រ ជំនាញសង្គមកិច្ច។ រីឯបរិញ្ញាបត្ររង វិទ្យាស្ថានបណ្ដុះបណ្ដាលលើជំនាញ៦មាន៖ ជំនាញអភិវឌ្ឍកម្មវិធីកុំព្យូទ័រ ជំនាញគ្រប់គ្រងប្រព័ន្ធនិងបណ្ដាញកុំព្យុទ័រ ជំនាញផលិតកម្មដំណាំហូបផ្លែនិងបន្លែ ជំនាញវេជ្ជសាស្ត្រសត្វ ជំនាញភាសាអង់គ្លេស ជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ច។ គ្រប់កម្មវិធីអប់រំរបស់វិទ្យាស្ថានសន្តប៉ូល គឺមានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងអប់រំយុវជននិងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការជាមួយអាណាព្យាបាលរបស់និស្សិតផ្ទាល់ផងដែរ។
ដោយឡែកនិស្សិតទាំង១១៤នាក់ដែលបានទទួលសញ្ញាបត្រក្នុងថ្ងៃនេះ មាន៩៦%ដែលមានការងារធ្វើភ្លាមៗក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងពីវិទ្យាស្ថានសន្តប៉ូល។