អត្ថបទព្រះគម្ពីរថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា ឆ្នាំ២០២២

សូមថ្លែងព្រះគម្ពីរព្រះនាងអេសធែរ(គ) អធ (គ) ១២.១៤-១៦.២៣-២៥

ព្រះមហាក្សត្រិយានីអេសធែរតប់ប្រមល់យ៉ាងខ្លាំងស្ទើរតែសោយទិវង្គត។ ព្រះនាងរត់ទៅជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះជាម្ចាស់ សូមព្រះអង្គជួយ។ ព្រះនាង​ទូលអង្វរព្រះជាអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដូចតទៅ៖ «បពិត្រព្រះអម្ចាស់! ព្រះអង្គជាព្រះមហាក្សត្រនៃយើងខ្ញុំ មានតែព្រះអង្គទេដែលជាព្រះជាម្ចាស់។ សូមព្រះអង្គយាងមកសង្គ្រោះខ្ញុំម្ចាស់ផង! ដ្បិតខ្ញុំម្ចាស់នៅម្នាក់ឯងគ្មាននរណាទីពឹងក្រៅពីព្រះអង្គឡើយ។ ឥឡូវនេះ ខ្ញុំម្ចាស់សុខចិត្តប្រថុយជីវិត។ តាំងពីកើតមក ខ្ញុំម្ចាស់បានឮគេនិយាយតៗគ្នាក្នុងកុលសម្ពន្ធរបស់ដូនតាខ្ញុំម្ចាស់ថា “ព្រះអម្ចាស់បានជ្រើសរើសប្រជាជនអ៊ីស្រាអែលពីក្នុងចំណោមប្រជាជាតិនានា ព្រះអង្គបានជ្រើសរើសដូនតារបស់យើងខ្ញុំពីក្នុងចំណោមបុព្វបុរសទាំងឡាយ ដើម្បីឱ្យពួកគេទៅជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គអស់កល្បជានិច្ច។ ព្រះអង្គបានប្រព្រឹត្តចំពោះដូនតារបស់យើងខ្ញុំ តាមព្រះបន្ទូលសន្យាដែរ”។ បពិត្រព្រះអម្ចាស់! សូមកុំបំភ្លេចយើងខ្ញុំឡើយ! នៅពេលយើងខ្ញុំជួបគ្រោះអាសន្ន សូមបង្ហាញប្ញទ្ធានុភាពរបស់ព្រះអង្គឱ្យយើងខ្ញុំឃើញផង។ បពិត្រព្រះអម្ចាស់ជាព្រះមហាក្សត្រលើព្រះទាំងឡាយ! ព្រះអង្គជាម្ចាស់លើអស់អ្នកដែលកាន់អំណាច! សូមប្រោសប្រទានឱ្យខ្ញុំម្ចាស់មានចិត្តក្លាហានផង។ ពេលខ្ញុំម្ចាស់ទៅគាល់ស្តេចដែលប្រៀបដូចជាសត្វសិង្ហគួរឱ្យស្ញែងខ្លាចនោះ សូមព្រះអង្គប្រោសប្រទានឱ្យខ្ញុំម្ចាស់ចេះពោលពាក្យសម្តីពីរោះផ្អែមល្ហែម សូមបង្វែរព្រះហប្ញទ័យស្តេចនោះឱ្យប្រែជាស្អប់ខ្មាំងសត្រូវរបស់យើងខ្ញុំព្រមទាំងប្រហារជីវិតអ្នកនោះ និងបក្សពួករបស់គេផង!។ បពិត្រព្រះអម្ចាស់! សូមប្រើប្ញទ្ធិបារមីរបស់ព្រះអង្គមករំដោះយើងខ្ញុំ សូមយាងមក​សង្គ្រោះខ្ញុំម្ចាស់ផង! ខ្ញុំម្ចាស់នៅម្នាក់ឯងគ្មាននរណាទីពឹងក្រៅពីព្រះអម្ចាស់ឡើយ។ ព្រះអង្គឈ្វេងយល់គ្រប់កិច្ចការទាំងអស់»។

ទំនុកតម្កើងលេខ ១៣៨(១៣៧), ១-៣.៧-៨ បទកាកគតិ

ខ្ញុំសូមតម្កើងព្រះម្ចាស់ខ្ពស់ឡើងអស់ពីដួងចិត្ត
នៅមុខទេវតាខ្ញុំស្មូត្រជាបទតម្កើងថ្វាយថ្វាត់
ដល់ព្រះអង្គថ្លៃ។
ខ្ញុំក្រាបបែរមុខតម្រង់ទៅរកវិហារប្រពៃ
ខ្ញុំលើកតម្កើងព្រះនាមថ្លាថ្លៃដោយព្រះហប្ញទ័យ
ស្មោះស្ម័គ្រឥតស្បើយ។
នៅថ្ងៃដែលខ្ញុំស្រែកអង្វរសុំព្រះអង្គតបឆ្លើយ
ព្រះអង្គប្រទានឥតមានកន្តើយឱ្យខ្ញុំបានស្បើយ
ក្នុងចិត្តក្លាហាន។
ពេលទូលបង្គំជួបអាសន្នធំទ្រង់ឥតជិនណាយ
ជួយការពារខ្ញុំវាយខ្មាំងខ្ចាត់ខ្ចាយសង្រ្គោះខ្ញុំដោយ
ប្ញទ្ធិបារមី។
បពិត្រព្រះម្ចាស់ការគ្រប់យ៉ាងនេះពិតជាប្រពៃ
ព្រះអង្គប្រកបដោយព្រះហប្ញទ័យករុណាក្រៃ
ឥតបីបោះបង់។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ៥១,១២-១៤

បពិត្រព្រះយេស៊ូជាអម្ចាស់ យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!
ឱ! ព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឱ្យខ្ញុំមានចិត្តបរិសុទ្ធ។ សូមឱ្យខ្ញុំមានអំណរព្រោះតែព្រះអង្គបានសង្គ្រោះខ្ញុំ។
បពិត្រព្រះយេស៊ូជាអម្ចាស់ យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៧,៧-១២

នៅគ្រានោះ ក្រុមសាវ័កជួបជុំជាមួយព្រះយេស៊ូនៅលើភ្នំ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរសុំ! នោះព្រះជាម្ចាស់នឹងប្រទានឱ្យអ្នករាល់គ្នា! ចូរស្វែងរក នោះអ្នករាល់គ្នានឹងឃើញ ចូរគោះទ្វារ! ព្រះអង្គនឹងបើកឱ្យអ្នករាល់គ្នាជាពុំខាន ដ្បិតអ្នកណាសុំអ្នកនោះរមែងតែងតែទទួល។ អ្នកណាស្វែងរក អ្នកនោះរមែងតែងតែឃើញ ហើយគេតែងតែបើកទ្វារឱ្យអ្នកដែលគោះ។ ក្នុងចំណោមអ្នករាល់គ្នា បើកូនសុំនំប័ុង មិនដែលមាននរណាយកដុំថ្មឱ្យវាឡើយ ហើយបើកូនសុំត្រីក៏មិនដែលមាននរណាយកពស់ឱ្យវាដែរ។ សូម្បីតែអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ក៏ចេះឱ្យរបស់ល្អៗទៅកូន ចុះចំណង់បើព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ តើព្រះអង្គនឹងប្រទានអ្វីៗដ៏ល្អៗឱ្យអស់អ្នកដែលទូលសុំពីព្រះអង្គយ៉ាងណាទៅទៀត? ដូច្នេះ បើអ្នករាល់គ្នាចង់ឱ្យអ្នកដទៃប្រព្រឹត្តចំពោះខ្លួនបែបណា ត្រូវតែប្រព្រឹត្តចំពោះគេបែបនោះដែរ។ ធម្មវិន័យ និងគម្ពីរព្យាការីមានចែងទុកមកដូច្នេះឯង»។

Facebook
Twitter
LinkedIn