សន្តភីលីព និងសន្តយ៉ាកុប ជាគ្រីស្តទូត
គ្រីស្តទូតភិលីពកើតនៅបេតសៃដា ដូចគ្រីស្តទូតសិលា និងអន់ដ្រេ។ លោកភិលីពជាសាវ័កម្នាក់ ក្នុងចំណោមសាវ័កដែលព្រះយេស៊ូត្រាស់ហៅមុនគេ (យហ ១,៤៤)។ នៅក្រុងយេរូសាឡឹម ពួកក្រិកសូមលោកភិលីពនាំគេទៅជួបព្រះយេស៊ូ (យហ ១២,២០-២២)។ ពេលព្រះយេស៊ូផ្តែផ្តាំក្រុមសាវ័កលើកក្រោយបង្អស់ លោកភិលីពសួរថា៖ “ព្រះម្ចាស់អើយ! សូមបង្ហាញព្រះបិតាឱ្យយើងខ្ញុំឃើញផង! នោះយើងខ្ញុំនឹងអស់ចិត្តហើយ!” (យហ ១៤,៨)។
គ្រីស្តបរិស័ទតែងហៅគ្រីស្តទូតយ៉ាកុបនេះថា “លោកយ៉ាកុបតូច” កុំឱ្យច្រឡំនឹង “លោកយ៉ាកុបធំ” ជាបងប្អូនលោកយ៉ូហាន។ ប្រហែលលោកយ៉ាកុបនេះជា “បងប្អូនរបស់ព្រះអម្ចាស់” ដែលមានមុខងារសំខាន់ក្នុងព្រះសហគមន៍ក្រុងយេរូសាឡឹមកាលពីដើមដំបូង ហើយដែលនិពន្ធលិខិតមួយច្បាប់។ លោកយ៉ាកុបបូជាជីវិតព្រោះព្រះគ្រីស្តនៅឆ្នាំ ៦២។
សូមថ្លែងលិខិតទី១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងកូរិនថូស ១ករ ១៥,១-៨
បងប្អូនជាទីស្រឡាញ់!
ខ្ញុំសូមរំឭកបងប្អូនថា ដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូន ជាដំណឹងល្អដែលបងប្អូនបានទទួលនិងបានជឿយ៉ាងខ្ជាប់ខ្ជួនស្រាប់ហើយ។ ប្រសិនបើបងប្អូនមិនឃ្លាតចាកពីដំណឹងល្អដែលខ្ញុំបានប្រកាសប្រាប់បងប្អូនទេនោះ បងប្អូននឹងទទួលបានការសង្គ្រោះ ដោយសារដំណឹងល្អនេះដែរ តែបើឃ្លាតចាកវិញជំនឿរបស់បងប្អូនមុខតែឥតប្រយោជន៍។ មុនដំបូងបង្អស់ខ្ញុំប្រគល់ឱ្យបងប្អូននូវសេចក្តីដែលខ្ញុំបានទទួល គឺថា ព្រះគ្រីស្តសោយទិវង្គត ដើម្បីរំដោះបាបយើងស្របតាមគម្ពីរ គេបញ្ចុះព្រះសពព្រះអង្គនៅក្នងថ្នូរ ហើយព្រះអង្គទទួលព្រះជន្មថ្មីដ៏រុងរឿងនៅថ្ងៃទីបីស្របតាមគម្ពីរ។ ព្រះអង្គបង្ហាញខ្លួនឱ្យលោកកេផាសឃើញ រួចឱ្យក្រុមគ្រីស្តទូតទាំងដប់ពីរនាក់ឃើញដែរ។ បន្ទាប់មក ព្រះអង្គបង្ហាញខ្លួនឱ្យបងប្អូនជាងប្រាំរយនាក់ក្នុងពេលជាមួយគ្នា។ ក្នុងចំណោមបងប្អូនទាំងនោះ មានភាគច្រើននៅរស់នៅឡើយទេ មានអ្នកខ្លះទទួលមរណភាពផុតទៅហើយ។ បន្ទាប់មកទៀត ព្រះអង្គបង្ហាញខ្លួនឱ្យលោកយ៉ាកុបឃើញ។ ក្រោយបង្អស់ ព្រះអង្គបង្ហាញខ្លួនឱ្យខ្ញុំដែលប្រៀបបីដូចជាកូនកើតមិនគ្រប់ខែនេះឃើញដែរ។
ទំនុកតម្កើងលេខ ១៩ (១៨),២-៥ បទកាកគតិ
២ | ផ្ទៃមេឃថ្លាថ្លែង | រុងរឿងស្ញប់ស្ញែង | របស់ព្រះម្ចាស់ |
អាកាសវេហាស៍ | ក៏បានប្រកាស | ពីស្នាព្រះហស្ត | |
របស់ព្រះអង្គ | ។ | ||
៣ | ថ្ងៃមួយពោលប្រាប់ | ថ្ងៃមួយទៀតស្តាប់ | មិននៅរេរង់ |
យប់មួយទៀតប្រាប់ | យប់ផ្សេងឱ្យដឹង | អំពីដំណឹង | |
ល្បីល្បាញអស្ចារ្យ | ។ | ||
៤ | មិនប្រើសម្តី | មិនចារសេចក្តី | ឬប្រើភាសា |
ហើយក៏មិនចេញ | សូរស័ព្ទវាចា | បន្តិចឡើយណា | |
ឱ្យគេដឹងឮ | ។ | ||
៥ | ដំណឹងទាំងនោះ | ឮឆ្ងាយសាយសុះ | ពេញពាសរន្ទឺ |
លើភពផែនដី | ទីងងឹតភ្លឺ | លាន់ល្បីរន្ទឺ | |
គ្មានសល់ចន្លោះ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ “ខ្ញុំហ្នឹងហើយជាផ្លូវជាសេចក្តីពិត និងជាជីវិត! ភីលីពអើយ! អ្នកណាឃើញខ្ញុំក៏ឃើញព្រះបិតាដែរ”។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៤,៦-១៤
មុនពេលព្រះយេស៊ូឆ្លងឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវជាសេចក្តីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។ បើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះបិតារបស់ខ្ញុំដែរ។ ឥឡូវនេះ អ្នករាល់គ្នាស្គាល់ព្រះអង្គហើយ ព្រមទាំងបានឃើញព្រះអង្គថែមទៀតផង»។ លោកភីលីពទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! សូមបង្ហាញព្រះបិតាឱ្យយើងខ្ញុំឃើញផង នោះយើងខ្ញុំអស់ចិត្តហើយ»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ភីលីពអើយ ខ្ញុំនៅជាមួយអ្នករាល់គ្នាតាំងពីយូរមកហើយ ម្ដេចអ្នកនៅតែមិនស្គាល់ខ្ញុំ!។ អ្នកណាបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ហេតុដូចម្ដេចបានជាអ្នកថា សូមបង្ហាញព្រះបិតាឱ្យយើងខ្ញុំឃើញផងដូច្នេះ? តើអ្នកមិនជឿថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតាគង់នៅក្នុងខ្ញុំទេឬ? សេចក្ដីដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា មិនមែនចេញមកពីខ្ញុំផ្ទាល់ទេ គឺព្រះបិតាដែលស្ថិតនៅជាប់នឹងខ្ញុំ ព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ។ ពេលខ្ញុំនិយាយថា ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ ចូរជឿខ្ញុំចុះ បើមិនជឿសេចក្ដីដែលខ្ញុំនិយាយនេះទេ ចូរជឿដោយឃើញកិច្ចការទាំងនោះទៅ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយនឹងធ្វើកិច្ចការធំជាងនេះទៅទៀត ពីព្រោះខ្ញុំទៅឯព្រះបិតា។ អ្វីៗដែលអ្នករាល់គ្នាទូលសូមក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះជាមិនខាន ដើម្បីឱ្យព្រះបិតាសម្ដែងសិរីរុងរឿងក្នុងព្រះបុត្រា។ បើអ្នករាល់គ្នាសូមអ្វីក្នុងនាមខ្ញុំ ខ្ញុំនឹងធ្វើកិច្ចការនោះ»។