«ត្រូវជិតស្និទ្ធហើយជិតស្និទ្ធទៀតជាមួយព្រះជាម្ចាស់» ជាសារមួយសម្រាប់អស់បូជាចារ្យ និងលោកអភិបាល ដែលសម្តេចប៉ាបហ្វ្រង់ស៊ីស្កូមានបន្ទូលនៅក្នុងសន្និសីទស្តីអំពីការត្រាស់ហៅជិវិតជាបូជាចារ្យកាតូលិក។ នេះបើតាមសម្តីរបស់លោកបូជាចារ្យផាន បូរី ដែលបានចូលរួមក្នុងកម្មវិធីនេះ កាលពីថ្ងៃទី១៧-១៩ ខែកុម្ភៈ ឆ្នាំ២០២២នៅទីក្រុងរ៉ូម។
លោកបូជាចារ្យផាន បូរីមានប្រសាសន៍ឲ្យដឹងថា សន្និសីទនេះ គឺធ្វើឡើងដើម្បីឲ្យបូជាចារ្យយល់ដឹងបន្ថែមអំពីរបៀបថែទាំជីវិតផ្លូវវិញ្ញាណ រក្សាជីវិតជាបូជាចារ្យ និងលើកទឹកចិត្តបូជាចារ្យឲ្យខិតខំប្រកាសដំណឹងល្អតាមរបៀបថ្មី។
ក្នុងកម្មវិធីនេះ មានតំណាងពីប្រទេសកម្ពុជាចំនួនបីរូប គឺលោកបូជាចារ្យផាន បូរី លោកបូជាចារ្យសែ សាត និងលោកបូជាចារ្យ អេទៀន។ លោកបូជាចារ្យបូរី ឲ្យដឹងទៀតថា សម្តេចប៉ាបមានបន្ទូលថា ជាបូជាចារ្យត្រូវរស់នៅជិតស្និទ្ធជាមួយព្រះជាម្ចាស់ តាមរយៈការអធិដ្ឋាន និងថ្វាយអភិបូជា។ បន្ទាប់មកត្រូវចេញទៅធ្វើកិច្ចការងារមេត្តាករុណានៅក្នុងសង្គម។ ជាបូជាចារ្យត្រូវមានតួនាទីជាគង្វាល ដោយរស់នៅជិតស្និទ្ធជាមួយបងប្អូន គឺត្រូវចេញពីបន្ទប់របស់ខ្លួន ទៅរកបងប្អូន ដើម្បីដឹងអំពីតម្រូវការរបស់ពួកគេ។
លោកបូជាចារ្យបន្ថែមថា ក្នុងកម្មវិធីនេះ សម្តេចប៉ាបក៏សង្កត់ធ្ងន់ដែរថា គំរូរបស់លោកបូជាចារ្យ គឺមានសារៈសំខាន់ណាស់សម្រាប់យុវ័ន ឲ្យពួកគេបានឃើញអំពីការត្រាស់ហៅជាជីវិតជាបូជាចារ្យសប្បាយរីករាយ ឲ្យពួកគេចង់ធ្វើជាបូជាចារ្យ។ ក្នុងនោះដែរ សម្តេចប៉ាបរំលឹកថា លោកបូជាចារ្យត្រូវមានទំនាក់ទំនងជាមួយលោកអភិបាល ទទួលយកអ្វីដែលជាចំណុចវិជ្ជមាន ហើយលោកអភិបាលត្រូវរស់នៅជាឪពុករបស់លោកបូជាចារ្យ។
សន្និសីទនេះជាកម្មវិធីអប់រំម្យ៉ាង ដែលទីក្រុងរ៉ូមបានអញ្ជើញលោកបូជាចារ្យ លោកអភិបាល និងបងស្រី(ចំនួនតិចតួច) មកពីគ្រប់ប្រទេសមកចូលរួម។ លោកបូរី បន្តថា សម្តេប៉ាបមានបន្ទូលទៀតថា សម័យបច្ចុប្បន្នលោកបូជាចារ្យមានការល្បួងច្រើនដូចជា ស្រា ស្រី អំណាច ទ្រព្យសម្បត្តិជាដើម។ «ចំណុចទាំងនេះ ជួយខ្ញុំឲ្យពិចារណាឡើងវិញអំពីជីវិតជាបូជាចារ្យរបស់ខ្ញុំផងដែរ។»
លោកបូជាចារ្យផាន បូរី ជាបូជាចារ្យខ្មែរមួយរូបក្នុងចំណោមលោកបូជាចារ្យជាតិខ្មែរចំនួន ៨នាក់ ដែលបានទទួលអគ្គសញ្ញាតែងតាំងក្នុងឆ្នាំ២០១៤។ ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានគ្រីស្តបរិស័ទកាតូលិកតិចតួច គឺប្រមាណ២ម៉ឺននាក់ ដែលជាប្រទេសស្ថិតនៅក្នុងប្រទេសដែលត្រូវបំពេញបេសកកម្មនៃការប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់។
លោកបូជាចារ្យបូរី «សន្និសីទនេះ ជួយដាក់សតិសម្បជញ្ញៈរបស់ខ្ញុំក្នុងជីវិតជាបូជាចារ្យ។ ពេលខ្លះ យើងភ្លេចខ្លួន ធ្វើតែធម៌មេត្តាករុណា ភ្លេចកិច្ចការស្នូលរបស់យើង គឺអធិដ្ឋាននិងអភិបូជា នាំឲ្យយើងចាកចេញពីជីវិតបូជាចារ្យយ៉ាងងាយស្រួល។ ពេលយើងរស់នៅឯកោ យើងងាយធ្លាក់ក្នុងការល្បួង ដូច្នេះត្រូវរស់នៅជាក្រុមគ្រួសារ។»
លោកបញ្ជាក់ទៀតថា ក្នុងរយៈពេលបីថ្ងៃនៃពិធីជួបជុំនេះ នាំឲ្យលោកអាចរកឃើញភាពរឹង ភាពរឹងមាំក្នុងជីវិតជាបូជាចារ្យ គឺ «រស់នៅដោយបន្ទាបខ្លួន ដោយបម្រើដោយគ្មានអួតខ្លួន។»
លោកបូជាចារ្យសែ សាតមានប្រសាសន៍ថា សន្និសីទនេះបានដាស់តឿនឲ្យលោករិះរករបៀបថែទាំ និងបញ្ជូនបន្តជំនឿដល់គ្រីស្តបរិស័ទក្នុងតំបន់របស់លោកដែលកំពុងទទួលខុសត្រូវ ដែលជាកន្លែងថ្មីគ្រីស្តបរិស័ទជំនាន់ថ្មីផងដែរ។
លោកបូជាចារ្យបានឲ្យដឹងថា កន្លងមកព្រះសហគមន៍បានធ្វើសកម្មភាពជាច្រើនដើម្បីប្រកាសដំណឹងល្អ តាមរយៈការសួរសុខទុក្ខចាស់ជរា ជនក្រីក្រតាមផ្ទះ អធិដ្ឋានតាមផ្ទះ ផ្តល់អាហារនិងសម្ភារមួយចំនួនដល់អ្នកខ្វះខាត សង់ផ្ទះដល់ជនក្រីក្រជាដើម។
លោកបូជាចារ្យសាតបន្ថែមថា ការលើកទឹកចិត្តដល់គណៈកម្មការចំនួន៣ក្រុមក្នុងព្រះសហគមន៍ពិតជាមានសារៈសំខាន់ដើម្បីជួយដល់កិច្ចការប្រកាសដំណឹងល្អក្នុងព្រះសហគមន៍ ដែលមានគណៈកម្មការពិធីបុណ្យ គណៈកម្មការសង្គហៈ និងគណៈកម្មការអប់រំជំនឿជាដើម។
លោកសាតបន្ថែមថា លោកនឹងរកឱកាសដើម្បីផ្សាយបន្តនូវគំនិតរបស់សន្និសីទនេះក្នុងសិក្ខាសាលា ឬធម្មទេសនាផ្ទាល់របស់លោក។
ក្នុងឱកាសនោះ លោកបូជាចារ្យទាំងបីរូប ក៏បានជួបសម្តែងការគួរសមជាមួយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូដោយផ្ទាល់ ហើយបានថ្វាយនូវក្រមាខ្មែរដែលមានប៉ាក់រូបអង្គរវត្ត។ សម្តេចប៉ាបបានប្រទានពរដល់លោកទាំងបីផងដែរ៕
ដោយកែវ កញ្ញា