«យើងជាមហាគ្រួសារតែមួយ រួមដំណើរជាមួយគ្នាដោយក្តីស្រឡាញ់» គឺជាប្រធានបទនៃកម្មវិធីសំណាក់ធម៌និងដំណើរកំសាន្ត ដែលបានធ្វើឡើងកាលពីថ្ងៃទី២៤ដល់ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ក្រោមវត្តមានរបស់លោកអភិបាល ប្រ៊ុយ ណូ កូសម៍ និងបុគ្គលិកភូមិភាគកំពង់ចាមចូលរួមសរុបប្រមាណជា៧០នាក់។
លោក ហេង រ៉ាវី ប្រធានបុគ្គលិកភូមិភាគកំពង់ចាម បានបង្ហាញពីគោលបំណងនៃកម្មវិធីនេះថា ព្រះសហគមន៍ភូមិភាគធ្វើកម្មវិធីនេះឡើងដើម្បីលើកទឹកចិត្តបុគ្គលិក បង្កើនភាពស្និតស្នាលរវាងបុគ្គលិកនិងបុគ្គលិក ជាពេលវេលាមួយសម្រាប់បន្ថែមកម្លាំងចិត្ត និងមានគោលដៅសម្រាប់ការងារ និងជីវិតផ្ទាល់ខ្លួនម្នាក់ៗផងដែរ។
លោក ហេង រ៉ាវី បន្តថា ៖ «នេះជាលើកទីមួយដែលមានបងប្អូនជាបុគ្គលិកព្រះសហគមន៍មកពី៣២ព្រះសហគមន៍ដែលបានធ្វើកម្មវិធីសំណាក់ធម៌និងធ្វើដំណើរកំសាន្តរួមគ្នានេះ ដែលក្នុងនោះមាន៨តំបន់ រួមទំាងការិយាល័យកណ្តាលនៃភូមិភាគកំពង់ចាមផងដែរ»។
បុគ្គលិកព្រះសហគមន៍ទូទាំងភូមិភាគកំពង់ចាម មានចំនួន១១៤នាក់ ប៉ុន្តែពួកគាត់មិនបានចូលរួមទំាងអស់គ្នានោះទេដោយសារតែអ្នកខ្លះមានបញ្ហាសុខភាព អ្នកខ្លះមានការរវល់ផ្ទាល់ខ្លួនជាដើម។
ប្រធានមណ្ឌលកអូរាំងឪ លោក ហាក់ គឹម សាន បានឲ្យដឹងដែរថា លោកពិតជាចាប់អារម្មណ៍ខ្លាំង ដោយសារតែលោកបានឃើញបុគ្គលិកជាច្រើនរបស់ព្រះសហគមន៍មិនថាចាស់ឬយុវជន បានរិះគិតក៏ដូចជាពិភាក្សាជាមួយគ្នាអំពីលក្ខណៈឬលក្ខខណ្ឌដែលបានធ្វើការងារឲ្យព្រះសហគមន៍កន្លងមក។
លោកថា ៖ «ពេលមកដល់ទីតំាងសំណាក់ធម៌មានអារម្មណ៍ថា ទទួលបានអារម្មណ៍កក់ក្តៅ មានអំណរសប្បាយ មានកំលំាងចិត្តកាន់តែខ្លាំង ព្រោះថាមានលោកអភិបាល លោកពុក បងស្រី និងបងប្អូនជាបុគ្គលិកព្រះសហគមន៍ នៅជាមួយគ្រប់ពេលទំាងការអធិដ្ឋាន ទំាងអភិបូជា ទំាងការញុំា ការដើរលេង និងកម្មវិធីសប្បាយៗជាច្រើនទៀត»។
ចំណែកលោកស្រី ញឹក ស្រីរ៉ាន់ ដែលជាប្រធានផ្នែកអប់រំកុមារតូចក្នុងភូមិភាគកំពង់ចាមនិងសព្វថ្ងៃជាគ្រូមត្តេយ្យនៅព្រះសហគមន៍ចម្លាក់ ក៏បានមានប្រសាសន៍ដែរថា លោកស្រីពិតជាចាប់រម្មណ៍ខ្លាំងណាស់ទាក់ទងនឹងប្រធានបទ ដែលជាមហាគ្រួសារតែមួយ រួមដំណើរជាមួយគ្នាដោយក្តីស្រលាញ់។
លោកស្រីបន្តថា ក្នុងឱកាសដែលបានទៅសំណាក់ធម៌ក៏ដូចជាដំណើរកំសាន្តជុំគ្នានេះ ធ្វើឲ្យលោកស្រី និងបុគ្គលិកទំាងអស់មានបទពិសោធន៍ចំពោះគ្នាទៅវិញទៅមក ជាពិសេសបានចែករំលែកបទពិសោធន៍ការងារតាមព្រះសហគមន៍នីមួយៗ ធ្វើឲ្យស្គាល់បងប្អូនដែលមិនធ្លាប់បានស្គាល់ពីមុនមក និងធ្វើឲ្យរូបលោកស្រីនិងបងប្អូនផ្សេងៗក្នុងព្រះសហគមន៍មានទំនាក់ទំនង ជាមួយគ្នាយ៉ាងជិតស្និត។
កញ្ញា ឌី សុខលី ពីព្រះសហគមន៍ក្តុលលើបានប្រាប់ឲ្យដឹងដែរថា ក្នុងរយៈពេលប៉ុន្មានថ្ងៃក្នុងកម្មវិធីសំណាក់ធម៌ ក៏ដូចជាដំណើរកំសាន្តពិតជាល្អសម្រាប់កញ្ញា ព្រោះថាការងារក្នុងព្រះសហគមន៍គឺត្រូវបម្រើព្រមទាំងមានការលៈបង់។
កញ្ញា ឌី សុខលី បានបន្តថា ក្នុងកម្មវិធីសំណាក់ធម៌នេះកញ្ញាស្គាល់បុគ្គលិកមកពីព្រះសហគមន៍ផ្សេងៗ មានពេលអធិដ្ឋានជាមួយគ្នា យល់កាន់តែច្បាស់ពីរបៀបធ្វើការនៅក្នុងព្រះសហគមន៍ របៀបក្នុងការដោះស្រាយតាមតួនាទីនីមួយៗ អ្វីដែលពិសេសនោះគឺយល់ថាការបម្រើគឺមានន័យថា លៈបង់ពេលវេលា និងគិតពីប្រយោជន៍រួម៕
ដោយ ហៀម សុកខុន