អត្ថបទព្រះគម្ពីរថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២ 

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៤៩,៨-១៥

ព្រះអម្ចាស់មានព្រះបន្ទូលមកអ្នកបម្រើរបស់ព្រះអង្គថា៖«នៅគ្រាណាដែលយើងគាប់ចិត្ត យើងបានឆ្លើយតបមកអ្នក។ ដល់ថ្ងៃកំណត់ដែលយើងសង្គ្រោះ យើងក៏បានជួយអ្នកដែរ។ យើងបានញែកអ្នកឱ្យនៅដាច់ឡែកពីគេ ដើម្បីចងសម្ពន្ធមេត្រីជាមួយប្រជាជន គឺយើងនឹងស្តារស្រុកទេសឡើងវិញ ហើយចែកដីដែលគេបានបោះបង់ចោលឱ្យប្រជាជន។ យើងនិងប្រាប់ពួកឈ្លើយសឹកថា ៖“ចូរចេញមក!” ហើយប្រាប់អ្នកនៅទីងងឹតថា៖“ចូរបង្ហាញខ្លួនមក!”។ ពួកគេនឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងសុខសាន្ត ដូចចៀមស៊ីស្មៅនៅតាមផ្លូវ និងស្វែងរកអាហារតាមវាលស្មៅនៅលើកំពូលភ្នំ ពួកគេលែងស្រេកឃ្លានទៀតហើយ។ ខ្យល់ក្តៅ និងព្រះអាទិត្យមិនធ្វើទុក្ខគេទេ ដ្បិតព្រះអម្ចាស់មានហប្ញទ័យមេត្តាករុណាចំពោះគេ ទ្រង់នាំផ្លូវគេឱ្យទៅ។ ព្រះអង្គនឹងដឹកនាំគេឆ្ពោះទៅកាន់ប្រភពទឹក។ យើងនឹងពង្រាបភ្នំទាំងអស់ធ្វើជាផ្លូវ ហើយលើកថ្នល់ទាំងប៉ុន្មានឱ្យខ្ពស់ដែរ សម្រាប់ប្រជាជនរបស់យើង។ មើលហ្ន៎! ពួកគេមកពីឆ្ងាយណាស់ ខ្លះមកពីខាងជើង ខ្លះមកពីខាងលិច ខ្លះទៀតមកពីស្រុកខាងត្បូង។ ផ្ទៃមេឃអើយ! ចូរហ៊ោកញ្ជ្រៀវ។ ផែនដីអើយ! ចូរត្រេកអរសប្បាយ។ ភ្នំទាំងឡាយអើយ! ចូរស្រែកអបអរសាទរឡើង ដ្បិតព្រះអម្ចាស់សម្រាល់ទុក្ខប្រជាជនព្រះអង្គ ព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គដែលរងទុក្ខវេទនា។ ក្រុងយេរូសាឡឹមតែងពោលថា៖“ព្រះអម្ចាស់បានបោះបង់ខ្ញុំចោល! ព្រះអម្ចាស់ភ្លេចខ្ញុំហើយ!”។ តើម្តាយអាចបំភ្លេចកូនរបស់ខ្លួនដែលនៅបៅបានឬ? តើម្តាយលែងអាណិតកូនដែលកើតចេញពីផ្ទៃរបស់ខ្លួនបានឬ? ឧបមាថាម្តាយបំភ្លេចកូនទៅចុះ ចំណែកយើង យើងមិនអាចបំភ្លេចអ្នកបានឡើយ!»។

ទំនុកតម្កើងលេខ ១៤៥(១៤៤),៨-៩.១៣-១៤.១៧-១៨ បទកាកគតិ

ព្រះជាអម្ចាស់ប្រកបដោយព្រះហប្ញទ័យត្រចង់ប្រណីសន្តោស
ករុណាហ្មត់ហ្មងអត់ធ្មត់កន្លងអាណិតមេត្តា
ព្រះជាអម្ចាស់ព្រះទ័យសប្បុរសលើមនុស្សលោកាទ្រង់មានព្រះទ័យ
សន្តោសករុណាមនុស្សគ្រប់អាត្មារស់ពេញផែនដី
១៣ព្រះរាជ្យព្រះអង្គស្ថិតនៅយូរលង់ពេញដោយអំណាចគ្រងរាជ្យអស់កល្ប
ព្រោះទ្រង់ជាស្តេចបារមីអង់អាចស្ថិតយូរវស្សា
ព្រះអម្ចាស់តែងគោរពឥតក្លែងបន្ទូលសន្យាអ្វីដែលទ្រង់ធ្វើ
សុទ្ធតែអស្ចារ្យសប្បុរសមេត្តាករុណាអាសូរ
១៤ព្រះអង្គលើកស្ទួយអ្នកហេវហត់ព្រួយដួលយំស្រែកថ្ងូរទ្រង់លើកអ្នកអស់
សង្ឃឹមឱ្យឈរពង្រឹងជំហរឱ្យល្អវិញបាន
១៧ព្រះជាអម្ចាស់ធ្វើសព្វទាំងអស់នូវរាល់កិច្ចការដោយព្រះហប្ញទ័យ
សុចរិតថ្លៃថ្លាសន្តោសករុណាទ្រង់បានប្រព្រឹត្ត
១៨ព្រះអម្ចាស់គង់នៅជិតអែបអង្គកៀកកើយនែបនិត្យនឹងអ្នកអង្វរ
ដោយសុទ្ធចិត្តរកព្រះអង្គពិតមិនយាងទៅណា

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម យហ ១១,២៥.២៦

បពិត្រព្រះអម្ចាស់! សូមលើកតម្កើងព្រះកិត្តិនាម ប្ញទ្ធានុភាព និងភាពថ្កុំថ្កើងរបស់ព្រះអង្គ។
ខ្ញុំប្រោសមនុស្សឱ្យរស់ឡើងវិញ និងផ្តល់ឱ្យគេមានជីវិត។ អ្នកដែលជឿលើខ្ញុំ មិនត្រូវស្លាប់សោះឡើយ!។
បពិត្រព្រះអម្ចាស់! សូមលើកតម្កើងព្រះកិត្តិនាម ប្ញទ្ធានុភាព និងភាពថ្កុំថ្កើងរបស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៥,១៧-៣០

ព្រះយេស៊ូបានប្រោសជនពិការម្នាក់នៅថ្ងៃសប្ប័ទ។ រួចព្រះអង្គមានព្រះបន្ទូលទៅជនជាតិយូដាថា៖«ព្រះបិតាខ្ញុំធ្វើការរហូតមកទល់សព្វថ្ងៃ ខ្ញុំក៏ធ្វើការដូចព្រះអង្គដែរ»។ កាលឮព្រះបន្ទូលនេះ ជនជាតិយូដារឹតតែចង់ធ្វើគុតព្រះអង្គខ្លាំងឡើងៗ មិនមែនត្រឹមតែមកពីព្រះអង្គ មិនបានគោរពតាមវិន័យសម្រាប់ថ្ងៃសប្ប័ទតែប៉ុណ្ណោះទេ គឺមកពីព្រះអង្គមានព្រះបន្ទូលថា ព្រះជាម្ចាស់ជាព្រះបិតារបស់ព្រះអង្គផ្ទាល់ថែមទៀត ហើយព្រះអង្គលើកខ្លួនឡើងស្មើនឹងព្រះជាម្ចាស់។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖​«ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ព្រះបុត្រាពុំអាចធ្វើអ្វីដោយព្រះអង្គផ្ទាល់បានឡើយ។ គឺព្រះបុត្រាធ្វើតែកិច្ចការណាដែលទ្រង់បានឃើញព្រះបិតាធ្វើប៉ុណ្ណោះ។ កិច្ចការអ្វីដែលព្រះបិតាធ្វើ ព្រះបុត្រាក៏ធ្វើកិច្ចការនោះដែរ។ ព្រះបិតាមានព្រះហប្ញទ័យស្រឡាញ់ព្រះបុត្រា ហើយព្រះអង្គបង្ហាញឱ្យព្រះបុត្រាឃើញគ្រប់កិច្ចការដែលព្រះអង្គធ្វើ ព្រះបិតានឹងបង្ហាញឱ្យព្រះបុត្រា ឃើញកិច្ចការធំជាងនេះទៅទៀត ហើយអ្នករាល់គ្នាមុខជាងឿងឆ្ងល់ពុំខាន។ ដូចព្រះបិតាប្រោសមនុស្សស្លាប់ឱ្យមានជីវិតរស់ឡើងវិញ ព្រះបុត្រាប្រទានជីវិតឱ្យនរណាក៏បាន ស្រេចតែនឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ ព្រះបិតាមិនវិនិច្ឆ័យនរណាឡើយ គឺព្រះអង្គបានប្រគល់អំណាចវិនិច្ឆ័យគ្រប់យ៉ាង​ឱ្យព្រះបុត្រាវិញ ដើម្បីឱ្យមនុស្សគ្រប់ៗគ្នាគោរពព្រះបុត្រា ដូចគេគោរពព្រះបិតាដែរ។ អ្នកណាមិនគោរពព្រះបុត្រាទេ អ្នកនោះក៏មិនគោរពព្រះបិតាដែលបានចាត់ព្រះបុត្រាឱ្យយាងមកនោះដែរ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្តាប់សេចក្តីដែលខ្ញុំនិយាយ ហើយជឿលើព្រះអង្គដែលចាត់ខ្ញុំឱ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយគឺបានឆ្លងផុតពីសេចក្តីស្លាប់ទៅរកជីវិត។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា ដល់ពេលកំណត់ គឺឥឡូវនេះហើយ មនុស្សស្លាប់នឹងឮព្រះសូរសៀងព្រះបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮព្រះសូរសៀងនោះ នឹងមានជីវិតរស់នៅ ដ្បិតព្រះបិតាជាប្រភពនៃជីវិតយ៉ាងណា ព្រះអង្គក៏ប្រទានឱ្យព្រះបុត្រាធ្វើជាប្រភពនៃជីវិតយ៉ាងនោះដែរ។ ព្រះបិតាក៏ប្រទានឱ្យព្រះបុត្រាមានអំណាចដាក់ទោសថែមទៀតផង ព្រោះព្រះបុត្រាជាបុត្រមនុស្ស។ សុំកុំងឿងឆ្ងល់ឡើយ ដ្បិតដល់ពេលកំណត់ មនុស្សស្លាប់ទាំងប៉ុន្មាននឹងឮព្រះសូរសៀងរបស់ព្រះបុត្រា ហើយចេញពីផ្នូរមក។ អ្នកដែលបានប្រព្រឹត្តអំពើល្អ នឹងក្រោកឡើងពីសេចក្តីស្លាប់ដើម្បីទទួលជីវិត រីឯអ្នកដែលបានប្រព្រឹត្តអំពើអាក្រក់ នឹងក្រោកឡើងពីសេចក្តីស្លាប់ដើម្បីទទួលទោស។ ខ្ញុំមិនអាចធ្វើអ្វីដោយអំណាចខ្ញុំផ្ទាល់បានឡើយ ខ្ញុំវិនិច្ឆ័យគ្រប់ការទាំងអស់ តាមសេចក្តីដែលព្រះបិតាមានព្រះបន្ទូលមកខ្ញុំ ហើយការវិនិច្ឆ័យរបស់ខ្ញុំត្រឹមត្រូវ ព្រោះខ្ញុំមិនប្រាថ្នាធ្វើតាមបំណងចិត្តខ្ញុំឡើយ គឺធ្វើតាមព្រះហប្ញទ័យរបស់ព្រះអង្គ ដែលបានចាត់ខ្ញុំឱ្យមកនោះវិញ»។

Facebook
Twitter
LinkedIn