អត្ថបទព្រះគម្ពីរថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២

សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៦៥,១៧-២១

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«បន្តិចទៀត យើងនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មី អ្វីៗដែលកើតមានកាលពីមុន គេលែងនឹកនាទៀតហើយ គឺគ្មាននរណានឹកឃើញទៀតទេ! ចូរត្រេកអរឡើង! ចូរសប្បាយរីករាយដោយឥតឈប់ឈរ ចំពោះអ្វីៗដែលយើងបង្កើតមក ដ្បិតយើងបង្កើតក្រុងយេរូសាឡឹមថ្មី ពោរពេញដោយអំណរសប្បាយរីករាយ។ យើងបង្កើតប្រជាជនមួយដែលស្គាល់តែអំណរជានិច្ច។ យើងក៏ត្រេកអរសប្បាយនឹងក្រុងយេរូសាឡឹម ហើយរីករាយនឹងប្រជាជនរបស់យើងដែរ។ គេលែងឮស្នូរសម្រែកយំសោកទៀតហើយ! នៅក្រុងនោះលែងមានទារករស់បានតែបួនដប់ថ្ងៃទៀតហើយ! ប្រជាជនទាំងអស់សុទ្ធតែមានអាយុវែង ដ្បិតអ្នកដែលស្លាប់ក្មេងជាងគេ មានអាយុយ៉ាងហោចណាស់មួយរយឆ្នាំ រីឯមនុស្សដែលរស់បានត្រឹមមួយរយឆ្នាំ គេចាត់ទុកជាអ្នកបានទទួលបណ្តាសា។ ពេលនោះ គេសង់ផ្ទះហើយរស់នៅក្នុងផ្ទះនោះ គេដាំដំណាំ ហើយគេក៏បរិភោគផលពីដំណាំនោះដែរ»។

ទំនុកតម្កើងលេខ ៣០(២៩),២-៦.៩.១២-១៣ បទពាក្យ ៧

បពិត្រព្រះម្ចាស់ដ៏ឧត្តមទូលបង្គំសូមលើកតម្កើង
ព្រោះព្រះអង្គបានស្រង់ខ្ញុំឡើងមិនឱ្យពួកខ្មាំងលេងសើចបាន
ឱ! ព្រះអម្ចាស់ដែលជាព្រះប្រសើរពេកណាស់ខ្ពស់ថ្កើងថ្កាន
ខ្ញុំអង្វរសុំក្តីសុខសាន្តហើយទ្រង់ប្រោសប្រាណឱ្យបានជា
បពិត្រព្រះម្ចាស់ដ៏ឧត្តមស្រង់ទូលបង្គំផុតវេទនា
ចេញពីរណ្តៅជនមរណាប្រទានជីវ៉ារស់ជាថ្មី
ឱ! អ្នករាល់គ្នាដែលជារាស្ត្ររបស់ព្រះម្ចាស់ដ៏ប្រពៃ
ចូរច្រៀងតម្កើងនាមម្ចាស់ថ្លៃវិសុទ្ធពេកក្រៃនៃព្រះអង្គ
ព្រះអង្គខ្ញាល់តែមួយភ្លែតសោះប្រណីសន្តោសមនុស្សទាំងពួង
ពេលល្ងាចគេយំចិត្តមួរហ្មងព្រលឹមស្រាងឡើងអរសប្បាយ
ឱ! ព្រះជាអម្ចាស់ខ្ញុំអើយខ្ញុំស្រែកដង្ហោយមិនកំណត់
អង្វរព្រះអង្គតែមួយគត់រាល់ពេលទៀតទាត់ទទូចថា
១២ព្រះអង្គធ្វើឱ្យផុតអស់ទុក្ខអាប់អួរសព្វមុខមិនមានហ្មង
ឥតមានកាន់ទុក្ខរីករាយម្តងខោអាវល្អផងពាក់សប្បាយ
១៣ខ្ញុំមិននៅស្ងៀមធ្វើឆ្មៃឆ្មើងស្មូត្របទតម្កើងមិនជិនណាយ
ឱ! ព្រះម្ចាស់អើយខ្ញុំឱនកាយក្រាបបង្គំថ្វាយលើកតម្កើង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម អម ៥,១៤

សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះប្រាជ្ញាញាណដែលស្ថិតស្ថេរអស់កល្បជានិច្ច! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។
ចូរយកចិត្តទុកដាក់ធ្វើអំពើល្អ កុំប្រព្រឹត្តអំពើអាក្រក់ឱ្យសោះ! ដើម្បីឱ្យអ្នករាល់គ្នាមានជីវិត ហើយព្រះអម្ចាស់គង់នៅជាមួយអ្នករាល់គ្នា។
សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះប្រាជ្ញាញាណដែលស្ថិតស្ថេរអស់កល្បជានិច្ច! សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ៤,៤៣-៥៤

នៅគ្រានោះ ព្រះយេស៊ូយាងឆ្ពោះទៅកាន់ស្រុកកាលីឡេ។ ព្រះអង្គមានព្រះបន្ទូលថា៖ «គ្មានព្យាការីណាម្នាក់ត្រូវគេគោរពក្នុងស្រុកកំណើតរបស់ខ្លួនផ្ទាល់ឡើយ»។ លុះព្រះអង្គយាងទៅដល់ស្រុកកាលីឡេ អ្នកស្រុកនាំគ្នាទទួលព្រះអង្គ ព្រោះគេបានឃើញការអស្ចារ្យទាំងប៉ុន្មានដែលព្រះអង្គបានសម្តែងក្នុងឱកាសបុណ្យចម្លងនៅក្រុងយេរូសាឡឹម ដ្បិតគេក៏ទៅចូលរួមបុណ្យនេះដែរ។ ព្រះអង្គយាងត្រឡប់ទៅភូមិកាណា ក្នុងស្រុកកាលីឡេម្តងទៀត ជាភូមិដែលព្រះអង្គបានធ្វើឱ្យទឹកទៅជាស្រាទំពាំងបាយជូរ។

នៅទីនោះ មានអ្នករាជការម្នាក់មកពីភូមិកាផានុម កូនប្រុសរបស់លោកមានជំងឺ។ កាលលោកជ្រាបថា ព្រះយេស៊ូបានយាងពីស្រុកយូដាមកស្រុកកាលីឡេនេះ លោកក៏ទៅ រកព្រះអង្គ ទូលអង្វរសូមព្រះអង្គយាងទៅប្រោសកូនរបស់លោកដែលកំពុងតែឈឺជិតផុតដង្ហើមនោះ ឱ្យបានជាសះស្បើយ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា ៖«ប្រ​សិនបើអ្នករាល់គ្នាមិនបានឃើញទីសម្គាល់ និងប្ញទ្ធិបាដិហារិយ៍ទេ អ្នករាល់គ្នាមុខជាមិនជឿឡើយ»។ មន្ត្រីនោះទូលព្រះអង្គថា៖«លោកម្ចាស់អើយ! សូមលោកអញ្ជើញមក ក្រែងកូនខ្ញុំប្របាទស្លាប់»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖«សូមលោកអញ្ជើញទៅចុះ! កូនរបស់លោករស់ហើយ»។ បុរសនោះជឿព្រះបន្ទូលរបស់ព្រះយេស៊ូ ក៏ចេញដំណើរទៅ។ ពេលលោកកំពុងតែដើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ពួកបម្រើរបស់លោកនាំគ្នាចេញទៅជម្រាបលោកថា កូនរបស់លោករស់ហើយ។ លោកក៏សួរអ្នកបម្រើឱ្យដឹងថា កូនបានធូរស្បើយពីថ្មើរណា។ គេតបថា៖«កូនរបស់លោកបាត់គ្រុនពីម្សិលមិញ វេលាម៉ោងមួយរសៀល»។ ឪពុកដឹងថា គឺនៅម៉ោងនោះហើយ ដែលព្រះយេស៊ូមានព្រះបន្ទូលមកគាត់ថា ”កូនរបស់លោករស់ហើយ!”។ លោកជឿលើព្រះយេស៊ូ ហើយក្រុមគ្រួសាររបស់លោកទាំងមូល ក៏ជឿលើព្រះអង្គដែរ។ នេះជាទី​សម្គាល់​លើកទីពីរដែលព្រះយេស៊ូបានធ្វើ នៅពេលព្រះអង្គវិលត្រឡប់ពីស្រុកយូដាមកស្រុកកាលីឡេវិញ។

Facebook
Twitter
LinkedIn