គ្រីស្តបរិស័ទកាតូលិកនៃព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេមេគង្គ ៤១រូបទទួលអគ្គសញ្ញាលាបថ្ងាស ដែលជាការទទួលព្រះវិញ្ញាណដ៏វិសុទ្ធតាមជំនឿរបស់ព្រះសហគមន៍កាតូលិក ដើម្បីក្លាយទៅជាគ្រីស្តបរិស័ទពេញវ័យខាងជំនឿ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នៅព្រះវិហារព្រះនាងម៉ារីមិនជំពាក់បាប (សំរោងធំ) ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២នេះ។
បេក្ខនារី ណៃ ប៊ុននី ជាគ្រីស្តបរិស័ទនៅព្រះសហគមន៍សំរោងធំបាននិយាយថា «អគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះធ្វើឱ្យខ្ញុំរំភើប មិនដឹងនិយាយយ៉ាងម៉េចចេញ។ ព្រះវិញ្ញាណដ៏វិសុទ្ធជួយឱ្យខ្ញុំសប្បាយរីករាយ។ ខ្ញុំចង់ក្លាយជាគ្រីស្តបរិស័ទព្រោះបានឃើញ និងស្រឡាញ់ការជួយអ្នកក្រីក្រ និងអ្នកដែលកំពុងតែរងទុក្ខលំបាក»។
បេក្ខជន ង្វៀង វឹងវិន ឲ្យដឹងថាដែរថា អគ្គសញ្ញានេះជួយឱ្យគាត់មានកម្លាំង មានអំណរសប្បាយខ្លាំង និងបានជួបលោកអភិបាល។ វឹងវិន ប្រាប់ថា ក្រោយពីទទួលអគ្គសញ្ញាលាបថ្ងាសនេះ គាត់ចង់បម្រើព្រះជាម្ចាស់ដោយ ប្រើទេពកោសល្យរបស់គាត់។ វឹងវិន « ខ្ញុំនឹងចូលរួមជាមួយក្រុមចម្រៀង ព្រោះខ្ញុំស្រឡាញ់ខ្លាំង»។
បេក្ខជនទាំងនេះមកពីព្រះសហគមន៍រោងចក្រចំនួន ១នាក់ ព្រះសហគមន៍ព្រែកដាច់ ចំនួន ៩នាក់ ព្រះសហគមន៍សំរោងធំ ចំនួន ២៤នាក់ ព្រះសហគមន៍កំពង់ចម្លង ចំនួន ៧នាក់។
សញ្ញាលាបថ្ងាសគឺជាអគ្គសញ្ញាដ៏សំខាន់មួយនៅក្នុងព្រះសហគមន៍កាតូលិក ក្នុងចំណោមអគ្គសញ្ញាទាំង៧ មានដូចជា៖ អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាសម្រុះសម្រួល អគ្គសញ្ញាទទួលព្រះកាយនិងព្រះលោហិតព្រះគ្រីស្ត អគ្គសញ្ញាអាពាហ៍ពិពាហ៍ អគ្គសញ្ញាតែងតាំងជាបូជាចារ្យ និងអគ្គសញ្ញាលាបប្រេងផ្ដល់កម្លាំង។
«អគ្គសញ្ញាលាបថ្ងាសគឺព្រះវិញ្ញាណដ៏វិសុទ្ធដែលមានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ជាជីវិតផ្ទាល់របស់ព្រះជាម្ចាស់ ជាព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ផ្ទាល់ ជាសេចក្ដីក្លាហាននិងកម្លាំងរបស់ព្រះជាម្ចាស់ផ្ទាល់ដែលនឹងសណ្ឋិតលើបងប្អូន ដើម្បីទៅជាសាក្សីរបស់ព្រះជាម្ចាស់»។ នេះបើតាមប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរ។
លោកអភិបាលព្រះសហគមន៍បញ្ជាក់ទៀតថា «ថ្ងៃនេះយើងទទួលព្រះវិញ្ញាណដ៏វិសុទ្ធដើម្បីចូលនៅក្នុងជីវិតដែលព្រះជាម្ចាស់បានប្រគល់ឲ្យយើងនៅលើផែនដីនេះ»។ ហើយយើងទទួលអគ្គសញ្ញាលាបថ្ងាស គឺទទួលព្រះវិញ្ញាណដ៏វិសុទ្ធដែលចូលទៅក្នុងដង្ហើម ក្នុងសួតរបស់យើង នៅក្នុងជីវិតរបស់យើងដែលជាព្រះសហគមន៍។
លោកអភិបាលបន្តថា ព្រះម្ចាស់ចង់ឱ្យយើងមានសុភមង្គលរួមជាមួយព្រះយេស៊ូ។ ព្រះជាម្ចាស់ផ្ទាល់ដែលនាំឱ្យយើងមានសុភមង្គលនៅស្ថានបរមសុខនាថ្ងៃអនាគត។ ជីវិតដែលយើងទទួលពីព្រះជាម្ចាស់ដែលនាំឱ្យយើងឆ្អែតនៅក្នុងសេចក្ដីស្រឡាញ់ ពោរពេញដោយកំលាំងថាមពលដើម្បីប្រកាសដំណឹងល្អក្នុងការរស់នៅនិងតស៊ូនាពេលបច្ចុប្បន្ននេះ។ ព្រះជាម្ចាស់កែប្រែទឹកភ្នែក ដែលនាំឱ្យយើងអស់កម្លាំង ឲ្យពោរពេញដោយការត្រេកអររួមជាមួយព្រះជាម្ចាស់ផ្ទាល់។
លោកអភិបាលរំលឹកថា «អ្វីដែលយើងធ្វើល្អនៅលើផែនដីសព្វថ្ងៃ ជាមត៌កនៅស្ថានបរមសុខនាថ្ងៃអនាគត»។
លោកអភិបាលអូលីវីយ៉េ បានស្នើឱ្យបេក្ខជន និងគ្រីស្តបរិស័ទឱ្យរិះគិតថា តើយើងបានយកចិត្តទុកដាក់លើសេចក្ដីស្រីរបស់ព្រះជាម្ចាស់ឬអត់? តែយើងបានយកចិត្តទុកដាក់លើការលើកលែងទោសដែរឬអត់? តើយើងដែលបានយកចិត្តទុកដាក់នូវធម៌មេត្តាករុណារបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងដែរឬអត់?
«កុំឱ្យយើងស្រឡាញ់តែបបូរមាត់ ប៉ុន្តែសូមឱ្យយើងចេះស្រឡាញ់ដោយជាក់ស្ដែងនៅក្នុងសកម្មភាពរបស់យើងដែលមានពីមួយថ្ងៃទៅមួយថ្ងៃ។» លោកអភិបាលអូលិវីយ៉េ បន្ថែមថា សូមយកចិត្តទុកដាក់ស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរស់នៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដើម្បីឱ្យជីវិតរបស់យើងភ្លឺស្វាង និងអាចណែនាំបងប្អូនឯទៀតៗនៅក្នុងសង្គមបច្ចុប្បន្ននេះ។
លោកអភិបាលបានសួរបញ្ជាក់ពីជំនឿរបស់បេក្ខជន ចំនួន៣ដង និងបញ្ជាក់អំពីការលះបង់ចោលមារសាតាំង រួមនឹងបដិសេធការល្បួងរបស់មារសាតាំង។ ក្នុងកម្មវិធីនេះដែរ បេក្ខជនទាំង៤១រូប សំពះឱនក្បាលដល់កន្ទេល ដោយអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ សូមព្រះអង្គប្រទាននូវផលផ្លែទាំង៧នៃព្រះវិញ្ញាណដ៏វិសុទ្ធសម្រាប់ពួកគេ។ បន្ទាប់មក លោកអភិបាលបានយកប្រេងគ្រីស្មាមកគូសដៅសញ្ញាឈើឆ្កាងលើថ្ងាសបេក្ខជន ដោយហៅឈ្មោះពួកគេម្នាក់ៗ ជាការត្រាស់ហៅឲ្យទៅបំពេញមុខងារជាគ្រីស្តបរិស័ទនៅក្នុងសង្គមដែលគេរស់នៅ៕
ដោយដាលីស