ព្រះសហគមន៍ភូមិភាគកំពង់ចាមរៀបចំកម្មវិធីសំណាក់ធម៌គ្រូអប់រំជំនឿ លើប្រធានបទបទពិសោធនៃការប្រណិប័តន៍ជំនឿ ដែលមានអ្នកចូលរួមចំនួន៣១នាក់ ណែនាំដោយលោកបូ. អាល់ប៊ែរតូ កាការ៉ូ ចាប់ពីថ្ងៃទី១០-១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅព្រះសហគមន៍សន្តហ្រ្វង់ស្វ័រ និងសន្តីក្លារា អាស៊ីស៊ី ស្ថិតនៅក្នុងភូមិកោះរកាក្រៅ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ដូនជី តេរេសា ចាន់ រដ្ឋា ជាអ្នកសម្របសម្រួលកម្មវិធីបានឲ្យដឹងថា ព្រះសហគមន៍រៀបចំកម្មវិធីសំណាក់ធម៌នេះឡើង ដើម្បីប្រមូលគ្រូអប់រំជំនឿនៅក្នុងព្រះសហគមន៍ឡើងវិញ ដើម្បីឲ្យពួកគាត់អធិដ្ឋានរួមគ្នា សួរសុខទុក្ខគ្នា បង្កើនទំនាក់ទំនងជាមួយគ្នា រិះគិតអំពីព្រះបន្ទូលជាមួយគ្នា និងរិះគិតពីជីវិតរស់នៅប្រចំាថ្ងៃជាមួយគ្នា។ ដូនជី រដ្ឋា បន្តថា ដោយសារតែវិបត្តិកូវីដ១៩ចូលមកក្នុងប្រទេសកម្ពុជាយើងអស់រយៈពេលយ៉ាងយូរ ទើបធ្វើឲ្យគ្រូអប់រំជំនឿតាមព្រះសហគមន៍នីមួយៗ ក្នុងភូមិភាគកំពង់ចាមអាក់ខានជួបគ្នាក្នុងកម្មវិធីផ្សេងៗ។
កញ្ញាឃឹម សុខា ជាសាមណេរីក្នុងក្រុមគ្រួសារស្រឡាញ់ឈើឆ្កាងព្រះយេស៊ូ និងជាគ្រូអប់រំជំនឿមកពីព្រះសហគមន៍កំពង់ចាមក្រុងបានឲ្យដឹងថា នៅគ្រប់កាលៈទេសៈ នៅគ្រប់ទីកន្លែង ទោះបីយើងរវល់នឹងការងារក៏ដោយ ក៏យើងអាចប្រកាសអំពីជំនឿរបស់ព្រះជាម្ចាស់ទៅកាន់អ្នកដទៃបានដែរ មិនថាពេលសប្បាយឬពេលកើតទុក្ខ គឺយើងជួបព្រះជាម្ចាស់។
សាមណេរី សុខា បញ្ជាក់ថា ដើម្បីបន្តជំនឿទៅកាន់អ្នកដទៃបាន លុះត្រាតែគ្រូអប់រំជំនឿ មានជំនឿរឹងមាំខ្លួនឯងសិន ស្គាល់អំពីព្រះគម្ពីរ និងព្រះសហគមន៍ឲ្យបានច្បាស់លាស់ ត្រូវចេះរៀបមេរៀនឲ្យបានត្រឹមត្រូវ និងមានដំណាក់កាលដើម្បីបង្រៀនគេកាន់តែងាយស្រួលនឹងឆាប់យល់។ និងត្រូវមានសៀវភៅមេរៀនទៅតាមដំណាក់កាលរបស់អ្នកមកទទួលអប់រំ ដោយយកព្រះគម្ពីរជាទីពឹង” ។
លោក ប៉ូល ផលមើយ ជាគ្រូអប់រំជំនឿមកព្រះសហកមន៍អ្នកលឿងបាននិយាយថា កម្មវិធីសំណាក់ធម៌លើកនេះពិតជាល្អខ្លាំងណាស់សម្រាប់លោក គឺមានឱកាសសំណាក់ធម៌រយៈពេលមួយថ្ងៃពេញ ព្រមទំាងបានចែករំលែកបទពិសោធឲ្យគ្នាទៅវិញទៅមកក្នុងជីវិតជាគ្រីស្តបរិស័ទ ទាំងអ្នកចាស់និងអ្នកថ្មី និងបានសួរសុខទុក្ខគ្នាទៅវិញទៅមក និងបានជួយពង្រឹងជំនឿបន្ថែម។
លោក ផលមើយ បន្តថាបទពិសោធទាំងនេះ លោកនឹងយកទៅអនុវត្តជាមួយអ្នកឈ្វេងយល់ជំនឿក្នុងព្រះសហគមន៍របស់លោក ដើម្បីឲ្យពួកគេមានពេលវេលាខ្លះៗទាក់ទងជាមួយព្រះជាម្ចាស់។ លោកគ្រូអប់រំជំនឿរូបនេះ បន្ថែមថា លោកសុំឲ្យព្រះសហគមន៍ធ្វើកម្មវិធីអធិដ្ឋានតេហ្សេ និងកម្មវិធីផ្សេងៗឲ្យបានច្រើនដើម្បីឲ្យគ្រីស្តបរិស័ទអាចចូលរួមអធិដ្ឋានជាមួយគ្នា និងមានទំនាក់ទំនងល្អជាមួយគ្នា និងជាមួយព្រះជាម្ចាស់។
កម្មវិធីសំណាក់ធម៌រយៈពេល២ថ្ងៃនេះ មានកិច្ចពិភាក្សាអំពីបទពិសោធការអនុវត្តជំនឿប្រចំាថ្ងៃ និង ររៀបទំនាក់ទំនងជាមួយបងប្អូនដែលនៅជុំវិញខ្លួន ដែលបានចាប់ផ្តើមឡើងដោយមានពិធីជួបជុំ រិះគិត បន្ទាប់មកមានអធិដ្ឋានតាមបែបតេហ្សេ ដើម្បីបញ្ចប់កម្មវិធី។
អ្នកស្រី ហួត ហ៊ាង ជាគ្រូអប់រំជំនឿមកពីព្រះសហគមន៍កោះរការក្រៅ ឲ្យដឹងថា រយៈពេល២ថ្ងៃនៃការសំណាក់ធម៌ធ្វើឲ្យលោកស្រីយល់ដឹងមួយកំរិតទៀត អំពីរបៀបនៃការអប់រំឬបន្តជំនឿទៅកាន់អ្នកដទៃ។
ជាគ្រូអប់រំជាង១០ឆ្នាំអ្នកស្រី ហួត ហ៊ាង បន្តថា «ខ្ញុំអរព្រះគុណព្រះជាម្ចាស់ ដែលបានញែកពេលវេលាដើម្បីឲ្យខ្ញុំមកក្នុងកម្មវិធីសំណាក់ធម៌នេះ ធ្វើឲ្យខ្ញុំមានកំលាំងកាន់តែខ្លាំងមកពីព្រះជាម្ចាស់»។ ជាមួយនឹងតួនាទីជាគ្រូអប់រំជំនឿ អ្នកស្រីបានឲ្យដឹងថា កម្មវិធីនេះ ប្រៀបដូចជាវគ្គបំប៉នបន្ថែមដែលអ្នកស្រីបានខ្វះចន្លោះក្នុងការបង្រៀនអប់រំជំនឿ ហើយកម្មវិធីនេះ ជំរុញឲ្យអ្នកហ៊ាងប្រឹងប្រែងបង្រៀនអប់រំជំនឿឲ្យបានល្អដើម្បីឲ្យអ្នកឈ្វេងយល់ស្គាល់ពីព្រះជាម្ចាស់។
នេះជាកម្មវធីសំណាក់ធម៌លើកដំបូងហើយចាប់តំាងពីមានវិបត្តិកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ដែលព្រះសហគមន៍ភូមិភាគកំពង់ចាម។ បងស្រីចាន់ រដ្ឋាឲ្យដឹងថា ក្រោយការវាយតម្លៃក្នុងកម្មវិធីសំណាក់ធម៌គ្រូអប់រំជំនឿនេះ ព្រះសហគមន៍នឹងរៀបចំកម្មវិធីផ្សេងៗទៀត អាចនឹងរាល់៣ខែម្តង ដើម្បីឲ្យគ្រូអប់រំជំនឿបានជួបជុំគ្នា និងធ្វើដូចម្តេចដើម្បីបង្រៀនក៏ដូចជាបន្តជំនឿទៅកាន់បងប្អូនដែរកំពុងឈ្វេងយល់និងជឿទៅលើព្រះជាម្ចាស់។
ព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមគ្របដណ្តប់លើខេត្តចំនួន៨ ដូចជា កំពង់ចាម ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី៕
ដោយ សុកខុន