អត្ថបទព្រះគម្ពីរថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ 

ឬសន្តប៉ាទ្រីក
ជាអភិបាលព្រះសហគមន៍

លោកប៉ាទ្រីក (ប្រ.៣៨៥-៤៦១ ) កើតនៅស្រុកអង់គ្លេស។ កាលអាយុបាន ១៥ ឆ្នាំ ចោរព្រៃចាប់​គាត់យកទៅលក់ធ្វើជាទេសា។ គាត់ធ្វើជាទេសាអស់រយៈពេល ៧ ឆ្នាំ ទើបរត់​រួច​ ហើយ​ទៅ​រៀន​សូត្រ​នៅអារាមប្រចាំភូមិឡេរាំង។ លោកទទួលមុខងារជាអភិបាល រួចចេញ​ទៅប្រកាស​ដំណឹង​ល្អនៅស្រុ​ក​អៀរឡង់។

សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី មរ ១៧,៥-១០

ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ជនណាផ្ញើជីវិតលើមនុស្ស ហើយទុកចិត្តលើអ្វីៗដែលជាលោកីយ៍ ដោយបែរចិត្តចេញពីព្រះអម្ចាស់ ជននោះមុខជាត្រូវបណ្តាសាពុំខាន! គេ ប្រៀបបាននឹងដើមឈើក្រិននៅតាមព្រៃល្បោះ គេពុំអាចជួបនឹងសុភមង្គលឡើយ។ គេរស់នៅតាមកន្លែងក្តៅហួតហែងក្នុងវាលរហោស្ថាន ជាដីដែលគ្មានអ្វីដុះ និងគ្មានមនុស្សនៅ។ រីឯអ្នកដែលផ្ញើជីវិតលើព្រះអម្ចាស់ និងយកព្រះអង្គជាបង្អែក ពិតជាទទួលព្រះពរមិនខាន!។ អ្នកនោះប្រៀបបាននឹងដើមឈើដុះនៅក្បែរផ្លូវទឹក ដែលមាន​ឫសចាក់ទៅរកទឹកហូរ វាមិនខ្លាចកម្ដៅ ហើយស្លឹករបស់វានៅខៀវខ្ចីជានិច្ច។ នៅពេលរាំងស្ងួត វាមិនព្រួយអ្វីទេ គឺវានៅតែបង្កើតផ្លែផ្កាដដែល។ ចិត្តមនុស្សតែងតែវៀចវេរ មិនអាចកែតម្រង់បានឡើយ ហើយក៏គ្មាននរណាអាចមើលចិត្តធ្លុះដែរ។ តែយើងជាព្រះអម្ចាស់ យើងឈ្វេងយល់ជម្រៅចិត្តរបស់មនុស្ស យើងមើលធ្លុះអាថ៌កំបាំងរបស់គេ ដូច្នេះ យើងនឹងតបស្នងឱ្យមនុស្សម្នាក់ៗតាមកិរិយាមារយាទរបស់ខ្លួន និងតាមផលនៃអំពើដែលម្នាក់ៗបានប្រព្រឹត្ត។

ទំនុកតម្កើងលេខ ១,១-៦ បទកាកគតិ

អ្នកមិនប្រព្រឹត្តតាមមនុស្សទុច្ចរិតមិនស្តាប់ទូន្មានហើយមិនចូលចិត្ត
ដើរតាមស្នាមដានអ្នកនោះនឹងមានមង្គលពេកក្រៃ​
តែតាមការពិតពួកគេចូលចិត្តនឹងធម្មវិន័យរបស់ព្រះម្ចាស់
ទាំងយប់ទាំងថ្ងៃសញ្ជឹងរំពៃឥតមានភ្លេចភ្លឹក
អ្នកនោះប្រៀបបានដើមឈើល្អថ្កានដុះក្បែរផ្លូវទឹកមិនស្លោកស្រពោន
ឱ្យផលផ្លែស្លឹកចម្រើនសន្ធឹកតាមកាលរដូវ
រីមនុស្សអាក្រក់មានចិត្តគម្រក់កេរ្តិ៍ឈ្មោះអាស្រូវពួកគេប្រៀបបាន
អង្កាមដែលត្រូវខ្យល់ផាត់ប៉ើងទៅបាចសាចខ្ចាត់ខ្ចាយ
ថ្ងៃព្រះអម្ចាស់វិនិច្ឆ័យទោសជនពាលទាំងឡាយព្រមទាំងមនុស្សបាប
មិនស្ថិតស្ថេរឡើយត្រូវតែឃ្លាតឆ្ងាយពីអ្នកសុចរិត
ដ្បិតព្រះអម្ចាស់ស្គាល់ប្រាកដណាស់មាគ៌ាប្រណីតនៃមនុស្សល្អ
ស្មោះសរសុចរិតមាគ៌ាឧក្រិដ្ឋនាំខ្លួនអន្តរាយ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ៨,១៥

សូមលើកតម្កើងព្រះគ្រីស្ត ជាព្រះប្រាជ្ញាញាណដែលស្ថិតស្ថេរ អស់កល្បជានិច្ចរបស់ព្រះជាម្ចាស់!។
អ្នកណាដែលចងចាំទុកព្រះបន្ទូលយ៉ាងស្មោះអស់ពីចិត្ត រហូតដល់បង្កើតផលផ្លែដោយស៊ូទ្រាំខន្តី អ្នកនោះពិតជាមានសុភមង្គល!។
សូមលើកតម្កើងព្រះគ្រីស្ត ជាព្រះប្រាជ្ញាញាណដែលស្ថិតស្ថេរ អស់កល្បជានិច្ចរបស់ព្រះជាម្ចាស់!។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា ១៦,១៩-៣១

នៅគ្រានោះ ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាថា៖«មានមនុស្សម្នាក់ជាអ្នកមាន។ គាត់ប្រើសុទ្ធតែសម្លៀកបំពាក់ល្អៗធ្វើពីក្រណាត់សំពត់ថ្លៃៗ។ គាត់រស់នៅដោយសប្បាយ មានម្ហូបអាហារឆ្ងាញ់ៗបរិបូណ៌រាល់ថ្ងៃ។ មានបុរសម្នាក់ទៀតជាអ្នកក្រ ឈ្មោះឡាសារ។ គាត់កើតដំបៅពេញខ្លួន គាត់តែងដេកនៅមាត់ទ្វាររបងផ្ទះអ្នកមាននោះ។ អ្នកក្រឡាសារចង់បរិភោគកម្ទេចអាហារដែលជ្រុះពីតុអ្នកមាននោះណាស់ ហើយក៏មានឆ្កែមកលិទ្ធដំបៅគាត់ទៀតផង។ ថ្ងៃមួយអ្នកក្រនោះស្លាប់ ពួកទេវទូតនាំគាត់យកទៅដាក់ក្បែរលោកអប្រាហាំ នៅស្ថានបរមសុខ។ រីឯអ្នកមានក៏ស្លាប់ដែរ គេយកសពគាត់ទៅបញ្ចុះក្នុងផ្នូរ។ នៅស្ថានមនុស្សស្លាប់ អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើ ឃើញលោកអប្រាហាំពីចម្ងាយ ហើយឃើញអ្នកក្រឡាសារនៅក្បែរលោកដែរ។ គាត់ស្រែកអង្វរលោកអប្រាហាំថា៖«លោកឪពុកអើយ! សូមអាណិតមេត្តាខ្ញុំផង។ សូមលោកឪពុកប្រាប់ឡាសារឱ្យយកម្រាមដៃជ្រលក់ទឹកបន្តក់លើអណ្តាតខ្ញុំបន្តិចមក ព្រោះនៅក្នុងភ្លើងនេះខ្ញុំឈឺចុកចាប់ណាស់»។ លោកអប្រាហាំមានប្រសាសន៍ថា៖«កូនអើយ! ចូរនឹកចាំថា កាលកូនមានជីវិតនៅឡើយ កូនស្គាល់តែសប្បាយ រីឯឡាសារវិញគ្នាស្គាល់តែទុក្ខ។ ឥឡូវនេះឡាសារបានសុខក្សេមក្សាន្តហើយ តែកូនវិញ កូនត្រូវឈឺចុកចាប់។ ម្យ៉ាងទៀត មានលំហមួយយ៉ាងធំ ខណ្ឌយើងពីអ្នករាល់គ្នា ទោះបីអ្នកណាចង់ឆ្លងពីស្ថាននេះទៅរកអ្នករាល់គ្នា ក៏ឆ្លងមិនបានឡើយ ទោះបីមានអ្នកណាចង់ឆ្លងពីអ្នករាល់គ្នាមករកយើង ក៏ឆ្លងមិនបានដែរ»។ អ្នកមាននោះអង្វរថា ៖«លោកឪពុកអើយ! សូមលោកឪពុកមេត្តាចាត់ឡាសារឱ្យទៅផ្ទះឪពុកខ្ញុំផង ខ្ញុំមានបងប្អូនប្រាំនាក់។ សូមឱ្យលោកឡាសារទៅប្រាប់គេឱ្យដឹងខ្លួន កុំឱ្យគេមកកន្លែងរងទុក្ខទារុណកម្មនេះ»។ លោកអប្រាហាំឆ្លើយថា៖ «បងប្អូនរបស់កូនបានឮពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ពួកព្យាការី ឱ្យគេធ្វើតាមពាក្យលោកទាំងនោះចុះ»។ អ្នកមានតបទៅលោអប្រាហាំថា៖«ទេ! លោកឪពុក ទាល់តែមានអ្នកណាម្នាក់ពីចំណោមមនុស្សស្លាប់ទៅប្រាប់គេ ទើបគេកែប្រែចិត្តគំនិត»។ ប៉ុន្តែ លោកអប្រាហាំឆ្លើយតបវិញថា៖«ប្រសិនបើគេមិនធ្វើតាម ពាក្យប្រៀនប្រដៅរបស់លោកម៉ូសេ និងពាក្យប្រៀនប្រដៅរបស់ព្យាការីទេនោះ ទោះបីមានមនុស្សស្លាប់ម្នាក់បានរស់ឡើងវិញទៅប្រាប់គេក៏ដោយក៏គេមិនព្រមជឿដែរ»។

Facebook
Twitter
LinkedIn