ឬសន្ដយ៉ូហាន
ជាបព្វជិតដែលគោរពព្រះជាម្ចាស់
លោកយ៉ូហាន ស៊ីយូដាដ ( ១៤៩៥-១៥៥០ ) ជាជាតិព័រទុយហ្គាល់ម្នាក់។ លោកប្រកបអាជីវកម្មជាអ្នកគង្វាលសត្វ ជាអ្នកធ្វើដំណើរ ជាទាហាន ជាឈ្មួញតៗគ្នា។ កាលលោកអាយុបាន ៤២ ឆ្នាំ លោកប្រែចិត្តគំនិតជឿលើព្រះគ្រីស្ត ហើយចូលបួស។ លោកបង្កើតមន្ទីពេទ្យមួយនៅក្នុងក្រេណាដ ព្រមទាំងក្រុមគ្រួសារបព្វជិតដែលមានមុខងារព្យាបាលអ្នកជំងឺ។
សូមថ្លែងព្រះគម្ពីរព្យាការីអេសាយ អស ៥៥,១០-១១
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ទឹកភ្លៀង និងទឹកសន្សើម ធ្លាក់ពីលើមេឃមកស្រោចស្រពផែនដី។ ទឹកទាំងនោះមិនវិលត្រឡប់ទៅវិញ ដរាបណាទាល់តែបានធ្វើឱ្យដំណាំដុះឡើង និងបង្កើតភោគផល ផ្តល់ពូជបន្តសម្រាប់អ្នកសាបព្រោះ និងផ្តល់អាហារឱ្យគេបរិភោគ។ រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើងនឹងមិនវិលត្រឡប់មករកយើងវិញ ដរាបណាទាល់តែបាបសម្រេចការតាមបំណងចិត្តរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឱ្យធ្វើមករួចរាល់សព្វគ្រប់។
ទំនុកតម្កើងលេខ ៣៤ (៣៣), ៤-៧.១៦-១៩ បទកាកគតិ
៤ | សូមមកប្រកាស | នឹងខ្ញុំឱ្យច្បាស់ | ដោយពេលឡើងថា | ព្រះម្ចាស់ថ្កុំថ្កើង |
រុងររឿងក្រៃណា | យើងខ្ញុំគ្នីគ្នា | តម្កើងព្រះអង្គ | ។ | |
៥ | ខ្ញុំបានស្វែងរក | ព្រះម្ចាស់តបមក | ឥតមានបង្អង់ | ទ្រង់បានរំដោះ |
ខ្ញុំអស់ទុក្ខផង | តក់ស្លុតមួរហ្មង | ឆ្លងផុតទាំងអស់ | ។ | |
៦ | អ្នកដែលសម្លឹង | ឆ្ពោះទៅព្រះអង្គ | បានសុខឥតមោះ | ផុតអស់ទុក្ខសោក |
វិយោគរងគ្រោះ | ពួកគេទាំងនោះ | មិនខកចិត្តឡើយ | ។ | |
៧ | អស់អ្នកកម្សត់ | និងមនុស្សទុគ៌ត | គេស្រែកដង្ហោយ | ហៅរកព្រះម្ចាស់ |
ទ្រង់សណ្តាប់ហើយ | សង្គ្រោះគេឱ្យ | ផុតពីគ្រោះកាច | ។ | |
១៦ | ព្រះម្ចាស់តែងតែ | រំពៃមើលថែ | អស់មនុស្សសុចរិត | ទ្រង់យកព្រះទ័យ |
ទុកដាក់ពិតៗ | ថែទាំនៅជិត | រាល់ទិនទិវា | ។ | |
១៧ | ព្រះជាអម្ចាស់ | តែងតែប្រកាស | ប្រឆាំងគ្រប់គ្រា | នឹងមនុស្សអាក្រក់ |
ទុច្ចរិតពាលា | កុំមាននរណា | នឹកនាដល់ឡើយ | ។ | |
១៨ | ពេលអ្នកទៀងត្រង់ | ស្រែករកព្រះអង្គ | ទ្រង់មិនកន្តើយ | ព្រះអង្គសណ្តាប់ |
ពាក្យគេរួចហើយ | រំដោះគេឱ្យ | ផុតគ្រោះទាំងឡាយ | ។ | |
១៩ | ព្រះម្ចាស់គង់ស្ថិត | ក្បែរអ្នកគ្រាំចិត្ត | មានទុក្ខខ្វល់ខ្វាយ | ព្រះអង្គសង្គ្រោះ |
អស់អ្នកទាំងឡាយ | បានសុខសប្បាយ | ផុតទុក្ខរីងរៃ | ។ |
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម រម ៨,១៥
ប | បពិត្រព្រះអម្ចាស់ជាព្រះបុត្រានៃព្រះបិតាដ៏មានព្រះជន្មគង់នៅ! យើងខ្ញុំ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
គ | មនុស្សមិនមែនរស់ដោយសារតែអាហារប៉ុណ្ណោះទេ គឺដោយព្រះវិញ្ញាណដែលយើងខ្ញុំបានទទួល ទ្រង់បានផ្តល់ឱ្យយើងខ្ញុំមានចិត្តជាបុត្រធីតារបស់ព្រះបិតា ហៅព្រះជាម្ចាស់ថា“ព្រះបិតា”។ |
ប | បពិត្រព្រះអម្ចាស់ជាព្រះបុត្រានៃព្រះបិតាដ៏មានព្រះជន្មគង់នៅ! យើងខ្ញុំ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៦,៧-១៥
នៅគ្រានោះ ក្រុមសាវ័កជួបជុំគ្នាជាមួយព្រះយេស៊ូនៅលើភ្នំ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖«ពេលអ្នករាល់គ្នាទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃឡើយ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្តាប់គេ។ កុំធ្វើដូចគេឡើយ ដ្បិតព្រះបិតារបស់អ្នករាល់គ្នាជ្រាបនូវអ្វីៗដែលអ្នករាល់គ្នាត្រូវការ មុនអ្នករាល់គ្នាទូលសុំព្រះអង្គទៅទៀត។ អ្នករាល់គ្នាត្រូវទូលព្រះអង្គដូចតទៅ៖ ឱព្រះបិតាយើងខ្ញុំដែលគង់នៅស្ថានបរមសុខអើយ! សូមសម្តែងព្រះបារមីឱ្យមនុស្សលោកស្គាល់ព្រះនាមរបស់ព្រះអង្គ សូមឱ្យព្រះរាជ្យព្រះអង្គបានមកដល់ សូមឱ្យព្រះហប្ញទ័យរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ដូចនៅស្ថានបរមសុខដែរ។ សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ សូមអត់ទោសឱ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឱ្យអស់អ្នក ដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្តោយឱ្យយើងខ្ញុំចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឱ្យរួចពីមារកំណាច។ បើអ្នករាល់គ្នាអត់ទោសឱ្យមនុស្សលោក ព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខ ទ្រង់ក៏អត់ទោសឱ្យអ្នករាល់គ្នាដែរ។ ប៉ុន្តែ បើអ្នករាល់គ្នាមិនអត់ទោសឱ្យមនុស្សលោកទេនោះ ព្រះបិតារបស់អ្នករាល់គ្នា ក៏មិនអត់ទោសឱ្យអ្នករាល់គ្នាដែរ»។