អត្ថបទព្រះគម្ពីរថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២

សូមថ្លែងលិខិតទី ១ របស់គ្រីស្តទូតសិលា ១សល ១,១០-១៦

បងប្អូនជាទីស្រឡាញ់!
ព្យាការីដែលថ្លែងព្រះបន្ទូលអំពីព្រះហឫទ័យប្រណីសន្តោសរបស់ព្រះជាម្ចាស់ចំពោះបងប្អូន នាំគ្នាស្រាវជ្រាវ និងរិះរកចង់ដឹងអំពីការសង្គ្រោះនេះ។ ព្រះវិញ្ញាណរបស់ព្រះគ្រីស្តដែលគង់នៅក្នុងព្យាការីទាំងនោះ បានបញ្ជាក់ប្រាប់ជាមុនអំពីទុក្ខលំបាករបស់ព្រះគ្រីស្ត និងអំពីសិរីរុងរឿងដែលព្រះអង្គនឹងទទួលតាមក្រោយ។ ពួកលោកក៏បានរិះគិតចង់ដឹងថា តើព្រឹត្តិការណ៍នេះនឹងកើតនៅជំនាន់ណា ក្នុងកាលៈ​ទេសៈណា។ ព្រះជាម្ចាស់បានសម្តែងឱ្យព្យាការីទាំងនោះដឹងថា សេចក្តីដែលពួក​លោកថ្លែង មិនមែនសម្រាប់ពួកលោកទេ គឺសម្រាប់បងប្អូនវិញ។ ឥឡូវនេះ ពួកអ្នក​ប្រកាសដំណឹងល្អ បាននាំដំណឹងមកប្រាប់បងប្អូនអំពីសេចក្តីទាំងនោះ ក្រោមការ​ណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះជាម្ចាស់បានចាត់ពីស្ថានបរមសុខមក។ សូម្បី​តែពួកទេវទូត ក៏ប្រាថ្នាចង់យល់ជម្រៅនៃសេចក្តីទាំងនោះដែរ។ ហេតុនេះ សូមបងប្អូនប្រុងប្រៀបចិត្តគំនិតឱ្យមែនទែន កុំភ្លេចខ្លួនឱ្យសោះ ត្រូវមានចិត្តសង្ឃឹមទាំងស្រុង​ថា នឹងទទួលព្រះអំណោយទានដែលព្រះជាម្ចាស់ប្រោសប្រទានឱ្យបងប្អូននៅថ្ងៃព្រះយេស៊ូគ្រីស្តនឹងសម្តែងព្រះអង្គឱ្យមនុស្សលោកឃើញ។ ចូរធ្វើដូចកូនដែលចេះស្តាប់បង្គាប់ គឺមិនត្រូវធ្វើតាមចិត្តប៉ងប្រាថ្នាដែលបងប្អូនធ្លាប់មាន កាលមិនទាន់ស្គាល់​ព្រះអង្គនោះឡើយ។ ផ្ទុយទៅវិញ ព្រះអង្គដែលបានត្រាស់ហៅបងប្អូន ទ្រង់វិសុទ្ធ​យ៉ាងណា បងប្អូនក៏ត្រូវតែវិសុទ្ធក្នុងគ្រប់កិច្ចការដែលបងប្អូនប្រព្រឹត្តយ៉ាងនោះដែរ ដ្បិតក្នុងគម្ពីរមានចែងទុកថា “អ្នករាល់គ្នាត្រូវតែវិសុទ្ធ ព្រោះយើងវិសុទ្ធ”។

ទំនុកតម្កើងលេខ ៩៨(៩៧),១-៤ បទកាកគតិ

ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ថ្លៃកុំភ្លេចឡើយណាដ្បិតទ្រង់ប្រព្រឹត្ត
សព្វកិច្ចអស្ចារ្យដោយឫទ្ធិចេស្តាយកជ័យជម្នះ
ព្រះម្ចាស់បង្ហាញប្រជាឱ្យឃើញពីការសង្គ្រោះព្រះអង្គសម្តែង
ឱ្យគេទាំងអស់ឃើញសុចរិតស្មោះរបស់ព្រះអង្គ
ព្រះអង្គនៅតែសម្តែងឥតប្រែករុណាត្រចង់ព្រះទ័យស្មោះស្ម័គ្រ
អ៊ីស្រាអែលផងសុចរិតឥតហ្មងចងចាំទាំងអស់
មនុស្សម្នាមូលមីររស់នៅគ្រប់ទីឆ្ងាយទាំងស្រីប្រុសនៃភពផែនដី
ឃើញការសង្គ្រោះព្រះម្ចាស់របស់យើងគ្រប់ៗគ្នា
មនុស្សទាំងប្រុសស្រីនៅលើផែនដីរៀបចំអង្គារអបអរសាទរ
ថ្វាយព្រះនាមាស្រែកហ៊ោខ្ញៀវខ្ញាដោយតូរ្យតន្ត្រី

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១១,២៥

អលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និងជាអម្ចាស់នៃផែនដី! យើងខ្ញុំសូមសរសើរតម្កើងព្រះអង្គ
ព្រោះទ្រង់បានសម្តែងការណ៍អស្ចារ្យនៃព្រះរាជ្យឱ្យអ្នកតូចតាចស្គាល់។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១០,២៨-៣១

លោកសិលាទូលព្រះយេស៊ូថា៖«ព្រះអង្គទតឃើញស្រាប់ហើយថា យើងខ្ញុំបានលះបង់ចោលអ្វីៗទាំងអស់ ហើយយើងខ្ញុំមកតាមព្រះអង្គ»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា ៖«ខ្ញុំសុំប្រាប់អ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាលះបង់ផ្ទះសម្បែង បងប្អូនប្រុសស្រី ឪពុកម្តាយ កូន ឬស្រែចម្ការ ព្រោះតែខ្ញុំ និងព្រោះតែដំណឹងល្អ អ្នកនោះនឹង​ទទួលមួយជាមួយរយ ក្នុងពេលឥឡូវនេះ គឺទទួលផ្ទះសម្បែង បងប្អូនប្រុសស្រី ម្តាយ កូន និងស្រែចម្ការ ព្រមទាំងទទួលការបៀតបៀន ហើយក៏នឹងមានជីវិតអស់កល្បជានិច្ច នៅលោកខាងមុខថែមទៀតផង។ មនុស្សជាច្រើនដែលនៅខាងមុខនឹង​ត្រឡប់ទៅនៅខាងក្រោយ រីឯអ្នកដែលនៅខាងក្រោយនឹងត្រឡប់ទៅនៅខាងមុខ​វិញ»។

Facebook
Twitter
LinkedIn