«សប្បាយចិត្តជាខ្លាំង ហើយមិត្តភក្តិរួមទំាងលោកគ្រូអ្នកគ្រូវិញចូលរួមអបអរ ព្រោះការរំពឹងទុកពិតជាទទួលបានមែន»។ នេះជាសម្តីរបស់យុវសិស្សទទួលបាននិទ្ទេសA នៃវិទ្យាល័យចម្រើនវិជ្ជា ក្នុងខេត្តព្រៃវែង ឈ្មោះចាន់ គីមឡុង។
ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១ លទ្ធផលចេញកាលពីថ្ងៃទី១៤ ខែមករាកន្លងទៅនេះ វិទ្យាល័យចម្រើនវិជ្ជា ខេត្តព្រៃវែងមានសិស្សានុសិស្សទទួលបាននិទ្ទេសA ចំនួន៨នាក់ ក្នុងចំណោមសិស្សានុសិស្សទូទាំងប្រទេសដែលមាននិទ្ទេសដូចគ្នាចំនួន ១.៧៥៣នាក់។

ចាន់ គីមឡុង បានឲ្យដឹងថា ប្រព័ន្ធអប់រំ នៅវិទ្យាល័យចម្រើនវិជ្ជា គឺល្អខ្លាំងជាងសាលាដែលគាត់ធ្លាប់រៀនកន្លងមកទំាងការអប់រំចំណេះដឹង និង ការអប់រំចរិយាមាយាទ។ គីមឡុងបន្ថែមថា រយៈពេល៣ឆ្នាំដែលគាត់បានរៀននៅក្នុងសាលានេះ គាត់ទទួលបានការយកចិត្តទុកដាក់ពីសំណាក់លោកគ្រូអ្នកគ្រូនិងគណៈគ្រប់គ្រងសាលាដូចជាផ្ទះរបស់ខ្លួន។
គីម ឡុងបន្តថា អំពីម៉ោងសិក្សាវិញ មិនថាម៉ោងមេរៀនអ្វីគឺបង្រៀនពេញៗម៉ោងតែម្តង និងជាប់លាប់មិនមានការចន្លោះនោះទេ។ ក្រោយបញ្ចប់ការសិក្សា ចាន់ គីមឡុងនឹងបន្តចូលឧត្តមសិក្សានៅរាជធានីភ្នំពេញដោយជ្រើសរើសយកជំនាញពត៌មានវិទ្យា (IT)។
យុវតី អ៊ុង អនណានីតា ប្រឡងជាប់និទ្ទេសA ជាសិស្សរៀនសាលាជាមួយចាន់ គីមឡុង បានឲ្យដឹងថា វិទ្យាល័យចម្រើនវិជ្ជា ជាសាលារៀនមួយដែលធ្វើឲ្យប្អូនទទួលបានបទពិសោធខ្លាំង មិនថាជីវិតនៅក្នុងថា្នក់ក៏ដូចជាជីវិតរស់នៅប្រចំាថ្ងៃ។ អនណានីតា និយាយថា «ចេះចែករំលែកចំណេះដឹងឲ្យគ្នា រួមការងារជាមួយលោកគ្រូអ្នកគ្រូ និងមានភាពស្និទ្ធស្នាលខ្លាំងដែលខុសប្លែកពីសាលាដែលធ្លាប់រៀននៅអនុវិទ្យាល័យ»។

យុវតីរូបនេះ បន្តទៀតថា មនុស្សជាច្រើន គ្រាន់តែឃើញកាយវិការ និងការនិយាយស្តី គេក៏ស្គាល់សាលាដែលនាងកំពុងរៀនហើយ។ អ៊ុង អនណានីតា បានបន្ថែមថា ទោះបីសាលាតម្រូវរៀនតាមអនឡាញអំឡុងពេលកូវីដក៏ដោយ ក៏នាងអាចទទួលចំណេះដឹងពេញលេញ ទទួលបានមេរៀន ទទួលបានលំហាត់ និងធ្វើលំហាត់ជាប្រចំា ទំាងនាងទំាងលោកគ្រូអ្នកគ្រូគឺមានវត្តមានជាមួយគ្នាទើបទទួលបានជោគជ័យដូចនេះ។
អនណានីតា និយាយដោយរំភើបចិត្តចំពោះនិទ្ទេសដែលនាងបានទទួលថា «សប្បាយចិត្តខ្លាំង ព្រោះថាអ្នកណាៗក៏ចង់បាននិទ្ទេសAដែរ ហើយនិទ្ទេសបាននេះ មិនបានមកពីការចម្លងនោះឡើយ គឺបានមកពីសមត្ថភាព»។
ចំពោះលទ្ធផលនេះ អនណានីតា ក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូដែលចូលរួមចំណែក ធ្វើឲ្យនាងឈានយកនិទ្ទេសAបាន។ ជាមួយគ្នានេះ អនណានីតា ផ្តាំផ្ញើទៅយុវសិស្សថ្នាក់ទី១២ជំនាន់ក្រោយឲ្យខិតខំប្រឹងប្រែងរៀនសូត្រ មិនថាសាលាចម្រើនវិជ្ជាឬសាលាណាក៏ដោយ លោកគ្រូអ្នកគ្រូតែងតែផ្តល់ចំណេះដឹងនិងបទពិសោធល្អៗដល់ពួកយើង ដូច្នេះ «យើងសិស្សផ្ទាល់ខិតខំក្រេបយកចំណេះដឹងដែលគាត់បានផ្តល់ឲ្យ យកមកពង្រឹង និងអភិវឌ្ឃន៍ខ្លួនឯង ដើម្បីឲ្យទទួលបានលទ្ធផលល្អក្នុងការប្រលងបាក់ឌុប និង ទៅថ្ងៃអនាគត»។

វិទ្យាល័យចម្រើនវិជ្ជា ជាសាលារបស់ព្រះសហគមន៍កាតូលិក បង្កើតឡើង ដើម្បីពង្រឹងវិស័យអប់រំក្នុងខេត្តព្រៃវែង ឲ្យកាន់តែមានសន្ទុះកើនឡើង ជាពិសេសគឺបណ្តុះបណ្តាលយុវសិស្សឲ្យទទួលបានចំណេះដឹងមួយពិតប្រាកដ និងឲ្យពួកគេក្លាយជាធនធានមួយសំខាន់សម្រាប់សង្គមជាតិ។ វិទ្យាល័យនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដែលមានថ្នាក់ទី១០មួយបន្ទប់ ថ្នាក់ទី១១ មួយបន្ទប់ និងថ្នាក់ទី១២មួយបន្ទប់ សរុបមានសិស្សបច្ចុប្បន្នចំនួន១៣៥នាក់។ សិស្សបញ្ចប់ការសិក្សាសរុបមាន១២ជំនាន់ ដែលមានមានសិស្សចំនួន ៥៤០នាក់។
ក្នុងឆ្នាំប្រលង២០២១-២០២២នេះ វិទ្យាល័យចម្រើនវិជ្ជាមានសិស្សប្រលងមធ្យមសិក្សាទុតិយភូមិភូមិ (បាក់ឌុប) មានចំនួន៤៥នាក់ លទ្ធផល គឺមាននិទ្ទេសA ចំនួន៨នាក់ និទ្ទេសB ១០នាក់ និង និទ្ទេសCចំនួន១៦នាក់ និទ្ទេសD ចំនួន៣៣នាក់ និងធ្លាក់ចំនួនម្នាក់។
បើតាមប្រសាសន៍របស់ដូនជី អាង សង្វាត ដែលមានតួនាទីជាក្រុមប្រឹក្សាយោបល់ របស់សាលាផ្ទាល់បានសម្ដែងនូវអារម្មណ៍រីករាយជាខ្លាំងដែលយុវសិស្សនៅវិទ្យាល័យចម្រើនវិជ្ជាទទួលបាននិទ្ទេសល្អៗជាប់ៗគ្នាច្រើនឆ្នាំកន្លងមក។
ដូនជីនៃក្រុមប្រឹក្សាយោបល់រូបនេះបញ្ជាក់ថា បើទោះបីមានកូវីដ-១៩ ក៏សិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់រៀនតាមអនឡាញ ទោះកន្លែងខ្លះពិបាកប្រើអ៊ីនធឺណេតក៏ដោយ។ អ្នកគ្មានអ៊ីនធឺណេត តម្រូវឲ្យមកសាលាដើម្បីទទួលបានសេវាអ៊ីធឺណេត។
ដូនជីជាក្រុមប្រឹក្សារូបនេះបានបញ្ជាក់ទៀតថា «ប្រសិនបើប្រឹងតែគ្រូ ឬប្រឹងតែកូនសិស្សតែម្ខាងក៏មិនអាចទទួលលទ្ធផលល្អបែបនេះដែរ នេះដោយសារតែទំាងគ្រូទំាងសិស្ស ពួកគាត់មានទំនាក់ទំនងយ៉ាងស្អិតរមួតទើបទទួលបានលទ្ធផលល្អបែបនេះ»។

ដូនជីរូបនេះបន្តថា សាលាយើងបានជួយសិស្សក្រីក្រជាច្រើននាក់ ដើម្បីទទួលបានការអប់រំ និងទាមទារការខិតខំព្យាយាមរៀនសូត្រ គោរពតាមវិន័យសាលា និងចូលរួមសកម្មភាពផ្សេងៗយ៉ាងសកម្មនៅក្នុងសង្គម។ បងស្រីសង្វាតឲ្យដឹងថា រៀងរាល់ថ្ងៃឈប់សម្រាក សាលាតែងមានកម្មវិធីមួយចំនួន ដូចជា រើសសំរាមតាមតំបន់នានា ចុះតាមភូមិដើម្បីបង្រៀនសិស្សបឋមសិក្សាក្រីក្ររាល់ថ្ងៃសៅរ៍និងអាទិត្យ និងចូលរួមក្នុងការអប់រំផ្សេងៗដែលសាលាមាន។
ដោយសារតម្រូវការលើវិស័យអប់រំក្នុងភូមិភាគកំពង់ចាម លោកអភិបាលព្រះសហគមន៍កាតូលកបានអនុញ្ញាតឲ្យបង្កើតសាខាមួយចំនួនបន្ថែមទៀត សម្រាប់យុវសិស្សក្នុងតំបន់ភូមិភាគ ដោយមិនប្រកាន់សាសនាឬក្រុមណានោះទេ។ បច្ចុប្បន្នវិទ្យាល័យចម្រើនវិជ្ជាមាន៤សាខា ដែលសាខាទីមួយចាប់ផ្តើមកាលពីឆ្នាំ២០០៨ គឺនៅខេត្តព្រៃវែង ទី២គឺអនុវិទ្យាល័យចម្រើនវិជ្ជានៅផ្កាដូង ខេត្តកំពង់ចាម សាខាទី៣ វិទ្យាល័យចម្រើនវិជ្ជា នៅថ្មពេជ្រ ក្នុងខេត្តត្បូងឃ្មុំ និង សាលាទី៤ទើបតែចាប់ផ្តើមបើកក្នុងឆ្នាំ២០២២នេះគឺ វិទ្យាល័យចម្រើនវិជ្ជា នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម៕
អត្ថបទដោយ ហៀម សុក ខុន