អត្ថបទទី ១
អត្ថបទកិច្ចការរបស់អេសរ៉ា ១ៈ ១-៦
មាតុភូមិនិវត្តន៍ក្រាមការដឹកនាំរបស់លោកសូរ៉ូបាបិល ព្រះចៅស៊ីរូសអនុញ្ញាតអោយសង់ព្រះវិហារឡើងវិញ
ក្នុងឆ្នាំទីមួយ នៃរជ្ជកាលព្រះចៅស៊ីរូស ជាស្ដេចស្រុកពែរ្ស ព្រះអម្ចាស់បានជំរុញព្រះហឫទ័យព្រះចៅស៊ីរូស អោយចេញសេចក្ដីប្រកាស និងរាជក្រឹត្យក្នុងអាណាចក្ររបស់ស្ដេចទាំងមូល ស្របតាមព្រះបន្ទូលដែលព្រះអង្គបានថ្លែងតាមរយៈលោកយេយេរេមី មានសេចក្ដីដូចតទៅ៖
«ព្រះចៅស៊ីរូសជាស្ដេចស្រុកពែរ្ស មានរាជឱង្ការដូចតទៅ: ព្រះអម្ចាស់ ជាព្រះនៃស្ថានបរមសុខ បានប្រគល់នគរទាំងអស់នៅលើផែនដីមកអោយយើងគ្រប់គ្រង។ ព្រះអង្គបញ្ជាអោយយើងសង់ព្រះដំណាក់មួយ នៅក្រុងយេរូសាឡឹមក្នុងស្រុកយូដាថ្វាយព្រះអង្គ។ ក្នុងចំណោមអ្នករាល់គ្នា អ្នកណាជាប្រជារាស្ត្ររបស់ព្រះអង្គ សូមអោយអ្នកនោះវិលទៅកាន់ក្រុងយេរូសាឡឹម ក្នុងស្រុកយូដាវិញ ហើយសង់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល គឺជាព្រះដែលគង់នៅក្រុងយេរូសាឡឹម។ សូមអោយព្រះរបស់គេគង់នៅជាមួយគេ។ ជនជាតិអ៊ីស្រាអែលដែល នៅសេសសល់ ទោះបីរស់នៅទីណាក៏ដោយ ប្រជាជននៅទីនោះត្រូវតែផ្ដល់វិភាគទានដល់ពួកគេជា ប្រាក់ មាស ទ្រព្យសម្បត្តិ និងសត្វ ព្រមទាំងថ្វាយតង្វាយស្ម័គ្រចិត្ត សំរាប់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមផង»។
ពេលនោះ ពួកមេក្រុមគ្រួសារនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីន ក្រុមបូជាចារ្យ ក្រុមលេវី គឺអស់អ្នកដែលព្រះជាម្ចាស់ជំរុញចិត្ត នាំគ្នាក្រោកឡើង រៀបចំខ្លួនទៅសង់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម។ អ្នកជិតខាងរបស់ពួកគេ យករបស់របរធ្វើពីប្រាក់ ពីមាស ព្រមទាំងទ្រព្យសម្បត្តិ សត្វ និងវត្ថុដ៏មានតម្លៃគ្រប់យ៉ាងមកជួយឧបត្ថម្ភពួកគេ ហើយក៏មានតង្វាយស្ម័គ្រចិត្តថែមទៀតផង។
ទំនុកទំនុកតម្កើងលេខ ១៣៨ៈ ១-៦
១. ពេលព្រះដឹកនាំអ្នក ដែលជំពាក់ខ្លួនជាឈ្លើយ
មកក្រុងស៊ីយ៉ូនហើយ យើងធូរស្បើយដូចយលសប្តិ ។
២. យើងសើចហ៊ោរសប្បាយ អរក្អាកក្អាយឥតមានឈប់
ស្រែកជ័យឃោសន៍សាយសព្វ លាន់សូរស័ព្ទគ្រប់ទិសា ។
ពេលនោះក្នុងចំណោម ជាតិទាំងព្រមគេពោលថា ៖
« ព្រះម្ចាស់មានចេស្តា ធ្វើអស្ចារ្យចំពោះគេ » ។
៣. ព្រះអង្គបានធ្វើការ ដ៏អស្ចារ្យអ្វីម្ល៉េះទេ
យើងលែងគិតគ្នាន់គ្នេរ បានល្ហើយល្ហែអរសប្បាយ ។
៤. ឱ! ព្រះម្ចាស់ឧត្តម សូមប្រោសខ្ញុំអោយរីកសាយ
ដូចរហោស្ថានឆ្ងាយ សូមប្រែក្លាយមានទឹកហូរ ។
៥. អ្នកណាសាបព្រោះស្រូវ ដោយសោកសៅគួរអាសូរ
ទាំងទឹកភ្នែកជន់ជោរ នឹងច្រូតយកទាំងសប្បាយ ។
៦. គេយកពូជទៅព្រោះ ទាំងស្រណោះយំសោកស្តាយ
ក្រោយមកគេប្រែក្លាយ ហ៊ោសប្បាយដោយអំណរ ។
ព្រះគម្ពីរដំណឹងល្អតាមសន្តលូកា ៨ៈ ១៦-១៨
«ពុំដែលមាននរណាអុជចង្កៀងហើយយកធុងមកគ្របពីលើ ឬយកទៅដាក់ក្រោមគ្រែឡើយ។ គេតែងយកចង្កៀងទៅដាក់លើជើងចង្កៀង ដើម្បីបំភ្លឺអស់អ្នកដែលចូលក្នុងផ្ទះ។ គ្រប់ការលាក់កំបាំង នឹងត្រូវបើកឲ្យគេដឹងហើយគ្រប់អាថ៌កំបាំងក៏នឹងលេចមក ឲ្យមនុស្សគ្រប់គ្នាស្គាល់ច្បាស់ដែរ។ ដូច្នេះ ចូរប្រុងប្រយ័ត្នអំពីរបៀបដែលអ្នករាល់គ្នាស្តាប់ ព្រោះអ្នកណាមានហើយ ព្រះជាម្ចាស់នឹងប្រទានឲ្យថែមទៀតតែអ្នកណាដែលគ្មាន ព្រះអង្គនឹងហូតយកនូវអ្វីៗ ដែលខ្លួនស្មានថាមាននោះផង»។