អត្ថបទទី ១
អត្ថបទធីម៉ូថេទី ១ ៦ៈ ២-១២
បងប្អូនទាំងឡាយណាមាន ម្ចាស់ជាអ្នកជឿ មិនត្រូវធ្វេសប្រហែសក្នុងការគោរពគាត់ ដោយយល់ថាគាត់ជាបងប្អូននោះឡើយ ផ្ទុយទៅវិញ ត្រូវបំរើម្ចាស់ទាំងនោះឲ្យរឹតតែប្រសើរឡើងថែមទៀត ដោយយល់ថា អ្នកដែលទទួលការបំរើដ៏ល្អនេះ គឺជាអ្នកជឿ និងជាបងប្អូនដ៏ជាទីស្រឡាញ់។
អំពីសេចក្ដីបង្រៀនក្លែងក្លាយ និងការស្រឡាញ់សម្បត្តិលោកីយ៍
អ្នកត្រូវបង្រៀន និងដាស់តឿនគេតាមសេចក្ដីទាំងនេះ។ ប្រសិនបើមាននរណា ម្នាក់បង្រៀនសេចក្ដីណាផ្សេង ហើយមិនយកចិត្តទុកដាក់នឹងព្រះបន្ទូលដ៏ត្រឹមត្រូវរបស់ ព្រះយេស៊ូគ្រីស្ដ ជាព្រះអម្ចាស់នៃយើង និងមិនយកចិត្តទុកដាក់នឹងសេចក្ដីបង្រៀន ស្របតាមការគោរពប្រណិប័តន៍ព្រះជាម្ចាស់ទេនោះ អ្នកនោះជាមនុស្សអួត បំប៉ោង គ្មានដឹងអ្វីទាំងអស់។ គេដូចជាមានជំងឺ ចេះតែជជែកវែកញែក និងឈ្លោះប្រកែកអំពីពាក្យពេចន៍។ ការទាំងនេះបង្កឲ្យតែមានការច្រណែនឈ្នានីស ការបាក់បែក ការជេរប្រមាថ ការមិនទុកចិត្តគ្នា និងនាំឲ្យអស់អ្នកដែល មានគំនិតខូច គ្មានសេចក្ដីពិតក្នុងខ្លួន ជជែកតវ៉ាមិនចេះចប់មិនចេះហើយ។ ពួកគេចាត់ទុកថា ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជាមធ្យោបាយរកទ្រព្យសម្បត្តិ។ ចំពោះអ្នកដែលចេះស្កប់ ចិត្តនឹងអ្វីដែលខ្លួនមាន ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ពិតជាមធ្យោបាយដ៏ប្រសើរ ដើម្បីរកទ្រព្យសម្បត្តិមែន! ដ្បិតយើងពុំបានយកអ្វីចូលមកក្នុងលោកនេះ ហើយយើងក៏ពុំអាចយកអ្វីចេញពីលោកនេះទៅបានដែរ!។ ដូច្នេះ ប្រសិនបើយើងមានម្ហូបអាហារ មានសម្លៀកបំពាក់ នោះយើងស្កប់ចិត្តហើយ។ រីឯអស់អ្នកដែលចង់មាន ចង់បានតែងតែចាញ់ការល្បួង ជាប់អន្ទាក់ ដោយចិត្តប៉ងប្រាថ្នាលេលា និងចង្រៃជាច្រើន ដែលពន្លិចមនុស្សឲ្យវិនាសអន្តរាយ ដ្បិតការស្រឡាញ់ ប្រាក់ ជាឫសគល់នៃអំពើអាក្រក់គ្រប់បែបយ៉ាង។ ដោយបណ្ដោយខ្លួនឲ្យស្រឡាញ់ប្រាក់ដូច្នេះ បងប្អូនខ្លះបានវង្វេងចេញឆ្ងាយពីជំនឿ ព្រមទាំងធ្វើបាបខ្លួនឯងឲ្យវេទនា ឈឺផ្សាជាច្រើនថែមទៀតផង។
ពាក្យដាស់តឿនចុងបញ្ចប់
ចំពោះអ្នកវិញ អ្នកបំរើរបស់ព្រះជាម្ចាស់អើយ ត្រូវគេចចេញឲ្យឆ្ងាយពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ ចិត្តស្លូតបូត។ ត្រូវពុះពារតយុទ្ធ សំរាប់ជំនឿឲ្យបានល្អប្រសើរ ហើយឈោងចាប់យកជីវិតអស់កល្បជានិច្ច ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅអ្នកមកឲ្យទទួលជីវិតអស់កល្បជានិច្ច នេះ ដូចអ្នកបានទទួលស្គាល់ ក្នុងពេលប្រកាសជំនឿយ៉ាងល្អប្រពៃ នៅចំពោះមុខមនុស្សជាច្រើន ដែលជាសាក្សី។
ទំនុកទំនុកតម្កើងលេខ ៤៩ៈ ៦-៧, ៨-១០, ១៧-១៨, ១៩-២០
៧. មនុស្សទុច្ចរិត តែងតែទុកចិត្ត លើទ្រព្យមហិមា គេអួតគេអាង
ព្រោះខ្លួនគេជា អ្នកមានទ្រព្យា មហាសេដ្ឋី ។
៨. គ្មាននរណាម្នាក់ អាចនឹងបង់ប្រាក់ លោះអ្នកដទៃ ហើយមិនអាចបង់
ថ្វាយព្រះម្ចាស់ថ្លៃ កុំអោយខ្លួនក្ស័យ ជីវិតនោះដែរ ។
៩. ថ្លៃលោះជីវិត មនុស្សយើងពិតៗ កាត់មិនបានទេ ទោះជាខំបង់
មួយកើនជាទ្វេ ក៏មិនគ្រប់ដែរ ជៀសស្លាប់មិនបាន ។
១០. តើមនុស្សនេះណា អាចមានជីវ៉ា រស់បានប៉ុន្មាន ផុតពីរណ្តៅ
អាចនៅសុខសាន្ត ឬអាចរស់បាន រហូតមិនស្លាប់ ។
១៧. ពេលអ្នកឃើញគេ សម្បត្តិឡើងទ្វេ កុំបីហ្មងសៅ ឃើញទ្រព្យគេច្រើន
ចំរើនតទៅ សំងំពួននៅ កុំភ័យខ្លាចអី ។
១៨. ពេលដែលគេស្លាប់ គេពុំអាចចាប់ យករបស់អ្វី អស់ទាំងសម្បត្តិ
ទ្រព្យធនផ្សេងក្តី ចូលទៅក្នុងដី អ្នកក្ស័យបានឡើយ ។
១៩. ពេលមានជីវិត គេតែងនឹកគិត ថាសុខឥតស្បើយ ថាខ្លួនគេនឹង
មិនខ្វល់អ្វីឡើយ អ្នកផងកោតហើយ ដែលគេមានបាន ។
២០. គេគង់នឹងត្រូវ ធ្លាក់ខ្លួនចុះទៅ ជួបនិសន្តាន ជីតាជីដូន
មានទាំងប៉ុន្មាន ទៅក្នុងទីស្ថាន ដែលគ្មានពន្លឺ ។
ព្រះគម្ពីរដំណឹងល្អតាមសន្តលូកា ៨ៈ ១-៣
ស្ត្រីៗដែលបម្រើព្រះយេស៊ូ
បន្ទាប់មកទៀត ព្រះយេស៊ូយាងទៅតាមក្រុងតាមភូមិនានា ទាំងប្រកាស និងផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ គ្រីស្តទូតទាំងដប់ពីររូបទៅជាមួយព្រះអង្គ ហើយមានស្ត្រីខ្លះទៀត ដែលព្រះអង្គបានប្រោសឲ្យជាពីជំងឺ និងបណ្តេញខ្មោចចេញក៏តាមទៅជាមួយដែរ គឺមាននាងម៉ារី ជាអ្នកស្រុកម៉ាដាឡា ដែលព្រះអង្គបានដេញខ្មោចប្រាំពីរចេញពីនាង នាងយ៉ូហាណា ភរិយារបស់ឃូសា ជាមហាតលិករបស់ព្រះបាទហេរ៉ូដ នាងស៊ូសាណា ព្រមទាំងស្ត្រីឯទៀតៗជាច្រើន ដែលបានចំណាយធនធានរបស់ខ្លួនដើម្បីទំនុកបម្រុងព្រះយេស៊ូនិងសាវ័ក*របស់ព្រះអង្គ។