លោករឿត វិន ជាជនមានពិការភាព ដោយមិនអាចដើរ និងធ្វើអ្វីដោយខ្លួនឯងតាំងពីកំណើត កើតក្នុងត្រកូលគ្រួសារកសិករក្រីក្រមួយក្នុងភូមិតាហែន១ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ គ្រួសាររបស់លោកមានជីវភាពខ្វះខាត និងមិនសូវមានពេលថែទាំរូបលោកទេ ដោយម្តាយឳពុកត្រូវខិតខំធ្វើស្រែចំការដើម្បីផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ។
ក្នុងឆ្នាំ២០០១ លោកអភិបាលភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ បានជួបលោករឿត វិន ដែលអង្គុយនៅលើដី លេងតែម្នាក់ឯងដោយពេលនោះលោកអភិបាលបានសួរនាំ ហើយលោកក៏ទៅសុំការអនុញ្ញាតពីឳពុកម្តាយរបស់គាត់ ដើម្បីយកគាត់ទៅរស់នៅក្នុងមណ្ឌលស្វាគមន៍ជនពិការអារ៉ូពេ នៅក្នុងព្រះសហគមន៍កាតូលិកបាត់ដំបង (ពេទ្យយាយជី) ។
ការដែលបានចូលមករស់នៅក្នុងមណ្ឌលគឺជាពេលវេលាមួយ ដែលបានផ្លាស់ប្តូរជីវិតរបស់គាត់ ដោយគាត់បានទទួលការអប់រំ សិក្សា និងហ្វឹកហាត់ខ្លួនឱ្យមានភាពរឹងមាំ និងក្លាហានក្នុងការបន្តដំណើរទៅមុខ។
នៅក្នុងអំឡុងពេលដែលលោកបានមករស់នៅក្នុងមណ្ឌលស្វាគមន៍ជនពិការអារ៉ូពេនេះ លោក រឿត វិនបានទទួលការមើលថែទាំ យ៉ាងយកចិត្តទុកដាក់ពីលោកអភិបាល និងបុគ្គលិកធ្វើការនៅទីនោះ គ្រប់សកម្មភាពដែលគាត់ចង់ធ្វើគឺត្រូវតែមានអ្នកចាំជួយគាត់ ទាំងពេលងូតទឹក និងពិសារបាយ…..។
យុវជនវ័យ៣១ឆ្នាំរូបនេះ បានរៀបរាប់នូវទុក្ខលំបាក និងការតស៊ូរបស់លោកដែលធ្លាប់ឆ្លងកាត់កាលពីកុមារភាពរហូតមកដល់បច្ចុប្បន្ននេះថា លោកបានចំណាយពេលជាច្រើនឆ្នាំនៅទីនោះ ទាំងការចាប់ផ្តើមរៀននៅសាលាមេត្តយ្យ ព្រះសហគមន៍បាត់ដំបង បន្ទាប់មកលោកបានចូលរៀននៅសាលាបឋមសិក្សារតនៈ។
លោកបានបន្តថា ដោយសារនៅពេលនោះលោកខ្លាចរៀនមិនទាន់ និងមិនសូវចេះសរសេរដូចក្មេងដទៃទៀត ពេលទៅរៀនលោកបានតែស្តាប់ និងមើលអ្នកគ្រូពន្យល់ប៉ុណ្ណោះ។
លោក វឿត វិន បានប្រាប់ថា ៖ «ខ្ញុំបានចំណាយពេល១ឆ្នាំជាង ដើម្បីហាត់រៀនក្នុងការសរសេរ ហើយការរៀនសរសេរគឺពិបាកណាស់សម្រាប់ខ្ញុំ ដោយសារខ្ញុំពិការភាពតាំងពីកំណើត ដូច្នេះហើយកាយសម្បទារបស់ខ្ញុំមិនមានការលូតលាស់ល្អដូចក្មេងដទៃ។ ខ្ញុំបានចូលរៀននៅវិទ្យាល័យព្រះមុន្នីវង្ស ខ្ញុំមានអារម្មណ៍ប្លែកព្រោះមានមនុស្សជាច្រើនបានសម្លឹងមកមើលខ្ញុំ ដោយសារខ្ញុំខុសពីមនុស្សទូទៅ»។
ការមើលងាយ រើសអើង តែងតែមានមកលើជនមានពិការភាព ទាំងការរើសអើងដោយផ្ទាល់ និងប្រយោល។ ការមើលងាយ និងរើសអើងទាំងអស់នេះហើយបានជំរុញឲ្យលោក វឿត វិន ខំប្រឹងប្រែងទៅមុខបន្ត និងមួយវិញទៀតមានមិត្តភក្តិមួយចំនួនដែលតែងតែលើកទឹកចិត្ត និងផ្តល់ក្តីស្រលាញ់ពិតប្រាកដចំពោះលោក។
នៅក្នុងឆ្នាំ២០១៣ លោកវឿត វិន បានប្រលងជាប់សញ្ញាបត្រទុតិយភូមិ ហើយលោកបានចូលទៅរៀនបន្តនៅសកលវិទ្យាល័យបាត់ដំបង លោកបានជ្រើសរើសរៀនជំនាញអក្សរសាស្រ្តអង់គ្លេស និងបានចំណាយអស់រយៈពេល៤ឆ្នាំក្នុងការរៀននៅទីនោះ។
លោក វឿត វិន បាននិយាយទៀតថា ពេលដែលលោកបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ លោកបានចូលធ្វើការនៅក្នុងអង្គការករុណាបាត់ដំបង ហើយតួនាទីរបស់លោកគឺទទួលខុសត្រូវផ្នែកភាសាអង់គ្លេស និងបណ្ណាល័យរហូតមកដល់សព្វថ្ងៃនេះ។ ក្រៅពីការងារនៅក្នុងអង្គការ លោកបានបង្រៀនភាសាអង់គ្លេសដល់ប្អូនៗដែលរស់នៅក្នុងមណ្ឌលស្វាគមន៍ជនពិការអារ៉ូពេ និងបានបង្រៀននៅព្រះសហគមន៍តាហែនផងដែរ។
លោកបានបន្តទៀតថា៖ «នៅក្នុងឆ្នាំ២០១៩ ខ្ញុំបានដាក់ពាក្យចូលប្រលងយកអាហាររូបករណ៍ទៅរៀននៅប្រទេសជប៉ុន ហើយការខំប្រឹងប្រែងរបស់ខ្ញុំក៏បានសម្រេច គឺខ្ញុំបានប្រលងជាប់អាហារូបករណ៍នោះ ខ្ញុំពិតជាសប្បាយចិត្ត និងមានមោទនភាពណាស់ ។ ទាំងនេះគឺជាភាពជោគជ័យមួយដែលខ្ញុំទទួលពីការតស៊ូ ព្យាយាមរបស់ខ្ញុំ ខ្ញុំមានពិការភាពមែន តែបេះដូង និងឆន្ទៈរបស់ខ្ញុំមិនពិការទេ»។
លោក វឿត វិន បានផ្តាំផ្ញើទៅដល់បងប្អូនដែលមានពិការភាពខាងកាយសម្បទា និងអ្នកដែលមានកាយសម្បទាគ្រប់គ្រាន់ តែមានពិការខាងផ្នែកស្មារតី សូមកុំបោះបង់ចោលការសិក្សា ព្រោះការសិក្សាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូបនាពេលបច្ចុប្បន្ន និងអនាគត។
លោកក៏បានថ្លែងអំណរគុណចំពោះលោកអភិបាលអេនរីគេ ហ្វីការេដូ ដែលបានផ្លាស់ប្តូរជីវិតរបស់លោក ទោះបីជាបុរសរូបនេះមានសមត្ថភាព ប៉ុន្តែបើលោកមិនមានជួយជ្រោមជ្រែងទេ លោកក៏គ្មានថ្ងៃនេះដែរ។
លោក វឿត វិន បញ្ជាក់ថា ៖ «ការយកចិត្តទុកដាក់របស់លោកបូជាចារ្យចំពោះខ្ញុំ គឺជាផ្នែកមួយដ៏ធំនៃភាពជោគជ័យរបស់ខ្ញុំ»៕