ព្រះបន្ទូលសំរាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០

អត្ថបទទី ១

អ្នក​បំរើ​ព្រះអម្ចាស់ ជា​ពន្លឺ​របស់​ប្រជាជាតិ​នានា
ម្នាល​អ្នក​កោះ​ទាំងឡាយ​អើយ
ចូរ​នាំ​គ្នា​ស្ដាប់​ខ្ញុំ!
ម្នាល​ប្រជាជន​នៅ​ស្រុក​ឆ្ងាយៗ​អើយ!
ចូរ​ត្រងត្រាប់​ស្ដាប់​ខ្ញុំ​និយាយ!
ព្រះអម្ចាស់​ត្រាស់​ហៅ​ខ្ញុំ
តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ
ព្រះអង្គ​ក៏​ហៅ​ចំ​ឈ្មោះ​ខ្ញុំ
តាំង​ពី​មុន​ពេល​ខ្ញុំ​កើត​មក​ម៉្លេះ។
ព្រះអង្គ​បាន​ប្រទាន​អោយ​មាត់​ខ្ញុំ​មុត​ដូច​ដាវ
ព្រះអង្គ​លាត​ព្រះហស្ដ​ការពារ​ខ្ញុំ។
ព្រះអង្គ​ធ្វើ​អោយ​ខ្ញុំ​ទៅ​ជា​ព្រួញ​មួយ​ស្រួច
ហើយ​លាក់​ទុក​ក្នុង​បំពង់​ព្រួញ​របស់​ព្រះអង្គ។
ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា:
អ៊ីស្រាអែល​អើយ អ្នក​ជា​អ្នក​បំរើ​របស់​យើង
យើង​នឹង​បង្ហាញ​ភាព​ថ្កុំថ្កើង​របស់​យើង
តាម​រយៈ​អ្នក។
៤ រីឯ​ខ្ញុំ​វិញ ខ្ញុំ​គិត​ថា​ខ្ញុំ​ខំ​ប្រឹង​ធ្វើ​ការ
តែ​បែរ​ជា​ឥត​អំពើ
ខ្ញុំ​ខាត​កម្លាំង​ជា​អសារបង់
ហើយ​គ្មាន​បាន​ការ​អ្វី​ឡើយ។
ប៉ុន្តែ តាម​ពិត ព្រះអម្ចាស់​នៅ​តែ​រក​យុត្តិធម៌​អោយ​ខ្ញុំ
ព្រះ​របស់​ខ្ញុំ​នឹង​ប្រទាន​រង្វាន់​មក​ខ្ញុំ។
ឥឡូវ​នេះ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ
ព្រះអង្គ​បាន​សូន​ខ្ញុំ​តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ
អោយ​ធ្វើ​ជា​អ្នក​បំរើ​របស់​ព្រះអង្គ
ដើម្បី​ណែនាំ​កូន​ចៅ​លោក​យ៉ាកុប
អោយ​វិល​ត្រឡប់​មក​រក​ព្រះអង្គ និង​ប្រមូល
ប្រជាជន​អ៊ីស្រាអែល​មក​នៅ​ជុំវិញ​ព្រះអង្គ។
ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអម្ចាស់​ចាត់​ទុក​ខ្ញុំ
ថា​ជា​មនុស្ស​ថ្លៃថ្នូរ
ហើយ​ព្រះ​នៃ​ខ្ញុំ ពិត​ជា​កម្លាំង​របស់​ខ្ញុំ​មែន។
ព្រះអង្គ​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា:
អ្នក​មិន​គ្រាន់​តែ​ជា​អ្នក​បំរើ
ដែល​ណែនាំ​កុលសម្ព័ន្ធ​នៃ​កូន​ចៅ
របស់​លោក​យ៉ាកុប​អោយ​ងើប​ឡើង
និង​នាំ​កូន​ចៅ​អ៊ីស្រាអែល​ដែល​នៅ​សេសសល់
អោយ​វិល​មក​វិញ​ប៉ុណ្ណោះ​ទេ
គឺ​យើង​តែងតាំង​អ្នក​អោយ​ធ្វើ​ជា​ពន្លឺ
សំរាប់​បំភ្លឺ​ប្រជាជាតិ​ទាំងឡាយ
ហើយ​នាំ​ការ​សង្គ្រោះ​របស់​យើង
រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។

ទំនុកតម្កើងលេខ ៧១ៈ​១-២, ៣-៤, ៥-៦

១.          បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រក                                                      ក្រោមម្លប់ជំរកនៃព្រះអង្គ

            កុំអោយរូបខ្ញុំត្រូវបាត់បង់                                                        ទាំងកេរ្តិ័ឈ្មោះផងអាប់អាសារ                                              ។

២.          ដោយព្រះអង្គមានព្រះហប្ញទ័យ                                                   សុចរិតថ្លាថ្លៃសូមមេត្តា

            ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចា                                                      សង្រ្គោះជីវ៉ាអោយបានរស់                                                 ។

៣.         សូមព្រះអង្គទៅជាថ្មដា                                                         លាក់ពួនអាត្មាខ្ញុំផុតគ្រោះ

            ទ្រង់សព្វព្រះទ័យប្រណីប្រោស                                                    ជីវិតខ្ញុំរស់បានសុខសាន្ត                                                  ។

៤.          ឱព្រះជាម្ចាស់សូមរំដោះ                                                        ខ្ញុំពីឃ្នាងខ្នោះពួកតិរច្ឆាន

            រួចផុតពីដៃជនសាមាន្យ                                                        មនុស្សាទាំងប៉ុន្មានប៉ងយាយី                                               ។

៥.          បពិត្រព្រះជាអម្ចាស់អើយ                                                       រូបខ្ញុំនេះហើយផ្ញើជីវី

            ជីវិតលើទ្រង់គ្រប់នាទី                                                          សង្ឃឹមតាំងពីនៅក្មេងវ័យ                                                  ។

៦.          ខ្ញុំសូមពឹងផ្អេកលើព្រះអង្គ                                                       តាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ

            ព្រះអង្គតែមួយសព្វព្រះទ័យ                                                     ដុសខាត់កែឆ្នៃខ្ញុំឥតឈប់                                                 ។

អត្ថបទគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ១២ៈ ២១-៣៣, ៣៦-៣៨

គេ​ចូល​ទៅ​ជិត​លោក​ភីលីព​ ជា​អ្នក​ភូមិ​បេតសៃដា​ក្នុង​ស្រុក​កាលីឡេ ហើយ​ពោល​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​ចង់​ជួប​លោក​យេស៊ូ»។ លោក​ភីលីព​ទៅ​ប្រាប់​លោក​អន់ដ្រេ ហើយ​លោក​អន់ដ្រេ និង​លោក​ភីលីព ចូល​ទៅ​ទូល​ព្រះយេស៊ូ។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា៖ «ឥឡូវ​នេះ ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​សំដែង​សិរីរុងរឿង​ហើយ។ ខ្ញុំ​សុំ​ប្រាប់​ឲ្យ​ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រាប់​ស្រូវ​ធ្លាក់​ដល់​ដី ហើយ​បើ​មិន​ងាប់​ទេ គ្រាប់​នោះ​នៅ​តែ​មួយ​ដដែល។ ផ្ទុយ​ទៅ​វិញ បើ​គ្រាប់​ស្រូវ​នោះ​ងាប់​វា​នឹង​បង្កើត​ផល​បាន​ច្រើន។ អ្នក​ណា​ស្រឡាញ់​ជីវិត​ របស់​ខ្លួន អ្នក​នោះ​នឹង​បាត់​បង់​ជីវិត​ទៅ រីឯ​អ្នក​ ដែល​មិន​ជំពាក់​ចិត្ត​នឹង​ជីវិត​របស់​ខ្លួន ក្នុង​ពិភព​លោក​នេះ​ទេ​នឹង​រក្សា​ជីវិត​ខ្លួន​ឲ្យ​នៅ​ស្ថិតស្ថេរ​អស់កល្ប​ ជានិច្ច។ បើ​អ្នក​ណា​ចង់​បំរើ​ ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បំរើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បំរើ​ខ្ញុំ ព្រះបិតា​នឹង​លើក​កិត្តិយស​អ្នក​នោះ»។

ព្រះយេស៊ូ​មាន​ព្រះបន្ទូល​អំពី​ព្រះអង្គ​សោយ​ទិវង្គត
«ឥឡូវ​នេះ ទូលបង្គំ​រន្ធត់​ចិត្ត​ណាស់ មិន​ដឹង​ជា​នឹង​ទូល​ថា​ដូច​ម្ដេច​ឡើយ។ ឱ​ព្រះបិតា​អើយ! សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក នៅ​ពេល​កំណត់​នេះ​ផង។ ប៉ុន្តែ ទូលបង្គំ​មក ដើម្បី​រង​ទុក្ខ​លំបាក​ក្នុង​ពេល​កំណត់​នេះ​ហើយ។ ព្រះបិតា​អើយ! សំដែង​សិរីរុងរឿង​​ព្រះនាម​របស់​ព្រះអង្គ​ឡើង»។ ពេល​នោះ មាន​ឮ​ព្រះសូរសៀង​ពី​លើ​មេឃ​មក​ថា៖ «យើង​បាន​សំដែង​សិរីរុងរឿង​របស់​យើង​ហើយ យើង​ក៏​នឹង​សំដែង​សិរីរុងរឿង​ជា​ថ្មី​ទៀត»។

បណ្ដាជន​នៅ​ទី​នោះ បាន​ឮ​ព្រះសូរសៀង ក៏​ពោល​ថា «សន្ធឹក​ផ្គរលាន់» អ្នក​ខ្លះ​ទៀត ពោល​ថា «មាន​ទេវទូត*​និយាយ​មក​លោក»។ ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា៖ «សំឡេង​នេះ បន្លឺ​ឡើង​សំរាប់​អ្នក​រាល់​គ្នា​មិន​មែន​សំរាប់​ខ្ញុំ​ទេ។ ឥឡូវ​នេះ ដល់​ពេល​កាត់​ទោស​មនុស្ស​លោក​ហើយ ហើយ​ចៅហ្វាយ​របស់​មនុស្ស​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ទៅ​ក្រៅ។ រីឯ​ខ្ញុំ​វិញ កាល​ណា​គេ​លើក​ខ្ញុំ​ឡើង​ពី​ដី ខ្ញុំ​នឹង​ទាញ​មនុស្ស​ទាំង​អស់​មក​ឯ​ខ្ញុំ»។ ព្រះអង្គ​មាន​ព្រះបន្ទូល​ដូច្នេះ ដើម្បី​ប្រាប់​គេ​អំពី​របៀប​ ដែល​ព្រះអង្គ​ត្រូវ​សោយ​ទិវង្គត។

ក្នុង​ពេល​ ដែល​អ្នក​រាល់​គ្នា​នៅ​មាន​ពន្លឺ​នៅ​ឡើយ ចូរ​នាំ​គ្នា​ជឿ​លើ​ពន្លឺ ដើម្បី​ឲ្យ​បាន​ទៅ​ជា​បុត្រធីតា​នៃ​ពន្លឺ»។ កាល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ដូច្នេះ​ហើយ ទ្រង់​យាង​ចេញ​ទៅ​លាក់​ខ្លួន មិន​ឲ្យ​បណ្ដាជន​ឃើញ។

បណ្ដាជន​មិន​ព្រម​ជឿ​ព្រះយេស៊ូ
ទោះ​បី ​ព្រះយេស៊ូ​ធ្វើ​ទី​សំគាល់​ជា​ច្រើន​ឲ្យ​គេ​ឃើញ​យ៉ាង​​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​ពុំ​ជឿ​លើ​ព្រះអង្គ​ដដែល គឺ​ស្រប​តាម​សេចក្ដី​ដែល​ព្យាការី​អេសាយ​បាន​ថ្លែង​ទុក​មក​ថា៖
«បពិត្រ​ព្រះអម្ចាស់ តើ​នរណា​ជឿ​សេចក្ដី
ដែល​យើង​និយាយ​ប្រាប់ ?
តើ​ព្រះអម្ចាស់​បាន​សំដែង​ឫទ្ធិបារមី
ឲ្យ​នរណា​ឃើញ ? »​។

Facebook
Twitter
LinkedIn